The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុម​សហគមន៍​ឃាត់​ឡាន​ដឹក​ឈើ​របស់​ក្មួយ​មន្ត្រី​ជាន់​ខ្ពស់

ក្រុម​សហគមន៍​ឃាត់​ឡាន​ដឹក​ឈើ​របស់​ក្មួយ​មន្ត្រី​ជាន់​ខ្ពស់

សកម្មភាព​ដឹក​ឈើ​ចេញ​ពី​តំបន់​ព្រៃឡង់​នា​ពេល​កន្លង​មក។ រូបថត សហការី
សកម្មភាព​ដឹក​ឈើ​ចេញ​ពី​តំបន់​ព្រៃឡង់​នា​ពេល​កន្លង​មក។ រូបថត សហការី

ក្រុម​សហគមន៍​ឃាត់​ឡាន​ដឹក​ឈើ​របស់​ក្មួយ​មន្ត្រី​ជាន់​ខ្ពស់

ខេត្ត​កំពង់ធំៈ បណ្តាញ​សហគមន៍​ព្រៃ​ឡង់ ខេត្ត​កំពង់ធំ កាល​ពី​យប់​ថ្ងៃ​អាទិត្យ បាន​ជម្នះ​ឃាត់​ឡាន​ដឹក​ឈើ​ខុស​ច្បាប់​មួយ​គ្រឿង និង​បញ្ជូន​ទៅ​កាន់​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ស្រុក បើ​ទោះ​បី​ជា​ម្ចាស់​ឡាន​ដឹក​ឈើ​នោះ បាន​គំរាម​បើក​ឡាន​កិន​សម្លាប់​ពួក​គាត់ ដោយ​អះអាង​ថា ខ្លួន​ជា​ក្មួយ​ប្រុស​របស់​លោក ងួន ញ៉ិល អនុ​ប្រធាន​ទីពីរ រដ្ឋសភា​ក៏​ដោយ។

តំណាង​សហគមន៍​ព្រៃ​ឡង់​ប្រចាំ ខេត្ត​កំពង់ធំ លោក ម៉ឹង ហុន បាន​ឲ្យ​ដឹង​ថា តាម​កំណត់​ហេតុ គឺ​ម៉ោង​ជាង ៨ យប់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ ៣០ នាក់ បាន​ឃាត់​រថយន្ត ប្រភេទ យ៉ីឌុប ហ៊ីយ៉ាន់ដាយ គ្មាន​ស្លាក​លេខ​មួយ​គ្រឿង​នៅ​ចំណុច​មុខ​សាលារៀន ភូមិ​សំអោង ក្នុង ភូមិ​សំអោង ឃុំ​មាន​រិទ្ធិ ស្រុក​សណ្តាន់ និង​រក​ឃើញ​ឈើ​ខុស​ច្បាប់ រួម​មាន​ឈើ កកោះ​និង​ឈើ​ផ្សេងៗ​ទៀត​ចំនួន​ជាង ១២ ម៉ែត្រ​គុប។

លោក​បាន​បន្ត​ថា ក្រោយ​ការ​ឃាត់​អ្នក​បើក​ឡាន និង​កម្មករ​តាម​ឡាន ៤ នាក់ ម្ចាស់​ឡាន និង​ជា​ថៅកែ​ឈើ​នោះ បាន​មក និង​ប្រតិកម្ម​ខ្លាំងៗ​មក​លើ​ក្រុម​បណ្តាញ​សហគមន៍​ដោយ​គំរាម​ថា៖ «យើង (ម្ចាស់​ឈើ) មិន​ខ្លាច​នរណា​ទេ យើង​មាន​ខ្នង​ធំ​ណាស់ តែ​ហ៊ាន​រំខាន​នោះ យើង​បរ​កិន​សម្លាប់​តែ​ម្តង... អ្នក​ជំនាញ​ណា ក៏​មិន​អាច​ធ្វើ​អី​យើង​បាន​ដែរ យ៉ាង​យូរ​ឃាត់​យើង​បាន ១ ម៉ោង ឬ​មួយ​ថ្ងៃ​ប៉ុណ្ណោះ»។

លោក ម៉ឹង ហុន បាន​ថ្លែង​បន្ត​ថា៖ «យើង​បាន​សួរ​ពី​ខ្នង​របស់​គាត់​នោះ ដំបូង​គាត់​មិន​បាន​បញ្ចេញ​ឈ្មោះ​ទេ ដោយ​គ្រាន់​តែ​ថា ក្រោម​សម្តេច​តេជោ តែ​បន្តិច​ប៉ុណ្ណោះ តែ​ដល់​ពេល​គាត់​ច្រឡោត គាត់​ក៏​ភ្លាត់​មាត់​ស្រែក​ថា ខ្លួន​ជា​ក្មួយ​ប្រុស​របស់​លោក ងួន ញិល (អនុ​ប្រធាន ទី២ នៃ​រដ្ឋសភា)»។

មេ​ភូមិ​សំអោង លោក មិន ហៀង ដែល​បាន​ចុះ​ត្រួត​ពិនិត្យ​នៅ​យប់​នោះ បាន​ឲ្យ​ដឹង​ថា ម្ចាស់​ឈើ​ម្នាក់​នោះ ពិត​ជា​បាន​គំរាម​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ ៣០ នាក់​នោះ​មែន ដោយ​ថា៖ «ម្ចាស់​ឡាន​នោះ​ថា បើ​ហ៊ាន​បន្ត​រារាំង​យើង​ហ៊ាន​សម្លាប់​ជីវិត​ម្នាក់ ផ្តល់​ប្រាក់ ៣ លាន​រៀល គឺជា​ការ​ស្រេច»។

បើ​តាម​លោក ម៉ឹង ហុន ក្រោយ​ពី​អាជ្ញាធរ​មូលដ្ឋាន មេ​ប៉ុស្តិ៍​ឃុំ និង​មន្រ្តី​រដ្ឋបាល​ព្រៃ​ឈើ បាន​ចុះ​មក​ពិនិត្យ​រួច​មក ឡាន និង​ម្ចាស់​ឡាន ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ ស្រុក​សណ្តាន់ ដើម្បី​ធ្វើ​កំណត់​ហេតុ​សួរ​នាំ នៅ​ម៉ោង​ជិត ២ ម្សិល​មិញ​នេះ។

មន្រ្តី​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ ស្រុក​សណ្តាន់ លោក ឈឹម ខឿន បាន​ឲ្យ​ដឹង​ថា ម្ចាស់​ឡាន​នោះ ឈ្មោះ ម៉ិល ពឿន អាយុ​ជាង ៦០​ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្រពាំង​ជ្រៃ ឃុំ​បល្ល័ង ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ មុខ​របរ​មិន​ទាន់​កំណត់​បាន។

លោក​បញ្ជាក់​ថា៖ «ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​មន្រ្តី​ជំនាញ​យើង បាន​រក្សា​ទុក​រថយន្ត និង​ឈើ​នោះ​ជា​បណ្តោះ​អាសន្ន​សិន... ដោយ​សារ​ប្រធាន​ផ្នែក​រដ្ឋបាល ជាប់​បំពេញ​ការងារ​នៅ​ភ្នំពេញ អ៊ីចឹង​យើង​បាន​អនុញ្ញាត​ឲ្យ​ម្ចាស់​ឡាន​ត្រឡប់​ទៅ​វិញ ព្រោះ​គាត់​ថា គាត់​ត្រូវ​ត្រៀម​ខ្លួន​ចូល​បំភ្លឺ​តុលាការ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដែល​ជា​រឿង​ផ្ទាល់​ខ្លួន​របស់​គាត់ តែ​គាត់​បាន​សន្យា​ថា នឹង​បង្ហាញ​ខ្លួន​តាម​ការ​កោះ​របស់​យើង»។

ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ម្ចាស់​រថយន្ត លោក ម៉ិល ពឿន និង​លោក ងួន ញ៉ិល អនុ​ប្រធាន ទី២ រដ្ឋសភា ចំពោះ​ការ​អះអាង​របស់​ក្រុម​សហគមន៍​ព្រៃ​ឡង់ នោះ​បាន​ទេ កាល​ពី​ម្សិល​មិញ៕

អត្ថបទគួរចាប់អារម្មណ៍