
សកម្មភាពសត្វស្វានៅភ្នំសន្ទុកពីខែតុលាឆ្នាំមុន។ រូប Heritages Diary page
កំពង់ធំៈ រដ្ឋបាលខេត្តកំពង់ធំបានបង្ហាញពីបំណងស្នើសុំបង្កើតសួនសត្វមួយនៅក្នុងស្រុកសន្ទុកនៃខេត្តកំពង់ធំនៅលើផ្ទៃដីប្រមាណ ៥ ហិកតា ដែលជាដីរបស់រដ្ឋនៅក្បែរភ្នំសន្ទុក ដើម្បីចូលរួមអភិរក្សសត្វព្រៃ និងទាក់ទាញភ្ញៀវទេសចរ ខណៈទីតាំងភូមិសាស្ត្រនៅខេត្តនេះមានអំណោយផលច្រើន។
លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍កាលពីថ្ងៃ ២០ មករា ថា នៅក្នុងខេត្តកំពង់ធំ គួរតែមានសួនសត្វមួយ ដូចសួនសត្វភ្នំតាម៉ៅ។ ម្យ៉ាងខេត្តនេះជាខេត្តនៅកណ្តាលប្រទេស និងមានសក្តានុពលទេសចរណ៍ និងជាខេត្តរបស់បងប្អូនឆ្លងកាត់មកពីសៀមរាប ភ្នំពេញ កំពង់ឆ្នាំង ក្រចេះ និងព្រះវិហារជាដើម។
លោក សុខ លូ បានបន្តថា គម្រោងបង្កើតសួនសត្វនេះមានការគាំទ្រពីរដ្ឋបាលព្រៃឈើដើម្បីបម្រើបងប្អូនពលរដ្ឋនៅក្នុងខេត្ត និងមកពីខេត្តផ្សេងទៀតដែលអាចចូលទស្សនាបានមុននឹងទៅទស្សនានៅខេត្តសៀមរាប ឬខេត្តផ្សេងៗ។
បើតាម លោក សុខ លូ គម្រោងនេះ គឺជាគម្រោងរបស់ខេត្តក្នុងការស្នើសុំវិនិយោគមិនមានក្រុមហ៊ុនណាមួយមកស្នើសុំនោះទេ ហើយរាល់ការចំណាយថវិកាប៉ុន្មានលើគម្រោងនេះ ក៏មិនទាន់មាននៅឡើយដែរព្រោះមិនទាន់សិក្សាលម្អិត។
លោកបានបញ្ជាក់ថា៖ «អត់មានក្រុមហ៊ុន ស្នើទៅរដ្ឋបាលព្រៃឈើដើម្បីធ្វើការវិនិយោគ ព្រោះការវិនិយោគលើសួនសត្វនេះ មិនមានឯកជនណាគេចូលរួមទេ...ជាគម្រោងរបស់រដ្ឋបាលខេត្តហើយគម្រោងនេះអាចចាយលុយច្រើនដែលគ្រោងរៀបចំនៅលើដីប្រមាណ ៥ ហិកតា»។
បើតាមលោក សុខ លូ ទិសដៅរបស់គម្រោងសួនសត្វនេះ គឺការចិញ្ចឹម និងអភិរក្សសត្វព្រៃ ពីព្រោះការមានតែភ្នំតាម៉ៅមួយមិនទាន់គ្រប់គ្រាន់នោះទេ ដែលទាមទារឱ្យមានច្រើនកន្លែងថែមទៀត។ ទោះជាយ៉ាងណា គម្រោងនេះមិនទាន់បានកំណត់ពេលចាប់ផ្តើមអនុវត្តទេ ព្រោះត្រូវការពេលសិក្សា និងពិភាក្សាគ្នាបន្តទៀត។
លោក ប៊ុន សុទ្ធី នាយកស្ដីទីខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំបានឱ្យដឹងកាលពីថ្ងៃទី ២០ មករាថា នេះជាបំណងរបស់លោក អភិបាលខេត្ត ក្នុងការបង្កើតសួនសត្វនេះ ក៏ប៉ុន្តែកំពុងស្ថិតក្នុងដំណាក់កាលសិក្សា និងមិនទាន់បានសម្រេចយ៉ាងណាទេ ព្រោះការងារនេះនៅវែងឆ្ងាយទៀត ហើយក៏មិនទាន់កំណត់ពីប្រភេទសត្វអ្វីខ្លះដែលត្រូវនាំយកមករក្សាទុកនៅក្នុងសួននេះដែរ។
លោកថ្លែងថា៖ «យើងកំពុងពិភាក្សានៅឡើយទេ ប៉ុន្តែបើមានអង្គការគេចង់សហការ យើងគិតមើលសិន ព្រោះវាស្ថិតនៅក្នុងដំណាក់កាលសិក្សា ព្រោះជាគំនិតរបស់ឯកឧត្តម សុខ លូ គាត់ចង់បានសួននេះយូរហើយទោះជាការបង្កើតនេះត្រូវការចាយលុយច្រើន»។
លោក ស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឱ្យដឹងដែរថា ខេត្តកំពង់ធំ គឺខេត្តមានសក្តានុពលទេសចរណ៍ប្រវត្តិសាស្ត្រ និងជាខេត្តឆ្លងកាត់របស់ពលរដ្ឋ ហើយបើមានផែនការបង្កើតសួនសត្វ គឺជាការល្អមួយថែមទៀតសម្រាប់ខេត្តនេះ។
លោកស្រីបានបញ្ជាក់ថា៖ «ពី ១ ឆ្នាំទៅ ១ ឆ្នាំ យើងតែងតែចង់បាននូវផលិតផលថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ហើយនៅពេលភ្ញៀវមកយកកុំឱ្យនាំភ្ញៀវទេសចរទៅមើលផលិតផលដដែលៗ។ ដូច្នេះ បើខេត្តនីមួយៗបង្កើតផលិតថ្មីៗដូចជាសួនសត្វ ឬសួនសិប្បនិមិត្តនឹងជួយលើកស្ទួយ និងទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុក»៕