ភ្នំពេញៈ អ្នកគាំទ្រគណបក្សប្រជាជនជាច្រើនម៉ឺននាក់រួមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់បានប្រមូលផ្ដុំគ្នានៅពហុកីឡដ្ឋានជាតិអូឡាំពិកនៅក្នុងរាជធានីភ្នំពេញនៅព្រឹកនេះ ដើម្បីចូលរួមរំឭកខួបទី ៤០ ឆ្នាំនៃការផ្ដួលរំលំរបបប្រល័យពូជសាសន៍ និងសង្គ្រោះជីវិតមនុស្សឲ្យមានសេរីភាពឡើងវិញនៅថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩។
យោងតាមទិដ្ឋភាពនៃការហ្វឹកហាត់កាលពីចុងសប្ដាហ៍កន្លងមកនេះបានបង្ហាញឲ្យឃើញថានៅក្នុងទីលានពហុកីឡដ្ឋានជាតិអូឡាំពិក អ្នកចូលរួមជាច្រើនម៉ឺននាក់បានអង្គុយ និងឈរបង្ហាញជារូបភាពទង់ជាតិ និងទង់គណបក្សប្រជាជនកម្ពុជារួមទាំងក្បួនដង្ហែដែលបានតុបតែងយ៉ាងប្រណីតក្នុងពិធីអបអរសាទរដែលបានរៀបចំជាទ្រង់ទ្រាយធំជាងរាល់ឆ្នាំ។
យោងតាមសេចក្តីសម្រេចរបស់គណៈកម្មការរៀបចំបុណ្យខួបលើកទី ៤០ នៃទិវាជ័យជម្នះ ៧ មករាបានឲ្យដឹងថា ខួបអនុស្សាវរីយ៍លើកទី ៤០ ទិវាជ័យជម្នះ៧ មករា ប្រារព្ធឡើងក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហេង សំរិន ប្រធានរដ្ឋសភា លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ព្រមទាំងមានមហាជន ៣៤ ៧៥០ នាក់ចូលរួម។
ទោះបីជាយ៉ាងណាក៏ដោយលោក សំរិទ្ធ សារុនអនុប្រធានការិយាល័យគណៈកម្មាធិការកណ្ដាល (គ៨៥) នៃគណបក្សប្រជាជនបានឲ្យដឹងពីម្សិលមិញថា អ្នកចូលរួមប្រារព្ធថ្ងៃជ័យជម្នះ៧ មករា គឺមានប្រមាណ ៦ ម៉ឺននាក់។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានអះអាងថាពិធីអបអរសាទរនៅថ្ងៃទី ៧ ខែមករា ឆ្នាំ ២០១៩ នេះសាលារាជធានីភ្នំពេញមានភារកិច្ចជួយរៀបចំសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងចរាចរណ៍។
ទោះយ៉ាងណាក៏ដោយយោងតាមសេចក្ដីសម្រេចរបស់គណៈកម្មការរៀបចំបុណ្យ ៧ មករាដោយមានការសន្និដ្ឋានវាយតម្លៃសភាពការណ៍បានឲ្យដឹងថា (ក្រុមប្រឆាំង) អាចយកភូមិសាស្ត្រចំណុចខ្ពស់ៗនៅកៀកជុំវិញគោលដៅប្រារព្ធពិធីតាមសងខាងផ្លូវធ្វើសកម្មភាព បង្កគ្រោះថ្នាក់ដល់ថ្នាក់ដឹកនាំ អ្នកចូលរួមពិធី និងបំផ្លាញអង្គពិធី។
លោក មាសភក្ដី បានថ្លែងថា៖ «យើងនឹងធ្វើបុណ្យនេះនៅថ្ងៃ (នេះ) នៅពហុកីឡដ្ឋានអូឡាំពិកដោយមានអ្នកចូលរួមច្រើនម៉ឺននាក់ដូច្នេះនឹងមានការប្រមូលផ្តុំច្រើនដូច្នេះយើងត្រូវយកចិត្តទុកដាក់ខ្ពស់ជាងគេគឺការងារសន្តិសុខ»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនបានសរសេរក្នុងប្រព័ន្ធទំនាក់ទំនងតេឡេក្រាមរបស់លោកកាលពីថ្ងៃអាទិត្យថា សហគមន៍ខ្មែរនៅអូស្ត្រាលីបានប្រកាសថាខ្លួនមានគម្រោងធ្វើបាតុកម្មកាលថ្ងៃសៅរ៍ ទី ៥ ខែមករានៅមុខភោជនីយដ្ឋាន Maxim ដែលយ៉ាងហោចណាស់មានបាតុករជាង ២០០ នាក់ចូលរួមដើម្បីប្រឆាំងថ្ងៃ ៧ មករា ដែលខ្លួនអះអាងថាជាថ្ងៃដែលប្រទេសវៀតណាមឈ្លានពានកម្ពុជា ហើយសហគមន៍ខ្មែរនៅអូស្ត្រាលីដែលអំពាវនាវឲ្យធ្វើបាតុកម្មប្រឆាំងថ្ងៃ ៧ មករា នៅប្រទេសអូស្ត្រាលីគឺជាជនអគតិ និងការធ្វើបាតុកម្មនៅបរទេសនេះនឹងគ្មានឥទ្ធិពលដល់ពលរដ្ឋខ្មែរនៅប្រទេសកម្ពុជានោះទេ។
លោក ឥសាន ឲ្យដឹងថា៖ «(ការធ្វើបាតុកម្ម) ជារឿងរបស់បងប្អូនទេ តែតាមការពិតមិនមានឥទ្ធិពលអ្វីមកក្នុងប្រទេសឡើយទោះបីជារៀងរាល់ឆ្នាំខិតខំធ្វើបាតុកម្មប្រឆាំងនឹងថ្ងៃ ៧ មករាយ៉ាងណាក៏ថ្ងៃ ៧ មករាស្ថិតនៅជាអមត:ដែលបាតុកម្មពីក្រៅមិនអាចលុបបំបាត់បានជាដាច់ខាត មហាបាតុកម្មនោះមានត្រឹមមនុស្សរយនាក់ប៉ុណ្ណោះមិនអាចយកឧត្តមភាពលើប្រជាជនកម្ពុជានៅទូទាំងប្រទេសជាង ១៦ លាននាក់បានឡើយ»។
លោកថ្លែងឲ្យដឹងផងដែរថា បើគ្មានការជួយអន្តរាគមន៍យ៉ាងទាន់ពេលវេលាពីកងទ័ពស្ម័គ្រចិត្តវៀតណាមទេនោះ នោះពួកគាត់ពិតជាមិនអាចរួចរស់ជីវិត និងបានបង្កើតកូនចៅតជំនាន់មកដល់សព្វថ្ងៃនេះឡើយ ដូច្នេះប្រជាជនកម្ពុជាទាំង ១៦ លាននាក់គ្មានពេលបំភ្លេចថ្ងៃជាសច្ចធម៌ប្រវត្តិសាស្ត្រនេះបានជាដាច់ខាតទោះក្នុងកាល:ទេស:ណាក៏ដោយ។
លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជាបានថ្លែងថាថ្ងៃ ៧ មករាគឺជាថ្ងៃប្រវត្តិសាស្ត្រមួយរបស់ប្រទេសកម្ពុជាដែលប្រជាពលរដ្ឋកម្ពុជាបានដឹងពីអត្ថន័យនៃថ្ងៃប្រវត្តិសាស្ត្រមួយនេះ ហើយថារបបប្រល័យពូជសាសន៍បានធ្វើឲ្យប្រជាជនជាង ២ លានបាត់បង់ជីវិត តែដោយសារថ្ងៃ ៧ មករាបានជួយរំដោះប្រជាពលរដ្ឋប្រហែល ៥ លាននាក់ដែលបានរស់រានពីរបបខ្មែរក្រហម ក្នុងនោះមានជនដៃដល់ខ្មែរក្រហមផងដែរ ដូច្នេះថ្ងៃ ៧ មករាមានអត្ថន័យចំពោះពលរដ្ឋកម្ពុជា។
លោកបញ្ជាក់ថា៖ «យើងដឹងថានៅក្នុងថ្ងៃនេះ (កាលពី ៤០ ឆ្នាំមុន) គឺជាពេលវេលាមួយដែលខ្មែរក្រហមបានរត់គេចចេញពីភូមិឋានដែលធ្លាប់ធ្វើឲ្យយើងលំបាកវេទនា ហើយក៏ជាថ្ងៃដែលយើងចាប់ផ្តើមមានអាហារបរិភោគ ស្វែងរកក្រុមគ្រួសារ និងត្រឡប់មកកាន់ភូមិ ស្រុករបស់យើងគ្រប់គ្នាវិញដែរ»។
លោកបានបន្ថែមថាក្រសួងអប់រំមានភារកិច្ចខិតខំប្រឹងប្រែងបង្រៀនក្មេងជំនាន់ក្រោយតាមសាលារៀន សាកលវិទ្យាល័យក្តីហើយអះអាងថាតាមរយៈការសិក្សានឹងជួយឲ្យពួកគេយល់ថាតើហេតុអ្វីបានជាមានរបបប្រល័យពូជសាសន៍នេះបានកើតឡើង? ហើយថាវាអាចជួយឲ្យងាកចេញពីការបកស្រាយប្រវតិ្តសាស្ត្រខុសពីការពិត។
លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយ និងលោក ហុង លឹម ខ្មែរ-អូស្ត្រាលី មិនអាចទាក់ទងបានទេកាលពីថ្ងៃម្សិលមិញ៕