ឧត្តរមានជ័យៈ យោងតាមមន្ត្រីផ្នែកដោះស្រាយទំនាស់ដីធ្លី បញ្ហាទំនាស់ដីធ្លីរវាងពលរដ្ឋនៅស្រុកចុងកាល់ និងក្រុងសំរោង ខេត្តឧត្តរមានជ័យជាមួយក្រុមហ៊ុនដាំស្ករអំពៅថៃត្រូវបានដោះស្រាយចប់តាំងពីឆ្នាំ ២០១០ ខណៈពលរដ្ឋក៏លើកឡើងដែរថាពួកគេចំនួន ៧១២ គ្រួសារ កំពុងបន្តតវ៉ាទាមទារដីធ្លីនៅឡើយ។ ទោះយ៉ាងណា អាជ្ញាធរឱ្យពលរដ្ឋដែលខ្វះដីដាក់ពាក្យស្នើសុំមកគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តតាមរយៈអាជ្ញាធរភូមិ-ឃុំ។
លោក វ៉ាត ប៉ារានីន អភិបាលរងខេត្តឧត្តរមានជ័យ ទទួលបន្ទុកដោះស្រាយទំនាស់ដីធ្លីអះអាងថា ប្រសិនបើពលរដ្ឋណាខ្វះខាតដីពិតប្រាកដនោះ លោកស្នើឱ្យពួកគេដាក់ពាក្យស្នើសុំមកគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តតាមរយៈអាជ្ញាធរភូមិ-ឃុំ ដើម្បីទទួលបានដីសម្បទានសង្គមកិច្ចព្រោះថា រដ្ឋាភិបាលនឹងមិនទុកឱ្យពលរដ្ឋណាម្នាក់គ្មានដីសម្រាប់ធ្វើស្រែនោះឡើយ។
ស្ថិតក្នុងបន្ទប់ធ្វើការនៅឯសាលាខេត្តឧត្តរមានជ័យ លោក វ៉ាត ប៉ារានីន បានបង្ហាញឯកសារ ១ វ៉ាលិសធំ ដោយលោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា សុទ្ធតែជាឯកសារភ័ស្ដុតាងបញ្ជាក់អំពីវិវាទដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនដាំស្ករអំពៅទាំង ៣ ដែលត្រូវបានដោះស្រាយ ចប់សព្វគ្រប់តាំងពីឆ្នាំ ២០១០។
ប៉ុន្តែកាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ នេះតុលាការឧទ្ធរណ៍ថៃបានសម្រេចឱ្យពលរដ្ឋខ្មែរជាង ៧០០ គ្រួសារនោះឈ្នះបណ្ដឹងទាស់ ដើម្បីឱ្យការដាក់បណ្ដឹងសមូហភាពប្រឆាំងក្រុមហ៊ុនស្ករអំពៅថៃ មិត្រ ផល របស់ពួកគាត់ឆ្ពោះទៅមុខទៀត។
ការសម្រេចរបស់តុលាការឧទ្ធរណ៍ថៃនេះ បន្ទាប់ពីពលរដ្ឋទាំង ៧១២ គ្រួសារ បានប្ដឹងទៅតុលាការស៊ីវិលក្នុងប្រទេសថៃ ដើម្បីទាមទារសំណងចំនួន ៤៣ លានដុល្លារ ពីក្រុមហ៊ុនស្ករអំពៅថៃ មិត្រ ផល ខណៈពួកគាត់ចោទក្រុមហ៊ុននេះថា បានធ្វើឱ្យពួកគាត់ខកខានមិនបានអាស្រ័យផលអស់រយៈពេលជាច្រើនឆ្នាំ។ ប៉ុន្តែតុលាការស៊ីវិលថៃកាលពីឆ្នាំ ២០១៨ បានបដិសេធទទួលបណ្ដឹងដែលដាក់រួមគ្នារបស់ពលរដ្ឋ និងស្នើឱ្យពលរដ្ឋទាំងនោះដាក់បណ្ដឹងរៀងៗខ្លួនឡើងវិញ។
លោក វ៉ាត ប៉ារានីន ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២ ខែសីហា ថា លោកមិនយល់អំពីការដាក់បណ្ដឹងឆ្លងប្រទេសបែបនេះទេ ដោយលោកថ្លែងថាជាទូទៅ ប្រសិនបើរឿងក្ដីកើតឡើងនៅខេត្តណាគឺគេត្រូវដាក់ពាក្យបណ្ដឹងទៅតុលាការនៅខេត្តនោះ។
លោកបញ្ជាក់ទៀតថា បច្ចុប្បន្នខេត្តអំពាវនាវឱ្យអាជ្ញាធរគ្រប់ស្រុកក្រុងទាំងអស់ត្រូវចុះឱ្យដល់ខ្នងផ្ទះរបស់ពលរដ្ឋនៅទូទាំងខេត្ត ដើម្បីស្វែងរកប្រជាជនខ្វះខាតដីពិតប្រាកដ។ ប្រសិនបើពួកគាត់ពិតជាខ្វះខាតត្រូវដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចពីរដ្ឋាភិបាល ហើយក៏មានពលរដ្ឋជាច្រើនបានដាក់ពាក្យស្នើសុំជាបន្តបន្ទាប់ដែរ។
លោកថា៖ «នៅស្រុកខ្មែរយើង បើរឿងហេតុកើតនៅឧត្តរមានជ័យគឺគេត្រូវដាក់ប្ដឹងនៅតុលាការឧត្តរមានជ័យ ហើយបើរឿងហេតុនៅភ្នំពេញគឺគេត្រូវដាក់ពាក្យបណ្ដឹងទៅតុលាការនៅភ្នំពេញ។ យើងមិនដឹងនិងមិនយល់ច្បាស់ដែរ យើងជនជាតិកម្ពុជាហើយទៅប្ដឹងនៅតុលាការនៅស្រុកថៃវិញ អាហ្នឹងខ្ញុំអត់ [ដឹង] ដែរ»។
លោក គឹម គាវិន ប្រធានមន្ទីររៀបចំដែនដីខេត្តឧត្តរមានជ័យឲ្យដឹងដែរថា កាលពីឆ្នាំ ២០១៨ មន្ត្រីថ្នាក់ជាតិមកពីក្រសួងដែនដីបានចុះមកសង្កាត់កូនក្រៀលរយៈពេលកន្លះខែដើម្បីរង់ចាំទទួលពាក្យស្នើសុំ និងសម្ភាសពលរដ្ឋនៅក្នុងសង្កាត់នេះដើម្បីទទួលបានដីសម្បទានសង្គមកិច្ចពីរដ្ឋាភិបាលនៅចំណុចអូរបាត់មាន់។
លោកបន្តថា កាលនោះមានតែពលរដ្ឋចំនួន ៤១២ គ្រួសារ មកដាក់ពាក្យស្នើសុំ និងបានទទួលដីសម្បទានសង្គមកិច្ច។ ប៉ុន្តែលោកថា ការផ្ដល់ដីសម្បទានសង្គមកិច្ចនោះ ដើម្បីផ្ដល់ជូនចំពោះពលរដ្ឋដែលខ្វះដីពិតប្រាកដ មិនមែនជាការដោះស្រាយសំណងអ្វីឡើយ។ ព្រោះពលរដ្ឋដែលមានដីត្រូវប៉ះពាល់ដោយក្រុមហ៊ុនចូលមកវិនិយោគដាំអំពៅកាលពីឆ្នាំ ២០០៨ ត្រូវបានដោះស្រាយចប់ មុនក្រុមហ៊ុនចូលមកវិនិយោគទៅទៀត។
លោកនិយាយថា៖ «ពលរដ្ឋទាំងនេះដោយសារពួកគាត់ថាអត់មានដីសម្រាប់បង្កបង្កើនផល អ៊ីចឹងរដ្ឋាភិបាលបានផ្ដល់ដីសម្បទានសង្គមកិច្ចជូនពួកគាត់។ ឥឡូវ ឮថា ប្រជាពលរដ្ឋកំពុងប្ដឹងថា មានរហូត ៧០០ ជាង អាហ្នឹងខ្ញុំក៏អត់យល់ និងអត់ដឹងដែរ»។
ក្នុងឆ្នាំ ២០០៨ រដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រុមហ៊ុនថៃឈ្មោះ មិត្រ ផល (Mitr Phol Sugar Cooperation) ដែលជាក្រុមហ៊ុន មេរបស់ក្រុមហ៊ុនអង្គរស៊ូហ្គើរ (Angkor Sugar Company) ក្រុមហ៊ុនទន្លេស៊ូហ្គើរ ខេន (Tonle Sugar Cane Company) និងក្រុមហ៊ុន ខេន អេន ស៊ូហ្គើរ វែលលី (Cane Sugar Valley Company) ធ្វើការវិនិយោគដោយដាំចម្ការអំពៅលើដីសម្បទាន សេដ្ឋកិច្ចចំនួន ៣ ម៉ឺនហិកតា នៅខេត្តឧត្តរមានជ័យក្នុងក្រុងសំរោង សង្កាត់កូនក្រៀល សង្កាត់សំរោង និងទីតាំងក្នុងស្រុកចុងកាល់ គឺនៅ ឃុំចុងកាល់ និងឃុំពង្រ។
លោក វ៉ាត ប៉ារានីន បញ្ជាក់ថាបើទោះបីក្រុមហ៊ុនទាំង ៣ ទទួលបានដីសម្បទានសេដ្ឋកិច្ចទំហំ ១ ម៉ឺនហិកតា ក្នុង ១ ក្រុមហ៊ុនក្ដី ប៉ុន្តែក្នុងចំណោមក្រុមហ៊ុនទាំង ៣ នេះទទួលបានដីសម្រាប់ដាំអំពៅពិតប្រាកដតែជាង ៥ ពាន់ហិកតា ឬជាង ៦ ពាន់ហិកតាប៉ុណ្ណោះ។ ពីព្រោះក្រុមហ៊ុនទាំងនោះបានឯកភាពជាមួយអាជ្ញាធរខេត្ត និងក្រសួងដែនដី ដើម្បីកាត់ឆ្វៀលដីខ្លះចេញវិញ ដោយសារដីទាំងនោះប៉ះពាល់ជាមួយដីកេររបស់ប្រជាពលរដ្ឋ។ ពួកគាត់បានបោះទីតាំងរស់នៅ និងអាស្រ័យផលជាក់ស្ដែងតាំងពីយូរលង់។
លោកបន្តថា ក្នុងចំណោមពលរដ្ឋទាំង ១ ៧៣៨ គ្រួសារ ដែលមានដីដូនតាត្រូវប៉ះពាល់ដោយសារការវិនិយោគដាំស្ករអំពៅ ក្រៅពីត្រូវបានកាត់ឆ្វៀលដីចេញពីក្រុមហ៊ុនប្រគល់ជូនពួកគាត់វិញ គឺពលរដ្ឋខ្លះទៀតដែលមានដីរូបរាងដូចស្បែកខ្លាស្ថិតក្នុងទីតាំងដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុន ក៏ត្រូវបានសម្របសម្រួលឱ្យទទួលយកដីដោះដូរនៅក្រៅតំបន់ក្រុមហ៊ុនដោយស្ម័គ្រចិត្តដែលអាជ្ញាធរខេត្តបានរៀបចំឱ្យ។
លោកថ្លែងថា៖ «ក្រុមហ៊ុនទាំង ៣ ហ្នឹងដែលមកវិនិយោគនៅលើទឹកដីនៃខេត្តឧត្តរមានជ័យនេះ គឺសុទ្ធតែដោះស្រាយផលប៉ះពាល់រួចរាល់អស់ហើយ ដោយក្រុមហ៊ុនមួយៗនេះមានការអនុញ្ញាត [ពីរដ្ឋាភិបាល] ឱ្យវិនិយោគលើដី ១ ម៉ឺនហិកតា ប៉ុន្តែក្រុមហ៊ុនមួយៗហ្នឹងមិនបានសល់ដី ១ ម៉ឺនហិកតាទេ ព្រោះបើ ៣ ក្រុមហ៊ុនគឺមានដី ៣ ម៉ឺនហិកតា ប៉ុន្តែ ៣ ក្រុមហ៊ុននៅសល់តែ ២ ម៉ឺនហិកតាជាងទេ អ៊ីចឹងបានន័យថាជិត ១ ម៉ឺនហិកតា ត្រូវកាត់ឆ្វៀលជូនប្រជាជន»។
ការលើកឡើងពីមន្ត្រីរូបនេះ ខណៈពលរដ្ឋចំនួន ៧១២ គ្រួសារ ដែលរស់នៅក្នុងភូមិចំនួន ៤ គឺភូមិតាម៉ាន ភូមិបុស្ស ភូមិត្រពាំងវែង និងភូមិខ្ទុំក្នុងសង្កាត់កូនក្រៀលបន្តទាមទារដីចំនួន ២៥ ២៣៥ ហិកតា ដែលត្រូវបាត់បង់ដោយសារការឈូសឆាយបំផ្លាញដីស្រែ និងផ្ទះសំបែងរបស់ពួកគាត់ពីសំណាក់ភាគីក្រុមហ៊ុនកាលពីអំឡុងឆ្នាំ ២០០៨-២០០៩។
ពលរដ្ឋខ្លះប្រាប់ថា ចាប់តាំងពីក្រុមហ៊ុនស្ករអំពៅ មិត្រផល ឈប់ វិនិយោគនៅខេត្តឧត្តរមានជ័យ និងប្រគល់ដីឱ្យរដ្ឋាភិបាលគ្រប់គ្រងវិញតាំងពីឆ្នាំ ២០១៥ មកគឺពួកគាត់មួយចំនួនបានចាប់ផ្ដើមចូលទៅធ្វើស្រែលើដីទាំងនោះវិញ បើទោះបីត្រូវបានអាជ្ញាធរមូលដ្ឋានគំរាមចាប់ខ្លួនពួកគាត់ជាបន្តបន្ទាប់ ដោយចោទប្រកាន់ថា ចូលកាន់កាប់ដីរដ្ឋដោយខុសច្បាប់ក្តី។
លោក ថាន់ ញ៉យ កសិករអាយុ ៥១ ឆ្នាំរស់នៅភូមិខ្ទុំ សង្កាត់កូនក្រៀលនិយាយថា លោកមានដីស្រែកេរចំនួន ១៥ ហិកតា ដែលកាន់កាប់តាំងពីឆ្នាំ ១៩៩៨។ បើតាមច្បាប់ភូមិបាលក្នុងឆ្នាំ ២០០១ គឺលោកគួរតែទទួលបានការចេញប្លង់បញ្ជាក់កម្មសិទ្ធិដីធ្លី ដោយសារលោកបានគ្រប់គ្រងដីទាំងនោះ លើសពីរយៈពេល ៥ ឆ្នាំ។ ប៉ុន្តែលោកថាចាប់ពីឆ្នាំ ២០០៩ អាជ្ញាធរបានចុះទៅវាស់ និងហ៊ុមព័ទ្ធ ហើយបានយកដីរបស់លោកទាំង ១៥ ហិកតារួមទាំងដីស្រែរបស់ភូមិផ្សេងទៀត ធ្វើជាដីរដ្ឋសម្បទានសេដ្ឋកិច្ចប្រគល់ទៅឱ្យក្រុមហ៊ុនវិនិយោគ។ ទោះយ៉ាងនេះក្តីចាប់ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៥ ដីទាំងនោះត្រូវបានក្រុមហ៊ុនទុកឱ្យនៅទំនេរចោលមិនបានដាំអំពៅនោះឡើយ។
លោកបន្ថែមថា នៅពេលក្រុមហ៊ុនដកចេញវិញក្នុងឆ្នាំ ២០១៥ លោកបានចូលទៅធ្វើស្រែលើដីនោះដូចរាល់ឆ្នាំវិញ។ ប៉ុន្តែមកដល់ឆ្នាំ ២០១៨ អាជ្ញាធរបានយកដីរបស់លោករួមទាំងដីអ្នកភូមិផ្សេងទៀតដែលធ្លាប់មានទំនាស់ជាមួយក្រុមហ៊ុនធ្វើជាដីសម្បទាន សង្គមកិច្ចប្រគល់ឱ្យពលរដ្ឋមកពីខេត្តត្បូងឃ្មុំ ហើយប្រាប់លោកឱ្យឈប់ចូលទៅធ្វើស្រែលើដីនោះចាប់ពីឆ្នាំក្រោយនេះទៅ។
កសិកររូបនេះនិយាយថា៖ «ឥឡូវ ពួកត្បូងឃ្មុំចូលមកបានប្រើគ្រឿងចក្រឈូសឆាយដីស្រែរបស់ខ្ញុំហ្នឹងអស់ប្រមាណ ៤ ហិកតាហើយ។ ពលរដ្ឋខេត្តនេះចូលមកគឺឈូសបំផ្លាញដើមឈើទាំងតូចទាំងធំនៅក្នុងស្រែចោលទាំងអស់ ដែលខុសពីប្រជាពលរដ្ឋនៅក្នុងតំបន់នេះ គេនិយមធ្វើស្រែរក្សាព្រៃឈើគឺធ្វើនៅចន្លោះដីដែលគ្មានដើមឈើ និងក្រោមដើមឈើ»។
លោក ថាន់ ញ៉យ បានចុះទៅបង្ហាញដីស្រែរបស់លោកដែលនៅចម្ងាយពីផ្ទះប្រហែល ៧ គីឡូម៉ែត្រ ខណៈក្នុងដីស្រែទាំងនោះមានស្រូវខ្លះកំពុងចេញផ្លែបណ្ដើរៗ និងស្រូវខ្លះទៀតចាប់ផ្ដើមក្រហមចុងមួយៗដែលលោក ញ៉យ គ្រោងច្រូតកាត់សម្រាប់ធ្វើជាអំបុកក្នុងពេលឆាប់ៗនេះ។ លោកបន្តថា ដីស្រែកេររបស់ពលរដ្ឋស្ទើរទូទាំង ខេត្តឧត្តរមានជ័យពុំមានលិខិតណាមួយបញ្ជាក់អំពីកម្មសិទ្ធិនោះទេ។
ទោះបីដីរបស់ខ្លួនត្រូវរដ្ឋាភិបាលបន្តយកធ្វើដីសម្បទានសង្គមកិច្ចប្រគល់ឱ្យទៅពលរដ្ឋមកពីត្បូងឃ្មុំក៏ដោយ ប៉ុន្តែកសិករ ថាន់ ញ៉យ ប្ដេជ្ញាថានឹងមិនបោះបង់ដីនោះឡើយ។ លោកបន្ថែមថាកាលពីឆ្នាំ ២០០៩ អាជ្ញាធរបានជំរុញឱ្យលោកទទួលយកដីដោះដូរដែរ ប៉ុន្តែលោកបដិសេធ ដោយសារដីដោះដូរនោះ គឺកាន់កាប់ដោយប្រជាពលរដ្ឋផ្សេង និងទាហាន។
លោកថា៖ «ពលរដ្ឋក្នុងភូមិខ្ទុំខ្លះដែលព្រមទទួលយកដីដោះដូរតាមដំណោះស្រាយរបស់អាជ្ញាធរគឺខ្លះទទួលបានតែ ២០ ទៅ ៥០% នៃផ្ទៃដីដែលបាត់បង់ស្របពេលដីដោះដូរទាំងនោះមួយចំនួនក៏បានធ្វើឱ្យកើតមានជម្លោះដណ្ដើមដីគ្នារវាងប្រជាពលរដ្ឋ និងពលរដ្ឋដូចគ្នាបន្ថែមទៀត ដោយសារតែដីដោះដូរដែលទទួលបានពីអាជ្ញាធរទាំងនោះគឺជាន់លើដីរបស់ប្រជាពលរដ្ឋផ្សេង»។
ពលរដ្ឋម្នាក់ដែលអះអាងថា ជាអ្នកស្រុករស់នៅក្នុងភូមិថ្នល់បត់ដែលជាភូមិជាប់គ្នាជាមួយភូមិខ្ទុំ ក្នុងសង្កាត់កូនក្រៀលគឺលោក ហៀ ហួច អាយុ ៥២ ឆ្នាំ និយាយដែរថា ដីស្រែរបស់ពលរដ្ឋក្នុងភូមិថ្នល់បត់គឺនៅខាងលិចថ្នល់ជាតិ ឯដីស្រែរបស់ពលរដ្ឋក្នុងភូមិខ្ទុំ និងភូមិចំនួន ៣ ទៀតធ្លាប់មានជម្លោះជាមួយក្រុមហ៊ុនដាំស្ករអំពៅថៃនៅខាងកើតថ្នល់ជាតិ។
ពលរដ្ឋរូបនេះបន្តថា ដីរបស់លោកសម្រាប់ធ្វើស្រែចំនួន ៣ ហិកតា ពុំទាន់មានប្លង់ត្រឹមត្រូវដូចគ្នានឹងពលរដ្ឋដែលរស់នៅក្នុងភូមិខ្ទុំដែរ ទោះបីលោកកាន់កាប់តាំងពីដើម តពីដូនតាមកក្ដី។
លោក ហៀ ហួច លើកជាសំណួរថា៖ «ដីនៅស្រុកនេះអ្នកណាមានប្លង់នោះ?»។
ចំណែកអ្នកស្រី ភ្លឺង តេប អាយុ ៥៩ ឆ្នាំរស់នៅភូមិខ្ទុំ ដែលពុំមានដីត្រូវប៉ះពាល់ជាមួយការវិនិយោគដាំអំពៅនេះនិយាយដែរថា នៅក្នុងភូមិអ្នកស្រីពុំមានពលរដ្ឋចំណូលថ្មីមកពីខេត្តផ្សេងចូលមកឈូសឆាយ ឬកាប់ឆ្ការដីព្រៃសម្រាប់ធ្វើស្រែឡើយ។ អ្នកភូមិទាំងអស់បង្កបង្កើនផលតែនៅលើដីដូនតាដែលបន្សល់ទុកប៉ុណ្ណោះ។ ប៉ុន្តែអ្នកស្រីថា នៅចំណុចអូរបាត់មាន់ក្នុងភូមិបុស្ស អាចមានពលរដ្ឋចំណូលថ្មីមកពីខេត្តព្រៃវែងជាដើម។
អ្នកស្រីនិយាយថា៖ «ពួកគេ [ពលរដ្ឋចំណូលថ្មី] ដែលចូលទៅរស់នៅហ្នឹង នាំគ្នាចូលទៅចាប់ដី ដែលជាដីសល់ច្រើនហ្នឹងដើម្បីបិទទំនប់សម្រាប់ធ្វើស្រែ ហើយដល់ពេលធ្វើស្រែទៅអាជ្ញាធរថាជាដីរដ្ឋ គេអត់ឱ្យយើងទេ»។
ចំណែកអ្នកស្រី ហ៊ូយ ម៉ៃ រស់នៅចំណុចអូរបាត់មាន់ក្នុងភូមិបុស្សដែលកំពុងតវ៉ាទាមទារដីអ្នកស្រីចំនួន ៥ ហិកតាមកវិញរៀបរាប់ថា មុនសម័យរដ្ឋប្រហារ អ្នកស្រីរស់នៅក្នុងភូមិបុស្ស។ ប៉ុន្តែក្នុងសម័យប៉ុលពតត្រូវបានជម្លៀសឱ្យមករស់នៅក្នុងភូមិតាម៉ាន ហើយក្រោយមកអ្នកស្រីក៏បានរៀបការប្ដីនៅភូមិតាម៉ានស្ថិតក្នុងឃុំកូនក្រៀលតែមួយ។
លុះនៅពេលរបបប៉ុលពតត្រូវបានផ្ដួលរំលំមកដល់ឆ្នាំ ១៩៩៨ គ្រួសារអ្នកស្រីរួមទាំងពលរដ្ឋចំនួន ៩ គ្រួសារទៀតបានសម្រេចត្រឡប់ទៅសាងសង់លំនៅឋានរស់នៅជាអចិន្រៃ្តយ៍ចំណុចអូរបាត់មាន់ក្នុងភូមិបុស្សដែលជាទីកំណើតវិញ ហើយបានស្នើសុំអតីតមេឃុំ និងមេភូមិកាលនោះបែងចែកដីសម្រាប់ពលរដ្ឋក្នុង ១ គ្រួសារចំនួន ៥ ហិកតាសម្រាប់ធ្វើស្រែចម្ការ។
អ្នកស្រីបន្តទៀតថា ក្រោយមកដោយសារកើតមានគ្រួសារថ្មី និងមានពលរដ្ឋមកពីតំបន់ផ្សេងៗចូលទៅរស់នៅក្នុងចំណុចអូរបាត់មាន់ធ្វើឱ្យគ្រួសារទាំងអស់កើនដល់ ២៩៩ គ្រួសារ។
អ្នកស្រីបន្ថែមថា នៅឆ្នាំ ២០០៩ ពលរដ្ឋដែលរស់នៅក្នុងចំណុចអូរបាត់មាន់ទាំង ២៩៩ គ្រួសារដែលត្រូវបានគេដុតបំផ្លាញផ្ទះសំបែង និងដីស្រែ អាជ្ញាធរបានឱ្យទទួលយកដីដោះដូរ សម្រាប់ដីលំនៅឋានទទឹង ៣០ ម៉ែត្រ និងបណ្ដោយ ៥០ ម៉ែត្រ និងដីស្រែ ១ ហិកតា ខណៈពលរដ្ឋនៅភូមិដែលគ្មានការដុតបំផ្លាញផ្ទះទទួលបានដីស្រែចំនួន ២ ហិកតា។
អ្នកស្រីអះអាងថា៖ «នៅចំណុចអូរបាត់មាន់គឺមានពលរដ្ឋតែ ២២ គ្រួសារប៉ុណ្ណោះ ដែលយល់ព្រមទទួលយកដីដោះដូរ ហើយចំពោះពលរដ្ឋភាគច្រើនដែលមិនព្រមយកដីដោះដូរនោះគឺដោយសារដីដែលបានបាត់បង់ ក្នុង ១ គ្រួសារមានចាប់ពី ៥ ហិកតាឡើង»។
ឯអ្នកស្រី ជឺម ញ៉យ ដែលជាស្ដ្រីមេម៉ាយអាយុ ៣៩ ឆ្នាំ និងរស់នៅជាមួយកូនស្រី ៣ នាក់ ក្នុងភូមិខ្ទុំបានអះអាងថា ដីស្រែកេរអ្នកស្រីចំនួន ៥ ហិកតាត្រូវបានអាជ្ញាធរយកទៅធ្វើជាដីដោះដូរឱ្យប្រជាពលរដ្ឋផ្សេងដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន។ ស្ដ្រីរូបនេះធ្លាប់បានទៅតវ៉ាជាមួយអាជ្ញាធរសង្កាត់ដែរ ហើយចៅសង្កាត់អះអាងថា អ្នកស្រីនឹងទទួលបានដីទាំងនោះមកវិញ នៅពេលណាក្រុមហ៊ុនឈប់វិនិយោគ និងដកទៅវិញ។
អ្នកស្រីនិយាយថា៖ «ឥឡូវខ្ញុំ គឺគ្មានបានដីទាំងអស់សូម្បីដីសម្បទានសង្គមកិច្ចឆ្នាំ ២០១៨ ក៏ខ្ញុំអត់ទាំងអស់។ នៅពេលអត់ដីធ្វើស្រែ កូនខ្ញុំ ២ នាក់ដើរស៊ីឈ្នួលធ្វើការងារតាមផ្ទះឱ្យគេ»។
លោក ថាន់ ញ៉យ និងអ្នកស្រី ហ៊ូយ ម៉ៃ អះអាងថាកាលពីឆ្នាំ ២០១៨ ខាងរដ្ឋាភិបាលក៏បានចុះទៅវាស់វែងដីសម្រាប់ផ្ដល់ជូនដី ២ ហិកតាឱ្យពលរដ្ឋនៅសង្កាត់កូនក្រៀល។ ប៉ុន្តែពួកគាត់ថា ដីទាំងនោះគឺជាដីសម្បទានសង្គមកិច្ច និងមិនមែនជាដីសម្រាប់ដោះស្រាយទំនាស់ឡើយ។ ម្យ៉ាងទៀតដីសម្បទានទាំងនោះមួយចំនួនជាដីព្រៃ និងដីដែលមានបន្សល់គ្រាប់មីន ដែលពិបាកក្នុងការឈូសឆាយធ្វើស្រែ។
ចំណែកលោក ស្មិត តិ តំណាងប្រជាពលរដ្ឋទាំង ៧១២ គ្រួសារអះអាងថា ការផ្ដល់ដីសម្បទានសង្គមកិច្ចក្នុង ១ គ្រួសារទទួលបាន ២ ហិកតានោះក៏មានពលរដ្ឋចំនួន ៣២៩ គ្រួសារក្នុងចំណោមពលរដ្ឋទាំង ៧១២ គ្រួសារទទួលបានដីសម្បទានសង្គមកិច្ចនោះដែរ។ ឯពលរដ្ឋចំនួន ៣២៩ គ្រួសារទៀតមិនបានដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ច គឺជាពលរដ្ឋដែលធ្វើចំណាកស្រុកទៅថៃ។
លោកបញ្ជាក់ថា៖ «តាមពិតដីខ្ញុំបាត់បង់ទៅក្រុមហ៊ុនគឺមាន ៥ ហិកតា ហើយបើខ្ញុំមិនទទួលយក ដី [២ ហិកតា] ហ្នឹង ខ្លាចវាអត់ ព្រោះ ពួកខ្ញុំបានប្ដឹងតវ៉ានេះយូរណាស់មកហើយតាំងពីឆ្នាំ ២០០៩។ ដាក់ពាក្យបណ្ដឹងទៅខេត្តផង ក្រសួងកសិកម្មផង ក្រសួងដែនដី ផង និងថែមទាំងខុទ្ទកាល័យសម្ដេច [ហ៊ុន សែន]។ ឥឡូវនេះខ្ញុំឈប់តវ៉ាហើយ ព្រោះខ្លាចអាជ្ញាធរគេចោទប្រកាន់ខ្ញុំ ព្រោះកាលទទួលបានដី ២ ហិកតាហ្នឹង គឺខ្ញុំសន្យាជាមួយនាយខណ្ឌរដ្ឋបាលព្រៃឈើ ថាឈប់តវ៉ាហើយ»។
តំណាងពលរដ្ឋរូបនេះអះអាងថាមានតែលោកប៉ុណ្ណោះឈប់តវ៉ា ខណៈពលរដ្ឋផ្សេងទៀតដែលទទួលបានដីសម្បទានសង្គមកិច្ចនៅតែបន្តតវ៉ាដដែល។
លោកបន្ថែមថា ក្នុងចំណោមពលរដ្ឋ ៧១២ គ្រួសារនោះគ្រួសារដែលមានដីតិចបំផុតប៉ះពាល់ជាមួយក្រុមហ៊ុន គឺមានចំនួន ១ ហិកតាកន្លះ ហើយគ្រួសារដែលមានដីមធ្យមចាប់ពី ៥ ទៅដល់ ៧ ហិកតា និងគ្រួសារដែលមានដីច្រើនបំផុត គឺ ១៥ ហិកតា។ គ្រួសារដែលបានទទួលដីសម្បទានសង្គមកិច្ច ភាគច្រើនជាគ្រួសារមានដីពីតិចទៅមធ្យម រីឯអ្នកដែលមានដីចំនួន ១៥ ហិកតាមានតែ ៤ គ្រួសារប៉ុណ្ណោះ។
ជុំវិញបញ្ហានេះលោក លឿង ណុច មេឃុំកូនក្រៀលមិនអាចឆ្លើយតបបានពិស្ដារឡើយ ដោយបង្វែរឱ្យទៅសួរលោក វ៉ាត ប៉ារានីន វិញ។ ប៉ុន្តែលោកថា អ្នកមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនដែលបានដោះស្រាយរួចកាលពីឆ្នាំ ២០០៩ មិនអាចទទួលបានដីនៅទីតាំងក្នុងក្រុមហ៊ុនវិញនោះទេព្រោះដីនោះត្រូវបានរដ្ឋាភិបាលយកធ្វើដីសម្បទានសង្គមកិច្ចឱ្យពលរដ្ឋមកពីខេត្តត្បូងឃ្មុំ។
លោកបញ្ជាក់ថា៖ «រដ្ឋមិនមានដីខាងក្រៅក្រុមហ៊ុនប្រគល់ជូនឱ្យអ្នកត្បូងឃ្មុំទេ ប៉ុន្តែរដ្ឋមានដីខាងក្នុងដែលក្រុមហ៊ុនប្រគល់ជូនអ្នកត្បូងឃ្មុំ»។
លោក វ៉ាត ប៉ារានីន បញ្ជាក់ដែរថា ចាប់តាំងពីមានការដោះស្រាយដីធ្លីជាមួយក្រុមហ៊ុនចប់កាលពីឆ្នាំ ២០១០ លោកមិនដែលទទួលបានពាក្យបណ្ដឹងពីពលរដ្ឋណាម្នាក់ ថាការដោះដូរដីជាន់គ្នាលើដីរបស់ពលរដ្ឋផ្សេងឡើយ។ ដីសម្រាប់ដោះដូរជាដីដែលលោកបានដើរស្នើសុំដីព្រៃដែលនៅតាមក្បាលដីស្រែរបស់ពលរដ្ឋដោយស្ម័គ្រចិត្ត។ ពលរដ្ឋដែលទទួលបានដីដោះដូរ គឺសុទ្ធតែមានលិខិតបញ្ជាក់ត្រឹមត្រូវ ដោយចុះអំពីនិយាមការដីធ្លីច្បាស់លាស់ និងមានចុះហត្ថលេខាពីពលរដ្ឋទទួលដី សាក្សីចំនួន ២ នាក់ និងអាជ្ញាធរភូមិ ឃុំដែរ។
លោកអះអាងថា៖ «ជាន់លើដីពលរដ្ឋម៉េចកើត។ ប្អូនឯងមើលលិខិតនេះ ដីអ្នកស្រុកមានអ៊ីចឹង ប៉ុន្តែក្បាលដីស្រែសុទ្ធតែព្រៃ។ អ៊ីចឹងខ្ញុំថាដីនេះបងប្អូនយកស្របច្បាប់ចុះ ប៉ុន្តែក្បាលដីនេះខ្ញុំសុំដើម្បីទុកឱ្យបងប្អូនប្រជាជនយើង ដោះដូរដីដែលពួកគាត់មានដីក្នុងក្រុមហ៊ុនដូចស្បែកខ្លា។ អ៊ីចឹងពួកគាត់ត្រូវចេញពីក្រុមហ៊ុន ដើម្បីមកយកដីទាំងអស់ហ្នឹង»។
មន្ត្រីដដែលក៏បញ្ជាក់ដែរថា កាលពីឆ្នាំ ២០១៨ ដីសម្បទានសង្គមកិច្ចដែលអាជ្ញាធរវាស់វែងប្រគល់ឱ្យពលរដ្ឋ ៤១២ គ្រួសារនៅទូទាំងសង្កាត់កូនក្រៀល គឺជាដីរដ្ឋស្ថិតក្នុងចំណុចអូរបាត់មាន់ដែលធ្លាប់ប្រគល់ឱ្យក្រុមហ៊ុនឈូសឆាយ និងដាំអំពៅ។ មិនមែនជាដីព្រៃ និងមានចម្ការគ្រាប់មីនដូចពលរដ្ឋអះអាងនោះឡើយ។
លោកស្រី ណារ៉េន អ្នកសម្របសម្រួលសមាគមអាដហុកខេត្តឧត្តរមានជ័យ ថ្លែងថាពលរដ្ឋទាំង ៧១២ គ្រួសារដែលបន្តទាមទារដីធ្លីមកដល់ពេលនេះ ដោយសារដំណោះស្រាយរបស់អាជ្ញាធរកន្លងមក ធ្វើឡើងដោយមិនមានភាពយុត្តិធម៌។ អាជ្ញាធរមិនបានកាត់ឆ្វៀលដីដូចការអះអាងឡើយ ប៉ុន្តែមានតែការយកពលរដ្ឋដែលមានទំនាស់ដីធ្លីក្នុងក្រុមហ៊ុនឱ្យទៅទទួលយកដីដោះដូរ នៅក្រៅតំបន់ក្រុមហ៊ុនដែលជាន់លើពលរដ្ឋផ្សេង ខណៈដីដោះដូរទាំងនោះថែមទាំងមិនបានគ្រប់ចំនួននៃដីបាត់បង់ទៅទៀត។
លោកថ្លែងថា៖ «ឧទាហរណ៍ ដីខ្ញុំ ១០ ហិកតាដល់ពេលឱ្យខ្ញុំបានតែ ៣ ឬ ៤ ហិកតា ហើយថាអ្នកឯងចូលកាន់កាប់ដីរដ្ឋ ហើយរដ្ឋផ្ដល់សំណងគោលនយោបាយប៉ុណ្ណោះ ទទួលយកទៅ។ ពលរដ្ឋមួយចំនួនអត់បានយល់ ផ្ដិតមេដៃទទួលយកទៅ ហើយមួយចំនួនទៀតក៏អត់ព្រមយក។ អាហ្នឹងហើយដែលជាបញ្ហាដែលគាត់បានប្ដឹងទៅក្រសួងនានា ហើយបើនិយាយ រឿងកាត់ឆ្វៀលហ្នឹង ឱ្យគាត់ [អាជ្ញាធរ] បង្ហាញដីឱ្យកន្លែងណាដែលថា មានការកាត់ឆ្វៀលឱ្យពលរដ្ឋ វាអត់ [មាន] ទេ»។ មន្ត្រីសង្គមស៊ីវិលរូបនេះស្នើឱ្យអាជ្ញាធរ ចុះសិក្សាឡើងវិញអំពីពលរដ្ឋ ដែលកំពុងទាមទារដីធ្លីទាំងនេះ។
បើតាមលោកមេធាវី សេក សោភ័ណ បើពលរដ្ឋពិតជាបានចូលកាន់កាប់ដីធ្លីសម្រាប់ធ្វើស្រែចម្ការ និងតាំងទីលំនៅតាំងពីឆ្នាំ ១៩៩៨ មែន ហើយការចូលកាន់កាប់នោះមានការដឹងឮជាសាធារណៈ និងមិនមានទំនាស់កើតឡើង ទោះបីជាមិនមានលិខិតកាន់កាប់ក៏ដោយ ប៉ុន្តែតាមច្បាប់ភូមិបាលឆ្នាំ ២០០១ គឺពួកគាត់ត្រូវបានទទួលស្គាល់ជាម្ចាស់ភោគៈលើដីទាំងនោះដោយសារពួកគាត់បានកាន់កាប់ដីធ្លីទាំងនោះជាក់ស្ដែង។
លោកថា៖ «បើនិយាយតាមស្មារតីច្បាប់ ពួកគាត់គឺជាភោគីស្របច្បាប់ ប្រសិនអង្គហេតុដូចពួកគាត់លើកឡើងថាបានកាន់កាប់ ដីទាំងនោះជាក់ស្ដែង។ ប៉ុន្តែជាគោលការណ៍ ប្រសិនបើពួកគាត់ជាភោគីស្របច្បាប់ ហើយរដ្ឋចង់ដកហូតសិទ្ធិនរណាម្នាក់ចេញពីទ្រព្យហ្នឹង គឺវាត្រូវតែមានការយល់ស្របពីម្ចាស់ហ្នឹង។ ប្រសិនបើពួកគាត់មិនយល់ព្រមចាកចេញ វាមានតែរឿងមួយទេ គឺរឿងអាសាមិករ [គឺចាត់ទុកជាដីអត់ម្ចាស់] ហើយបើទោះជាអាសាមិករក៏ដោយ ក៏ត្រូវមានការឯកភាព និងសំណងសមរម្យជូនពួកគាត់ដែរ»។
លោកមេធាវីបន្ថែមថា ផ្ទុយទៅវិញតាមអនុក្រឹត្យស្ដីពីការគ្រប់គ្រង ដីរដ្ឋ និងការអនុវត្តគម្រោងសម្បទានសេដ្ឋកិច្ចជាដើមគឺដីដែលរដ្ឋអាចយកធ្វើជាដីសម្បទានសេដ្ឋកិច្ច ដើម្បីចុះកិច្ចសន្យាប្រគល់ឱ្យក្រុមហ៊ុនវិនិយោគ លុះត្រាតែដីនោះត្រូវបានចុះបញ្ជីជាដីរដ្ឋជាមុនសិន។ លើសពីនេះ បើដីនោះមិនទាន់បានចុះបញ្ជីជាដីរដ្ឋ គឺរដ្ឋគ្មានសិទ្ធិ ទៅអះអាងដើម្បីដកសិទ្ធិពលរដ្ឋមិនឱ្យគ្រប់គ្រងដីទាំងនោះទេ។
លោកថា៖ «ប្រសិនបើដីនោះ រដ្ឋក៏មិនទាន់ចុះបញ្ជី ពលរដ្ឋក៏មិនទាន់ចុះបញ្ជី អ៊ីចឹងរដ្ឋយកស្អីទៅអះអាង ដើម្បីដកសិទ្ធិពលរដ្ឋ។ នីតិវិធីគេឱ្យចុះបញ្ជីជាដីរដ្ឋសិនបានរដ្ឋមានសិទ្ធិ ថាដីទំហំប៉ុនណាជាដីរដ្ឋ និងទំហំប៉ុនណាជាដីឯកជន។ ប្រសិនជាវិនិយោគ អត់ទាន់ចុះបញ្ជី ហ្នឹងហើយដែលមានរឿងទំនាស់ដីធ្លីច្រើនរហូតមកដល់ឥឡូវ»។
នៅពេលសួរអំពីផ្លូវច្បាប់ត្រូវចាត់នីតិវិធីបែបណា បើដីនោះជាដីគម្របព្រៃឈើ លោកមេធាវី សេក សោភ័ណ ពន្យល់ថា តាមគោលការណ៍កម្មសិទ្ធិ ទោះបីជាដីនោះជាដីគម្របព្រៃឈើក៏ដោយ ប៉ុន្តែដីនោះនឹងក្លាយជាភោគៈស្របច្បាប់របស់ពលរដ្ឋបើពលរដ្ឋបានចូលកាន់កាប់មុនពេល រដ្ឋបានប្រកាសចុះបញ្ជីជាដីរដ្ឋ។ ផ្ទុយទៅវិញ ប្រសិនបើរដ្ឋប្រកាសចុះបញ្ជីជាដីរដ្ឋលើដីគម្របព្រៃឈើ ហើយក្រោយមកពលរដ្ឋចូលទៅរស់នៅលើដីនោះ គឺពលរដ្ឋជាអ្នករំលោភយកដីរដ្ឋ។
ប៉ុន្តែលោក វ៉ាត ប៉ារានីន អះអាងថា ដីដែលបានវិនិយោគឱ្យក្រុមហ៊ុនទាំង ៣ គឺជាព្រៃរេចរិលរបស់រដ្ឋដែលមានទំហំរាប់ម៉ឺនហិកតា។ លោកថា ចំពោះពលរដ្ឋដែលបានចូលទៅកាន់កាប់ធ្វើស្រែចម្ការតាំងពីដូនតាលើដីព្រៃរេចរិលទាំងនោះ រដ្ឋបានកាត់ឆ្វៀលចេញ និងដោះស្រាយចប់សព្វគ្រប់ហើយ។ ចំពោះដីដែលមិនពាក់ព័ន្ធជាមួយពលរដ្ឋត្រូវបានចុះបញ្ជីធ្វើជាដីរដ្ឋ មុនផ្ដល់ជាដីសម្បទានសេដ្ឋកិច្ចឱ្យក្រុមហ៊ុនសម្រាប់វិនិយោគដាំអំពៅ៕