កោះកុង: មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង និងអង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា (WCS) បានឯកភាពបង្កើតសហគមន៍នេសាទ ៥ បន្ថែមទៀតនៅស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីឱ្យប្រជានេសាទអាចចូលរួមអភិរក្សធនធានជលផលតាមមូលដ្ឋានរបស់ខ្លួន ខណៈបច្ចុប្បន្នមានសហគមន៍នេសាទចំនួន ១០ ស្ថិតនៅខេត្តកោះកុង និងខេត្តព្រះសីហនុ។
លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុងបានថ្លែងពីថ្ងៃទី ៩ ធ្នូ ថាការប្រកាសឱ្យមានសហគមន៍នេសាទទាំង ៥ បន្ថែមនេះធ្វើនៅដើមខែធ្នូនេះ ដើម្បីផ្ដល់ឱកាសឱ្យប្រជានេសាទចូលរួមអភិរក្សធនធានធម្មជាតិនានាក្នុងមូលដ្ឋានរបស់ខ្លួន។ មន្ត្រីជំនាញមន្ទីរកសិកម្មខេត្តកោះកុង និងអ្នកជំនាញអង្គការ WCS នឹងចុះផ្សព្វផ្សាយនូវគោលការណ៍ជំនាញចំណេះដឹងថ្មីៗបន្ថែមទៀតជូនប្រជានេសាទទាំងនោះ។
លោកឱ្យដឹងថា មន្ទីរកសិកម្មបានអនុញ្ញាតស្របតាមច្បាប់ស្ដីពីអង្គការសមាគមនៅចុងខែវិច្ឆិកា ប៉ុន្ដែពួកគាត់ត្រូវសរសេរលិខិតស្នើសុំផ្លូវការមួយទៀតទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ប៉ុន្តែមន្ត្រីជំនាញបានចាប់ផ្ដើមចុះកំណត់តំបន់ដែលត្រូវចុះល្បាត និងរៀបចំពីរបៀបវារៈកាលពីដើមខែធ្នូនេះរួចហើយ ដើម្បីចុះល្បាតតាមគោលដៅសំខាន់ៗដែលបានគ្រោងទុក។ កន្លងមកសហគមន៍នេសាទមាន ៦ នៅខេត្តកោះកុង និង ៤ ទៀតខេត្តព្រះសីហនុដោយប្រជានេសាទក៏កំពុងធ្វើការយ៉ាងសកម្មជាមួយមន្ត្រីជំនាញ។
លោក ម៉េង លាង បានបញ្ជាក់ថា៖ «ប្រជាសហគមន៍មិនមានសិទ្ធិទៅចាប់ចង ឬដេញចាប់ជនល្មើសទេ ប៉ុន្ដែពួកគាត់ជាអ្នកចូលរួមកម្លាំងជាមួយមន្ត្រីជំនាញតាមរយៈការរាយការណ៍ ឬផ្ដល់ព័ត៌មានជូនមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីមន្ត្រីជំនាញចុះទៅបង្ក្រាបជាក់ស្ដែង។ ពួកគាត់ជាអ្នកនៅមូលដ្ឋានផ្ទាល់ដូច្នេះបទល្មើសនានាគឺពួកគាត់ដឹងមុនមន្ត្រីជំនាញ ទើបយើងជ្រើសរើសពួកគាត់ឱ្យចូលរួមជាមួយយើង»។
លោក កែន សិរីរដ្ឋា ប្រធានអង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា (WCS) បានថ្លែងកាលពីថ្ងៃទី ៩ ធ្នូដែរថា ការបង្កើតសហគមន៍នេសាទទាំងនេះគឺជាផ្នែកមួយនៃសកម្មភាពគម្រោង «ដៃគូប្រឆាំងបទល្មើសសត្វព្រៃ» ដែលគាំទ្រផ្នែកហិរញ្ញវត្ថុពីសហភាពអឺរ៉ុប (EU) សួនសត្វសិង្ហបុរី (Wildlife Reserves Singapore),US Forest Service និង Rainforest Trust។
លោកបន្តថា មន្ត្រីជំនាញចង់ផ្ដល់ភាពស្របច្បាប់ដល់សហគមន៍នេសាទទាំងនេះ ដើម្បីឱ្យប្រជានេសាទអាចចូលរួមចំណែកអភិរក្សធនធានជលផលកាន់តែសកម្មថែមទៀត។
ជាពិសេសការអភិរក្សអណ្តើកហ្លួង និងក្រពើត្រីក៏ដូចជា ជួយលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍នេសាទទាំងនេះដែរ។
លោកបញ្ជាក់ថា៖ «នៅពេលដែលឯកសារផ្លូវច្បាប់ បទបញ្ជា សម្រាប់សហគមន៍នេសាទ និងការកំណត់ដែនសីមាសហគមន៍នេសាទ ត្រូវបានរៀបចំរួចរាល់ សហគមន៍នីមួយៗនឹងបញ្ជូនឯកសារទាំងនេះទៅកាន់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីសុំចុះបញ្ជីទទួលស្គាល់ជាផ្លូវការនៅដើមឆ្នាំក្រោយ»។
លោក តុញ ពៅ ប្រធានសហគមន៍បាក់អង្រុតដែលទើបបង្កើតថ្មីក្នុងចំណោម ៥ សហគមន៍មានទីតាំងនៅក្នុងភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល បានថ្លែងពីថ្ងៃទី ៩ ធ្នូថា សហគមន៍លោកមានគោលបំណងចង់ចូលរួមកិច្ចការសង្គមខ្លះ។ លោករីករាយដែលបានចូលរួមសកម្មភាពជួយការពារអភិរក្សធនធានធម្មជាតិក្នុងតំបន់ដែលលោកកំពុងរស់នៅ។
លោកបន្តថា បន្ទាប់ពីបានទទួលសិទ្ធិពីមន្ទីរកសិកម្ម ខេត្តកោះកុង ក្រុមលោកបានចូលរួមចុះល្បាតតាមគោលដៅអភិរក្សជាមួយមន្ត្រីជំនាញជលផលជាច្រើនលើកមកហើយដោយបានជួបប្រទះបទល្មើសនេសាទជាច្រើនករណី។ ក្រុមលោកបានដុតបំផ្លាញសម្ភារមួយចំនួនដែលបម្រើឱ្យបទល្មើសនេសាទខុសច្បាប់។
លោក តុញ ពៅ បញ្ជាក់ថា៖ «មុនពេលចុះល្បាតតាមគោលដៅគឺមានមន្ត្រីជំនាញអង្គការ WCS និងមន្ត្រីជលផលចុះមកណែនាំបង្រៀនពីនីតិវិធីដើរល្បាតតាមព្រៃ ល្បាតតាមផ្លូវទឹក។ និយាយរួមគឺគាត់បានបង្រៀនយើងច្រើនពាក់ព័ន្ធការងារអភិរក្សធនធានធម្មជាតិ។ ក្រៅពីការចុះល្បាតពួកខ្ញុំក៏ចូលរួមផ្សព្វផ្សាយទៅដល់អ្នកភូមិផ្សេងៗទៀតដែរ»៕