អង្គការ​អន្តរជាតិ​ចំនួន ២​ ក្រោម​ការគាំទ្រ​ពី​រដ្ឋាភិបាល ​ប្រកាស​ដំណើរការ​កម្មវិធី​ផ្ដល់​អាហារ​តាម​សាលារៀន​ឡើងវិញ ​ដើម្បី​ចូលរួម​កាត់បន្ថយ​ភាពអត់ឃ្លាន ​ដែលជា​ការលើក​ទឹកចិត្ត​ដ៏​មាន​ឥទ្ធិពល​សម្រាប់​ឲ្យ​កុមារ​វិល​ត្រឡប់មក​សាលា​រៀន​វិញ​ បន្ទាប់ពី​កម្មវិធី​នេះ ​ត្រូវបាន​អាក់ខាន​មួយរយៈ ​ដោយសារ​ជំងឺ​កូ​វីដ ១៩។

សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​របស់​អង្គការ​យូ​នី​សេហ្វ ​និង​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ​ចេញផ្សាយ​នៅ​ថ្ងៃទី ៨ ​កុម្ភៈ​ បាន​ឲ្យ​ដឹងថា ​នៅ​កម្ពុជា​កុមារ​ប្រមាណ​ ២៨ ម៉ឺន​នាក់ ​ដែល​រៀន​នៅ​សាលា​ចំនួន ១ ១១៣ កន្លែង ​នៅ​ខេត្ត​ចំនួន ១០ ​ខកខាន​ពុំបាន​ទទួល​អាហារ​ប្រកប​ដោយ​អាហារូបត្ថម្ភ ​ដែល​ផ្ដល់​ដោយ​មិន​គិតថ្លៃ​ឱ្យ​ពួកគេ​នៅ​សាលារៀន ​ក្នុង​អំឡុង​ពេល​មានការ​បិទ​សាលា​នៅ​ទូទាំង​ប្រទេស ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ ១៩។

សេចក្តី​ប្រកាស​បញ្ជាក់​ថា៖ «ជា​ភ័ព្វសំណាង ​កម្មវិធី​ផ្ដល់​អាហារ​តាម​សាលារៀន ​បានចាប់​ផ្ដើម​ដំណើរការ​ឡើងវិញ ​ទន្ទឹម​ពេលដែល​សាលារៀន​នៅ​កម្ពុជា​បាន​បើក​ដំណើរការ​ជាថ្មី ​កាលពី​ដើមខែ​នេះ ​ដោយ​កម្មវិធី​នេះ​នឹងត្រូវ​ចាប់ផ្ដើម​ជាដំណាក់​កាលៗ ​នៅ​គ្រប់​សាលារៀន​ទាំងអស់ ​ដែល​កំពុង​អនុវត្ត​កម្មវិធី​ផ្ដល់​អាហារ ​ក្រោម​ការគាំទ្រ​ពី​រាជ​រដ្ឋា​បាល និង​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​នៅត្រឹម​ខែមីនា​ ឆ្នាំ ២០២១»។

លោកស្រី ​ហ្វ័​រូ​ហ្គ ហ្វ​យូ​ហ្សិថ ​នាយិកា​យូនី​សេហ្វ​ប្រចាំ​កម្ពុជា ​ក៏បាន​លើកឡើង​ក្នុង​សេចក្តីប្រកាស​រួម​ដែរ​ថា ​បច្ចុប្បន្ន​សាលា​រៀន​បើក​ដំណើរការ​ជាថ្មី ​ដូច្នេះ​វា​ជាការ​សំខាន់​ណាស់ ​ដែល​កម្មវិធី​គាំទ្រ​អាហារូបត្ថម្ភ​នៅតាម​សាលារៀន ​ត្រូវ​បាន​ដំណើរការ​ឡើងវិញ​ផង​ដែរ។

ខណៈ​ការអនុវត្ត​វិធានការ​កាត់បន្ថយ​ហានិភ័យ​ជំងឺ​កូ​វីដ ១៩ ​គួរតែ​នៅ​បន្តធ្វើ ​លោកស្រី​បន្តថា ​សាលារៀន​ជា​កន្លែង​ផ្ដល់នូវ​ឱកាស​ប្រសើរ​បំផុត​សម្រាប់​ជួយ​ដល់​កុមារ។ ជាពិសេស​កុមារតូចៗ ​ដើម្បី​ឱ្យ​ពួកគេ​មាន​ទម្លាប់​ញ៉ាំ​អាហារ ​ដែល​ជួយ​ទ្រទ្រង់​សុខភាព​ឱ្យបាន​មាំមួន ​ដែល​ទម្លាប់​បែបនេះ​អាច​នៅ​ជាមួយ​ពួកគេ​ពេញ​មួយ​ជីវិត។

លោកស្រី​បញ្ជាក់ថា​៖ «ការអប់រំ​អំពី​អាហារូបត្ថម្ភ ​និង​ការផ្ដល់​អាហារ​នៅតាម​សាលារៀន ​គឺជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​ ដើម្បី​ជួយឲ្យ​កុមារ​មាន​សុខភាព​មាំមួន​និង​រៀនសូត្រ​កាន់តែ​ពូកែ»។

ទិន្នន័យ​បាន​ពី​ការវាយតម្លៃ​រួមគ្នា​លើ​តម្រូវ​ការអប់រំ​ក្នុង​អំឡុងពេល​មាន​កូ​វីដ ១៩ នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០២០ ​ដែល​រៀបចំ​ដោយ​ក្រសួង​អប់រំ​យុវជន ​និង​កីឡា និង​ក្រុមការងារ​វិស័យ​អប់រំ បាន​បង្ហាញថា​ បច្ចុប្បន្ននេះ ​កុមារ​ ៤០% ញុំា​អាហារ​ប្រចាំថ្ងៃ​ក្នុង​បរិមាណ​តិចជាង​មុន ​បើ​ធៀប​នឹង​មុនពេល​មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​នេះ។ ក្នុង​ចំណោម​កុមារ​ទាំងនេះ ​មាន​ជាង ៥០%​ មកពី​គ្រួសារ​មាន​ជីវភាព​ក្រីក្រ និង​ជា​អ្នក​ពឹង​ផ្អែកលើ​ប្រព័ន្ធ​គាំពារ​សង្គម។

ដោយឡែក​ ការសិក្សា​វាយតម្លៃ​លើ​ផលប៉ះពាល់​ផ្នែក​សង្គម​សេដ្ឋកិច្ច​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ ១៩ នៅ​កម្ពុជា​របស់​អង្គ​ការ​សហ​ប្រជាជាតិ​ក៏បាន​បង្ហាញ​ដែរ​ថា ​បើទោះជា​ភាព​អាចមាន ​ឬ​រកបាន​ស្បៀង​ ពុំបាន​ទទួលរង​ផលប៉ះពាល់​ធំដុំ​ក៏ដោយ​ ក៏​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ ត្រូវបាន​កាលៈទេសៈ​សេដ្ឋកិច្ច​បង្ខំ​ឲ្យប្រើ​ប្រាស់​យុទ្ធ​ស្រា​ស្ត្រ​ទប់ទល់​ផ្សេងៗ។ ទាំងនោះ ​ដូចជា​ខ្ចី​អាហារ​ពី​អ្នកដទៃ ​កាត់បន្ថយ​បរិមាណ​អាហារ​បរិភោគ ​និង​ពឹង​អាស្រ័យ​ខ្លាំង​ជាង​មុន​លើ​ជម្រើស​អាហារ​មានតម្លៃ​ថោក​ និង​​មិនសូវ​មាន​អាហារូបត្ថម្ភ។

លោក​ស្រី​ ក្លែ​រ ខូ​ណាន់ ​តំណាង ​និង​ជានាយិកា​អង្គការ​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​កម្ពុជាបាន​កត់សម្គាល់​ថា ​កម្ម​វិធី​សុខភាព ​និង​អាហារូបត្ថម្ភ ​ដែល​អនុវត្ត​នៅតាម​សាលារៀន ​បាន​កាត់បន្ថយ​ភាពអត់ឃ្លាន ​និង​ជាការ​លើក​ទឹកចិត្ត​ដ៏​មាន​ឥទ្ធិពល​ ដើម្បី​ឱ្យ​កុមារ​វិល​ត្រឡប់មក​សាលារៀន​វិញ។

លោកស្រី​បន្ថែមថា​៖ «កម្មវិធី​នេះ​កាន់​តែមាន​លក្ខណៈ​ពិសេស​ទៅទៀត​ សម្រាប់​កុមារ​ងាយ​រងគ្រោះ ​ដែល​ភាគច្រើន​ពឹង​អាស្រ័យ​លើ​អាហារ​ដែល​ផ្ដល់​នៅតាម​សាលារៀន ​និង​មាន​ជម្រើស​សិក្សា​នៅផ្ទះ​តិច​តួច»។

អ្នក​នាំពាក្យ​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​លោក​ រស់ សុ​វាចា ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅថ្ងៃនេះថា​ ជាទូទៅ​ក្រសួង​អប់រំ​ យល់​ឃើញ​ថា ​ការលើក​កម្ពស់​អាហារូបត្ថម្ភ​របស់​សិស្សានុសិស្ស​ ជាពិសេស​សិស្ស​ដែល​ស្ថិតក្នុង​កម្រិត​បឋមសិក្សា ​គឺជា​តួនាទី​សំខាន់​មួយ​ក្នុងការ​លើកកម្ពស់​គុណ​ភាព​នៃ​ការអប់រំ។

លោក​បន្តថា ​ក្រសួង​គាំទ្រ ​និង​បន្ត​កិច្ចសហការ​ជាមួយ​បណ្តា​អង្គការ​ពាក់​ព័ន្ធ ​ដើម្បី​លើកកម្ពស់​អាហារូបត្ថម្ភ​របស់​សិស្សានុសិស្ស ​ក្នុងន័យ​លើក​កម្ពស់​ការរៀនសូត្រ​របស់​គាត់។

លោក​ថ្លែងថា​៖ «ជា​ជំហាន​បន្តបន្ទាប់​ ក្រសួង​អប់រំ នឹង​បន្ត​ពង្រីក​វិសាលភាព​ក្នុងការ​ផ្គត់ផ្គង់​អាហារូបត្ថម្ភ ​ជូន​ដល់​សិស្សា​នុ​សិស្ស​នៅតាម​សាលា​គោលដៅ​ជា​ជំហាន​បន្តបន្ទាប់។ យើង​សូម​ស្វាគមន៍​កិច្ចសហការ​ណ៍​បន្តទៀត ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ នៅក្នុង​ការលើក​កម្ពស់​គុណភាព​អាហារូបត្ថម្ភ ​ដើម្បី​ចូលរួម​លើក​កម្ពស់​គុណភាព​អប់រំ​របស់​សិស្ស»។

នៅ​ទូទាំង​សកលលោក​ ការផ្ដល់​អាហារ​នៅតាម​សាលារៀន​ប្រមាណ​ជាង ៣៩ ប៊ី​លាន​ដង​ ត្រូវបាន​អាក់ខាន ចាប់​តាំង​ពី​មាន​ការ​ឆ្លង​រាលដាល​ជាស​កល​នៃ​ជំងឺ​កូវីដ ១៩ ​ព្រោះ​សាលារៀន​ត្រូវ​បិទទ្វារ។

បន្ថែម​ពីនេះ​ ចំពោះ​កុមារ​ ៣៧០ លាន​នាក់​នៅ​លើ​សកលលោក ​ដែល​ភាគច្រើន​ពឹង​អាស្រ័យ​លើ​អាហារ​ផ្ដល់​នៅតាម​សាលារៀន​ សម្រាប់​ជា​ប្រភព​អាហារូប​ត្ថម្ភ​ដ៏​សំខាន់​ប្រចាំ​ថ្ងៃ​របស់​ពួកគេ ​គិត​ជា​មធ្យម ​បាន​ខកខាន​ពុំបាន​ទទួល​អាហារ ៤០% នៃ​ចំនួន​អាហារ​ដែល​ផ្ដល់​ឲ្យ​ពួកគេ​នៅ​សាលា​រៀន ​ដោយសារ​កត្តា​រារាំង​បង្កដោយ​ជំងឺ​កូ​វីដ ១៩ ​ដែល​នាំឱ្យ​មានការ​បិទ​សាលា​រៀន។

នេះ​បើតាម​របាយការណ៍​ថ្មី​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​ការិយាល័យ​ស្រាវជ្រាវ Innocenti របស់​យូនី​សេហ្វ ​និង​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក៕