ភ្នំពេញៈ ក្នុង​ទិវា​សេរីភាពសារព័ត៌មាន​ពិភពលោក ៣ ឧសភា ក្លិប​អ្នក​កាសែត​កម្ពុជា(ក.អ.ក) បាន​ចេញ​សារ​លិខិត​អំពាវនាវ​ដល់​អ្នកសារព័ត៌មាន​ឱ្យ​បន្ត​ផ្សព្វផ្សាយ​នូវព័ត៌មាន​ពិត​និង​មាន​វិជ្ជា​ជីវៈ ដើម្បី​បម្រើ​ដល់​មហាជន។

សារ​លិខិត​របស់ ក.អ.ក នៅ​ថ្ងៃទី ២ ខែ​ឧសភា នេះ​បាន​លើក​ឡើង​ថា៖ «ក.អ.ក សូម​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​អ្នក​សារព័ត៌មាន​គ្រប់​រូប​សូមបន្ត​បេសកកម្ម​របស់​ខ្លួន ដើម្បី​បម្រើ​មហាជន​បន្ត​ទៀត​ដោយ​ពាំនាំ​ព័ត៌មាន​ពិត ព័ត៌មាន​ប្រកប​ដោយ​វិជ្ជាជីវៈនិង​ការ​ទទួល​ខុស​ត្រូវ​ជូន​ដល់មហាជន»។

សម្រាប់​ទិវា​សេរីភាព​សារព័ត៌មាន​ពិភព​លោក​នៅ​ឆ្នាំ​នេះ បាន​យក​ប្រធានបទ «ព័ត៌មាន​ដែល​ជា​ប្រយោជន៍​សាធារណៈ»ដោយ​ដើរ​តួនាទី​ជាការ​អំពាវនាវ ដើម្បី​បញ្ជាក់​ពី​សារៈសំខាន់​នៃ​គុណ​តម្លៃ​ព័ត៌មាន​ដែល​ជា​ប្រយោជន៍​សាធារណៈ និង ការ​ស្វែងរក​អ្វី​ដែល​អាច​ធ្វើ​បាន​ក្នុង​ការ​ផលិត ការ​ចែកចាយ និង ការ​ទទួល​យក​ខ្លឹម​សារព័ត៌មាន​ដើម្បី​ពង្រឹង​សារព័ត៌មាន និង ដើម្បី​លើក​កម្ពស់​តម្លា​ភាព​និង​ការ​ផ្តល់​សិទ្ធិ​អំណាចដោយ​មិន​ទុក​នរណា​ម្នាក់​ចោល។

ជាមួយនេះ​ដែរ ក.អ.ក អំពាវនាវ​ឱ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​បន្ត​នូវ​កិច្ច​សហការ​ល្អ​និង​ការ​សម្រប​សម្រួល​ដើម្បី​ឱ្យ​អ្នក​សារព័ត៌មាន​អាច​បំពេញ​ការងារបាន​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩។

ក.អ.ក លើក​ឡើង​ថា សារព័ត៌មាន​ពិត​ជា​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​កាលៈទេសៈ ដ៏​លំបាក​នេះ។ សារព័ត៌មាន​មិន​ត្រឹម​តែ​ជា​អ្នក​នាំសារពី​ថ្នាក់​ដឹក​នាំ​ប្រាប់​ដល់​មហាជន​និង​ពី​មហាជន​ប្រាប​ដល់​ថ្នាក់​ដឹក​នាំ​បាន​យ៉ាង​លឿន​រហ័ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​ដើរ​តួនាទី​ជា​អ្នក​ផ្សព្វ​ផ្សាយសារ​អប់រំ​នានា​ដល់​មហាជន​ក្នុង​ការ​បង្ការ​ទប់​ស្កាត់​ការ​ឆ្លងរាល​ដាល​នៃ​ជំងឺ​កូវីដ១៩ ផងដែរ។

ក.អ.ក បញ្ជាក់​ថា៖ «សារព័ត៌មាន​ក៏​បាន​ដើរ​តួនាទី​ជា​អ្នក​បន្សាប​ព័ត៌មាន​ក្លែងក្លាយ​ដែល​កើត​មាន​យ៉ាង​ច្រើន​ក្នុង​អំឡុង​ពេល​នៃ​ការ​រាតត្បាតនៃ​ជំងឺ​កូវីដ​១៩»។

អង្គការ​ យូណេស្កូ និង​រដ្ឋាភិបាល​នៃ​ប្រទេស ណាមីប៊ី បាន​រៀបចំ​សន្និសីទ​ពិភព​លោក​នៃ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភព​លោក​នៅ​ទីក្រុង Windhoek ចាប់​ពីថ្ងៃ​ទី២៩ ខែ​មេសា​ដល់​ថ្ងៃទី​៣ ឧសភា។

អ្នក​សារព័ត៌មា​នអាជីព​និង​អ្នក​ពាក់ព័ន្ធ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ទៀត​នៅ​ក្នុង​សន្និសីទនេះ​នឹង​អំពាវនាវ​ឱ្យ​មាន​វិធានការ​ជា​បន្ទាន់​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការ​គំរាម​កំហែង​នានា​ដែល​កំពុង​ធ្វើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ​និង​ក្នុង​ស្រុក​ចុះ​ខ្សោយ​នៅ​ជុំវិញ​ពិភព​លោក​ដែល​ជា​វិបត្តិញាំញី​ដោយ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។

ពួកគេ​នឹង​ដាក់​ចេញ​នូវ​ដំណោះ​ស្រាយ​ដើម្បី​ពង្រឹង​ស្ថិរភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជំរុញ​ឱ្យ​កាន់​តែ​មាន​តម្លាភាព​ពី​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គមនិង​វិធានការ​ដើម្បី​លើក​កម្ពស់​សុវត្ថិភាព​អ្នក​សារព័ត៌មាន​និង​គាំទ្រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

នៅថ្ងៃទី២ ខែឧសភា នេះដែរ សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (ស.ស.ស.ក) ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ផង​ដែរ ដោយ​អះអាងថា សេរីភាព​ព័ត៌មាន​និង​សិទ្ធិ​បញ្ចេញ​មតិ គឺ​ពិត​ជា​មាន​សារៈសំខាន់​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​និង​ការ​អភិវឌ្ឍ​សង្គម​ជាតិ។មាន​សំឡេង​ខ្លះ​មិន​ត្រូវ​បាន​ឮ។ រីឯ​បញ្ហា​ខ្លះ​ត្រូវ​បាន​លាក់​ឬ​បិទ​បាំង​ដែល​ទាមទារ​ការ​ចូលរួម​ផ្សព្វផ្សាយ​ឱ្យ​ថ្នាក់​ដឹក​នាំ​បាន​ដឹង​និង​ដោះ​ស្រាយទាន់​ពេល​វេលា។

សេចក្តី​ថ្លែងការណ៍​នេះ​បញ្ជាក់​ថា៖ «រាល់​សកម្មភាព​របស់​យើង​ក៏​ត្រូវ​តែ​មាន​ស្មារតី​ផ្សារ​ភ្ជាប់​នឹង​ក្រម​សីលធម៌ សុជីវធម៌ និង​ការ​ទទួល​ខុសត្រូវ​ជា​និច្ច​គឺ​ផ្សាយ​ការ​ពិត តែ​មិន​អុជអាល»។

ស.ស.ស.ក អំពាវនាវ​ដល់​អ្នក​សារព័ត៌មានជាតិ​និង​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​បន្ត​អនុវត្ត​នូវ​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គឺ «អ្នក​សារព័ត៌មាន៖ កុំ​បំពាន​សិទ្ធិ​អ្នកដទៃ កុំ​បំភ្លៃ​ការ​ពិត»៕