ភ្នំពេញៈ ខណៈដែលគណបក្សនយោបាយចំនួន ២០ បាននិងកំពុងចាប់ផ្តើមដង្ហែរក្បួនយុទ្ធនាការឃោសនាបោះឆ្នោត នៅតាមដងផ្លូវនានា ក្នុងរាជធានីភ្នំពេញ ក៏ដូចជា នៅតាមបណ្តាខេត្ត ថែមទាំងមានផ្សាយតាមបណ្តាញសង្គមផងនោះ ដោយឡែក អតីតគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងដ៏ធំ ដែលត្រូវបានផាត់ចេញពីឆាកនយោបាយ ក៏នៅតែខំប្រឹងប្រែងបង្ហោះរូបភាពចាស់ៗ នៃការហែរក្បួនឃោសនាបោះឆ្នោត កាលពីអតីតកាល នឹងគេដែរ នៅលើបណ្តាញសង្គមតែប៉ុណ្ណោះ។
ចាប់តាំងពីថ្ងៃទី ៧ ខែកក្កដា ដែលជាថ្ងៃទី ១ នៃការដង្ហែរក្បួនយុទ្ធនាការឃោសនាបោះឆ្នោត គណបក្សដែលលេចធ្លោជាង គេក្នុងការហែរក្បួននេះ គេឃើញមានតែគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែមួយប៉ុណ្ណោះ ខណៈមិនមានគណបក្សប្រឆាំង ដែលជាគូប្រជែងនយោបាយដ៏ស្រួចស្រាល់របស់ខ្លួននោះ។
ចំណែក គណបក្សចំនួន ១៩ ទៀត ដែលចូលរួមបោះឆ្នោតថ្ងៃទី ២៩ ខាងមុខនេះ គេមិនសូវឃើញមានការដង្ហែរក្បួនជាដុំកំភួនអ្វីគួរឲ្យចាប់អារម្មណ៍នោះទេ ដែលក្នុងស្ថានភាពបែបនេះ គេនឹកឃើញដល់គណបក្សសង្គ្រោះជាតិ ពេលហែរក្បួនយុទ្ធនាការ ឃោសនាបោះឆ្នោតម្តងៗ មានមនុស្សចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់ប្រហាក់ប្រហែលគ្នានឹងបក្សកាន់អំណាចដែរ។
អ្វីដែលជាការចាប់អារម្មណ៍ដែរនោះ គណបក្សប្រឆាំង ដែលត្រូវបានគេរំលាយ មិនឲ្យចូលរួមការបោះឆ្នោត គឺនៅតែបង្ហាញ នូវប្រជាប្រិយភាព នៃការគាំទ្ររបស់ខ្លួនយ៉ាងខ្លាំង នៅលើបណ្តាញសង្គមហ្វេសប៊ុក ស្របពេលដែលយុទ្ធនាការមកដល់នេះ ដោយបានបង្ហាញនូវការដង្ហែរក្បួនតាមដងវិថីនានា ដែលជារូបភាពចាស់ៗកាលពីយុទ្ធនាការឃោសនាបោះឆ្នោត ឃុំ សង្កាត់ ឆ្នាំ ២០១៧ ដោយមានសមាជិកនិងអ្នកគាំទ្រចូលរួមណែនពេញផ្លូវ។
ជាក់ស្តែ ដូចជា នៅក្នុងគណនីឈ្មោះ SUN TV, ឌេន ណា, Ly Chan Vatey និង កែមឡី ខ្មែរ អង្គរ បានផ្សព្វផ្សាយរូបភាព និងសកម្ម ភាពពីអតីត នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ឃុំ សង្កាត់ កាលពីខែមិថុនា ឆ្នាំ២០១៧ ដែលក្នុងសកម្មភាព និងរូបភាពទាំងនោះ មានមនុស្សចូលរួម និងឈរមើលតាមដងផ្លូវ ឈរមើលពីលើស្ពានអាកាស និងឈរមើលពីលើផ្ទះ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលមើលទៅដូចជាសប្បាយក្រៃលែង។ ក្នុងគណនី SUN TV ក៏បានសរសេរផងដែរថា« បើអ្នកទៅបោះឆ្នោតថ្ងៃទី ២៩ កក្កដា កុំថ្ងូរថាក្រ» ឯ Ly Chan Vatey សរសេរថា «បក្សសង្គ្រោះជាតិ នៅក្នុងចិត្តកូនខ្មែរជានិច្ច»។
គណនីឈ្មោះឌេន ណា ក៏បានសរសេរដែរថា «រម្លឹកអនុស្សាវរីយ៍ ការឆ្លុះបញ្ចាំងពីទឹកចិត្តពលរដ្ឋចូលរួមអបអរសាទរដង្ហែរ ឃោសនា គណបក្សសង្គ្រោះជាតិ ជាងពាក់កណ្តាលនគរ»។
ទាក់ទងនឹងការផ្សព្វផ្សាយពីសកម្មភាពក្នុងអតីតកាលរបស់បក្សប្រឆាំង សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតនេះ លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រអតីតគណបក្សប្រឆាំង បានលើកឡើងថា ការផ្សព្វផ្សាយពីសកម្មភាព ឬរូបភាពចាស់ៗនៅក្នុងយុទ្ធនាការនេះ គឺជាការរម្លឹកអនុស្សាវរីយ៍របស់អ្នកគាំទ្រ ដោយសារមានការសោកស្តាយ ដែលមិនមានវត្តមានអតីតគណបក្សសង្គ្រោះជាតិ ចូលរួមការបោះឆ្នោត។
លោកបញ្ជាក់ថា ការផ្សព្វផ្សាយបែបនេះ មិនមែនជាការរៀបចំឬគោលការណ៍របស់គណបក្សឡើយ។
លោកអ៊ូ ច័ន្ទរ័ត្ន ថ្លែងថា៖«ខ្ញុំបានឃើញដែរ ឃើញការបង្ហោះហ្នឹងច្រើន ហើយខ្ញុំយល់ថា ជាមនោសញ្ចេតនារបស់បងប្អូន ដែលគាំទ្រគណបក្សសង្គ្រោះជាតិហ្នឹង។ ខ្ញុំក៏បានសង្កេតដែរ ការដង្ហែរក្បួនក្តី ឃោសនារបស់គណបក្សនានា ឃើញគណបក្សប្រជាជនលេចធ្លោខ្លាំងជាងគេ។ ប៉ុន្តែលេចធ្លោហ្នឹងហាក់ដូចជាមិនមានកម្លាំងដែរទេ ធ្វើៗទៅហាក់ដូចជាសោះកក្រោះគ្មានអ្នកណាចាប់អារម្មណ៍»។
លោកច័ន្ទរ័ត្ន ក៏បានបញ្ចាក់ដែរថា ការឃោសនានៅតាមខេត្តក៏ហាក់ដូចជា មិនមានអ្នកណាចាប់អារម្មណ៍រឿងគណបក្សហែរក្បូននេះដែរ ហើយថាអ្នកហែរខ្លះហ្នឹងក៏ដូចជាអៀនខ្លួន មិនចង់ហ៊ានចេញមុខ។ លោកថា៖«មែនទែនទៅ សម្រាប់ខ្លួនខ្ញុំ មានភាពអាម៉ាស់ណាស់ ដូចជាខ្មាសគេ មិនដឹងប្រកួតជាមួយអ្នកណា បើមានម្នាក់ឯងអ៊ីចឹង»។
ប៉ុន្តែ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ហាក់ដូចជា មិនចាប់អារម្មណ៍នឹងពាក្យថា សោះកក្រោះនេះទេ ដោយលើកឡើងថា ដំណើរការនៃយុទ្ធនាការបោះឆ្នោត នៅតែប្រព្រឹត្តទៅដោយរលូន បើទោះបីមិនមានគណបក្សសង្គ្រោះជាតិ ក៏ដោយ។
លោកបញ្ជាក់ថា៖«វាមិនមែនអត់ពីគណបក្សមួយទៅ គេរស់នៅមិនបានឯណា! អត់ពីគណបក្សគាត់ទៅ អាហ្នឹងឲ្យគេងាប់តាម ហីយ៉ាងម៉េច! អ្នកនិយាយហ្នឹង វាអត់ត្រឹមត្រូវទេ។ គេបង្ហោះអាហ្នឹង គេបង្ហោះកន្លែង [មនុស្ស] ច្រើនរបស់គេ។ គណបក្សប្រជាជន[មនុស្ស]ច្រើនជាងហ្នឹងទៅទៀត គេមិនបង្ហោះ ធ្វើម៉េចបានឃើញ»។
លោក សុខ ឥសាន បន្ថែមថា៖«ឲ្យគេដង្ហែរតាមហ្វេសប៊ុកហ្នឹងទៅ ឲ្យគេយកទៅបោះឆ្នោតឲ្យគាត់តាមហ្វេសប៊ុកហ្នឹងទៅ! អាហ្នឹងសុទ្ធតែពួកបង្កររឿង ដល់គេរករឿង អាហ្នឹងថា គេរករឿង។ អាហ្នឹងទុកឲ្យសមត្ថកិច្ចពិនិត្យមើលទៅ បើសិនណាជា គាត់បង្ហោះហើយវាមានផលប៉ះពាល់ទៅដល់បរិយាកាសបោះឆ្នោត អាហ្នឹងវាមានពិរុទ្ធភាពហើយ»៕