
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ថ្លែងនាពេលកន្លងមក។ ហេង ជីវ័ន
ខេត្តកំពង់ស្ពឺជាខេត្តដំបូងគេ បន្ទាប់ពីរាជធានីភ្នំពេញ ដែលបានដាក់បម្រាមផ្អាកជាបណ្តោះអាសន្ននូវរាល់សកម្មភាពអាជីវកម្មនានារយៈពេល ២ សប្តាហ៍ ចាប់ពីម៉ោង ៨ យប់ ដល់ម៉ោង ៥ ព្រឹក ជាវិធានការ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩។
សេចក្តីណែនាំស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ដែលចុះហត្ថលេខាដោយអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង នៅថ្ងៃទី ២ ខែមេសានេះ បានឱ្យដឹងថា រដ្ឋបាលខេត្តកំពង់ស្ពឺ សូមដាក់ចេញវិធានការ រដ្ឋបាលបណ្តោះអាសន្នក្នុងការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ ១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលមានថិរវេលាអនុវត្តរយៈពេលពីរសប្តាហ៍ គិតចាប់ពីថ្ងៃទី ២ រហូតដល់ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២១។
សេចក្តីណែនាំបន្តថា៖ «សកម្មភាពអាជីវកម្មដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារចល័ត ហាងលក់ភេសជ្ជៈ (គ្រឿងស្រវឹង)។ល។ ដែលបើកបម្រើអតិថិជនទទួលទានត្រូវផ្អាកទទួលភ្ញៀវជាបណ្តោះអាសន្នចាប់ពីម៉ោង ៨ យប់ដល់ម៉ោង ៥ ទៀបភ្លឺជាកំហិត»។
សេចក្តីណែនាំបញ្ជាក់ទៀតថា៖ «ត្រូវផ្អាកជាបណ្តោះអាសន្នរាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្សច្រើន លើកលែងក្នុងករណីចាំបាច់»។
អាជ្ញាធរខេត្តកំពង់ស្ពឺសង្កត់ធ្ងន់ថា គ្រប់ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋទាំងឡាយណា ដែលមិនចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះ រដ្ឋបាលខេត្ត នឹងអនុវត្តវិធានការរដ្ឋបាលតាមផ្លូវច្បាប់ ដូចបានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។
ដោយឡែកនៅថ្ងៃនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើដល់លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចក្នុងការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស និងអនុប្រធានលោក ឃួង ស្រេង ត្រូវរៀបចំចាក់វ៉ាក់សាំងជូនដល់អ្នករកស៊ីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលកំពុងប្រឈមហានិភ័យខ្ពស់នៅរាជធានីភ្នំពេញ។
លោកបញ្ជាក់ថា៖ «កន្លងទៅខ្ញុំបានអនុញ្ញាតរួចហើយ ឱ្យប្រើវ៉ាក់សាំង ស៊ីណូហ្វាម ៤០ ម៉ឺនដូស ដើម្បីតម្រង់ឈ្មោះទៅរកអ្នកដែលមានហានិភ័យដូចជា អ្នករត់កង់បី តាក់ស៊ី និងអ្នករកស៊ីដទៃទៀតទាំងអ្នកលក់ត្រី បន្លែ នៅតាមផ្សារដែលហៅថា សេដ្ឋកិច្ចក្រៅប្រព័ន្ធ»។
ជាពិសេសនៅតាមទីផ្សារតែម្តង ត្រូវរៀបចំជាបន្ទាន់ទៅលើការចាក់ឱ្យអ្នកលក់ត្រី អ្នកលក់បន្លែ អ្នករកស៊ីដែលងាយរងផលប៉ះពាល់ងាយឆ្លង នៅតាមទីផ្សារឱ្យបានឆាប់រហ័ស ហើយធ្វើសកម្មភាពចាក់ឱ្យពួកគាត់ដូចដែលយើងបានធ្វើដូចកម្មករ និងក្រុមហ៊ុនប្រមូលសំរាមផងដែរ»។
លោកបន្តថា៖ «ឯកឧត្តម ឃួង ស្រេង ត្រូវតែធ្វើការប្រមូលបញ្ជីឈ្មោះ និងរៀបចំទីតាំងសម្រាប់ការចាក់វ៉ាក់សាំងជូនចំពោះប្រជាពលរដ្ឋដែលរស់នៅតាមផ្សារ អ្នកយាមផ្សារ ទាំងអ្នកធ្វើដំណើរដឹកជញ្ជូនបន្លែ.យ៉ាងហោចណាស់ចាក់បាន ២០ ម៉ឺននាក់ នៅទីក្រុងភ្នំពេញសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ នេះជាការណែនាំបន្ទាន់របស់ខ្ញុំ»៕