ភ្នំពេញៈ ក្រុមអ្នករត់ម៉ូតូឌុប និងក្រុមស្ត្រីមកពីសហគមន៍បឹងកក់ កាលពីម្សិលមិញ បានប៉ះទង្គិចពាក្យសម្ដីគ្នានៅមុខការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។
ការប៉ះទង្គិចពាក្យសម្ដីគ្នានេះកើតឡើងខណៈភាគីទាំងពីរនាំគ្នាទៅដាក់ញត្តិសុំលោក សូរិយា ស៊ូប៊ែរឌី តំណាងពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិជួយអន្តរាគមន៍ ជំរុញឲ្យរដ្ឋាភិបាលផ្ដល់ដំណោះស្រាយ ប្រកបដោយភាពយុត្តិធម៌។
ក្រុមអ្នករត់ម៉ូតូឌុប ប្រមាណ៥០នាក់ ដឹកនាំដោយលោក ឯ សុភាស់ ប្រធានសមាគមអ្នករួបរួមដើម្បីអភិវឌ្ឍន៍កម្ពុជាបានចោទទៅលើក្រុមស្ត្រីបឹងកក់ថា កំពុងព្យាយាមបំភ្លៃការពិតជុំវិញករណីជម្លោះរវាងអ្នកស្រីយ៉ោម បុប្ផា និងសមាជិកក្រុមអ្នករត់ម៉ូតូឌុបពីករណីបង្កហិង្សាដោយចេតនាឲ្យទៅជាករណីដីធ្លីធ្វើឲ្យមតិជាតិនិងអន្តរជាតិយល់ច្រឡំលើការអនុវត្តច្បាប់របស់មន្ត្រីរដ្ឋាភិបាល។
ចំណែកក្រុមស្ត្រីនៃសហគមន៍បឹងកក់ ប្រមាណជា១០នាក់ ដឹកនាំដោយអ្នកស្រី ទេព វន្នី បានចោទក្រុមអ្នករត់ម៉ូតូឌុបថា លក់ឧត្តមគតិឲ្យបុគ្គលអាក្រក់មួយចំនួន នៅក្នុងជួររដ្ឋាភិបាល មកមួលបង្កាច់និងដាក់កំហុសលើសមាជិកគាត់និងដាក់ការគំរាមកំហែងបន្ថែមក្នុងគោលបំណងបង្ខំឲ្យបញ្ឈប់ការតវ៉ាប្រឆាំងនឹងការរំលោភសិទ្ធិនិងដីធ្លីពួកគេ។
ក្រោយពីដាក់ញត្តិជូនលោក សូរិយា ស៊ូប៊ែរឌី ផ្ទាល់ដៃរួចមក លោក ឯ សុភាស់ បាននិយាយថា លោក ស៊ូប៊ែរឌី បានសន្យាថានឹងពិនិត្យសិក្សាស្វែងយល់ ពីសាវតានៃវិវាទរវាងភាគីអ្នករត់ម៉ូតូឌុប និងអ្នកស្រីយ៉ោម បុប្ផា។
លោកថា៖«ខ្ញុំពិតជារីករាយដែលលោក ស៊ូប៊ែរឌី បានទទួលយកញត្តិពីខ្ញុំផ្ទាល់ដៃនិងបានសន្យាពិនិត្យលើករណីនេះ»។
តំណាង ស្ត្រីនៃសហគមន៍បឹងកក់ អ្នកស្រីទេព វន្នី បាននិយាយថា លោក ស៊ូប៊ែរឌី ក៏បានសន្យាថានឹងលើកយកបញ្ហាវិវាទដីធ្លីទាំងអស់នៅប្រទេសកម្ពុជាទៅជំរុញឲ្យប្រមុខរដ្ឋាភិបាលធ្វើការដោះស្រាយប្រកបដោយតម្លាភាព និងសមភាព។
ដោយឡែកនៅមុខសាលារាជធានីភ្នំពេញ ពលរដ្ឋជាង១០០នាក់ មកពីសហគមន៍ក្រីក្រចំនួន ៦ ដែលមានវិវាទដីធ្លីដ៏រ៉ាំរ៉ៃ បានផ្ដុំគ្នាសាជាថ្មីជំរុញឲ្យអាជ្ញាធរធ្វើការដោះស្រាយបញ្ហាពួកគាត់ឲ្យបានមុនការបោះឆ្នោត។
ក្រុមអ្នកតវ៉ាទាំងនោះក៏បានព្រមានថានឹងលើកគ្នាមកបោះតង់ស្នាក់នៅលើចិញ្ចើមផ្លូវមុខសាលាក្រុងនៅសប្តាហ៍ក្រោយនេះបើអាជ្ញាធរមិនដោះស្រាយតាមការសន្យា។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីលោក កើត ឆែ នាយករដ្ឋបាលសាលារាជធានីចេញមកទទួលយកញត្តិពីពួកគាត់និងសន្យាថា នឹងផ្ដល់ព័ត៌មានពីការសម្រេចរបស់លោកអភិបាលរាជធានីទៅពួកគាត់នៅក្នុងសប្តាហ៍ក្រោយ៕