ភ្នំពេញៈ ខណៈ​ដែល​សហ​​ភា​ព​អឺរ៉ុប​​ ចាប់​ផ្ដើម​ដំណើរការ​នីតិ​វិធី​​ផ្អាក​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ពី​កម្ពុជា​ លោ​ក​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែ​ន បាន​ចេញ​សារបញ្ជាក់​ថា​​ កម្ពុ​ជា​​​​គឺ​មិនត្រូវ​រំពឹង​លើ​ជំនួយ​បរទេ​ស​ ហើយ​មិន​យក​​ឯក​រាជ​ភាព​ និង​អធិបតេយ្យ​ភាព​របស់​ខ្លួន​ ទៅ​ដោះ​ដូរ​ជា​ថ្នូរ​នឹង​អ្វី​មួយ​នោះ​ទេ ខណៈ​ដែល GMAC និង Euro​Cham បាន​សម្តែង​ការ​សោ​ក​​​​ស្តាយ​និង​សម្តែង​ការ​ព្រួយ​បារ​ម្ភ​ចំពោះ​ការ​សម្រេច​របស់ EU នេះ។

សហភាព​អឺរ៉ុប​ បាន​ប្រកាស​ពី​​ដំណើរ​ការ​ផ្អាក​​​ប្រព័ន្ធ​អនុ​​គ្រោះ​ពន្ធ ​អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ​ (EBA) ដែល​ផ្ដល់​ឲ្យ​កម្ពុជា​ ក្នុង​ការ​នាំ​ទំនិញ​ដោយ​មិន​បង់​ពន្ធ ទៅ​ទីផ្សារ​អឺរ៉ុប​ ដែល​មាន​ ២៨ ​ប្រទេស។ ការ​ប្រកាស​នេះ​​គឺ​ជា​​​អ្វី​ដែ​ល​សហភាព​អឺរ៉ុប​ហៅ​ថា ការ​ធ្វើ​ឲ្យ​​ខូច​លទ្ធិ​ប្រជាធិបតេយ្យ​ ការ​រំ​លោ​​ភ​សិទ្ធិ​មនុស្ស និង​ការមិន​មាន​នីតិរដ្ឋ​នៅ​កម្ពុជា។

កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ សហភាព​អឺរ៉ុប ​បាន​ផ្សព្វផ្សាយ​ឯកសារ​ចំនួន​ ៦​ ទំព័រ​ នៃ​​ការចាប់​ផ្ដើម​ដំណើរ​ការ​​ផ្អាក​​នេះ​។ ឯកសារ​នេះ​ពន្យល់​ពី​ហេតុ​ផ​ល និង​នីតិវិធី​នានាដែលពាក់​ព័ន្ធ​ មុន​​នឹងឈាន​ដល់​ថ្ងៃ​សម្រេ​ច​ចុង​ក្រោយ​ក្នុង​រយៈ​ពេល​ ១២ ​ខែ​ខាង​មុខ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ លោ​​ក​ ហ៊ុន សែន បាន​ចេញ​សា​រ​​អះអាង​ថា​​ស្ថាន​ភាព​នយោបាយ​ សង្គម និង​សេដ្ឋ​​កិច្ច​នៅ​កម្ពុជា​សព្វថ្ងៃកំពុង​ឆ្ពោះ​ទៅ​រក​ភាព​កាន់​តែ​ល្អ​ប្រសើរ ដោយ​​ចំណូល​ពី​ពន្ធ​គយ គឺ​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់។

លោក​នាយក​រដ្ឋ​មន្ត្រី បាន​ថ្លែង​អំណរ​គុណ​ ដល់​​អាជីវករ ពាណិជ្ជករ និង​វិនិយោ​គិន ដែល​បាន​បំពេញ​កាតព្វ​កិច្ច​បង់​ពន្ធ និង​បាន​ពង្រីក​ទំហំ​ពាណិ​​ជ្ជ​កម្ម និង​វិនិយោគឲ្យ​​កាន់​តែធំ​ឡើង​។ លោក​លើក​ឡើង​សា​ជា​ថ្មី​ថា សេដ្ឋកិច្ច​កម្ពុជា​បាន​រួច​ផុត​ពី​ការ​ហ៊ុមព័ទ្ធ​ហើយ​បាន​ងើប​លេច​​​ធ្លោ​ផុត​ពី​ភាព​ក្រីក្រ​ដោយប​ច្ចុប្ប​ន្ន​នេះ​មាន​កំណើន​​ប្រចាំ​ឆ្នាំ​ក្នុង​រង្វង់ ​៧ ភាគរយ។ កម្ពុជា​ដែល​ពេល​នេះ​ជា​ប្រទេ​ស​​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប នឹង​ក្លាយ​ជា​ប្រទេស​មាន​​ប្រាក់​​ចំណូ​ល​​មធ្យម​​កម្រិត​ខ្ពស់​ នៅ​ឆ្នាំ ២០៣០ និង​ក្លាយ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០។

ដោយ​ផ្អែក​លើ​ការ​រីក​ចម្រើ​ន​នេះ លោក​​ ហ៊ុន សែន បាន​ថ្លែង​ថា៖ «កម្ពុជាមិន​អាច​រំពឹង​លើ​ជំនួយ​បរទេស​តែ​មួយ​មុខ​ទេ​ ហើយ​កម្ពុជា ​ក៏​មិន​ត្រូវ​យក​ឯករាជភាព និង​អធិប​តេយ្យ​​ភាព​របស់​ខ្លួន​ ទៅ​ដោះ​ដូរ​ជាថ្នូរ​នឹង​អ្វី​មួយ​នោះ​ដែរ។ ប៉ុន្តែ​យើង​ចង់​ធ្វើ​ជា​មិត្ត​ល្អ​ ជាមួយ​បណ្តា​ប្រទេស​ដៃ​គូ​នានា​ ដែល​ចង់​ឃើញ​កម្ពុជា​​កាន់​តែ​​រីក​ចម្រើន​ទៅ​មុខ​ពិត​ប្រាកដ​ ដោយ​គ្មាន​ការ​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​ប្រទេស​ជាតិ»។

ទោះ​យ៉ាង​ណា ឆ្លើយ​តប​នឹង​ការ​ប្រកាស​នីតិវិធីផ្អាក​​ប្រព័ន្ធ​អនុ​គ្រោះ​​ពន្ធ​ EBA នេះ​ដែរ ស្ថាប័ន​ពាណិជ្ជកម្ម​ធំៗ​ ២ ​នៅ​កម្ពុជា​គឺសភា​​ពាណិ​ជ្ជ​កម្ម​​សហ​​គម​ន៍​​អឺរ៉ុប​​ប្រចាំ​​កម្ពុ​ជា ហៅ​​កាត់​​ថា EuroCham និង សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​​ហៅ​កាត់​ថា GMAC បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​​ដោយ​សម្តែង​ការ​សោក​ស្តា​យ​ និង​សម្តែង​ការ​ព្រួយ​បារម្ភ។

EuroCham បាន​សម្តែង​​ក្តី​បារម្ភ​អំពី​ផល​អវិជ្ជ​មាន​ដែល​អាច​កើត​មាន​ទៅ​លើ​ធុរកិច្ច​ នា​​ពេល​អនាគត​ រវាង​សហភាព​អឺរ៉ុប​ និង​កម្ពុជា។

លោក Arnaud Darc ប្រធា​ន​ EuroCham បាន​ថ្លែង​ថា ការ​ចាប់​ផ្ដើម​លើ​នីតិវិធី​នេះ​ ​អាច​បញ្ជូន​សញ្ញា​ខុស​អំពី​ទិដ្ឋភាព​​នៃទីផ្សារ​ សម្រាប់​វិនិយោគិន​សំខាន់ៗ ​ផ្នែក​សម្លៀក​បំពាក់​ នៅ​ឆ្នាំ ​២០១៩ ហើយ​ការ​ផ្អាក​ដែល​អាច​នឹង​កើត​ឡើង​នៅ​ឆ្នាំ​ ២០២០ នឹង​មាន​ឥទ្ធិពល​អាក្រក់​ លើ​ការងារ​របស់​កម្មករ​កម្មការិនី​ និង​អ្នក​ដែល​ពឹង​អាស្រ័យ​លើ​ពួកគេ។

ទោះ​​ជា​យ៉ាង​ណា​លោកថា​៖ «នេះ​មិន​ទាន់​ជា​ការ​បញ្ជាក់​ផ្លូវការ​អំពី​ការ​ដក​ទេ។ EuroCham​ នឹង​គាំទ្រ​រដ្ឋាភិបាល​​ និង​អ្នក​នាំ​ចេញ​នៅ​ក្នុង​ឆ្នាំ​ខាង​មុខ ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ នូវ​ឧស្សាហកម្ម​ពាក់​ព័ន្ធ​ បទប្បញ្ញត្តិ និង​ដំណើរ​ការ​ផលិត​ផល​ និង​ការ​នាំ​ចេញ​ដើម្បី​បញ្ចៀ​ស​នូវ​ផល​ប៉ះ​ពាល់​ពី​ការ​ស៊ើប​អង្កេត​នេះ ឬ​ការ​ដក​ EBA នៅ​ឆ្នាំ​ ២០២០។ ទន្ទឹម​នឹង​នេះ​ យើង​នឹង​បន្ត​ប្រយុទ្ធ​ដើម្បី​ឲ្យ​ EBA ស្ថិត​នៅ​ដដែល»។

លោកថ្លែង​​បន្ត​ថា មាន​តែ​កិច្ច​សន្ទនា​បែប​ស្ថាបនា​ទេ​ ដែល​ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​បំផុត ​ក្នុង​ការ​ដោះ​ស្រាយ​​ក្តី​កង្វល់​​រឿង​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ ជា​ជាង​ការ​សម្រេច​ដាក់​សម្ពាធ​សេដ្ឋកិច្ច​ ពី​ភាគី​តែ​ម្ខាង។

ស្រដៀង​គ្នា​នេះដែរ សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ GMAC បាន​ចេញ​សេចក្តី​ប្រកា​ស​​​ព័ត៌មា​ន​​ដោយ​ចោទ​ជា​សំណួរ​ត្រឡប់​ទៅ​សហភាព​អឺរ៉ុប​វិញ ​ដោយ​បាន​លើក​ជា​ចម្ងល់​ថា តើ​ការ​សម្រេច​ដំណើរ​ការ​ផ្អាក​ប្រព័ន្ធ​ EBA នេះ​ អាច​ធ្វើ​ឲ្យ​ស្ថានការណ៍​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ​ប្រសើ​រឡើង​ឬ​យ៉ាង​ណា។

GMAC បាន​បញ្ជាក់​ថា កាល​ពី​ឆ្នាំ​ ២០១៧ តម្លៃនាំ​​ចេញ​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប​ មាន​ទំហំ ៥ ពាន់​លាន​ដុល្លារ​ ដែល​​ក្នុង​នោះ ៣,៧៦ ​ពាន់​លាន​ដុល្លារ​ ស្ថិត​នៅ​ក្នុង​វិស័យ​សម្លៀក​បំពាក់ ស្បែកជើង ​និង​សម្ភារសម្រាប់​​ធ្វើ​ដំណើរ។

GMAC ឲ្យ​ដឹង​ថា ប្រ​សិន​បើ​មាន​ការ​ដក​ EBA នៅ​ដំណាក់កាល​ចុង​ក្រោយ​នោះ ​នឹង​ធ្វើ​ឲ្យ​ពន្ធ​លើ​វិស័យ​កាត់​ដេរ​ឡើង​ដ​ល់​ ១២​ ភាគរយ ហើយ​ស្បែក​ជើង ​ឡើង​​ចន្លោះ​ពី​ ៨ ​ទៅ​ ១៧​ ភាគ​រយហើយ​វា​នឹង​ធ្វើ​ឲ្យ​ការ​ប្រកួ​ត​​ប្រជែង​នៅ​ក្នុង​វិស័យ​នេះ​ប្រ​ឈ​​ម​គ្រោះ​ថ្នាក់ខូច​​កេរ្តិ៍​ឈ្មោះ ហើ​យ​​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ នឹង​ឈប់​ដំណើរការ។

ទោះ​បី​ជា​មាន​ការ​បារម្ភ​ពី​ស្ថាប័ន​ជា​ច្រើន​ អំពី​ការ​ដំណើរការ​ផ្អាក​​ EBA នេះ​ក៏​ដោយ​ ក៏​មាន​ការ​យល់​ស្រប​ពី​ភាគី​ខ្លះ រួម​​មានស្ថាន​ទូត​​សហរដ្ឋ​អាមេ​​រិក ប្រចាំ​ទីក្រុង​ភ្នំពេញ។ ស្ថាន​​ទូត​អាមេរិក​​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌​មានមួយ​ កាល​ពី​ម្សិល​មិញ​ ដោយ​​​បានបន្ទរ​​ថា៖ «យើង​មាន​កង្វល់​ដូច​គ្នា​​​​ នឹង​សហ​ភាព​អឺរ៉ុប​ដែរ ទាក់​ទង​នឹង​ការ​​រំលោភ​​យ៉ាង​ធ្ងន់​ធ្ងរ​លើ​សេរីភាព​​ក្នុង​​ការ​បញ្ចេញ​មតិ សិទ្ធិ​ការងារ​ ដែល​មាន​​ការទទួល​ស្គាល់​ជា​អន្តរជាតិ​ និង​សេរីភាព​​ទា​ក់ទង​​នឹង​អង្គការ​សមាគម។ សហរដ្ឋ​អាមេ​រិក​ សូម​អំពាវ​នាវ​​ឲ្យ​ថ្នាក់​ដឹកនាំ​កម្ពុជា​ស្តា​រ​ឡើង​វិញ​​នូវ​លទ្ធិប្រជាធិប​តេយ្យ​ ពហុ​បក្ស​ពិត​ប្រាកដ ដូច​មាន​ចែង​នៅ​ក្នុង​​រដ្ឋធម្ម​នុញ្ញ​​នៃ​ប្រទេស​កម្ពុជា»។

ស្ថាន​ទូត​បន្ត​ថា៖ «យើង​ក៏​សូម​អំពាវ​នាវ​ផង​ដែរ ​ឲ្យ​ប្រទេស​កម្ពុជា​ទម្លាក់​​ចោល​​​នូវ​បទចោទ​ប្រកាន់​លើ​លោក ​កឹម សុខា និង​​ការ​​ចោទ​​ប្រកាន់​​​តាម​​ទំនើង​​ចិត្ត​​ទាំង​​អស់​​ ប្រឆាំង​​​នឹង​​អ្នក​​​ទោស​​​នយោ​​បាយ​​ដទៃ​​ទៀត​​ ហើយ​​អនុញ្ញាត​ឲ្យ​​​​សហជីព​ អង្គ​ការ​​សារព័ត៌​មាន​ឯករាជ្យ​ និង​ក្រុម​ដទៃទៀត​​នៃ​​សង្គម​ស៊ីវិ​​ល ដំណើរ​ការ​ដោយ​​គ្មាន​ការ​រឹត​ត្បិត​ដែល​មិន​ត្រឹម​ត្រូវ»។

ស្ថាន​ទូត​អាមេរិក ​ក៏​បាន​អំពាវ​នាវឲ្យ​មេដឹក​នាំ​កម្ពុជា​ តម្កល់​សុខុមាល​​​​ភាព​របស់​ប្រទេ​ស​ឲ្យ​ខ្ពស់​ជាង​​​ផល​ប្រយោជន៍​​ផ្ទាល់​ខ្លួន និង​ផលប្រយោជន៍​​​នយោបាយ។ជា​មួយ​គ្នា​នេះ សមាជិក​សភា​សហរដ្ឋ​អាមេរិក​ប្រចាំ​រដ្ឋ​តិច​សាស់ លោក ថិត គ្រូស (Ted Cruz) ក៏​បាន​ស្វាគមន៍​ដល់វិធាន​ការរបស់​សហភាព​អឺរ៉ុបដែរដោយ​លោក​បាន​បង្ហោះ​​សារ​នៅ​លើ​ធ្វីធើរ​ថា សេចក្តី​ព្រាង​ច្បាប់​របស់​លោក​​អំពី​ធុរកិច្ច​ជាមួយ​កម្ពុជា​នឹង​តម្រូវ​ឲ្យ​សហរដ្ឋ​អាមេរិក​ធ្វើ​ដូច​សហភាព​អឺរ៉ុប។

ប៉ុន្តែ​ទោះ​យ៉ាង​ណា លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​​​បាន​ថ្លែង​ថា EBA រដ្ឋាភិបាល​បាន​គិត​ទុក​មុន​រួច​ហើយ​ថា​ ច្បាស់​ណាស់​ EU នឹង​​ព្យួរ​ប្រព័ន្ធ​នេះ​នៅ​ពេល​ដែ​ល​កម្រិត​ជីវភាព​ពលរដ្ឋ​កម្ពុជា​កើន​ឡើង។ រដ្ឋាភិបាល​ បាន​ធ្វើ​កិច្ច​ការ​ច្រើន​ក្នុង​រយៈ​ពេល​ ២ ​ឆ្នាំ​ចុង​ក្រោយ​ រួម​មាន​ការពន្យល់​ប្រាប់​​ទៅ​សហភាព​អឺរ៉ុប រួម​ទាំង​​ការ​កំណែ​ទម្រង់​នៅ​កម្ពុជាដើម្បី​ត្រៀម​លក្ខណៈ​បង្កើន​ល្បឿន​នៃ​ការ​អភិវឌ្ឍ​កម្ពុជា​នៅ​ពេល​ EBA បាត់បង់។

លោក​ថ្លែង​ថា សហភាព​អឺរ៉ុប ​និង​កម្ពុជាបាន​​រួម​សហ​​ប្រតិបត្តិការ​ជាមួយ​គ្នា​ ដោយ​បង្កើត​បាន​ជា​កូន​មួយ​​មាន​អាយុ​ ២០ ឆ្នាំ​ប្រកប​ដោយ​ថាមពល​ខ្ពស់។

លោក​បានថ្លែង​ថា៖ «ប៉ុន្តែ​យើ​ងមាន​ការ​សោក​ស្ដាយ និង​ខក​ចិត្ត​ ចំពោះ​ការ​សម្រេច​នេះ ដែល​មិន​មាន​មូលដ្ឋាន​តម្លាភាព ហើយ​យើង​យល់​ឃើញ​ថា ​វា​ជា​ការ​សម្រេច​ចិត្ត​មួយ​ ក្នុង​និន្នា​ការ​នយោបាយ​ដែល​បង្ខំ​កម្ពុជា​ឲ្យ​ធ្លាក់​ចូល​ក្នុង​សមរភូមិ​នៃ​ភូមិសាស្ត្រ​នយោបាយ​តែ​ប៉ុណ្ណោះ»។

លោក​បន្ត​ថា ដោយ​សារ​បទពិសោធចាប់​ពី​ឆ្នាំ​ ១៩៧៩ ​មក ធ្វើ​ឲ្យ​កម្ពុជា​មាន​ភាព​ធន់​ទប់ទល់​ទៅ​នឹង​ឧបសគ្គ​ និង​បញ្ហា​ ដោយ​ឈរ​លើ​ឯកភាព សាមគ្គី​ភាព រក្សា​ឯករាជភាព​ និង​អធិបតេយ្យភាព។

លោក​ថ្លែង​បន្ត​ថា៖ «EBA ជា​កម្មវិធី​អន្តរកាល​ប៉ុណ្ណោះ កម្ពុជា​នឹង​រីក​រាយ​បន្ត​ឲ្យ​បេសកម្ម​​របស់​ខ្លួន​ក្នុង​ការ​ទទួលបាន​សេរី​ភាព​ក្នុង​កិច្ច​ការ​ថែ​រក្សា​សេរីភាព ឯករាជភាព អធិបតេយ្យភាព​ និង​ការ​រីកចម្រើន​ដោយ​ខ្លួន​ឯង»។

លោក​​បាន​បន្ត​ថា ការ​វិនិច្ឆ័យ​របស់​សហភាព​អឺរ៉ុប​ មិន​ឆ្លើយ​តប​នឹង​សភាព​ការណ៍ជាក់​ស្ដែង​នៃ​ការ​វិវឌ្ឍ​ដែល​កម្ពុជា​បាន​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​ទេ។ ពាក់​ព័ន្ធ​នឹង​សេចក្តី​ថ្លែង​ការណ៍​របស់​ស្ថានទូត​អាមេរិក​វិញ លោក ផៃ ស៊ីផា​​ន ថ្លែង​ថា អាមេរិក ​និង​អឺរ៉ុប​ជា​ក្រុម​តែ​មួយ​ «ដែល​រៀប​ចំ​ខ្លួន​លូក​លាន់​នឹង​រឿង​របស់​ស្រុក​ខ្មែរ»។

អ្នក​វិភាគ​នយោបាយ​លោក ឡៅ ម៉ុងហៃ យល់​ឃើញ​ថា សហភាព​អឺរ៉ុប​បាន​មើល​ឃើ​ញ​​ពី​ភាព​វិជ្ជមាន​ ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើក្នុង​កាតព្វកិច្ច​ការពារ​សិទ្ធិ​មនុស្ស​ដែល​ជា​លក្ខខណ្ឌ​ក្នុង​ក្របខ័ណ្ឌ EBA មាន​ដូច​ជា​ការ​បើក​លំហ​ប្រជា​ធិបតេយ្យ​សម្រាប់​សង្គម​ស៊ីវិល និង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ជាប់​បម្រាម​នយោបាយ ​១១៨ រូប ​មាន​លទ្ធភាព​អាច​ធ្វើ​នយោបាយ​ឡើង​វិញ។

ប៉ុន្តែ​លោក ម៉ុង​ហៃ ​ថ្លែង​ថា ចម្ងល់​នៅ​តែ​មាន​ថា តើ​វិធាន​ការ​ទាំង​នេះ​ធ្វើ​ឲ្យ​មាន​ការ​ពេញចិត្ត​ពេញ​លេញ​ហើយ​ឬ​នៅ។

លោក​និយាយ​ថា៖ «រដ្ឋា​ភិបាល​ ប្រហែល​ត្រូវ​តែ​ធ្វើ​ច្រើ​ន​​​​ជាង​នេះ​ទៀត​ ដូច​ជា​ដោះ​លែង​លោក កឹម សុខា ដើម្បី​ឲ្យ​ EBA អាច​រក្សា​ទុក​បាន»។

យ៉ាង​ណា​ក្តី លោក ឃុន ​ប៊ុននី​ អ្នក​វិភាគ​សេដ្ឋ​កិច្ច​ជាតិ​ អន្តរ​ជាតិ និង​ជា​​អ្នក​តាម​ដាន​នយោបាយ​យល់​ឃើញ​ថា ការ​បាត់​បង់​ EBA នេះ​​ ជា​ការ​ផ្ដល់​ឱកាស​ឲ្យ​កម្ពុជា​រៀប​ចំ​ខ្លួន​ និង​ឫក​ពារ​ឲ្យសម​នឹង​ឋានៈ​ដែល​ខ្លួន​ជា​ប្រទេស​មួយ​មាន​កំណើន​សេដ្ឋកិច្ច​ទី ៦ ​របស់​ពិភពលោក។​

វា​ក៏​ជា​ឱកាស ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​មួយ​ចំនួនដែល​រុញ​​កម្ពុជា​ឲ្យ​​មាន​ភាពវិជ្ជមាន និង​លើក​តម្កើ​ង​​សក្តានុ​ពល​របស់​ខ្លួន​ឲ្យ​កាន់​តែ​ខ្លាំង។ ការ​បាត់​បង់​នេះ​ធ្វើ​ឲ្យ​កម្ពុជា​រឹង​មាំ​ផ្នែក​សេដ្ឋកិច្ច មាន​ឯក​រាជភាព បន្ថ​យ​​ការ​ពឹង​ពាក់​បរទេស ឬ​កម្ចី​ពី​បរទេស​ច្រើន​ដូច​មុន៕