កំពតៈ រដ្ឋបាល​ខេត្តកំពត​បាន​សម្រេច​បង្កើត​គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផល​គ្រប់​ប្រភេទ​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត ដើម្បី​ជា​យន្តការ​មួយ​សម្រាប់​យកមក​​អនុវត្ត​លើ​ការគ្រប់គ្រង​ធនធាន​ជលផល និង​ការបង្ក្រាប​បទល្មើស​នេសាទ​នានា​ឱ្យ​រឹតតែ​​មាន​ប្រសិទ្ធភាព​។

លោក វិត វឌ្ឍនា អ្នកនាំពាក្យ​​រដ្ឋបាល​ខេត្តកំពត​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា ការបង្កើត​គណៈកម្មការ​នេះ​​នឹង​ត្រូវ​អនុវត្ត​តែ​ចំពោះ​បទល្មើស​ជលផល​មួយ​តែប៉ុណ្ណោះ​ ខណៈ​កន្លងមក​មន្ត្រីជលផល​បាន​អនុវត្ត​ទៅតាម​ច្បាប់​ជលផល​។ ​ប៉ុន្តែ​ចំពោះ​គណៈកម្មការ​នេះ រដ្ឋបាលខេត្ត​បាន​យកមក​ដាក់​នៅក្រោម​ឆត្រ​នៃ​គណៈបញ្ជា​ឯកភាព​ខេត្ត សម្រាប់​ធ្វើការ​គ្រប់គ្រង និង​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​។

លោក​បាន​ពន្យល់ថា គណៈកម្មការ​នេះ​នឹងត្រូវ​អនុវត្ត​ការងារ​​ទៅតាម​គោលការណ៍​សំខាន់ៗ​ចំនួន​ ៣ គឺ​ទី១- ​វិធានការ​ផ្សព្វផ្សាយ​អំពី​សម្ភារ​ដែល​ត្រូវ​ប្រើប្រាស់​សម្រាប់​នេសាទ និង​តំបន់​ណា​ដែល​ត្រូវ​ហាម​ (​អភិរក្ស​) ​និង​អនុញ្ញាត​ ដើម្បី​ឱ្យ​ប្រជានេសាទ​បាន​យល់​។ ​ទី​២- ​អប់រំ​ណែនាំ​ដល់​ប្រជានេសាទ​ណា​ដែល​បាន​ប្រព្រឹត្ត​ផ្ទុយ​ទៅ​នឹង​ការណែនាំ និង​ផ្សព្វផ្សាយ​ព្រមទាំង​ធ្វើ​កិច្ចសន្យា និង​ទី​៣- អនុវត្ត​វិធានការ​ច្បាប់​។

លោក វិត វឌ្ឍនា បានបញ្ជាក់​​ថា​៖ «​យើង​បង្កើត​គណៈកម្មការ​​នេះ​មិនមែន​យើង​ធ្វើ​តែ​នៅក្នុង​ដែនសមុទ្រ​ទេ ក្នុងន័យនេះ​យើង​អនុវត្ត​ទាំង​ដែនសមុទ្រ និង​ទឹកសាប ថ្វីបើ​ខេត្តកំពត​មិនសូវមាន​ទឹកសាប ប៉ុន្តែ​ក៏​នៅមាន​​ការប្រើប្រាស់​ឧបករណ៍​ឆក់​នៅ​​តាម​បណ្តា​បឹង និង​ស្រុក​មួយចំនួន​ដែលមាន​ទឹកសាប​»​។

លោក​ ចាន់ រិទ្ធិ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពត បានឱ្យដឹង​ដែរ​ថា ការបង្កើត​គណៈកម្មការ​នេះ​គឺ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​លើ​​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផល​។ ម្យ៉ាងទៀត​​សម្រាប់​ជួយ​ដល់​កម្លាំង​ជលផល​​ខេត្ត ខណៈ​បច្ចុប្បន្ន​មាន​មន្ត្រី​ត្រឹមតែ​ចំនួន​ ១០ ​នាក់ ដែល​ពិបាក​ចុះទៅ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​។

បើតាម លោក ចាន់ រិទ្ធិ ដោយ​មើលឃើញ​ពី​ស្ថានភាព​នេះ ទើប​បាន​លោក ជាវ តាយ អភិបាល​ខេត្តកំពត​បង្កើត​គណៈកម្មការ​នេះ​ឡើង​ដោយ​មាន​ការចូលរួម​ពី​កម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ សហការ​គ្នា​ចុះទៅ​ទប់ស្កាត់ និង​បង្ក្រាប​ក្នុងករណី​មាន​បទល្មើស​ជលផល​ណាមួយ​កើតឡើង​។

លោក​បាន​រំពឹងថា ក្រោម​ការដឹកនាំ​របស់លោក ជាវ តាយ ដែល​ជា​ប្រធាន​គណៈបញ្ជាការ​​ឯកភាព​ខេត្ត​នឹង​ពង្រឹង​ឱ្យមាន​កិច្ចសហការ​រវាង​នគរបាល​ជើង​ទឹក និង​នគរបាល​លម្ហសមុទ្រ​ដែលមាន​នៅក្នុង​គណៈកម្មការ​នេះ ដើម្បី​រួមគ្នា​ទប់ស្កាត់​បទល្មើស​នេសាទ ជាពិសេស​នៅក្នុង​តំបន់ស​នៅ​​ជិត​កោះត្រល់ ដែល​តែងមាន​បទល្មើស​ជា​ញឹកញាប់​ដោយសារ​តំបន់​នេះ​មាន​ទឹកជ្រៅ​ និង​សម្បូរ​ត្រី​ធំៗ ។

លោក ចាន់ រិទ្ធ បាន​ថ្លែងថា​៖ «​ជនជាតិ​ភាគតិច​ (​ចាម​) ​របស់​​យើង គាត់​ឧស្សាហ៍​ទៅ​នេសាទ​តំបន់​នេះ ហើយ​វៀតណាម​ក៏​ចូលចិត្ត​ទៅ​ទីនោះ​ដូចគ្នា តែងតែ​មាន​ការឈ្លោះ​គ្នា​នៅក្នុង​តំបន់​នេះ ហើយ​បើ​យើង​មាន​គណៈកម្មការ​ថ្មី​នេះ​នឹង​អាច​ដោះស្រាយបាន​»​។

យ៉ាងណាក្ដី លោក ចាន់ រិទ្ធ មិនបាន​បញ្ជាក់​ពី​ចំនួន​ករណី​បទល្មើស​នេសាទ​ក្នុង​ខេត្ត​នេះ​ដែល​មន្ត្រី​បាន​បង្ក្រាប និង​ទប់ស្កាត់​ថា មាន​ប៉ុន្មាន​នោះទេ សម្រាប់​ដើមឆ្នាំ​នេះ ដោយសារ​លោក​មិនមាន​របាយការណ៍​នៅក្នុង​ដៃ​។ ប៉ុន្តែ​លោក វិត វឌ្ឍនា ឱ្យ​ដឹងថា ក្នុង​រយៈពេល​ ៣ ​ខែ​ដើម​ឆ្នាំនេះ​មាន​ការបង្ក្រាប​បាន​ខ្ទង់រយ​ករណី​។

លោក នាក់ សេន ប្រធាន​សហគមន៍​នេសាទ​ឃុំ​ត្រើយកោះ ស្រុក​កំពង់បាយ ខេត្តកំពត ឱ្យ​ដឹងថា បទល្មើស​នេសាទ​ក្នុង​ខេត្តកំពត​នៅតែ​មាន ដោយ​មិនសូវ​មាន​អាជ្ញាធរ​ចុះបង្ក្រាប​ទេ ជាពិសេស​ករណី​ឆក់ ។

លោក​បាន​បន្តថា កន្លងមក​អាជ្ញាធរ​ក៏​មាន​ការទប់ស្កាត់​​ និង​បង្ក្រាប​ខ្លះ​ដែរ ប៉ុន្តែ​ត្រូវបាន​ដោះលែង​ជនល្មើស​វិញ ដោយ​ពុំមាន​ការពិន័យ ឬ​ដាក់ទោស​ទណ្ឌ​អ្វី​ទេ ហើយ​ជនល្មើស​នៅ​​តែ​ប្រព្រឹត្ត​ធ្វើ​ឡើងវិញ​ដដែល​។

ទោះជា​យ៉ាងណា លោក នាក់ សេន បាន​ស្វាគមន៍​ចំពោះ​ការបង្កើត​គណៈកម្មការ​បង្ក្រាប​ និង​ទប់ស្កាត់​នូវ​បទល្មើស​ជលផល​នេះ ដោយ​រំពឹង​ថា ការបង្ក្រាប​នឹងមាន​ប្រសិទ្ធភាព​ជាង​​មុន​។ ​ក៏ប៉ុន្តែ​លោក​ថា បើ​មន្ត្រី​​ថ្នាក់ក្រោម​មិនបាន​យកចិត្ត​​ទុកដាក់​អនុវត្ត​ទេ​ក៏​គ្មាន​បាន​ផល​អ្វី​ដែរ ។

លោក​ថា​៖ «​ថ្នាក់​ខេត្ត ដែល​​មាន​ឯកឧត្តម ជាវ តាយ គួរ​ចុះ​​មក​សួរនាំ​ប្រជា​នេសាទ​ដោយ​​ផ្ទាល់​ថា តើ​បទល្មើស​នេសាទ​ហ្នឹង​មាន​អត់​? ​ហើយ​នៅ​ម្តុំ​ណា​​ និង​ជួប​ការលំបាក​អត់​ទើប​ដោះស្រាយ​បាន​។ ​ពីមុន​អ្នកនេសាទ​​រកចំណូល​បាន​ចំនួន​ ៥ ​ម៉ឺន​រៀល ​ក្នុង​ ១ ​ថ្ងៃ ប៉ុន្តែ​ឥឡូវ​រកតែ​ ២ ​ម៉ឺន​រៀល​មិន​ទាំង​បាន​ផង ដោយសារ​តែ​មាន​អ្នកនេសាទ​ខុសច្បាប់​ច្រើន​»​។

បើតាម​លោក នាក់ សេន បទល្មើស​នេសាទ​ខុសច្បាប់​ភាគច្រើន​កើតឡើង​ ដោយ​អ្នកសាទ​មកពី​ខេត្ត​កែប និង​មកពី​ប្រទេស​វៀតណាម ដោយ​ពួកគេ​បាន​ប្រើ​ឧបករណ៍​ឆក់ និង​អូស​គូ ហើយ​បាន​ចូលមក​អូស​ដល់​ព្រំដែន​សមុទ្រ​កម្ពុជា​​ហើយក៏​គ្មាន​ការបង្ក្រាប​ដែរ​ដែល​ធ្វើឱ្យ​បទល្មើស​មាន​ភាពអនាធិបតេយ្យ​៕