ភ្នំពេញៈ គណបក្សខ្មែរតែមួយ ដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ជាផ្លូវការកាលពីថ្ងៃអង្គារម្សិលមិញ បានប្រកាសជាសារមួយ គាំទ្រចលនាសង្គ្រោះជាតិរបស់លោក សម រង្ស៊ី ដែលរដ្ឋាភិបាលចាត់ទុកជា ចលនាឧទ្ទាម និងខុសច្បាប់ ប៉ុន្តែជាអ្វីដែលគណបក្សមួយនេះ បានការពារខ្លួនថា ជាសារអំពាវនាវ ដើម្បីឲ្យមាន «ការរួបរួមជាតិ» ប៉ុណ្ណោះ។
នៅក្នុងលិខិតសរសេរទៅកាន់លោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរ កាលពីថ្ងៃទី ២៧ មីនានេះ លោក គុជ លី អនុប្រធានគណបក្ស និងជាអ្នកនាំពាក្យ ដែលធ្លាប់មានឈ្មោះថា «គណបក្សកែម ឡី» បានសរសេរថា «ដើម្បីផលប្រយោជន៍ជាតិខ្មែរ និងប្រជាជាតិខ្មែរ ខ្ញុំ គុជ លី តំណាងឲ្យ គណបក្សខ្មែរតែមួយ សូមប្រកាសគាំទ្រនិងចូលរួមធ្វើសកម្ម (ភាព) ជាមួយចលនាសង្គ្រោះជាតិដឹកនាំដោយលោកប្រធាន សម រង្ស៊ី»។
គណបក្សខ្មែរតែមួយ ត្រូវបានក្រសួងមហាផ្ទៃ ប្រកាសទទួលស្គាល់និងចុះឈ្មោះជាគណបក្សនយោបាយផ្លូវការកាលពីថ្ងៃអង្គារ ទី ២៧ ខែមីនា ម្សិលមិញនេះ។
នៅក្នុងលិខិតប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ ចុះហត្ថលេខាដោយ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យគណបក្សខ្មែរតែមួយ «ត្រូវធ្វើសកម្មភាពស្របទៅតាមច្បាប់ស្តីពីគណបក្សនយោបាយ លិខិតបទដ្ឋានគតិយុត្តិនានាជាធរមាន និងលក្ខន្តិកៈរបស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ»។
លោក គុជ លី ក៏បានអំពាវនាវឲ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ចូលរួមជាមួយលោក ដើម្បីទាមទារសិទ្ធិសេរីភាពជូនលោក សម រង្ស៊ី និង លោក កឹម សុខា ដែលតុលាការនិងរដ្ឋាភិបាលកំពុងចោទប្រកាន់ចោទបទ «ក្បត់ជាតិ» ផ្តល់សិទ្ធិសេរីភាពឲ្យលោក មាជ សុវណ្ណារ៉ា និងអ្នកទោសមនសិកាផ្សេងទៀត។
លោក គុជ លី ថ្លែងប្រាប់ភ្នំពេញ ប៉ុស្តិ៍នៅព្រឹកនេះ លោកមិនបារម្ភអំពីចំណាត់ការរបស់ក្រសួងមហាផ្ទៃមកលើគណបក្សរបស់លោកទេ ចំពោះការប្រកាសគាំទ្រចលនាសង្គ្រោះជាតិ ដែលលោកនាយករដ្ឋមន្ត្រីចាត់ទុកជាចលនាឧទ្ទាមនោះ ហើយថាសាររបស់លោក គឺចង់ឲ្យមានការរួបរួមជាតិតែប៉ុណ្ណោះ។
លោក គុជ លី ថ្លែងថា លោកប្រកាសគាំទ្រចលនានេះដោយាសារតែ «ខ្ញុំនៅតែការពារថាខ្ញុំអត់ខុស បើខ្ញុំអំពាវនាវប្រជាជនបះបោរជាមួយរដ្ឋាភិបាលខ្ញុំខុសហើយ។ មិនមានន័យថាចលនារបស់គាត់ជាចលនាអាក្រក់ទាំងអស់ឯណា។...តែសារបស់យើងគឺ រួបរួមជាតិ ចឹងដោះលែង»។
ភ្នំពេញ ប៉ុស្តិ៍ មិនទាន់អាចទាក់ទងក្រសួងមហាផ្ទៃ នៅព្រឹកនេះ ដើម្បីការពន្យល់លើការប្រកាសរបស់គណបក្សដែលទើបត្រូវបានទទួលស្គាល់នេះទេ ។
កាលពីម្សិលមិញ លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យអាជ្ញាធរ និង សមត្ថកិច្ចគ្រប់ខណ្ឌទាំង ១២ ឲ្យធ្វើការឃ្លាំមើលសកម្មភាពប្រឆាំងណាមួយដែលអាចកើតមានមុនការបោះឆ្នោតជាតិ ខែកក្កដាខាងមុខនេះ។
យោងតាមគេហទំព័រ នគរបាលជាតិ លោកសុវណ្ណ ថ្លែងថា ៖ «យើងជាអ្នកចូលរួមអនុវត្តផ្ទាល់ក្នុងការទប់ស្កាត់បដិវត្តពណ៌ ការទប់ស្កាត់ចលនាអសន្តិសុខសង្គម ដែលក្រុមគណបក្សប្រឆាំងចង់ធ្វើហើយត្រូវទប់ស្កាត់ឲ្យបានរាល់ចលនាណាមួយដែលក្រុមនេះប៉ុនប៉ងចង់ធ្វើ» ៕