ភ្នំពេញៈ កម្មករ​ប្រមាណ​ ៥០ ​នាក់​នៃ​ការដ្ឋាន​សាងសង់​អគារ D&C Mall ដែលមាន​ទីតាំងនៅ​មជ្ឈមណ្ឌល​ទួលគោក​ចាស់​តាម​បណ្ដោយ​ផ្លូវ​ ៣១៣ ក្នុង​សង្កាត់​បឹងកក់​ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បាន​តវ៉ា​ទាមទារ​ប្រាក់ខែ បន្ទាប់ពី​ក្រុមហ៊ុន​អាក់ខាន បើក​ប្រាក់ខែ​ដល់​ពួកគាត់​អស់​រយៈពេល ៣ ​ខែ​កន្លងមក​។

លោក​ រឿន ចាន់ មេការ​កម្មករ​នៃ​ការដ្ឋាន​សំណង់​អគារ D&C Mall ដែល​ចូលរួម​ក្នុងការ​តវ៉ា​នេះ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ពី​ម្សិលមិញ​ថា មុនពេល​ឈានដល់​ផ្ទុះ​ការតវ៉ា​ទាមទារ​ប្រាក់ខែ​នេះ​ទាំង​កម្មករ​ និង​អ្នកម៉ៅការ​សាងសង់ បានផ្ដល់​ការអនុគ្រោះ​ជាច្រើន​លើក​ដល់​ម្ចាស់​គម្រោង​នៃ​សំណង់​អគារ​ពាណិជ្ជកម្ម​ដ៏ធំ​មួយ​នេះ​។ ប៉ុន្តែ​ម្ចាស់​គម្រោង​ម្ដង​ហើយ​ម្ដងទៀត​បាន​យក​បញ្ហា​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​ជា​លេស​ក្នុង​ការពន្យារ ពេល​បើក​ប្រាក់ខែ​ដល់​ពួកគាត់​។

លោក​បញ្ជាក់ថា​៖ «១ ​ខែ ២ ​ខែ​កន្លង​ទៅ​នេះ​ពួកយើង​បាន​ស៊ូទ្រាំ​ធ្វើ​ការងារ​ទាំង​ស៊ី​អត់​ស៊ី​ឃ្លាន ព្រោះតែ​ជឿ​លើ​សម្ដី​របស់​ម្ចាស់​គម្រោង​អគារ​នេះ​ដែល​អះអាង​ថា​ដោយសា​តែ​បញ្ហា​ជំងឺ​កូវីដ ​១៩ ក្រុមហ៊ុន​បាន​ជួប​ប្រឈម​បញ្ហា​ហិរញ្ញវត្ថុ​មួយ​ចំនួន​ដែល​ធ្វើឲ្យ​ការបើកប្រាក់​បៀវត្សរ៍​ដល់​កម្មករ​មាន​ភាពយឺតយ៉ាវ​»​។

បុរស​រូបនេះ​បន្ថែម​ថា​៖ «​ហើយ​សន្យាថា​នឹង​បើកប្រាក់​បៀវត្សរ៍​ដល់​ពួកយើង​ក្នុងពេល​ឆាប់ៗ​នេះ ប៉ុន្តែ​មកទល់​ពេល​នេះ​គឺ​រយៈពេល​ ៣ ​ខែ​ហើយ​ ដែល​ម្ចាស់​គម្រោង​នៅ​មិនទាន់​បាន​បើកប្រាក់​ខែ​ដល់​ពួកយើង សូម្បីតែ​ ១ ​រៀល​»​។

បើតាម​លោក​ រឿន ចាន់ សំណង់ អគារ​ពាណិជ្ជកម្ម​នេះ​សាងសង់​បាន​ ៩០ ​ភាគរយ​ហើយ និង​គ្រោង​សាងសង់​ឲ្យ​ហើយ​រួចរាល់​ក្នុង​រយៈពេល​ ២-៣ ​ខែ​ខាងមុខនេះ​។

អ្នកស្រី​ ទ្រី អ៊ីនាង តំណាង​កម្មករសំណង់​នៃ​ការដ្ឋាន​សាងសង់​អគារ ពាណិជ្ជកម្ម D&C Mall ប្រាប់ថា ប្រាក់​ឈ្នួល​កម្មករ​ធ្វើការ​ក្នុង​ការដ្ឋាន​នេះ​ក្នុង​ ១ ​ថ្ងៃ​ចន្លោះ​ពី​ ៩-១៥ ​ដុល្លារ​ អាស្រ័យ​លើ​ជំនាញ​របស់​កម្មករ​ម្នាក់ៗ លើកលែង​តែ​ធ្វើការ​នៅ​ថ្ងៃ​ឈប់សម្រាក និង​ថ្ងៃបុណ្យ​ជាតិ​ប្រាក់​ឈ្នួល​ត្រូវ​គុណ​នឹង​ ២​។

អ្នកស្រី​និយាយ​ថា​៖ «​នៅពេល​នេះ​កម្មករ​ភាគច្រើន​ស្ទើរតែ​ដាច់បាយ​ទៅហើយ ដោយសារ​តែ​ម្ចាស់​គម្រោង​សាងសង់​អគារ​នេះ មិន​បើកប្រាក់​ឲ្យ​អ្នកម៉ៅការ​សាងសង់​ទៅតាម​កិច្ចសន្យាការងារ ដែល​ធ្វើឲ្យ​អ្នកម៉ៅការ​សាងសង់​គ្មាន​ប្រាក់​បើក​ឲ្យ​កម្មករ​»​។

អ្នកស្រី​ថា​៖ «​ឥឡូវនេះ​បងប្អូន​កម្មករ​យើង​គ្រប់ផ្នែក​បាន​ឯកភាព​គ្នា​ថា នឹង​មិន​ធ្វើការ​ទេ រហូត​មាន​ដំណោះស្រាយ​បើកប្រាក់​ឈ្នួល​ការងារ​សម្រាប់​ពួកយើង​ក្នុង​រយៈពេល ៣ ​ខែ​នេះ​ជាមុន​សិន​»​។

លោក​ តែ ប៊ុនហ៊ួរ អ្នកគ្រប់គ្រង​ការដ្ឋាន​សំណង់​អគារ D&C Mall ប្រាប់ថា ភាគី​ម្ចាស់​គម្រោង​នៅ​មិនទាន់​ឆ្លើយតប​សំណើ​របស់​កម្មករ​នៅឡើយ​ទេ​។ ​អាជ្ញាធរ​ខណ្ឌ​ទួលគោក​នៅ​ថ្ងៃទី​ ១៥ ​មិថុនា បាន​ចុះ​ប្រាប់​ឲ្យ​កម្មករ​ធ្វើ​ពាក្យបណ្ដឹង​៕