ភ្នំពេញៈ ​អាជ្ញាធរ​ខណ្ឌ​ទាំង​ ១៤ និង​ផ្សារ​ទាំង​ ២៥ ​នៅ​ភ្នំពេញ​ទទួល​បាន​ម៉ាស់​ក្រណាត់​ជា​អំណោយ​របស់​នាយករដ្ឋមន្ត្រី​ជាង​ ២៥ ​ម៉ឺន តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រាប់​ចែកជូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ បន្ទាប់ពី​ជំងឺ​នេះ​ឆ្លង​រីក​រាលដាល​ចូល​សហគមន៍​ជាថ្មី​ម្ដងទៀត​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ​២០ ​កុម្ភៈ​។

តាមរយៈ​បណ្តាញ​សង្គម​ផ្លូវការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឱ្យ​ដឹងថា ម៉ាស់​ក្រណាត់​ចំនួន​ ២៥២ ៥០០ ដែល​ជា​អំណោយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ត្រូវបាន​លោក ឃួង ស្រេង អភិបាល​រាជធានី-ភ្នំពេញ​ចែកជូន​ដល់​រដ្ឋបាល​ខណ្ឌ​ទាំង​ ១៤ និង​ផ្សារ​រដ្ឋ​ជុំវិញ​រាជធានី​ភ្នំពេញ​ចំនួន​ ២៥ កាលពី​ថ្ងៃ​ទី​ ២១ ខែកុម្ភៈ​។ ការប្រគល់​ម៉ាស់​នេះ​ធ្វើឡើង​បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​ការអនុវត្ត​ប្រព័ន្ធ​បចេ្ចកវិទ្យា​ QR Code ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩​។

បើតាម​រដ្ឋបាល​រាជធានី​ភ្នំពេញ ការចែក​ម៉ាស់​ដល់​រដ្ឋបាល​​ខណ្ឌ​ទាំង​ ១៤ ​និង​ផ្សារ​រដ្ឋ​ជុំវិញ​រាជធានី​ភ្នំពេញ​គឺ​រដ្ឋបាល​ខណ្ឌ​នីមួយៗ​ទទួល​បាន​ ១ ​ម៉ឺន​​ម៉ាស់ និង​ផ្សារ​រដ្ឋ​នីមួយៗ​​ទទួល​បាន ៤ ៥០០ ​ម៉ាស់​។

លោក​ ចេង មុនីរ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​បាន​ថ្លែងថា នៅ​ព្រឹក​ថ្ងៃទី​ ២២ ខែកុម្ភៈ លោក​បាន​ជួបប្រជុំ​ជាមួយ​ចៅសង្កាត់​ទាំងអស់​ដើម្បី​ណែនាំ​ពី​បច្ចេកវិទ្យា​ថ្មី​ (QRCode) ​ក្នុង​ការការពារ​ជំងឺ​កូវីដ​ ១៩ និង​ការចែក​ម៉ាស់​ដែល​ទទួលបាន​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ជូន​ចៅសង្កាត់​​សម្រាប់​ចាត់ចែង​ទៅតាម​​សភាព​ជាក់ស្តែង​។

លោក​ថ្លែងថា​៖ «​ឥឡូវ​ព្រឹក​នេះ ទី​១ ​យើង​កំពុងតែ​ប្រជុំ​ផ្សព្វផ្សាយ​ទាក់ទង​ប្រព័ន្ធ​បច្ចេកវិទ្យា​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ ១៩ រួចហើយ​ទើប​យើង​ផ្តល់​ម៉ាស់​ទៅតាម​សង្កាត់​ដើម្បី​យក​ទៅ​ចាត់ចែង​»​។

លោក​ ពៅ ហួត ចៅសង្កាត់​ច្បារអំពៅ​ទី​ ១ ​បាន​ឱ្យដឹងថា​បន្ទាប់ពី​កិច្ចប្រជុំ​ពេញ​ ១ ​ព្រឹក​ថ្ងៃទី​ ២២ ខែ​កម្ភៈ នៅ​សាលាខណ្ឌ​ច្បារអំពៅ ទើប​លោក​បាន​ទទួល​បាន​ម៉ាស់​ចំនួន​ ១ ​ពាន់​ទុក​ចែក​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​។

លោក​បញ្ជាក់ថា​នៅ​ថ្ងៃទី​ ២៣ ​កុម្ភៈ​នេះ ទើប​អាច​យក​ម៉ាស់​ទាំងនោះ​ទៅ​ចែក​ពលរដ្ឋ​នៅតាម​គោលដៅ​សំខាន់ៗ​ជាពិសេស​គឺ​តំបន់​ដែល​មាន​ពលរដ្ឋ​ក្រីក្រ​រស់នៅ​ផ្តុំគ្នា​ច្រើន​។

លោក​ថា​៖ «​យើង​ទើប​បានទទួល​ម៉ាស់​ចំនួន​ ១ ​ពាន់​នៅ​ព្រឹក​នេះ ដើម្បី​យកទៅ​ចែក​​ជូន​ពលរដ្ឋ ហើយ​មុខសញ្ញា​ដែល​យើង​ត្រូវ​ចែក​គឺ​ប្រជាពលរដ្ឋ​ដែល​នៅតាម​សហគមន៍​ក្រីក្រ​ដែល​គាត់​មាន​ការប្រមូលផ្តុំ​ច្រើន​ហើយ គាត់​មិនសូវ​មាន​ជីវភាព​ធូរធារ​»​។

លោក​ ហ៊ត វ៉ាន់ធី ប្រធាន​គណៈកម្មការ​ផ្សារ​អូរឫស្សី​បានឱ្យ​ដឹងថា ការចែក​ម៉ាស់​គឺ​ធ្វើ​​តាម​ជាក់ស្តែង​សម្រាប់​អ្នក​ដែល​បាន​មក​ផ្សារ​ហើយ​គោលដៅ​សំខាន់ គឺ​ផ្តល់ជូន​ពលរដ្ឋ​ដែល​មិនសូវ​មានលទ្ធភាព​ទិញ​ម៉ាស់​ប្រើប្រាស់​ប្រចាំថ្ងៃ​បាន​។ ជាមួយ​គ្នា​នេះ ក៏ត្រូវ​ណែនាំ​បន្ថែម​ពី​វិធានការ​ការពារ​ការឆ្លង​ជំងឺ​កូវីដ​ ១៩ និង​ផ្សព្វផ្សាយ​ពី​ការប្រឆាំង​កូវីដ​១៩​ដោយ​ប្រើ​ QR Code ​ផងដែរ​។

លោក​ថា​៖ «​ថ្ងៃនេះ​ខ្ញុំ​ដាក់ ​១ ២០០ ​ម៉ាស់ សម្រាប់​ចែក​​តាម​ច្រកចេញចូល​ផ្សារ​ដោយ​​ផ្តោត​សំខាន់​លើ​អ្នក​ខ្វះខាត​​ដូចជា អ្នករត់ម៉ូតូឌុប អ្នក​អូសរទេះអូស​អី​គ្នា​យ៉ាប់ៗ​ហ្នឹង​»៕