ភ្នំពេញៈ ក្លិបអ្នកកាសែតកម្ពុជា និងអង្គការខាណា បានអះអាងថា ការរាយការណ៍ព័ត៌មានមិនត្រឹមត្រូវតាមក្រមប្រតិបត្តិអាចធ្វើឲ្យជនរងគ្រោះនៃសារធាតុគ្រឿងញៀនកាន់តែក្លាយទៅជាជនរងគ្រោះទ្វេដង និងធ្វើឲ្យមានការរើសអើងដែលនាំឲ្យពួកគេកាន់តែឯកោ និងមិនហ៊ានចេញមកទទួលសេវាព្យាបាល។
ការអះអាងរបស់ស្ថាប័នទាំងនេះធ្វើឡើងនៅក្នុងសិក្ខាសាលាដែលធ្វើការពិភាក្សាស្តីពីក្រមប្រតិបត្តិសម្រាប់អ្នកសារព័ត៌មានក្នុងការរាយការណ៍ទាក់ទងនឹងអ្នកទទួលផលប៉ះពាល់ដោយសារគ្រឿងញៀននៅភោជនីយដ្ឋានទន្លេបាសាក់ ២ កាលពីម្សិលមិញ។
សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងពិភាក្សាអំពីដំណើរការនៃការរៀបចំសេចក្តីព្រាងក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ទាក់ទងនឹងអ្នកប្រើប្រាស់សារជាតិញៀន។
ក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាក់ទិននឹងជនរងគ្រោះនៃសារជាតិញៀននេះគឺសំដៅឲ្យប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគ្រប់ទម្រង់ ត្រូវប្រុងប្រយ័ត្នក្នុងការប្រើពាក្យពេចន៍ និងភាសានៅក្នុងអត្ថបទព័ត៌មានរបស់ខ្លួនដើម្បីកុំឲ្យមានការមាក់ងាយ និងការរើសអើងចំពោះជនរងគ្រោះនៃសារជាតិញៀនកាន់តែធ្ងន់ធ្ងរនាំឲ្យពួកគេកាន់តែ ឯកោ និងធ្វើឲ្យពួកគេមិនហ៊ានចេញមុខមកទទួលសេវាព្យាបាល ហើយកាន់តែធ្វើឲ្យជនរងគ្រោះមិនអាចវិលមកសមាហរណកម្មនៅក្នុងសង្គមវិញបាន។
លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានថ្លែងប្រាប់អ្នកសារព័ត៌មានប្រមាណ ២០ នាក់ដែលមកពីស្ថាប័នព័ត៌មានផ្សេងៗដែលបានចូលរួមក្នុងសិក្ខាសាលានេះថា មានអ្នកសារព័ត៌មានកម្ពុជាមួយចំនួនមិនទាន់បានយល់ច្បាស់ និងមានភាពខ្វះចន្លោះនៃក្រមប្រតិបត្តិ ឬក្រមសីលធម៌ក្នុងការរាយការណ៍ព័ត៌មានដែលធ្វើឲ្យអ្នករងគ្រោះគ្រឿងញៀន និងរងគ្រោះដោយអំពើរំលោភបំពានផ្សេងៗក្លាយទៅជាជនរងគ្រោះជាលើកទី ២។
«សហការីព័ត៌មានយើងទាំងអស់គួរប្រើប្រាស់សេចក្តីរាយការណ៍របស់យើង ជួនកាលដោយអចេតនា ប៉ុន្តែបានធ្វើឲ្យជនរងគ្រោះក្លាយទៅជាជនរងគ្រោះមួយជាន់ទៀតដោយសារតែយើងធ្វើសេចក្តីរាយការណ៍មួយដែលមិនត្រឹមត្រូវ»។
ជាមួយគ្នានេះផងដែរលោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការខាណាថ្លែងថា ការរាយការណ៍ព័ត៌មានមិនត្រឹមត្រូវតាមក្រមប្រតិបត្តិអាចធ្វើឲ្យជនរងគ្រោះនៃសារជាតិគ្រឿងញៀននៅតែបន្តប្រើប្រាស់សារធាតុញៀនជាបន្តទៅទៀតហើយការផាត់ពួកគេចេញពីសង្គមធ្វើឲ្យពួកគេកាន់តែរងគ្រោះថែមទៀត។
លោកថា៖ «យើងយល់ឃើញថាបញ្ហាគ្រឿងញៀនគឺជារឿងធំ ហើយប្រសិនជាការរាយកាណ៍ទាំងឡាយណាដែលមិនប្រកបទៅដោយក្រមសីលធម៌ វានឹងធ្វើឲ្យជនរងគ្រោះ រងគ្រោះទ្វេដង...ធ្វើឲ្យពួកគាត់ខ្លាចរអាមិនហ៊ានទៅទទួលសេវាព្យាបាល និងនៅតែបន្តលាក់មុខដែលធ្វើឲ្យគាត់បន្តរងគ្រោះ»។
លោកបន្ថែមថាប្រព័ន្ធផ្សព្វផ្សាយត្រូវលើកទឹកចិត្តក្រុមគ្រួសារ និងសហគមន៍ឲ្យបញ្ជូនអ្នកដែលរងគ្រោះដោយសារជាតិញៀនទៅទទួលសេវាព្យាបាល និងស្តារនីតិសម្បទាទាំងផ្នែកវេជ្ជសាស្ត្រ និងចិត្តសាស្ត្រ។ លោកបន្តថាប្រព័ន្ធផ្សព្វផ្សាយត្រូវលើកទឹកចិត្តអ្នកប្រើប្រាស់សារជាតិញៀនឲ្យមានសេចក្តីក្លាហានចេញទៅប្រឹក្សាយោបល់ពីការថែទាំសុខភាព និងការព្យាបាល ហើយប្រព័ន្ធផ្សព្វផ្សាយត្រូវអនុវត្តក្រមប្រតិបត្តិនេះដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់នៃសារជាតិញៀន កាត់បន្ថយការមាក់ងាយ និងការរើសអើងដល់អ្នកប្រើប្រាស់សារជាតិញៀន។
លោកនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមិនអាចទាក់ទងសុំអធិប្បាយបានទេកាលពីម្សិលមិញ ប៉ុន្តែកាលពីពេលថ្មីៗនេះលោក វីរិទ្ធ បានថ្លែងថាក្នុងរយៈពេល ២៤៩ ថ្ងៃក្នុងឆ្នាំ ២០១៨ មានករណីគ្រឿងញៀនសរុបចំនួន ៥២០០ ករណីដែលពាក់ព័ន្ធទាំងអ្នកប្រើប្រាស់ និងអ្នកជួញដូរ ហើយមានជនដែលប្រព្រឹត្តបទល្មើសគ្រឿងញៀន និងអ្នកប្រើប្រាស់គ្រឿងញៀនចំនួន ១០ ៥១៩ នាក់។
ក្នុងចំណោមបទល្មើសគ្រឿងញៀនសរុបចំនួន ៥២០០ ករណីមានករណីចរាចរណ៍ និងជួញដូរដឹកជញ្ជូន និងរក្សាទុកគ្រឿងញៀនចំនួន ៣៣៩៩ ករណីហើយបានឃាត់ខ្លួនជនសង្ស័យចំនួន ៦១៦៥ នាក់ ខណៈដែលមានអ្នកប្រើប្រាស់ចំនួន ១៨៩៦ ករណីដែលមានជនប្រើប្រាស់គ្រឿងញៀនមាន ៤៣៥៤ នាក់៕