
ភ្នំពេញៈ ក្រុមការងារចម្រុះត្រីភាគីដើម្បីសិក្សាស្រាវជ្រាវអំពីបញ្ហាប្រាក់ឈ្នួលអប្បបរមាសមស្របសម្រាប់កម្មករ និយោជិត នឹងមានការប្រជុំពិភាក្សាមួយ នៅថ្ងៃសុក្រទី១៣ ខែ កញ្ញា ឆ្នាំ ២០១៣ ស្អែកនេះនៅក្រសួង សង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាដែល នឹងដឹកនាំដោយលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងនេះនិងជាប្រធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ប៉ុន្តែសហជីពសេរីកម្មករបានបដិសេធមិនចូលរួមប្រជុំ។
លោក ជា មុនី ប្រធានសហជីពសេរីកម្មករ បានប្រកាសពីម្សិលមិញ អំពីការមិនចូលរួមក្នុង កិច្ចប្រជុំនៅថ្ងៃសុក្រនោះពីព្រោះគិតថា កិច្ចការនេះគួរតែខាងគណៈកម្មការប្រឹក្សាការងារ (LAC) នៃក្រសួង ការងារជាអ្នកធ្វើ ព្រោះគណៈកម្មការនេះមានចែងនៅក្នុងច្បាប់ការងារជំពូក ទី១៥។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «លោក អ៊ិត សំហេង នៅក្រសួង សង្គមកិច្ចសោះតែលូកដៃចូលទៅក្នុងការងារនេះទៅវិញ វាមិនត្រូវនោះទេ ព្រោះការងារនេះវាសមនឹងលោក វង សូតជារដ្ឋមន្រ្តីក្រសួង ការងារ»។
លោក ជា មុនី បានបន្តថា លោកចង់ឲ្យពួកគេគោរពច្បាប់ការងារតាមជំពូកទី១៥ដែលនិយាយពីការងាររបស់ LAC។ លោកមិនទៅចូលរួមនឹងពួកគេទេ ហើយវាមិនមែនមានន័យថា លោកខ្លាំងនោះឡើយ ប៉ុន្តែនេះជាគំនិតផ្ទាល់ខ្លួនលោក។ លោកនឹងមកចូលរួមជាមួយពួកគេបើសិនពួកគេពិភាក្សានៅ LAC ព្រោះវាស្របតាមច្បាប់ការងារ។
លោកបានបន្តថា៖ «ខ្ញុំមិនគិតថា កម្មករនឹងទទួលបានប្រាក់ខែច្រើនជាងនេះឡើយ ពីព្រោះនៅពេលយើងធ្វើការតវ៉ាទាមទារដំឡើងប្រាក់ខែនោះ ពួកគេចោទយើងថា យើងធ្វើបាតុកម្មបោកឆ្នាំងបាយ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ ដូច្នេះហេតុអ្វីបានជាពួកគេចាប់ផ្ដើមធ្វើការនេះ ហើយការដំឡើងរបស់ពួកគេដូចទៅនឹងអ្វីដែលលោក ហ៊ុន សែន និយាយថា វាជាជំហានគីង្គក់ តែអីវ៉ាន់នៅលើទីផ្សារវាជាជំហានកង្កែប។ លោកបានចោទគណៈកម្មការនេះបង្កើតឡើងគ្រាន់តែជាល្ខោន បំពេកម្មករទេ»។
លោក សោម អូន ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បានស្វាគមន៍ចំពោះកិច្ចពិភាក្សាដំបូងពីប្រាក់ឈ្នួលរបស់កម្មករ ក្នុងអាណត្តិទី៥នេះ។ លោកគិតថា ចាប់ពីពេលនេះតទៅរហូតដល់ខែ ធ្នូ ឬក៏ឆ្នាំ ២០១៤ យើងត្រូវពិភាក្សាបញ្ចប់ការសម្រេចចិត្តពីការដំឡើងប្រាក់ឈ្នួលដល់កម្មករ។
លោកបានអះអាងថា៖ «ចំពោះកិច្ចប្រជុំដំបូងនេះ យើងនឹងពិភាក្សាតែពីគោលការណ៍រវាងភាគីនីមួយៗតែប៉ុណ្ណោះមិនទាន់ពិភាក្សាពីប្រាក់ខែដែលនឹងត្រូវដំឡើងទេ ព្រោះសហជីពត្រូវពិភាក្សាគ្នាថាតើយើងគួរស្នើសុំតំណាងថៅកែដំឡើងប្រាក់ខែ ចំនួនប៉ុន្មាន ហើយខាងតំណាងនិយោជកក៏ត្រូវការពេលក្នុងការសម្រេចចិត្តផងដែរ»។
លោកបានបញ្ជាក់ថា ការពិភាក្សាពីប្រាក់ខែនេះមិនពាក់ព័ន្ធនឹងមហាបាតុកម្ម របស់គណបក្សសង្គ្រោះជាតិឡើយ ប៉ុន្តែវាក៏ជាការល្អដែរចំពោះកម្មករដើម្បីពួកគេដឹងថា រដ្ឋាភិបាលនៅតែយកចិត្តទុកដាក់ចំពោះពួកគេជានិច្ច។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខៅឌូ បានមានប្រសាសន៍កាលពីថ្ងៃម្សិលមិញថា លទ្ធផលពីការកំណត់ប្រាក់ឈ្នួលជូនកម្មករគឺប្រហែលជាមិនទាន់ដឹងនៅឡើយទេ តែលោកគិតថា ប្រាក់ឈ្នួលកម្មករនៅក្នុងការពិភាក្សាលើកនេះប្រហែលជាបានច្រើនជាងឆ្នាំមុនៗ។
លោកបានថ្លែងបន្តថា៖ «ប្រសិនបើលទ្ធផលទទួលបានដូចនឹងឆ្នាំមុនៗនោះ ក៏កម្មករមិនទទួលយកដែរ ព្រោះពួកគេពិបាកក្នុងការរស់នៅខ្លាំងពេកជាមួយនឹងប្រាក់ឈ្នួល តិចតួចនេះ»។
លោក អាត់ ធន់ បានបង្ហាញពីកត្តាមួយចំនួនទៀតដែលធ្វើឲ្យកម្មករមានសង្ឃឹមក្នុង ការទទួលបានប្រាក់ឈ្នួលខ្ពស់ជាងមុន ដោយសារកម្មករភាគច្រើនមិនចង់ធ្វើការដោយចង់ទៅធ្វើការនៅក្រៅប្រទេសច្រើន ហើយនិយោជកមួយចំនួនមិនមានកម្មករសម្រាប់ធ្វើការ ដូចនេះហើយ ពួកគេអាចនឹងផ្តល់ឲ្យបានច្រើនជាងមុន។
លោកបានថ្លែងបន្តថា៖ «បើយើងងាកទៅលើរឿងនយោបាយវិញ ចំពោះគណបក្សប្រជាជនកម្ពុជាដែលជាអ្នកកាន់អំណាចនឹងដឹងថា ដោយសារតែប្រាក់ឈ្នួលទាបទើបធ្វើឲ្យសំឡេងគាំទ្រមានការធ្លាក់ចុះ។ ដូចនេះហើយ គាត់ត្រូវតែដឹងខ្លួន និងត្រូវតែគិតគូរឲ្យបានច្រើនជាងមុនទៅដល់កម្មករ»។
លោក អាត់ ធន់ និយាយថា ដំណាក់កាលដំបូងនេះ ប្រាក់ឈ្នួលមិនអាចឡើងបានរហូតដល់ ១៥០ ដុល្លារតាមការទាមទាររបស់ សហជីពលោកទេ តែប្រសិនបើមានការពិភាក្សាមួយឆ្នាំម្តង នោះកម្មករអាចនឹងទទួលបានច្រើនរហូតដល់ ២០០ ដុល្លារក្នុងមួយខែ សម្រាប់ក្នុងរយៈពេល ៥ ឆ្នាំនេះ៕ PN