សៀមរាប៖ អភិបាលខេត្តសៀមរាបលោក ទៀ សីហា កាលពីម្សិលមិញបានណែនាំឱ្យបន្តបិទទីតាំងមួយចំនួនទៀត និងបន្តផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ព្រមទាំងពង្រឹងការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំពោះការដ្ឋានសំណង់គ្រប់ប្រភេទក្នុងភូមិសាស្ដ្រខេត្តសៀមរាប។
យោងតាមសេចក្ដីណែនាំរបស់លោក ទៀ សីហា ចុះថ្ងៃទី ១២ ខែឧសភា ស្ដីពីការបិទទីតាំង ផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងពង្រឹងការអនុវត្តវិធានការនៅតាមការដ្ឋានសំណង់គ្រប់ប្រភេទនេះ គឺក្រោយពីខេត្តសៀមរាបនៅតែបន្តរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ក្នុងព្រឹត្ដិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១។ ការបន្តវិធានការនេះ គឺដើម្បីកាត់ផ្ដាច់ការឆ្លងមេរោគនេះ នៅក្នុងភូមិសាស្ដ្រខេត្ដសៀមរាប។
បើតាមសេចក្ដីណែនាំនេះ កន្លងមករាជរដ្ឋាភិបាលកម្ពុជាក៏ដូចជារដ្ឋបាលខេត្តសៀមរាប បានដាក់ចេញនូវវិធានការនានាជាបន្តបន្ទាប់ ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ជាពិសេសក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ក្នុងគោលបំណងបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩។
លោកអភិបាលខេត្តបានបញ្ជាក់ក្នុងសេចក្ដីណែនាំថា៖ «រដ្ឋបាលខេត្តបានពិនិត្យឃើញថា បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាននានាបានចូលរួមអនុវត្តបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ប៉ុន្តែចំពោះការដ្ឋានសាងសង់នានានៅមានភាពខ្វះចន្លោះក្នុងការអនុវត្តការងារបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ ១៩»។
ជាមួយគ្នានេះរដ្ឋបាលខេត្តបានណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រងការដ្ឋានសំណង់គ្រប់ប្រភេទត្រូវអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល វិធានការសុខាភិបាល និងវិធានការរដ្ឋបាលនានា ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ត្រូវរៀបចំឱ្យមានទឹកអាល់កុល ឬជែលសម្រាប់លាងដៃនៅច្រកចេញ-ចូល និងចាត់បុគ្គលិក ដើម្បីវាស់កម្តៅបុគ្គលិក កម្មករ កម្មការិនី ណែនាំឱ្យពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព បុគ្គល និងសុវត្ថិភាពសង្គមឱ្យបានត្រឹមត្រូវ និងរៀបចំបង្កើត ចុះឈ្មោះ និងប្រើប្រាស់ប្រព័ន្ធ ស្កេន QR Code (ទប់ស្កាត់កូវីដ ១៩) មុននឹងអនុញ្ញាតឱ្យចូលការដ្ឋានសាងសង់របស់ខ្លួន។
ក្រៅពីនោះ រដ្ឋបាលខេត្ដបានបន្តណែនាំឱ្យរៀបចំកន្លែងសម្រាក កន្លែងទទួលទានអាហារ ឱ្យគោរពទៅតាមវិធានសុខាភិបាល ដោយសម្អាតអនាម័យនៅក្នុង និងជុំវិញទីតាំងការដ្ឋានរបស់ខ្លួនព្រមទាំងណែនាំបុគ្គលិក កម្មករ-កម្មការិនី អំពីវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។
ចំពោះសហគ្រាស ដេប៉ូចែកចាយ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន ផ្សាររដ្ឋ-ឯកជន ផ្សារទំនើប ផ្សារម៉ាត ហាងលក់ភេសជ្ជៈ តូបអាហារ ហាងកាហ្វ អាជីវកម្មដ្ឋាន សេវាកម្មដ្ឋាន និងកន្លែងលក់ទំនិញគ្រប់ប្រភេទ គឺរដ្ឋបាលខេត្តតម្រូវឱ្យម្ចាស់ឬអ្នកគ្រប់គ្រងបន្តផ្អាកជាបណ្ដោះអាសន្ននូវការលក់គ្រឿងស្រវឹងគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តសៀមរាប រយៈពេល ២ សប្តាហ៍ ចាប់ពីថ្ងៃទី ១៣ ខែឧសភា រហូតដល់ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២១។
រីឯការជួបជុំប្រមូលផ្តុំគ្នាពីគេហដ្ឋានមួយទៅគេហដ្ឋានមួយ ឬទីកន្លែងផ្សេងៗ ដើម្បីពិសាគ្រឿងស្រវឹង និងការចាក់ឧបករណ៍បំពងសំឡេង ការច្រៀងរាំកម្សាន្ត ត្រូវហាមជាដាច់ខាត។
ទន្ទឹមនឹងនេះដែររដ្ឋបាលខេត្ដបានណែនាំឱ្យស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រដ្ឋបាលក្រុង-ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលឃុំ-សង្កាត់ ត្រូវរៀបចំផែនការបន្តចុះអនុវត្តអប់រំ ណែនាំ ផ្សព្វផ្សាយ និងចាត់វិធានការជាក់ស្តែង ដើម្បីទប់ស្កាត់រាល់ការជួបជុំលក់ដូរ និងការពិសាគ្រឿងស្រវឹងគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តសៀមរាប។
រដ្ឋបាលខេត្ដបញ្ជាក់បន្ថែមថា៖ «ក្នុងករណីបុគ្គលណាឬម្ចាស់ឬអ្នកគ្រប់គ្រងក្រុមហ៊ុនសហគ្រាសដេប៉ូចែកចាយ ប្រជាពលរដ្ឋ និងសាធារណជន មិនអនុវត្តតាមការណែនាំខាងលើ អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការស្របតាមនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន»។
នៅថ្ងៃម្សិលមិញផងដែរ រដ្ឋបាលខេត្តនេះក៏បានសម្រេចបិទការចេញ-ចូលជាបណ្ដោះអាសន្ន ប៊ូទិច សាយនីងអង្គរ ដែលស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រោយពីមានករណីពាក់ព័ន្ធជំងឺកូវីដ ១៩ ចំនួន ១ នាក់ និងរកឃើញអ្នកវិជ្ជមានជំងឺកូវីដ ១៩ ថ្មី ២ នាក់ នៅថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២១។
បើតាមរដ្ឋបាលខេត្ដ ត្រឹមថ្ងៃទី១២ ខែឧសភា ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ ១៩ ចំនួន ៧៨ នាក់ បានព្យាបាលជាសះស្បើយចំនួន ២០ នាក់ ស្លាប់ ១ នាក់ និង ៥៧ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
បន្ថែមពីនេះទៀត រដ្ឋបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាបឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ដោយត្រូវចូលរួមអនុវត្តវិធានការការពារ ៣ ការពារ ៣ កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាលនិងវិធានការចត្តាឡីស័ក។ចំពោះបុគ្គលទាំងឡាយណាដែលប្រព្រឹត្តល្មើសនឹងវិធានការនេះ នឹងប្រឈមការពិន័យអន្តរការណ៍ ឬផ្តន្ទាទោសតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕