ភ្នំពេញៈ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ កាលពីម្សិលមិញនេះ បានរិះគន់ស្ថាប័នតុលាការកម្ពុជា ថាជាតុលាការមិនគ្រប់គ្រឿង អសមត្ថភាពរកយុត្តិធម៌ និងងាយរងសម្ពាធពីអ្នកមានអំណាច បន្ទាប់ពីសាលាឧទ្ធរណ៍ បានចេញអធិបញ្ជាចោទប្រកាន់ និងបើកការស៊ើបអង្កេតជាថ្មីលើសំណុំរឿងខ្ចីប្រាក់ជាង ៧ ម៉ឺនដុល្លារ ពីបុរសកសិករម្នាក់ ដែលជាអ្នកគាំទ្រគណបក្សរបស់ខ្លួនយ៉ាងសកម្មថ្មីៗនេះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការបក្សម្តុំខណ្ឌទួលគោក ចំពោះមុខអ្នកគាំទ្ររបស់ខ្លួនរាប់រយនាក់ លោក ខឹម វាសនា បានឲ្យដឹងថា ការចោទប្រកាន់របស់សាលាឧទ្ធរណ៍មកលើរូបលោក ពីបទ ឆបោក និងកំហែងយក ក្រោមបណ្តឹងរបស់លោក ឌុក មឿន អតីតអ្នកគាំទ្រគណបក្សលោក គឺជារឿងអយុត្តិធម៌មួយ ដែលបង្ហាញថា តុលាការកម្ពុជាមិនមានសមត្ថភាពក្នុងការចាត់ចែងការងាររបស់ខ្លួន។
លោកថ្លែងថា៖ «ការចោទប្រកាន់របស់ដើមបណ្តឹង អត់មានភ័ស្តុតាងអីសោះ គ្រាន់ការរៀបរាប់សោះ តុលាការក៏សម្រេចចោទប្រកាន់ ចំណែកខ្ញុំបានស្នើដាក់នូវភ័ស្តុតាង និងសាក្សីបន្ថែមតែបែរជាគេមិនទទួល ដោយសារថា ភ័ស្តុតាងចោទប្រកាន់គឺគ្រប់គ្រាន់ហើយ។ ទាំងនេះបង្ហាញយ៉ាងច្បាស់ថា តុលាការមិនគ្រប់គ្រឿង មិនអាចរកយុត្តិធម៌ជូនពលរដ្ឋនិងរងការលូកដៃរបស់អ្នកធំ»។
តាមប្រភពពីមន្ត្រីជាន់ខ្ពស់សាលាឧទ្ធរណ៍សុំមិនបញ្ចេញឈ្មោះម្នាក់ បានឲ្យដឹងថា ការលើកឡើងរបស់លោក ខឹម វាសនា មិនមែនជាការពិតនោះទេ។
លោកប្រាប់ថា៖ «សាលាឧទ្ធរណ៍បានហៅគាត់មកសួរនាំ ២ ទៅ ៣ ដងហើយ ហើយក៏កំពុងរង់ចាំគាត់ដាក់ភ័ស្តុតាង និងសាក្សីបន្ថែមដែរ ប៉ុន្តែ ចាំហើយចាំទៀតអត់ឃើញនោះទេ។ ចំណែកដើមបណ្តឹងគឺមានភ័ស្តុតាង ឯកសារច្បាស់លាស់ជាមូលដ្ឋាននៃការប្តឹងមិនសុខចិត្តចំពោះសាលាដំបូង ដែលតម្កល់រឿងនេះ ទើបបានជាសាលាឧទ្ធរណ៍សម្រេចធ្វើការចោទប្រកាន់ ដើម្បីបើកការស៊ើបអង្កេត... គាត់ខឹងអីខឹងម៉េស រឿងនេះ មិនទាន់ធ្ងន់ធ្ងរនោះទេ ក្នុងដំណាក់កាលសាកសួរគាត់នៅអាចឆ្លើយនិងបង្ហាញភ័ស្តុតាងដោះបន្ទុកបាន»។
តាមការរៀបរាប់របស់លោក ខឹម វាសនា ពីម្សិលមិញនេះ លោកបានស្គាល់សកម្មជនឈ្មោះ ឌុក មឿន កាលពីឆ្នាំ ២០០៨ ដោយបានទំនាក់ទំនងគ្នា និងបានទៅលេងផ្ទះរបស់លោក ឌុក មឿន នៅខេត្តបន្ទាមានជ័យជាញឹកញាប់។ ហើយដោយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ លោកក៏បានដាក់ទុនប្រមាណ ៥ ម៉ឺនដុល្លារ សម្រាប់ដាំដើមដូង នៅលើដី របស់លោក ឌុក មឿន ប្រមាណ ២០ ហិកតា ព្រមទាំងបានទិញគ្រឿងចក្រតម្លៃ ៣ ម៉ឺនដុល្លារដើម្បីកាយដី។
តែក្រោយមកទំនាក់ទំនងរបស់លោកទាំងពីរមានភាពរកាំរកូស លោក ខឹម វាសនាក៏បាន បញ្ឈប់ការធ្វើវិនិយោគ និងបានដកយកគ្រឿងចក្ររបស់លោកមកវិញ ប៉ុន្តែ ២ឆ្នាំក្រោយ គឺឆ្នាំ២០១៣ លោក ឌុក មឿន បានស្គាល់លោក ឈឹម ផលវរុណ តាមរយៈការប្រឹក្សាផ្នែកច្បាប់ក្នុងវិទ្យុមួយលោក ឌុក មឿន ក៏បានដាក់ពាក្យបណ្តឹងប្តឹងលោក ខឹម វាសនា ពីបទ ឆបោក និងកំហែងយកទៅសាលាដំបូងរាជធានីភ្នំពេញ តែត្រូវសាលាដំបូងសម្រេចតម្កល់មិនចាត់ការលើបណ្តឹងនេះនោះទេ។
ភ្នំពេញប៉ុស្តិ៍មិនអាចសុំការឆ្លើយតបពីលោក ឌុក មឿនបានទេ កាលពីម្សិលមិញនេះ ប៉ុន្តែបើតាមលិខិតបណ្តឹងរបស់លោក ឌុក មឿន ដែលបានដាក់ទៅតុលាការនោះ បានឲ្យដឹងថា លោកខឹម វាសនា បានខ្ចីប្រាក់លោកនិងប្រពន្ធអស់ជាង ៧ ម៉ឺនដុល្លារ ពាក់ព័ន្ធនឹងការទិញដីធ្លី កាលពីក្នុងអំឡុងឆ្នាំ ២០០៩ និងឆ្នាំ ២០១០។
ចំណែក លោក ឈឹម ផលវរុណ ដែលបច្ចុប្បន្ននេះ ជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏មិនអាចសុំការអធិប្បាយបានដែរ។
គួររំឭកថា ក្រៅពីសំណុំរឿងក្តីខាងលើ លោក ខឹម វាសនា ក៏ត្រូវបានលោក ឈឹម ផលវរុណ អ្នកវិភាគនយោបាយនៅទូរទស្សន៍បាយ័នដាក់ពាក្យប្តឹងទៅកាន់សាលាដំបូងរាជធានី ភ្នំពេញកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៣ ចោទប្រកាន់លើ ៣ ករណីផងដែរ គឺទី ១-ពីបទប្រមាថ ២-ពីបទបរិហារកេរ្ដិ៍ និងទី៣-ពីបទក្លែងព័ត៌មាន និងទាមទារឲ្យសងជំងឺចិត្ត ចំនួន១០ ម៉ឺនដុល្លារ៕