រតនគិរីៈ ក្រុម​អ្នក​អភិរក្ស​សត្វ​ស្លាប​នៅ​កម្ពុជាបានបង្ហាញ​ឱ្យដឹងថា នៅក្នុង​រដូវ​បន្ត​ពូជ​សត្វ​ត្រយង​ចង្កំ​កស នៅ​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់​ខេត្តរតនគិរី​ក្នុងឆ្នាំនេះ ការបង្កើត​កូន​បាន​ថយចុះ​ពី​ចំនួន ១២ ក្បាល មក​នៅត្រឹម ៨ ក្បាល ដោយសារ​ការ​រំខាន​ពី​កត្តា​មនុស្ស ប៉ុន្តែ​នៅមាន​ចំនួន ១០ សម្បុក​ដដែល​ស្មើ​ឆ្នាំមុន។

អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​កម្ពុជា​ បញ្ជាក់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​កាលពី​ថ្ងៃទី ១៣ ខែឧសភា​ថា៖ «នៅក្នុង​រដូវ​បន្ត​ពូជ​ឆ្នាំ ២០២០-២០២១ នេះ ក្រុមការងារ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ-គម្រោង​លំផាត់ បាន​រកឃើញ​សម្បុក​សត្វ​ត្រយង​ចង្កំ​កស​ នៅ​ដែនជម្រកសត្វព្រៃ​លំផាត់​ចំនួន ១០ សម្បុក»។

បើតាម​អង្គការ​នេះ​ក្នុងចំណោម ១០ សម្បុក​នេះ ​ក្រុម​អ្នក​អភិរក្ស​បាន​រកឃើញ ៦ សម្បុក​ មានការ​ញាស់​កូន​ដោយ​ជោគជ័យ ដែលមាន​កូន​សរុប​ចំនួន ៨ ក្បាល ចំណែក​សម្បុក​ចំនួន ៤ ទៀត​ ក្រុម​អ្នក​អភិរក្ស​រកឃើញថា ​បរា​ជ័យ​ក្នុងការ​ញាស់​កូន​ដោយសារ​ការរំខាន​ពី​មនុស្ស ភ្លើង​ឆេះ​ព្រៃ​ និង​សត្វព្រៃ​ដទៃទៀត។

បើតាម​អង្គការ​នេះ ​ត្រយង​ចង្កំ​កស​ជា​បក្សី​កម្រ​ជិត​ផុត​ពូជ​មួយ​នៅលើ​ពិភពលោក​ ដែល​កំពុងមាន​វត្តមាន​នៅ​ប្រទេស​កម្ពុជា។

អង្គការ​ដដែល​នេះ​លើកឡើងថា៖ «បើ​ប្រៀបធៀប​ជាមួយ​រដូវ​បន្ត​ពូជ​ឆ្នាំ ២០១៩-២០២០ យើង​ឃើញថា​ មាន​ស្ថានភាព​ថេរ​ពោលគឺ​ក្រុមការងារ​របស់​អង្គការ​ជីវិត​សត្វ​ស្លាប ​បាន​រកឃើញ​សម្បុក​ត្រយង​ចង្កំ​កស​កាលពី​ឆ្នាំទៅ​សរុប​មាន​ចំនួន​ ១០ សម្បុក និង​ចំនួន​សម្បុក​ជោគជ័យ ៦ សម្បុក​ ដូចគ្នា​ប៉ុន្តែ​ចំនួន​កូន​ ដែល​ជោគជ័យ​មានការ​ថយចុះ​ពី ១២ ក្បាល​ មក​នៅត្រឹម​ចំនួន ៨ ក្បាល»។

អង្គការ​ដដែល​លើកឡើងថា ​ការរំខាន​ពី​សកម្មភាព​មនុស្ស​ដោយ​ផ្ទាល់​ និង​ដោយ​ប្រយោល​ គឺជា​កត្តា​គំរាមកំហែង​ចម្បង​មួយ​ដែល​ធ្វើ​ឱ្យ​សម្បុក​ទទួល​បរា​ជ័យ​ជា​រៀងរាល់ឆ្នាំ។

អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ អំពាវនាវ​ឱ្យមាន​ការចូល​រួមការ​ពារ​សត្វ​ត្រយង​ចង្កំ​កស​ ដើម្បីចៀសផុត​ពី​ការ​ផុត​ពូជ​នៅ​ប្រទេស​កម្ពុជា។

លោក ប៊ូ វរ​សក្ស នាយ​កម្មវិធី​ប្រចាំ​កម្ពុជា​ នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២០ ខែឧសភា​ថា ​ទិន្នន័យ​នៃ​ត្រយង​ចង្កំ​កស​ នៅលើ​ពិភពលោក​ នៅ​គង់រ​ង្ស​មានតែ​ចំនួន ១ ០០០ ក្បាល​នោះទេ។

ការ​មាន​វត្តមាន ១០ សម្បុក​ នៅ​កម្ពុជា​នេះ​បង្ហាញថា ដែនជម្រកសត្វព្រៃ​លំផាត់​ គឺជា​ទីតាំង​មួយ​ដ៏​សំខាន់​ក្នុងការ​គាំទ្រ​ដល់​ការរស់នៅ​របស់​សត្វ​ជិត​ផុត​ពូជ​បំផុត​មួយ​នេះ។

លោក​ថ្លែងថា៖«នៅក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់​ហ្នឹង ដោយសារ​ត្រ​យ៉ង​ចង្កំ​កស​ ក៏ដូចជា​ត្រ​យ៉ង​យក្ស (ដែលជា) បក្សី​ជាតិ​របស់​យើង​ ដែលជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​បំផុត​ដែរនោះ​ គឺជា​សត្វ​ដែល​សំខាន់​ដែល​កំពុង​តែមាន​វត្ត​​មាន​នៅ​ទីតាំង​ហ្នឹង ហើយ​ដែនជម្រកសត្វព្រៃ​លំផាត់​ កំពុងតែ​គាំទ្រ​ដល់​ការរស់នៅ​របស់​សត្វ​ត្រ​យ៉ង​ទាំងពីរ​ប្រភេទ​ហ្នឹង»។

លោក វរ​សក្ស ថ្លែងថា អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ សហការ​ជាមួយ​ក្រសួងបរិស្ថាន​រៀបចំ​ផែនការ​អភិរក្ស និង​គ្រប់គ្រង​ទីជម្រក​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ ក្នុង​រយៈពេល​វែង ដោយ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ដើម្បី​ជួយ​ឱ្យ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បង្ក្រាប​បទល្មើស​ទាំង​ការ​បរបាញ់ និង​ការបំផ្លាញ​ទី​ម្រ​ក។

លោក វរ​សក្ស ថ្លែងថា៖ «យើង​នឹង​អង្កេត​តាមដាន​និង​ស្រាវជ្រាវ​ជីវៈចម្រុះ​ហ្នឹង​ជាពិសេស​សត្វ​ត្រ​យ៉ង​ទាំងពីរ​ហ្នឹង​តើ​ចំនួន​ប្រជាសាស្ត្រ​របស់​វា ​មាន​ទំនោរ​យ៉ាងម៉េច​កើនឡើង (ឬ) ថយចុះ? ហើយ (ថា​តើ)ទីជម្រក​របស់​វា​ហ្នឹង​មានការ​បាត់​បង់​ហើយ​អ្វី​ដែលជា​កត្តា​នាំឱ្យមាន​ការបាត់បង់»។

បើ​តាមលោក វរ​សក្ស អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ និង​ក្រសួងបរិស្ថាន​នឹង​ពង្រឹង​ការចូលរួម​របស់​សហ​គម​ន៍​តាមរយៈ​ការបង្កើត​តំបន់​សហគមន៍​ការពារ​ធម្មជាតិ​ក៏ដូចជា​បង្កើត​កម្មវិធី​លើកកម្ពស់​ជីវភាព​សហ​គម​ន៍ ដូចជា​គម្រោង​ស្រូវ​ត្រ​យ៉ង ឬ​គម្រោង​ទេសចរណ៍​ជាដើម ដើម្បីឱ្យ​សហគមន៍​ចូលរួម​ការពារ​សម្បុក​ពង​កូន​របស់​សត្វ​ប្រ​យ៉ង​ទាំងពីរ​ប្រភេទ​នេះ៕