ភ្នំពេញៈ នាយកក្រុមហ៊ុនDayup Global បានចេញមុខធ្វើការបដិសេធកាលពីថ្ងៃម្សិលមិញនូវអ្វីដែលប្រធានសហព័ន្ធសហជីពដើម្បីសិទ្ធិការងារបានចោទពីការប្រើហិង្សារបស់មន្រ្តី និងជើងកាងរបស់ក្រុមហ៊ុនមកលើមន្រ្តីសហជីពឲ្យមានរបួសធ្ងន់ពីរនាក់កាលពីដើមសប្តាហ៍កន្លងមកនេះ។
លោកស្រី Younghee Ban នាយកចាត់ការទូទៅរបស់ក្រុមហ៊ុនDayup Global បានមានប្រសាសន៍ដោយបដិសេធនូវហេតុការណ៍ដែលបានកើតឡើងរវាងមន្រ្តីសហជីព និងកម្មករនៅខាងមុខរោងចក្រនេះកាលពីថ្ងៃទី២៦ ខែសីហា ដែលខាងសហជីពបានចោទថា ក្រុមហ៊ុននេះបានជួលក្រុមជើងកាងប្រមាណជា៤០នាក់មកវាយដំលើក្រុមសហជីពក្នុងបំណងវាយសម្លាប់តែម្តង។ លោកស្រីបានថ្លែងថា៖ «ខ្ញុំសូមធ្វើការបដិសេធទាំងស្រុងទៅលើការចោទប្រកាន់ទាំងនេះ។ ប្រសិនបើខាងរោងចក្រយើងធ្វើសកម្មភាពទាំងនេះមែនវានឹងធ្វើឲ្យប៉ះពាល់ខ្លាំងទៅលើរោងចក្ររបស់យើង។ យើងមិនអាច ឬគ្មានសិទ្ធិក្នុងការបញ្ជា ឬជួលមនុស្សណាម្នាក់ទៅវាយដំលើមនុស្សមួយផ្សេងទៀតទេ»។
លោកស្រីនិយាយថា រឿងនេះគឺវាកើតឡើងដោយសារកម្មករដែលចេញពីរោងចក្រទៅឃាត់មន្រ្តីសហជីពទាំងនោះដែលមានបំណងរំខានដល់ការងាររបស់គេ។ ករណីនេះបានកើតមានមុនពេលដែលប្រធានរដ្ឋបាលរបស់រោងចក្រចេញទៅធ្វើអន្តរាគមន៍។ ប្រធានរដ្ឋបាល លោកយ៉ង រិទ្ធី និងកម្មករមួយចំនួនទៀតបានព្យាយាមទៅធ្វើការពន្យល់ពីចំណុចទាំង១៩ដែលកម្មករទាមទារ តែមន្រ្តីសហជីពទាំងនោះបានបង្កភាពចលាចលមកលើមន្ត្រីរដ្ឋបាល និងកម្មករផ្សេងទៀតឲ្យរងរបួសផងដែរ។
លោកស្រីបន្តថា ប្រសិនបើខាងរោងចក្រមានបំណងធ្វើការវាយប្រហារពួកគាត់មែន នោះរោងចក្រមិនមែនធ្វើនៅកន្លែងដែលមានមនុស្សអ៊ូអរទេ គឺប្រហែលជាធ្វើនៅទីកន្លែងស្ងាត់ទៅហើយ។
គួរបញ្ជាក់ថា ហេតុការណ៍ផ្ទុះអំពើហិង្សាមួយបានកើតមានឡើងកាលពីព្រឹកថ្ងៃចន្ទទី២៦ ខែសីហា នៅខាងមុខរោងចក្រDayup Global ដែលធ្វើឲ្យមន្រ្តីសហជីពចំនួន៧នាក់រងរបួសដែលក្នុងនោះមានពីរនាក់រងរបួសធ្ងន់ និងកំពុងសម្រាកព្យាបាលនៅពេទ្យកាល់ម៉ែត។
លោកស្រី Younghee Ban បានធ្វើការអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជាធ្វើការពិនិត្យទៅលើរោងចក្រដែលមានបញ្ហាមួយចំនួន ដើម្បីធ្វើឲ្យស្ថានភាពវិនិយោគនៅក្នុងប្រទេសកម្ពុជាមានភាពរលូន ប្រសិនបើបញ្ហាកូដកម្មនៅតែមានច្រើននោះអ្នកវិនិយោគបរទេសដែលគ្រោងនឹងមកធ្វើការវិនិយោគនឹងធ្វើការពិចារណាលើចំណុចនេះ ហើយពួកគេអាចនឹងដកឬបង្វែរការវិនិយោគ។
លោកសំ សឿន ប្រធានសហព័ន្ធសហជីពដើម្បីសិទ្ធិការងារ បានឲ្យដឹងកាលពីថ្ងៃម្សិលមិញនេះថា លោកនៅតែប្រកាន់ជំហរដដែលពីការចោទប្រកាន់ទៅលើមនុស្សរបស់រោងចក្រ Dayup Global ដែលបានប្រើហិង្សាមកលើមន្រ្តីរបស់លោក ដែលអ្នករងរបួសធ្ងន់ម្នាក់គឺជាប្អូនប្រុសបង្កើតរបស់លោកផងដែរ។ លោកបានថ្លែងថា៖ «ខ្ញុំនៅតែប្រកាន់ជំហររបស់ខ្ញុំជានិច្ចថាអំពើហិង្សានេះគឺជាចេតនារបស់រោងចក្រ១០០%។ ហើយនៅថ្ងៃស្អែកនេះ យើងនឹងធ្វើការដង្ហែក្បួនទៅកាន់តុលាការក្រុង និងស្ថានទូតកូរ៉េដើម្បីស្វែងរកយុត្តិធម៌»។
មន្រ្តីរបស់ក្រុមហ៊ុនបាននិយាយថា នឹងមានការចរចាមួយនៅថ្ងៃចន្ទនេះជាមួយនឹងសហជីព៕