ភ្នំពេញៈ អ្នកសិក្សា​ស្រាវជ្រាវ និង​អង្គការ​ពាក់ព័ន្ធ​កំពុង​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ស្វែងរក​សត្វ​ផ្សោត​ចំនួន​ ២៥ ​ក្បាល​ ដែល​បាន​បាត់​ដោយ​មិនដឹង​ពី​មូលហេតុ ខណៈ​ដែល​ចំនួន​ផ្សោត​សរុប​ក្នុង​ឆ្នាំ​ ២០២០ ​នេះ​មាន​ចំនួន​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​ ២០១៧ គឺ​ពី​ ៩២ ​ក្បាល ​មក​នៅ​ចំនួន​ ៨៩ ​ក្បាល​។

លោក សេង ទៀក នាយក​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ (WWF) បាន​ឲ្យ​ដឹងថា សត្វ​ផ្សោត​ក្នុង​ទន្លេមេគង្គ​ក្នុង​ឆ្នាំ​ ២០២០ ​នេះ​មាន​ចំនួន​ ៨៩ ​ក្បាល ​ដែល​នេះ​ជា​អត្រា​មួយ​ប្រហាក់ប្រហែល​គ្នា​ទៅនឹង​ចំនួន​សត្វ​ផ្សោត​ចាប់​តាំងពី​ឆ្នាំ​ ២០១៧ ​រហូត​មក​ដល់​ឆ្នាំនេះ ដែល​ជា​ចំនួន​មួយ​សម្រាប់​អ្នក​អភិរក្ស និង​អ្នកជំនាញ​មាន​ការកង្វល់​។

ការលើកឡើង​នេះ​ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ម្សិលមិញ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​បច្ចេកទេស​អំពី «​ការសិក្សា​លើ​ចំនួន​សរុប​នៃ​សត្វផ្សោត​ទន្លេមេគង្គ​ក្នុង​ឆ្នាំ​ ២០២០ ដោយ​ប្រើ​គំរូ​វិភាគ Mark-Resight Models» នៅ​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

យោង​តាម​របាយការណ៍​រួមគ្នា​របស់​រដ្ឋបាល​ជលផល និង​អង្គការ WWF បាន​បង្ហាញថា សត្វ​ផ្សោត​ទន្លេមេគង្គ​ត្រូវ​បាន​វិភាគ និង​ចងក្រង​ក្នុង​រយៈពេល​ ២ ​ឬ​ ៣ ​ឆ្នាំ​ម្តង ហើយ​ចំនួន​ប៉ាន់ប្រមាណ​សរុប​ក្នុង​ឆ្នាំ​ ២០១៧ ​មាន​ចំនួន​ ៩២ ​ក្បាល ហើយ​ចំនួន​ប៉ាន់ប្រមាណ​ថ្មី​ដែល​ទទួល​បាន​នៅក្នុង​ឆ្នាំ​ ២០២០ ​មាន​ចំនួន​ ៨៩ ​ក្បាល​។ អត្រាកំណើន​ជា​មធ្យម​ប្រចាំឆ្នាំ​គឺ​ ១,០២% និង​អត្រា​ងាប់​ប្រចាំឆ្នាំ​គិត​ជា​មធ្យម​គឺ​ ២,១៤% ចាប់ពី​ឆ្នាំ​ ២០០៧-២០២០​។

លោក សេង ទៀក ថ្លែងថា​៖ «​ពីមុន​ផ្សោត​នៅ​ប្រទេស​កម្ពុជា​យើង​មាន​ច្រើនណាស់ ហើយ​ចំនួន​បច្ចុប្បន្ននេះ​មាន​តិច​ដែល​វា​នៅតែ​កង្វល់ ទោះបី​ជា​អត្រា​ថយចុះ​ត្រូវបាន​រដ្ឋបាល​ជលផល និង​អង្គការ​អភិរក្ស​ដទៃទៀត​អាច​គ្រប់គ្រង​បាន ប៉ុន្តែ​ចំនួន​នេះ​នៅ​តិចតួច​នៅឡើយ​»​។

លោក​ថា ចំនួន​កូន​ផ្សោត​ដែល​កើតមក និង​ងាប់​ទៅវិញ​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​កន្លង​មក​នេះ​គឺ ក្នុង​ឆ្នាំ​ ២០១៨ មាន​កូនផ្សោត​កើត​ចំនួន​ ៩ ​ក្បាល​តែ​ងាប់​ទៅវិញ​ ៤ ​ក្បាល ក្នុង​ឆ្នាំ​ ២០១៩ កើត​បាន​ ១៣ ​ក្បាល​ងាប់​វិញ​ ៨ ​ក្បាល និង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ក្នុង​ឆ្នាំ​ ២០២០ ​នេះ​មាន​កូន​ផ្សោត​កើត​ចំនួន​ ៦ ​ក្បាល តែ​ងាប់​វិញ​ ៥ ​ក្បាល​។

នាយក​អង្គការ WWF ​បាន​បញ្ជាក់ថា​៖ «​ផ្សោត​ចំនួន ​២៥ ​ក្បាល​ដែល​បាន​កត់ត្រា​នៅក្នុង​ឆ្នាំ​ ២០១៩ ប៉ុន្តែ​នៅពេលដែល​ធ្វើការ​សិក្សា​ស្រាវជ្រាវ​នៅក្នុង​ឆ្នាំ​ ២០២០ ​នេះ យើង​អត់​បាន​ឃើញ​វា​ទេ សួរថា​តើ​មូលហេតុ​អី​?​។ កន្លែង​នេះ​ជា​ចំណុច​មួយ​ដែល​ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​កំពុងតែ​ពិភាក្សាគ្នា ពិនិត្យ​មើល​ទិន្នន័យ​នេះ​ថា តើ​វា​យ៉ាងម៉េច ហើយ​អត្រា​កត់ត្រា​ចំនួន​ដែល​សត្វ​ផ្សោត​បាន​ស្លាប់​នោះ​គឺ​មិនឃើញ​វា​ទេ ប៉ុន្តែ​វា​អាច​ចល័ត​ទៅតាម​ទន្លេតូចៗ​ដែល​បែកខ្នែង ដោយសារ​ការសិក្សា​គឺ​តែ​ទៅលើ​ទន្លេមេគង្គ​»​។

លោក សេង ទៀក បាន​បន្តថា តាម​ការសិក្សា​បានបង្ហាញ​ផងដែរ​ថា ផ្សោត​រស់​នៅតែ​ក្នុង​អន្លង់​កាំពី អន្លង់​កាំកូនសត្វ និង​អន្លង់​ឈើទាល​។ ក្រុមការងារ​កំពុងតែ​តាមដាន​ពី​ការធ្វើ​បំផ្លាស់ទី​របស់​សត្វ​ផ្សោត​។ ​បញ្ហា​កង្វល់​សម្រាប់​អ្នក​អភិរក្ស​ផ្សោត​ក៏ដូចជា​រដ្ឋបាល​ជលផល​គឺមាន​កត្តា​ចម្បង​ធំៗ​ដូចជា ការដាក់មង ការឆក់​ត្រជាក់ ការឆក់ក្តៅ ការបំពុល ការនេសាទ​ហួស​កម្រិត (​ការនេសាទ​ច្រើន​) ការប្រែប្រួល​អាកាសធាតុ ការប្រែប្រួល​បង្ហូរទឹក និង​បញ្ហា​កូវីដ​ជាដើម​។ នេះ​គឺជា​លើក​ទី​ ១ ​ហើយ​ដែល​ឃើញ​មាន​នូវ​ព្រឹត្តិការណ៍​នៃ​ការបំផ្លាស់ទី​របស់​ផ្សោត ហើយ​ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​ធ្វើការ​ស្រាវជ្រាវ​លើ​មូលហេតុ​នេះ​។

យោង​តាម​សេចក្តី​ប្រកាស​រួម​របស់​រដ្ឋបាល​ជលផល និង​អង្គការ WWF បានឱ្យដឹងថា ចំនួន​សត្វ​ផ្សោត​ទឹកសាប​នៅក្នុង​តំបន់​អាស៊ី​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ហើយ​ត្រូវបាន​ចាត់​ថ្នាក់​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​អភិរក្ស​ធនធាន​ធម្មជាតិ​ដែល​ហៅ​កាត់​ថា IUCN ជា​ប្រភេទ​ជិត​ផុត​ពូជ​។

លោក ផៃ សុម៉ានី អនុប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល និង​ជា​អ្នកសម្របសម្រួល​ការងារ​អភិរក្ស​រវាង​នាយកដ្ឋាន​អភិរក្ស និង​អង្គការ WWF បានឱ្យដឹង​នៅ​ថ្ងៃ​ម្សិលមិញ​ថា ក្នុង​ទសវត្សរ៍​នៃ​ឆ្នាំ​ ១៩៧៤ ឬ​ឆ្នាំ​ ១៩៧៥ សត្វ​ផ្សោត Irrawaddy រាប់ពាន់​ក្បាលមាន​រស់នៅ​រាយប៉ាយ​តាម​ដង​ទន្លេមេគង្គ ដៃ​ទាំង​ ៣ ​របស់​ទន្លេមេគង្គ និង​បឹង​ទន្លេសាប​។ បច្ចុប្បន្ន ពួកវា​មាន​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ក្នុង​ចន្លោះ​ចម្ងាយ​ ១៨០ ​គម៉ ចាប់ពី​អន្លង់​កាំពី​ក្នុង​ខេត្តក្រចេះ​បន្ត​ឡើង​ដល់​ល្បាក់ខោន​ក្នុង​ប្រទេស​ឡាវ​ដែល​ជាប់​ទៅនឹង​ព្រំប្រទល់​ខេត្តស្ទឹងត្រែង​។

លោក​បាន​ថ្លែងថា​៖ «​ក្នុងអំឡុង​ពេល​ដែល​ធ្វើការ​ស្រាវជ្រាវ​ក្នុង​ឆ្នាំ​ ២០២០ ​នេះ យើង​ខកខាន​មិនបាន​ឃើញ​សត្វ​ផ្សោត​ដែល​យើង​ស្គាល់​អត្តសញ្ញាណ​រហូតដល់​ទៅ​ ២៥ ​ក្បាល​ដែល​ការ​មិនឃើញ​នេះ​អាស្រ័យ​ដោយ​ការប្រែប្រួល​ទឹក​នៃ​ទន្លេមេគង្គ​នៅ​ឆ្នាំនេះ​មាន​កម្រិត​ទាប​មែនទែន​ដែល​ធ្វើឱ្យ​សត្វ​ផ្សោត​មួយចំនួន​មិន​រស់នៅ​តាម​ទីជម្រក​នៃ​អន្លង់​ទឹក​ជ្រៅ​របស់​វា​ទេ​»​។

លោក វង់ សាវឿន នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល ខេត្ត​ស្ទឹងត្រែង​បាន​និយាយថា ការបំផ្លាស់ទី​របស់​សត្វ​ផ្សោត​នេះ​មិនមែន​ផ្តោត​តែ​លើ​កត្តាធម្ម​ជាតិ​ ១ ​មុខ​នោះទេ តែ​ក៏​មកពី​កត្តា​មនុស្ស​ផងដែរ​។

លោក​ថា​៖ «​មាន​ប្រជាពលរដ្ឋ​ខ្លះ​នៅមាន​ចរិត​រឹងរូស​ដោយ​បន្តធ្វើ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​ពួកគាត់​ប្រើប្រាស់​មង​ទំនើប​ដែល​ហៅថា​មង​វ៉ូង​ដែល​មាន​លាយ​ថ្ម​ស្អុយ ដែល​ធ្វើឱ្យ​សត្វ​នៅក្នុង​ទឹក​មិនអាច​រស់នៅ​កន្លែង​នោះបាន​ទៀត​ទេ គឺ​ត្រូវតែ​ធ្វើការ​បំផ្លាស់ទី​»៕

វីដេអូ៖