ភ្នំពេញៈ ការប្រមូលផ្តុំដោយសន្តិវិធីមួយដែលប្រារព្ធធ្វើឡើងកាលពីម្សិលមិញដើម្បីគាំទ្រគ្រូបង្រៀនទាំងឡាយក្នុងប្រទេសកម្ពុជា ក្នុងពិធីប្រារព្ធទិវាគ្រូបង្រៀនពិភពលោកនៅទីលានប្រជាធិបតេយ្យ មានជនស៊ីវិលម្នាក់ប្រដាប់ដោយអាវុធតាមខ្លួនបន្លំចូលក្នុងក្រុមអ្នកតវ៉ាអហិង្សា ដើម្បីបង្កចលាចល ត្រូវបានក្រុមអ្នកតវ៉ាវាយឲ្យរងរបួស។
សមាគមគ្រូបង្រៀនកម្ពុជា ឯករាជ្យ បានព្យាយាមប្រារព្ធទិវាគ្រូបង្រៀនពិភពលោក នៅទីលានប្រជាធិបតេយ្យបើទោះបីជាមានការបដិសេធពីសាលារាជធានីមិនអនុញ្ញាតឲ្យធ្វើបាតុកម្មនេះក៏ដោយ ក៏មានមនុស្សប្រមាណ ២០០ នាក់បានប្រមូលផ្តុំគ្នា ដើម្បីប្រារព្ធទិវាគ្រូបង្រៀនពិភពលោកនិងទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែដល់គ្រូបង្រៀនយ៉ាងហោចណាស់ ១ លានរៀល (២៥០ ដុល្លារ) ក្នុងមួយខែ។
លោកស្រី មូរ សុខហួរ តំណាងរាស្រ្តគណបក្ស សង្គ្រោះជាតិ ដែលបានថ្លែងថា គោលបំណងរបស់បុរសម្នាក់ប្រដាប់ដោយអាវុធ ដែលបានប្រជ្រៀតចូលទៅបង្ហាញអត្តសញ្ញាណគាត់ថាជាអ្នកយកព័ត៌មានសម្រាប់គេហទំព័រ MID PP និងជាតំណាងផ្នែកលក់របស់ក្រុមហ៊ុននាំចូល‑នាំចេញ មង្គល រិទ្ធ នៅតែមានលក្ខណៈគួរឲ្យសង្ស័យ បន្ទាប់ពីមានឧប្បត្តិហេតុនោះ។
លោកស្រី បានថ្លែងឲ្យដឹងទៀតថា លោកស្រីបានសួរទៅឈ្មោះ ប៉ឹង ជឿន ដែលប្រដាប់ដោយកាំភ្លើងថា ហេតុអ្វីបានជាអ្នកចង់មកចូលរួមការប្រមូលផ្តុំរបស់គ្រូបង្រៀនឯករាជ្យដោយមានកាំភ្លើងមកជាមួយ? នៅពេល គាត់កំពុងថតរូបព្រះសង្ឃដែលចូលរួមការប្រមូលផ្តុំនេះ បន្ទាប់មក សមាជិកក្រុមអ្នកប្រមូលផ្តុំបានដណ្តើមយកអាវុធពីគាត់និងបាន ដោះសម្លៀកបំពាក់របស់គាត់ និងបានវាយគាត់។
បើតាមការអះអាង របស់គ្រូពេទ្យម្នាក់បម្រើការនៅមន្ទីរពេទ្យ កាល់ម៉ែត ដែលសុំមិនបញ្ចេញ ឈ្មោះបានឲ្យដឹងថា បន្ទាប់ពីនគរបាលបំបែកលោក ជឿន ពីក្រុមអ្នកប្រមូលផ្តុំ គាត់បានទៅមន្ទីរពេទ្យ កាល់ម៉ែត ដើម្បីព្យាបាលរបួសរបស់គាត់ ដែលមានលក្ខណៈស្រាល ហើយបន្ទាប់ពីសម្រាក អស់រយៈពេលប្រហែលមួយម៉ោងនៅមន្ទីរពេទ្យ មេរបស់លោក ជឿន មកពី គេហទំព័រ MID PP បានទៅជួបគាត់នៅទីនោះនិងបានយកគាត់ចេញពីមន្ទីរពេទ្យទៅ អង្គភាពរបស់គាត់វិញ។

បុរសម្នាក់ដែលឆ្លើយទូរស័ព្ទនៅក្រុមហ៊ុននាំចូល‑នាំចេញ មង្គលរិទ្ធ ប៉ុន្តែបានបដិសេធមិនបានប្រាប់ឈ្មោះរបស់គាត់ បានថ្លែងថា លោក ជឿន ធ្វើការនៅទីនោះ ប៉ុន្តែគាត់មិនបានឃើញលោក ជឿន ប៉ុន្មានសប្តាហ៍មកហើយ។
ព្រះរាជអាជ្ញារងសាលាដំបូងរាជធានី ភ្នំពេញ លោក មាស ចាន់ពិសិដ្ឋ បានទាមទារជួបអ្នកដែលបានយកកាំភ្លើងពីលោក ជឿន បន្ទាប់ពីឧប្បត្តិហេតុនោះ ប៉ុន្តែតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ដែលបានប្រគល់កាំភ្លើងទៅនគរបាល បានថ្លែងថា លោកមិនប្រាកដច្បាស់ទេថាតើនរណាម្នាក់ដែលបានទាញយកកាំភ្លើង ពីគាត់។
លោក ផូ ផែម គ្រូបង្រៀនម្នាក់មកពីខេត្ត តាកែវ ដែលបានចូលរួមការប្រមូលផ្តុំនេះ បានថ្លែងថា ប្រាក់ខែគ្រូបង្រៀនខ្ពស់ជាងមុននឹងលើកកម្ពស់ស្តង់ដាររស់នៅ សម្រាប់គ្រូបង្រៀន ហើយនឹងធ្វើឲ្យប្រព័ន្ធអប់រំទាំងមូលប្រសើរផងដែរ។ លោកបន្តថា៖ «ប្រសិនបើខ្ញុំពឹងផ្អែកតែប្រាក់ខែ ១០០ ដុល្លាររបស់ខ្ញុំ គ្រួសាររបស់ខ្ញុំនឹងមិនមានអាហារគ្រប់គ្រាន់ទទួលទានទេ ខ្ញុំបង្រៀននៅពេលព្រឹក និងរត់ម៉ូតូឌុបនៅពេលល្ងាច»។
លោក នី ចរិយា ប្រធានស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្ស អាដហុក បានថ្លែងថា មុនឧប្បត្តិហេតុនៃការដណ្តើមយកកាំភ្លើងនោះ មន្រ្តីកងរាជអាវុធហត្ថរាប់រយនាក់បានបិទផ្លូវមួយចំនួនទៅ ទីលានប្រជាធិបតេយ្យរួចទៅហើយ ដូច្នេះក្រុមបាតុករមិនអាចដើរហែក្បួនពីទីលានប្រជាធិបតេយ្យទៅ ក្រសួង អប់រំដើម្បីដាក់ញត្តិទាមទារដំឡើងប្រាក់ខែបានទេ។ លោកបានថ្លែងថា៖ «ការមិនអនុញ្ញាតឲ្យក្រុមគ្រូបង្រៀន ធ្វើការប្រមូលផ្តុំដោយសន្តិវិធី វាបំពានច្បាប់ស្តីពីការធ្វើបាតុកម្មសន្តិវិធី»។
លោក ជួន ណារិន្ទ ស្នងការរងនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា មូលហេតុដែលនគរបាលមិនធ្វើការឃាត់ខ្លួនបុរសដែលមានកាំភ្លើងនោះ ដោយសារបុរសនោះជាប៉ូលិសបង្កប់ដែលមានសិទ្ធិកាន់កាំភ្លើងនិងមាន ភារកិច្ចស៊ើបនៅក្នុងក្រុមអ្នកតវ៉ាខ្លាចមានជនខិលខូចបន្លំខ្លួន៕ PS
រាយការណ៍បន្ថែមៈ ប៊ុត រស្មីគង្គា