
ពលរដ្ឋចាំទទួលចាក់ថ្នាំបង្ការជំងឺឆ្កែឆ្គួតនៅប៉ាស្ទ័រ។ ហេង ជីវ័ន
កំពង់ចាមៈ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានសហការជាមួយ មន្ទីរសុខាភិបាលខេត្ត និងមន្ទីរពេទ្យខេត្តកំពង់ចាម ដើម្បីនឹងបើកដំណើរការមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួត ១ កន្លែងនៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០១៩។ គឺចាប់ផ្ដើមទទួលប្រជាពលរដ្ឋចាប់ពី ម៉ោង ៧ ព្រឹក រហូតដល់ម៉ោង ៥ ល្ងាច។
ដោយឡែកសម្រាប់ថ្ងៃឈប់សម្រាក និងថ្ងៃសៅរ៍ មជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួតនេះនឹងបើកចាប់ពីម៉ោង ៧ ដល់ម៉ោង ១១:៣០ នាទីថ្ងៃត្រង់។
លោក លី សុវត្ថិ នាយករងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញនេះថា មជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួតនេះ នឹងមានទីតាំងបណ្តោះអាសន្ន នៅក្នុងបរិវេណមន្ទីរពេទ្យខេត្តកំពង់ចាម គោលបំណងដើម្បីកាត់បន្ថយអត្រាស្លាប់ និងជួយសង្គ្រោះជីវិតមនុស្សបានឆាប់រហ័ស។
លោក សុវត្ថិ ថ្លែងថា៖ «យើងដាក់មជ្ឈមណ្ឌលនេះនៅក្នុងខេត្ដកំពង់ចាម ពីព្រោះវាមានភាពងាយស្រួលដល់ខេត្ដផ្សេងទៀតនៅជុំវិញ អាចមកដល់នៅទីនេះងាយស្រួល ព្រោះខេត្ដនេះនៅចំកណ្ដាល»។
លោក សុវត្ថិ បានអះអាងថាប្រជាពលរដ្ឋមានការថយចុះបន្តិចចំពោះការមកចាក់ថ្នាំបង្ការជំងឺនៅវិទ្យាស្ថានប៉ាស្ទ័រនៅភ្នំពេញ ប៉ុន្ដែនៅតែមានប្រជាពលរដ្ឋបន្ដមកចាក់ថ្នាំបង្ការនេះជាហូរហែនៅឡើយ។
សេចក្ដីប្រកាសព័ត៌មានរបស់វិទ្យាស្ថានប៉ាស្ទ័រដែលបានចុះផ្សាយកាលពីថ្ងៃទី ៤ ខែមីនាបានឲ្យដឹងថា ការបង្កើតមជ្ឈមណ្ឌល តាមបណ្ដាខេត្តនេះ ពិតជាមានភាពងាយស្រួលខ្លាំង ប្រសិនបើមានប្រជាពលរដ្ឋ ឬកុមារត្រូវបានឆ្កែខាំអាចទៅចាក់ថ្នាំបង្ការ និងព្យាបាលបានទាន់ពេលវេលា៕