កែបៈ ​រដ្ឋបាលខេត្ត​កែប​បាននិង​កំពុង​ពន្លឿន​ការរៀបចំ​ផែនទី​ ​និង​គម្រោង​ប្លង់​រៀបចំ​កែលម្អ​តំបន់ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈ​របស់​ខេត្ត​ប្រវែង​ប្រមាណ ៣ ០០០ ​ម៉ែត្រ​បន្ថែម​ ដែល​ស្ថិត​នៅ​ភូមិ​ថ្មី សង្កាត់​ព្រៃធំ និង​សង្កាត់​កែប ក្រុងកែប សម្រាប់​បម្រើ​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ខណៈ​ឆ្នេរកម្សាន្ត​បច្ចុប្បន្ន​នៅ​ខ្លី​មិនទាន់​​ឆ្លើយតប​នឹង​កំណើន​ភ្ញៀវទេសចរ​រៀងរាល់​ឆ្នាំ​។

លោក​ សោម ពិសិដ្ឋ អភិបាល​ខេត្ត​កែប​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ កាលពី​ថ្ងៃ​ ១៤ មីនា​ថា រហូត​មក​ទល់​ពេលនេះ ការរៀបចំ​ផែនទី និង​ប្លង់​សម្រេច​បាន​ប្រមាណ​ ៧០ ​ទៅ​ ៨០ ​ភាគរយ ហើយ​អាច​នឹង​បញ្ចប់​នៅមុន​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​។ នៅពេល​រៀបចំ​រួច​នឹង​ដាក់​ជូន​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​តំបន់ឆ្នេរ​កម្ពុជា​ដើម្បី​សម្រេច​។

លោក​ សោម ពិសិដ្ឋ ​បញ្ជាក់ថា បើទោះបី​កម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩​ ក្តី ក៏​មិនអាច​បន្ទច់បង្អាក់​ការរៀបចំ​ផែនទី និង​គម្រោង​ប្លង់​រៀបចំ​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​របស់​ខេត្ត​កែប​នោះដែរ​។ ក្នុង​ផែនការ​នេះ​គឺ​ធ្វើយ៉ាងណា​រៀបចំ​ឱ្យ​​មាន​សោភណភាព សម្រាប់​ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ។

លោក សោម ពិសិដ្ឋ ថ្លែងថា​៖ «​នៅពេល​ដែល​មាន​ការរៀបចំ​រួចរាល់ និង​មានការ​សម្រេច​ពី​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋបាលខេត្ត​នឹង​បង្ហាញ​សាធារណៈ ព្រោះ​នៅពេល​ដែល​រៀបចំ​រមែង​តែងតែ​ចាក់ដី​បំពេញ​ ឬ​​ចាក់ដី​លុប​កន្លែង​ណាមួយ​មិន​ខាន​។ ​អ៊ីចឹង​ទេ​ការបង្ហាញ​សាធារណៈ​នេះ​យើង​ដាក់​ប៉ានណូ​បង្ហាញ​ជា​សាធារណៈ​កុំឱ្យ​មាន​ការសង្ស័យថា វិស័យ​ឯកជន​ណា​មក​ចាក់ដី គឺ​ធ្វើ​នេះ​សំដៅ​ដល់​សក្តានុពល​ឆ្នេរ​របស់​យើង​មាន​កំណើន​ភ្ញៀវទេសចរ​»​។

បើតាម​លោក សោម ពិសិដ្ឋ ឆ្នេរ​កម្សាន្ត​សាធារណៈ​ក្នុង​ខេត្ត​កែប​បច្ចុប្បន្ន​មាន​ប្រវែង​ត្រឹមតែ​ ៣០០ ​ម៉ែត្រ​ប៉ុណ្ណោះ​ដែល​មាន​លក្ខណៈ​ខ្លី​មិនទាន់​ឆ្លើយតប​នឹង​កំណើន​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​រៀងរាល់​ឆ្នាំ ខណៈ​ខេត្ត​កែប​មាន​ឆ្នេរ​ប្រវែង​សរុប​ចំនួន​ជិត​ ២៧ ​គីឡូម៉ែត្រ​។

លោក​បាន​បញ្ជាក់ថា​៖ «​តាមពិត​ទៅ​ការរៀបចំ​គម្រោង​ប្លង់​អភិវឌ្ឍន៍​តំបន់ឆ្នេរ វា​ពាក់ព័ន្ធ​នឹង​ ២ ​សង្កាត់ បើទោះបី​ស្ថិត​នៅ​​ក្នុងភូមិ​ថ្មី គឺ​សង្កាត់​ព្រៃធំ និង​​សង្កាត់​កែប​ក្នុង​ក្រុងកែប​ដែល​មាន​ការចូល​កន្ទុយ​ឆ្នេរ​បន្តិច​ទៅខាង​កែប​។ ​ផែនការ​ដំបូង​គឺយើង​គិត​រៀបចំ​ពី ២ ០០០ ​ទៅ​ ៣ ០០០ ​ម៉ែត្រ ប៉ុន្តែ​នៅក្នុង​ផែនការមេ យើង​ធ្វើ​យ៉ាងម៉េច​ឱ្យបាន​ប្រវែង​ ៣ ០០០ ​ម៉ែត្រ​។

លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទេសចរណ៍​កម្ពុជា​ថ្លែងថា ​ខេត្ត​កែប និង​ខេត្តកំពត​មាន​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់​ក្នុង​អាណត្តិ​នីមួយៗ​របស់​ថា្នក់​ដឹកនាំ​ខេត្ត​ដោយ​ធ្វើយ៉ាងណា​កែលម្អ​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង​នៃ​កំណើន​ភ្ញៀវទេសចរ​។

បើតាម​លោក ហូ វណ្ឌី ខេត្ត​កែប​បាននិង​កំពុង​មាន​ការទាក់ទាញ​​ទេសចរ​យ៉ាងខ្លាំង បន្ទាប់ពី​ខេត្ត​ព្រះសីហនុ​។ ទន្ទឹម​គ្នា​នេះ​ការរៀបចំ​ផែនការមេ ក្នុង​ការអភិវឌ្ឍ​ខេត្ត គឺ​មិនអាច​ខ្វះ​បាន​នោះទេ​។ បើទោះបី​ក្នុង​អំឡុងពេល​វិបត្តិ​នៃ​ជំងឺ​កូវីដ​១៩​នេះ​ក្តី ការរៀបចំ​ផែនការមេ​​ និង​ផែនទី​អភិវឌ្ឍន៍​តំបន់ឆ្នេរ ​ក៏​ជា​រឿង​ចាំបាច់​បំផុត​ក្នុង​ការស្រោចស្រង់​សេដ្ឋកិច្ចជាតិ​។

លោក​ថ្លែងថា​៖ «​បើ​យើង​និយាយ​ពី​កែប គឺ​កែប​លំដាប់​លេខ​រៀង​ទី​២ ហើយ​បងប្អូន​ជា​ភ្ញៀវទេសចរ ជ្រើសរើស​កែប​ជា​តំបន់​ស្នាក់នៅ បន្ទាប់ពី​ក្រុងព្រះសីហនុ និង​តាម​បណ្តា​កោះ​ផ្សេងៗ​ទៀត​ច្រើនណាស់​។

ការរៀបចំ​ផែនការមេ​ក្នុង​ការអភិវឌ្ឍ​តំបន់ឆ្នេរ គឺ​មិនអាច​​ខ្វះ​បាន​»៕