ភ្នំពេញៈ បើទោះបីជាលោកឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុនលក់គ្រឿងសំណង់ Shimmex Group បានស្លាប់ទៅហើយ ស្របពេលដែលសមត្ថកិច្ចកំពុងពន្លឿនការចាប់ខ្លួនឃាតករសង្ស័យនោះ ក្រុមហ៊ុននេះនៅតែបន្តដំណើរការងាររកស៊ីជាធម្មតាមិនមានរអាក់រអួលអ្វីទេ។
អគ្គនាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Shimmes's Seng Hong Heng Import & Transport Co.Ltd លោក ម៉ៅ ចាន់រិទ្ធិ បានឲ្យដឹងថា បច្ចុប្បន្ននេះ ក្រុមហ៊ុននៅតែដំណើរការការងារតាមប្រក្រតី ប៉ុន្តែរហូតមកទល់ពេលនេះ ក្រុមហ៊ុន មិនទាន់មានកិច្ចប្រជុំរួមដើម្បីកំណត់សេចក្តីថ្លែងការណ៍សាធារណៈណាមួយជុំវិញឃាតកម្មលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ នៅឡើយទេ។ លោកថា៖ «រឿងជម្លោះជំនួញ ដែលប៉ូលិសបានសន្និដ្ឋាននោះ គឺខ្ញុំទើបដឹងដែរ ប្រហែលជាប៉ូលិសស៊ើបអង្កេតទៅរកឃើញពាក់ព័ន្ធ»។
លោក ម៉ៅ ចាន់រិទ្ធិ បានបន្តថា ថ្វីបើមិនទាន់អាចកំណត់អត្តសញ្ញាណជនល្មើសបាននៅឡើយមែន តែលោកសង្ឃឹមថា សមត្ថកិច្ចនឹងប្រឹងប្រែងលើការងារនេះ ដើម្បីរកការពិតនិងបញ្ចៀសការភ័យខ្លាចដល់អ្នកជំនួញផ្សេងៗទៀត។ លោកអំពាវនាវថា៖ «យើងស្នើសុំរដ្ឋាភិបាលរកយុត្តិធម៌និងការពិត ព្រោះរឿងនេះ ប៉ះពាល់ខ្លាំងដល់អ្នកជំនួញ»។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធិ បានឲ្យដឹងថា សមត្ថកិច្ចបានកំពុងបែងចែកកម្លាំងតាមជំនាញស៊ើបអង្កេតលើករណីនេះ។ លោកថ្លែងថា៖ «យើងនឹងពិនិត្យរាល់កន្លែងដែលជនរងគ្រោះធ្លាប់ស្នាក់នៅ មនុស្សដែលលោកធ្លាប់ទាក់ទង និងទំនាស់រឿងដីធ្លី ជំនួញនានា។ យើងត្រូវការព័ត៌មានទាំងនេះ ដើម្បីបន្តការស៊ើបអង្កេត»។
បើតាមអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ខេង ទីតូ លោកយល់ថា ជនរងគ្រោះបានស្លាប់ដោយសារលទ្ធផលនៃជម្លោះជំនួញរបស់ខ្លួន ហើយសមត្ថកិច្ចនឹងពង្រឹងការចាប់ខ្លួនឃាតករឲ្យបានកាន់តែលឿន។ លោកបន្តថា៖ «ឧក្រិដ្ឋជនត្រូវតែចាប់ខ្លួនឲ្យបាន យើងមិនអាចឲ្យនៅក្រៅច្បាប់បានទេ»។
គួររំឭកថា កាលពីថ្ងៃសៅរ៍ យប់ម៉ោងជាង ៧ ឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវបានខ្មាន់កាំភ្លើងពីរនាក់ បាញ់ ៦ គ្រាប់ស្លាប់ភ្លាមៗនៅមុខហាងលក់ផ្លែឈើ យីហោ ឡោ តិចសេង តាមផ្លូវព្រះសីហនុ កែងផ្លូវ ១០៥ ស្ថិតក្នុង សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ហើយសមត្ថកិច្ចបានដាក់ការសង្ស័យជំហានដំបូងថា ជារឿងគំនុំខណៈគាត់កំពុងមានរឿងក្តីនៅតុលាការ៕