កំពង់ឆ្នាំងៈ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​បានបើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ផែ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​ថ្មី​មួយ​នៅ​តំបន់​អភិវឌ្ឍន៍​ចុង​កោះ ​ដើម្បី​សម្រួល​ដល់​ការដឹក​ជញ្ជូន​ទំនិញ និង​ការធ្វើដំណើរ​ទៅមក​របស់​ប្រជាពលរដ្ឋ​។

លោក​ ស្រ៊ន សំរិទ្ធី អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា ការដាក់ឱ្យ​ដំណើរការ​នូវ​ផែ​ដឹកជញ្ជូន​ថ្មី​មួយ​នេះ គឺ​ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ និង​ការដឹកទំនិញ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​ទៅវិញ​ទៅមក ដើម្បី​ជំនួស​ស្ពាន​ដែល​គ្រោង​នឹង​សាងសង់​នាពេល​ខាង​មុខ​។

លោក​បន្ថែមថា ប្រជាពលរដ្ឋ​ដែល​មកពី​ខេត្តកំពង់ធំ ដែល​ឆ្លងកាត់​ខេត្ត​កំពង់ឆ្នាំង​អាច​ធ្វើ​ដំណើរ​តាម​ស្រឡាង ដោយ​ប្រើពេល​ត្រឹម​តែ​ពី​កន្លះ​ម៉ោង​ទៅ ៤០ នាទី​ប៉ុណ្ណោះ​មក​ដល់​កំពង់ផែ​នេះ ព្រោះ​ពីមុន​កំពង់ផែ​មាន​ស្ថានភាព​តូចចង្អៀត​។

បើតាម​អ្នកនាំពាក្យ​រូបនេះ បច្ចុប្បន្ន​កំពង់ផែ​នេះ​មាន​ស្រឡាង​ចំនួន​ពី ៥ ទៅ ៦ ​គ្រឿង​កំពុងតែ​ដឹកជញ្ជូន​ពលរដ្ឋ​។

លោក​បាន​ថ្លែងថា​៖ «​ដោយ​មើលឃើញ​ពី​ការលំបាក រដ្ឋបាលខេត្ត​ក៏​បាន​ធ្វើការ​កែសម្រួល​ផែ​ឱ្យ​បាន​ល្អប្រសើរ និង​ងាយស្រួល​ឡើងគោក ដែល​កាលពី​មុន​កំពង់ផែ​វា​មាន​ស្ថានភាព​ចោត​បន្តិច​»​។

នៅក្នុង​ពិធី​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ផែ​ដឹកជញ្ជូន​ថ្មី នៅ​តំបន់​អភិវឌ្ឍន៍​ចុងកោះ​កាលពី​ថ្ងៃទី​ ៤ ខែ​មករា លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ថ្លែងថា កំពង់ផែ​ថ្មី​នេះ​គាំទ្រ​ថវិកា​ដោយ​រាជរដ្ឋាភិបាល​ផ្តល់​តាមរយៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដែល​បាន​ចាប់ផ្តើម​ដំណើរការ​សាងសង់​កាលពី​ខែ​មករា ឆ្នាំ​ ២០១៧ ដែលមាន​ទំហំ ៦ ៥២៣ ម៉ែត្រក្រឡា​។ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ពី​ថវិកា​ចំនួន​ប៉ុន្មាន​ដែល​បាន​ចំណាយ​ទៅលើ​ការសាងសង់​កំពង់ផែ​ថ្មី​នេះ​ទេ​។

លោក​បន្តថា ការសាងសង់​កំពង់ផែ​ថ្មី​នេះ​នឹង​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​របស់​ប្រជាកសិករ និង​ប្រជាពលរដ្ឋ​នៅ​តំបន់​អភិវឌ្ឍន៍​ថ្មី​របស់​ខេត្ត ហើយ​ការកសាង​នេះ​ស្ថិត​ក្នុង​គម្រោង​ផែនការអភិវឌ្ឍន៍​ច្រាំងទន្លេ​របស់​ខេត្ត​កំពង់ឆ្នាំង​។

លោក​បញ្ជាក់ថា​៖ «​កន្លងមក​ខេត្ត​កំពង់ឆ្នាំង​មាន​កំពង់ផែ​តូចចង្អៀត​ដែល​បង្ក​ការលំបាក​ដល់​ពលរដ្ឋ​ក្នុង​ការធ្វើដំណើរ​ទៅមក ពិសេស​គឺ​ដឹកទំនិញ​កសិផល និង​ការឆ្លង​រថយន្ត ម៉ូតូ ប៉ុន្តែ​ដោយសារ​ខេត្ត​មានការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់​នោះ បាន​ធ្វើការ​រៀបចំ​នូវ​ផែ​ថ្មី​នេះ ដើម្បី​កាត់បន្ថយ​ការលំបាក​របស់​ប្រជាពលរដ្ឋ​»​។

លោក​ សំ ចាន់គារ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំខេត្ត​កំពង់ឆ្នាំង​បាន​ថ្លែង​ពី​ម្សិលមិញ​ថា រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​បាន​កែសម្រួល និង​រៀបចំ​កំពង់ផែ​ចាស់​ឱ្យ​ទៅ​ជា​កំពង់ផែ​ថ្មី​នេះ​ក្នុង​ការសម្រួល​ដល់​ការដឹកជញ្ជូន និង​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ហើយ​ការអភិវឌ្ឍ​នេះ​មិន​មាន​បង្ក​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នោះទេ​។

លោក​បញ្ជាក់ថា​៖ «​គេ​ធ្វើ​រួចហើយ និង​ភាពច្បាស់លាស់​ប៉ុន្តែ​យើង​ឃើញ​តែ​ផែ​ដែល​អនុញ្ញាត​ឱ្យ​ទូកដ​ចូល​ទទឹង​ទេ ដោយ​មិនទាន់​មាន​ឃើញ​ផែ​ដែល​អាច​ឱ្យ​ទូកដ ចូល​បណ្តោយ​បាន​»​។

ទោះជា​យ៉ាងណា​លោក សំ ចាន់គារ ​បញ្ជាក់​ទៀត​ថា ការរៀបចំ​ឱ្យមាន​កំពង់ផែ​ធំ និង​ច្បាស់លាស់​នេះ​ក៏​នឹង​ជួយ​លើក​មុខមាត់ និង​លើកកម្ពស់​ខេត្ត​ឱ្យ​កាន់តែ​មាន​ភាពទាក់ទាញ​បន្ថែមទៀត​៕