
ពលរដ្ឋរង់ចាំពិនិត្យសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង។ ហេង ជីវ័ន
ភ្នំពេញៈ ក្រៅពីការជំរុញឱ្យប្រជាពលរដ្ឋត្រូវការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ មន្ត្រីជាន់ខ្ពស់សុខាភិបាលក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទូទៅត្រូវយកចិត្តទុកដាក់ថែទាំសុខភាព ដើម្បីការពារខ្លួនពីជំងឺមិនឆ្លងដូចជាជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺមហារីក។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានលើកឡើងកាលពីថ្ងៃទី ៥ ខែមករាថា គ្រប់គ្នាមានការបារម្ភ និងគិតគូរតែលើបញ្ហាជំងឺកូវីដ-១៩ ដោយហាក់ដូចជាភ្លេចគិតទៅលើបញ្ហាសុខភាពផ្សេងៗទៀត ដែលកំពុងតែកើតឡើងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
លោកស្រីថ្លែងថា៖ «បញ្ហាសុខភាពរបស់យើងមានច្រើនណាស់ហើយឥឡូវនេះអ្វីដែលជាក្តីបារម្ភនៅលើផ្នែកសុខភាពសាធារណៈគឺជំងឺមិនឆ្លងក្នុងនោះមានជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺដាច់សសៃរឈាមខួរក្បាល និងជំងឺមហារីកជាដើម។ អ្វីដែលយើងសង្កេតឃើញមានច្រើនបើធៀបជាមួយនឹងឆ្នាំកន្លងៗមកដែលមានការកើតឡើងច្រើនជាងគេគឺជំងឺលើសឈាម និងទឹកនោមផ្អែម»។
លោកស្រីបន្តថា ក្រសួងសុខាភិបាលរួមនឹងអង្គការសុខភាពពិភពលោកបានកំពុងតែធ្វើការពិភាក្សាគ្នាថាតើគួរធ្វើសកម្មភាព និងត្រូវពង្រឹងនូវសមត្ថភាពរបស់ក្រុមគ្រូពេទ្យ នៅតាមមណ្ឌលសុខភាពបែបណា ដើម្បីឱ្យគ្រូពេទ្យមានលទ្ធភាព (យ៉ាងហោច) ជួយអ្វីបានខ្លះទៅដល់ប្រជាពលរដ្ឋនៅពេលមានបញ្ហាមុននឹងពួកគាត់ធ្វើដំណើរមកដល់មន្ទីរពេទ្យបង្អែក ឬទៅរកសេវាដែលមានឯកទេសខ្ពស់ដើម្បីជួយពួកគាត់។
លោកស្រី ឱ វណ្ណឌីន បន្តថា៖ «ខ្ញុំចង់ឱ្យមានការផ្តើមចេញពីការទទួលខុសត្រូវរបស់បុគ្គល ការទទួលខុសត្រូវរបស់សហគមន៍ដោយសារកន្លងមកនេះប្រជាពលរដ្ឋយើងខ្លះ ទាល់តែឈឺទើបបាននាំគ្នាទៅរកគ្រូពេទ្យ។ យើងខំប្រឹងបណ្តុះបណ្តាលគ្រូពេទ្យ ហេដ្ឋារចនាសម្ព័ន្ធ ផ្គត់ផ្គង់នេះផ្គត់ផ្គង់នោះដើម្បីទទួលបានអ្នកជំងឺរបស់យើងយកមកពិនិត្យព្យាបាលប៉ុន្តែយើងភ្លេចគិតថាតើអ្នកណាជាគ្រូពេទ្យដែលល្អបំផុត?»។
លោកស្រីបន្តថា៖ «មិនមែនមូលដ្ឋានសុខាភិបាល ឬក្រុមគ្រូពេទ្យនោះទេ គឺបុគ្គលម្នាក់ៗដែលជាគ្រូពេទ្យសម្រាប់ខ្លួនគាត់ម្នាក់ៗ គាត់គឺជាគ្រូពេទ្យសម្រាប់ខ្លួនគាត់ ព្រោះមានតែគាត់ទេដែលដឹងថា សុខភាពរបស់គាត់យ៉ាងណា?»។
បើតាមលោកស្រី វណ្ណឌីន ជំងឺមិនឆ្លងសំខាន់ណាស់ ហើយអ្វីដែលប្រជាពលរដ្ឋទាំងអស់គ្នាត្រូវអនុវត្តគឺកុំពិសាអាហារដែលមានជាតិប្រៃពេក ផ្អែមពេក ខ្លាញ់ពេក និងត្រូវធ្វើលំហាត់ប្រាណជាប្រចាំ។ «ប្រសិនបើបុគ្គលម្នាក់ៗអនុវត្តបានតាមក្រុមគ្រួសារ នោះសុខភាពនឹងល្អមាំមួន។ បុគ្គលម្នាក់ៗត្រូវចេះទទួលខុសត្រូវចំពោះសុខភាពរបស់ខ្លួន ហើយត្រូវចេះកែប្រែនូវគំនិត និងឥរិយាបថរបស់យើងឆ្ពោះទៅរកការការពារប្រសើរជាងព្យាបាល»។
លោកគីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាមបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា មន្ទីរសុខាភិបាលមានកម្មវិធីទាក់ទងនឹងជំងឺមិនឆ្លងដូចជាទឹកនោមផ្អែម លើសឈាម មហារីក និងជំងឺផ្សេងៗ ប៉ុន្តែជំងឺដែលដើរតួសំខាន់ជាងគេគឺជំងឺលើសឈាម និងទឹកនោមផ្អែម។
លោកថ្លែងថា៖ «មន្ត្រីសុខាភិបាលរបស់យើងតែងតែផ្តល់នូវការអប់រំធ្វើការ ណែនាំ និងធ្វើរបាយការណ៍ទាក់ទងនឹងជំងឺមិនឆ្លងនេះ តាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពទូទាំងខេត្ត។ យើងមិនដែលមានការធ្វេសប្រហែសទេ គឺយើងតែងតែយកចិត្តទុកដាក់លើបញ្ហានេះជាប្រចាំ»។
លោកថា សម្រាប់ខេត្តកំពង់ចាម ជំងឺមិនឆ្លងសំខាន់ៗទាំងនេះរួមមានដូចជាជំងឺទឹកនោមផ្អែមមាន ៤៤៤ នាក់ក្នុងឆ្នាំ ២០១៩ តែក្នុងឆ្នាំ ២០២០ កើនដល់ ៤៤៨ នាក់ ជំងឺលើសឈាមមានចំនួន ២ ០៩១ នាក់ក្នុងឆ្នាំ ២០១៩ និងឆ្នាំ ២០២០ មានចំនួន ១ ៧៩៣ នាក់ ជំងឺមហារីកមានចំនួន ១៣៩ នាក់ក្នុងឆ្នាំ ២០១៩ និងឆ្នាំ ២០២០ មានចំនួន ១០១ នាក់ និងជំងឺបេះដូងមានចំនួន ៥៣៧ នាក់ក្នុងឆ្នាំ ២០១៩ ឯក្នុងឆ្នាំ ២០២០ មានចំនួន ៥០០ នាក់។
លោក គីមសួរ ភីរុណ បានបន្ថែម ថា ប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីជំងឺមិនឆ្លងនេះ ដោយពួកគាត់មានការប្រយ័ត្នប្រយែង និងសហការជាមួយនឹងមន្ត្រីសុខាភិបាលក្នុងការកាត់បន្ថយនូវការកើតមាននូវជំងឺមិនឆ្លងនេះ។
យោងតាមរបាយការណ៍របស់អង្គការអុកស្វាមដែលបានចេញផ្សាយកាលពីដើមខែមិថុនា ឆ្នាំ ២០២០ កន្លងទៅបានឱ្យដឹងថា ជំងឺមិនឆ្លងគឺជាមូលហេតុចម្បងជាងគេនៃអត្រាមរណភាពនៅកម្ពុជាយ៉ាងខ្ពស់រហូតដល់ ៦៤ ភាគរយនៃអត្រាមរណៈសរុបនៅឆ្នាំ ២០១៨ ហើយដែលបានដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចជាតិ តាមរយៈតម្រូវការក្នុងការព្យាបាល និងថែទាំជំងឺ និងការថមថយចុះនូវផលិតភាពការងារ៕