ភ្នំពេញៈ បន្ទាប់ពី​បើក​កិច្ចប្រជុំ​លើក​ទី​១ រយៈពេល​ ២ ​ថ្ងៃ ក្រុម​ការងារ​ឧត្តមមន្ត្រី​ច្បាប់​អាស៊ាន​បាន​សម្រេច​យល់ព្រម​លើ​ឯកសារ​យោង​ស្តីពី​ការរៀបចំ​សន្ធិសញ្ញា​បត្យាប័ន​អាស៊ាន ដោយ​បាន​ពិភាក្សា​លើ​ខ្លឹមសារ​បឋម នៃ​សេចក្តីព្រាង ហើយ​ក្រុម​ការងារ​នឹង​ប្រើ​រយៈពេល​​ ២ ​ឆ្នាំ​ ដើម្បី​បញ្ចប់​ការរៀបចំ​សន្ធិសញ្ញា​បត្យាប័ន​អាស៊ាន​នេះ​។

ក្រុមការងារ​ឧត្តមមន្ត្រី​ច្បាប់​អាស៊ាន​របស់​កម្ពុជា​បាន​ដឹកនាំ​កិច្ចប្រជុំ​តាម​អនឡាញ​រយៈពេល​ ២ ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​ ៦ ​ដល់​ ៧ ខែមេសា ជាមួយ​ក្រុមការងារ​ឧត្តមមន្ត្រី​ច្បាប់​អាស៊ាន​ទាំង​ ១០ ប្រទេស និង​តំណាង​ផ្នែក​ច្បាប់​នៃ​អគ្គលេខាធិការដ្ឋាន​អាស៊ាន​លើក​ទី​១ ​ដើម្បី​រៀបចំ​សន្ធិសញ្ញា​បត្យាប័ន​អាស៊ាន​សម្រាប់​ជា​គំរូ​ឱ្យ​យក​ទៅ​អនុវត្ដ​ការងារ និង​ពង្រឹង​កិច្ចសហប្រតិបត្ដិការ​លើ​វិស័យ​ព្រហ្មទណ្ឌ​ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​។

កិច្ចប្រជុំ​នេះ​ត្រូវ​បាន​ដឹកនាំ​ដោយ​លោក តាន់ហ៊ាង ដាវ័ណ្ណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​វិស័យ​យុត្តិធម៌​នៃ​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​ប្រតិភូ​នៃ​ក្រុមការងារ​ឧត្តមមន្ត្រី​ច្បាប់​អាស៊ាន​កម្ពុជា​ស្តីពី​សន្ធិសញ្ញា​បត្យាប័ន​អាស៊ាន និង​ក្រុមការងារ​ឧត្តមមន្ត្រី​ច្បាប់​អាស៊ាន​ស្តីពី​សន្ធិសញ្ញា​បត្យាប័ន​អាស៊ាន​។

ក្រសួង​យុត្ដិធម៌​បញ្ជាក់ថា ជា​លទ្ធផល​កិច្ចប្រជុំ​នេះ​បាន​សម្រេច​យល់ព្រម​លើ​ឯកសារយោង​ស្តីពី​បែបបទ​នៃ​ការបំពេញ​ការងារ​របស់​ក្រុមការងារ​ឧត្តមមន្ត្រី​ច្បាប់​អាស៊ាន​កម្ពុជា​ស្តីពី​សន្ធិសញ្ញា​បត្យាប័ន​អាស៊ាន និង​បាន​ពិភាក្សា​លើ​ខ្លឹមសារ​បឋម​នៃ​សេចក្តីព្រាង សន្ធិសញ្ញា​បត្យាប័ន​អាស៊ាន​មាន​ជាអាទិ៍ ចំណងជើង ការបរិយាយ​អំពី​រាល់​រដ្ឋ​ជា​សមាជិក​អាស៊ាន និង​បុព្វកថា​។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ ក្រសួង​យុត្ដិធម៌​ថ្លែង​ពី​ម្សិលមិញ​ថា កិច្ចប្រជុំ​របស់​ក្រុមការងារ​ឧត្តមមន្ត្រី​ច្បាប់​អាស៊ាន​កម្ពុជា​នៃ​ក្រសួង​យុត្ដិធម៌​ជាមួយ​ក្រុមការងារ​ឧត្តមមន្ត្រី​ច្បាប់​អាស៊ាន​លើក​ទី​ ១ ​ស្តីពី​សន្ធិសញ្ញា​បត្យាប័ន​អាស៊ាន​នេះ​គឺ​ធ្វើឡើង​ដើម្បី​រៀបចំ​សន្ធិសញ្ញា​បត្យាប័ន​អាស៊ាន​។ លោក​ថ្លែងថា​៖ «​តាមរយៈ​កិច្ចប្រជុំ ក្រុម​ការងារ​នឹង​ប្រើប្រាស់​រយៈពេល​ ២ ​ឆ្នាំ​បន្ទាប់ពី​កិច្ចប្រជុំ​លើក​ទី​ ១​ ​នេះ​ទៅ ដើម្បី​បញ្ចប់​ការរៀបចំ​សន្ធិសញ្ញា​បត្យាប័ន​អាស៊ាន​នេះ​»​។

បើតាម​លោក​ ម៉ាលីន គោលបំណង​នៃ​ការរៀបចំ​សន្ធិសញ្ញា​បត្យាប័ន​អាស៊ាន​នេះ មិនមែន​ជា​ការអនុវត្ដ​ដើម្បី​ធ្វើ​បត្យាប័ន​ក្នុង​តំបន់​អាស៊ាន​នេះ​ទេ​។ ប៉ុន្ដែ​វា​ជា​គំរូ​នៃ​ទម្រង់​ច្បាប់ និង​គំរូ​នៃ​សន្ធិសញ្ញា​បត្យាប័ន​ដែល​រដ្ឋ​ជា​សមាជិក​អាស៊ាន​អាច​យក​ទៅ​ប្រើប្រាស់​ជា​គំរូ​ក្នុង​ការធ្វើ​កិច្ចព្រមព្រៀង​បត្យាប័ន​ជាមួយ​នឹង​បណ្ដា​ប្រទេស​ដទៃទៀត​។ ការរៀបចំ​សន្ធិសញ្ញា​បត្យាប័ន​អាស៊ាន​នេះ​ក៏​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្ដិការ​លើ​វិស័យ​ព្រហ្មទណ្ឌ​ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​ថ្លែង​ថា បើសិន​ពិនិត្យមើល​ទៅលើ​ប្រព័ន្ធ​ច្បាប់ និង​ប្រព័ន្ធ​តុលាការ​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​គឺ​ឃើញ​មាន​ភាពចម្រុះ និង​ខុសប្លែក​គ្នាច្រើន​។

«​កន្លងមក​បើ​យើង​និយាយ​ពី​សន្ធិសញ្ញា​បត្យាប័ន​ក្នុង​ចំណោម​សមាជិក​អាស៊ាន​គឺមាន​លក្ខណៈ​ជា​ទ្វេភាគី​ប៉ុន្ដែ​មិនទាន់​មាន​លក្ខណៈ​ជា​តំបន់​រួម​ទេ​។ ភាគច្រើន​ប្រទេស​អាស៊ាន​បាន​ចុះសន្ធិសញ្ញា​បត្យាប័ន​ជាមួយ​គ្នា​ដូចជា​កម្ពុជា ជាមួយ​ឡាវ និង​កម្ពុជា​ជាមួយ​ប្រទេស​វៀតណាម​ជាដើម​»​។

លោក​ ភា លើកឡើង​ថា សូម្បីតែ​ច្បាប់​ចរាចរណ៍​តាម​បណ្ដា​ប្រទេស​អាស៊ាន ក៏មាន​ប្រទេស​ខ្លះ​ប្រកាន់​ឆ្វេង ហើយ​ប្រទេស​ខ្លះ​ប្រកាន់​ស្ដាំ​ដែរ​។ ដូច្នេះ​ការរៀបចំ​ឱ្យមាន​សន្ធិសញ្ញា​បត្យាប័ន​រួម​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​នេះ គឺជា​ការល្អប្រសើរ និង​មាន​អត្ថប្រយោជន៍​សំខាន់​ក្នុង​ការរួមគ្នា​ទប់ស្កាត់​បទល្មើស និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ផ្សេងៗ​៕