មណ្ឌលគិរីៈ រដ្ឋ​បាល​ខេត្ដ​មណ្ឌល​គិរី​ បាន​ចេញ​លិខិត​បដិ​សេធ​ចំពោះ​ព័​ត៌មាន​ដែល​​ថា​លោក​អភិ​បាល​ខេត្ដ​នេះ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ដឹក​ឈើ​ចេញ​ទៅ​​វៀត​ណាម​ កាល​ពី​ថ្ងៃ​អង្គារ​ទី ​១៤ ​ខែ​សីហា ​បន្ទាប់​ឈើ​ប្រ​មាណ​ជាង ៥០០ ​ដុំត្រូ​វបា​ន​អាវុធហត្ថ​​ខេត្ដ​ក្រចេះ​សហ​ការ​ជា​មួយ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស បា​ន​រក​ឃើញ ​កាល​ពី​​ថ្ងៃ​ទី ១៣​ ខែ​សីហា​ នៅ​តំបន់​ភ្នំ​ព្រេច ​ស្រុក​កែវសី​មា ខេត្ដ​មណ្ឌល​គិរី​ ជា​អ្វី​ដែល​សកម្ម​ជន​ព្រៃ​ឈើ​ថា​ជា​ការ​ពារ​ដល់​ឈ្មួញ​ទុច្ច​រិត​។

លិខិត​បដិ​សេធ​នេះ​បាន​បង្ហាញ​ថា ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​មាន​ការ​ផ្សព្វ​ផ្សាយ​ថា ​លោក​អភិ​បាល​ខេត្ដ​មណ្ឌល​គិរី​ អនុញ្ញាត​ឲ្យ​មានការ​ចេញ​ឈើ​ទៅ​ប្រទេស​វៀត​ណាម​តាម​ច្រក​ទ្វារ​ព្រំដែន​ទ្វេ​ភាគី​ដាក់​ដាំ​និង​ឲ្យ​ឧក​ញ៉ា៣​រូប​រៀប​ចំ​ដឹក​ឈើ​តាម​រថ​យន្ដ​ប៉ា​កុង​ក្នុង​តំបន់​ភ្នំ​ព្រេច​ដឹក​ទៅ​ប្រ​ទេស​វៀត​ណាម​។

លិខិត​នេះ​បាន​អះ​អាង​ថា៖«អ្នក​នាំពា​ក្យ​រដ្ឋបាល​ខេត្ដ​សូម​ធ្វើ​ការ​បដិ​សេធ​ទាំង​ស្រុង​ចំពោះ​ព័ត៌​មាន​មិន​ពិត​នេះ។ រដ្ឋ​បាល​ខេត្ដ​មាន​អង្គ​ភាព​ជំនាញជា​ជំនួយ​ការ ដូច្នេះ​រាល់​បាតុ​ភាព​ទាំង​ឡាយ​ដែល​កើតមា​នឡើ​ង ខេត្ដ​តែង​តែ​ដាក់​បញ្ជា​យ៉ាង​ម៉ឺង​ម៉ាត់​ដល់​កម្លាំង​ប្រ​ដាប់​អាវុធ​ក៏ដូច​ជា​ជំនាញ​ពាក់​ព័ន្ធ​ចុះ​ប្រតិ​ប​ត្ដិ​ការ​ជាប្រ​ចាំ មិន​អនុញ្ញាត​ឲ្យ​មាន​បទ​ល្មើស​កើត​ឡើង​​នោះ​ទេ»។

​លោក កែវ សុភ័ក្ត្រ ប្រ​ធាន​មន្ទីរ​បរិ​ស្ថាន ខេត្ត​មណ្ឌល​គិរី ប្រាប់​ភ្នំពេញ​បុ​៉ស្ដិ៍​ថា​ អាវុធ​ហត្ថខេត្ដ​ក្រចេះ​សហ​ការ​ជាមួ​យ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ចុះ​ស្រាវ​ជ្រាវ​បង្ក្រាប​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច​ស្ថិត​ក្នុង​ស្រុក​កែវ​សី​មា​ដែល​មាន​ឈើ​ប្រមាណ​ជាង​៥០០ដុំ(សុក្រំ កកោះ​ ស្រ​ឡៅ) ប៉ុន្ដែ​នៅ​មិន​ទាន់​អាច​កំណត់​មុខ​សញ្ញា​ជន​ល្មើស​បាន​នៅឡើ​យ​ទេ​។

លោក​បាន​ថ្លែង​ថា៖​«យើង​កំពុង​ពិនិត្យ​មើល ព្រោះ​មាន​ឈើ​មួយ​ចំនួន​ស្ថិត​នៅ​តាម​ផ្លូវ​មិ​នមាន​ពាក់​ព័ន្ធ​ជា​មួយ​ក្រុម​ហ៊ុន​ ប៉ុន្តែ​យើង​កំពុង​ពិនិត្យ​មើល​បន្ថែម​ចំពោះ​ឈើ​មួយ​ចំនួន​ទៀត​ដែល​ស្ថិត​នៅ​ក្នុង​ទី​តាំង​ណា​ដើម្បី​អាច​កំណត់​មុខ​សញ្ញា​បាន»។

លោក ​សាន្ត ប៊ុន​ថា​ន មេ​បញ្ជា​ការ​កង​រាជ​អាវុ​ធហត្ថ​ខេត្ដ​ក្រចេះដែល​បាន​សហ​ការ​ចុះ​ស្រាវ​ជ្រាវនិង​ប​ង្ក្រាប​បទ​ល្មើស​នេះ​បាន​ឲ្យ​ដឹង​ថា ក​រណីនេះ​លោក​បាន​នាំ​កង​កម្លាំង​ចុះ​បង្ក្រាប​ទីតាំង​ខាង​លើតាំ​ង​ពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​សីហា​មក​ម៉្លេះ​​។

លោក​បន្ថែម​ថា៖«​យើង​បង្ក្រាប​បាន​តាំងពី​ថ្ងៃ​ចន្ទ​ម៉្លេះ​ប៉ុន្ដែ​ខ្ញុំ​បាន​បញ្ជូន​របាយ​ការ​ណ៍ទៅ​អ្នកនាំពាក្យ​ផ្ទៃ​ប្រទេស​ហើយ»។

លោក​ អ៊ូច ឡេង សក​ម្មជន​ព្រៃឈើ​ដ៏ល្បី​បាន​បង្ហាញ​នូវ​ក្តីព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​វិនា​សកម្ម​ព្រៃ​ឈើ​ដែល​កាន់​តែ​រីក​ធំ​ទៅៗ​ដោយ​លោ​ក​ជឿ​ថា ​ប្រាក​ដជា​មាន​ករណី​បទ​ល្មើស​ព្រៃឈើ​​នៅ​តំបន់​ភ្នំព្រេច​និង​កំពុង​ប្រឈម​នឹង​គម្រោង​កម្ទេច​ទាំង​ស្រុង​របស់​ឧកញ៉ា​ជា​ច្រើន​នាពេ​ល​បច្ចុ​ប្បន្ន​​។

លោក​បាន​អះ​អាង​ថា៖«ខ្ញុំ​ហ៊ាន​អះ​អាង​ថា​ពិត​ជា​មាន​ករណី​កាប់​ឈើ​កើត​ឡើង​នៅ​តំប​ន់ភ្នំព្រេច​នេះមែន​ ហើយ​បើ​តាម​ខ្ញុំ​ដឹង​គេ​មាន​គោល​នយោ​បាយ​ដើម្បី​កម្ទេច​​ព្រៃ​នៅ​តំបន់​ភ្នំព្រេច​ជាង​១០ម៉ឺ​នហិ​កតា​នោះ​ឲ្យ​អស់​តែម្ដង​។ ​ដោយ​មិន​មែន​មាន​ត្រឹម​តែ​​ឧកញ៉ា​៣ទេ​គឺ​មាន​ឧក​ញ៉ា ៥-៦ ឯ​នោះ​កា​ល​ពី​ដើម​ឡើយ​​»។

លោក​បាន​បន្ដ​ថា៖​«នៅតំ​បន់​ភ្នំ​ព្រេច​នេះ​បើ​តាម​ខ្ញុំដឹ​ង​ក្នុង​១​ថ្ងៃ​យ៉ាង​ហោច​ណាស់​ក៏មា​ន​ដឹក​ឈើ​ចេញ​៨០-៩០ឡាន​ដែរ​ នេះ​បើ​តាម​ខ្ញុំ​ដឹង​។ ចុះ​បើនៅ​​កន្លែង​យើង​មិ​នដឹង​ទៀត​គិត​យ៉ាង​ម៉េច​ដែល​បាន​ដឹក​ចេញទៅតាម​ច្រក​ផ្សេងៗ​ទៀត​ អាច​មាន​ជាង​១០០​ឡាន​អី ក្នុង​១ថ្ងៃ ហើយ​ក្នុង​១ឡាន​មាន​ទម្ង​ន់ជាង​១០០​តោន​ឯ​ណោះ​​​»។

ទាក់​ទិន​នឹង​ការ​បដិ​សេធ​របស់​រដ្ឋបាល​ខេត្ដ​មណ្ឌល​គិ​រីចំពោះ​ករណី​ដឹក​ឈើ​យ៉ាង​គំហុក​ ​​នេះ ​លោក​ អ៊ូច ​ឡេង​ បាន​ថ្លែងថា បើ​អាជ្ញាធរ​បដិ​សេធ​ចំពោះ​ព័ត៌​មាន​ដែល​កើត​ឡើង​នេះមាន​ន័យ​ថា​ជាការ​ថ្លែង​ការ​ណ៍​ដើម្បី​ការ​ពារ​ឈ្នួញ​ឈើ​ទាំង​នោះ​ហើយ​។

លោក​បញ្ជាក់​ថា៖«បើ​ខេត្ត​បដិសេ​ធ​ពីដំណឹង​អ៊ីចឹង​គឺ​គាត់​ថ្លែង​ការ​ពារ​ឈ្មួញ​រក​ស៊ីឈើ​ទាំ​ងនោះ​ហើយ​។ ក្នុងនា​ម​ជា​ខ្មែរ​​ដូច​គ្នាទោះ​បីជា​អភិ​បាល​ខេត្ដ​ឬឧ​កញ៉ា​ណា​ក៏​ដោយ​ដើម្បី​ប្រយោ​ជន៍​ជាតិ​ត្រូវ​តែ​ហ៊ាន​បង្ហាញ​នូវ​កា​រពិត​»។

ភ្នំពេញ​បុ​ស្ដិ៍​មិន​អាច​សុំ​ការ​ប​កស្រាយ​បន្ថែម​ ពី​លោក ​ស្វាយ​ សំ​អៀង ​អភិ​បាល​ខេត្ដ​មណ្ឌល​គិរី​បាន​ទេ​ដោយ​លោក​បាន​លើក​ទូរ​ស័ព្ទ ហើយ​ប្រាប់​ថា កំពុង​រវល់​ប្រជុំ​កា​លថ្ងៃទី​១៥​សីហា​នេះ​​៕