ភ្នំពេញៈ ខេត្ដ​មួយចំនួន​ដែល​កំពុង​មាន​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ១៩ ក្នុង​សហគមន៍ នៅ​បន្ត​អនុវត្ដ​វិធានការ​បិទខ្ទប់​ទីតាំង​មួយចំនួន ដើម្បី​ទប់ស្កាត់​ និង​កាត់ផ្ដាច់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ ចូលក្នុង​សហគមន៍។

ជាមួយ​គ្នា​នេះ ពលរដ្ឋ​ចំណូល​ថ្មី ដែល​ទៅក្នុង​ភូមិសាស្ដ្រ​ខេត្ដ​នីមួយៗ​នឹងត្រូវ​ធ្វើតេស្ត​តាមរយៈ​ឧបករណ៍​ធ្វើតេស្ត​រហ័ស​រក​មេរោគ​កូវីដ ហើយ​បើ​ទៅ​ពី​តំបន់​ក្រហម​នឹង​ត្រូវ​ធ្វើ​ចត្ដាឡីស័ក។

លោក វ៉ី សំណាង អភិបាល​ខេត្ត​កំពង់ស្ពឺ​នៅ​ថ្ងៃទី ៨ ខែឧសភា បានចេញ​សេចក្ដី សម្រេច​ស្ដីពី​ការបិទខ្ទប់​ជា​បណ្ដោះអាសន្ន​ផ្នែក​ខាងត្បូង និង​ផ្នែក​ខ្លះ​នៃ​ផ្លូវ​ចូល​ភូមិ​បាំងណា ឃុំ​ជង្រុក ស្រុក​គងពិសី ដែលមាន​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩។

សេចក្ដី​សម្រេច​បញ្ជាក់ថា ទីតាំង​ខាងលើ​នេះ​ត្រូវ​បិទខ្ទប់​រយៈពេល ២ សប្ដាហ៍ គិត​ចាប់ពី​ថ្ងៃទី ៦ ដល់​ថ្ងៃទី ២០ ឧសភា ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ ទៅក្នុង​សហគមន៍ និង​តំបន់​ផ្សេងទៀត។

ក្រៅពី​ការបិទខ្ទប់ រដ្ឋបាលខេត្ត​កំពង់ស្ពឺ​បាន​កំណត់​ឲ្យ​បុគ្គល​គ្រប់រូប​មាន​កាតព្វកិច្ច​ត្រូវអនុវត្ត វិធានការ​សុខាភិបាល រួមមាន​ការពាក់​ម៉ាស់ និង​ការរក្សា​គម្លាត​សុវត្ថិភាព ព្រមទាំង​ប្រកាន់​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ការធ្វើ​អនាម័យ ដើម្បី​សម្លាប់​មេរោគ និង​ការវាស់កម្ដៅ ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ១៩។

លោក​អភិបាលខេត្ដ​ឱ្យដឹងថា នៅ​ថ្ងៃទី ៩ ខែឧសភា នេះ ខេត្តកំពង់ស្ពឺ​មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូវីដ១៩ ចំនួន ៦ នាក់​ក្នុង​ចំណោម​អ្នក​វិជ្ជមាន​សរុប ១០៦ នាក់។

លោក​ថ្លែងថា៖​ «ខ្ញុំ​សូម​សំណូមពរ​ដោយ​ទទូច​សូមឱ្យ​បងប្អូន​យើង​ដែលជា​សះ ស្បើយ​នៅ​ថ្ងៃនេះ​បន្តធ្វើ​ចត្តាឡីស័ក​នៅផ្ទះ​របស់ខ្លួន​ឯង​រយៈពេល ១៤ ថ្ងៃ​ជា​កំហិត និង​សូម​ត្រឡប់មក​យក​សំណាក​វិញ​នៅ​ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២១ នេះ​ម្ដងទៀត»។

ខេត្តសៀមរាប​នៅ​ថ្ងៃទី ៨ ខែឧសភា បាន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ១៩​​ថ្មី ចំនួន ៤ នាក់ និង​អ្នកជា​សះស្បើយ​ពី​ជំងឺ​នេះ​ចំនួន ៣ នាក់។

រដ្ឋបាល​ខេត្ដ​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី ៨ ខែឧសភា មាន​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ១៩ ចំនួន ៦៨ នាក់ បាន​ព្យាបាល​ជាសះស្បើយ​ចំនួន ២០ នាក់ ស្លាប់ ១ នាក់ និង ៤៧ នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​សៀមរាប។

រដ្ឋបាល​ខេត្តសៀមរាប​កាលពី​ថ្ងៃទី ៦ ខែ​ឧសភា ក៏បាន​សម្រេច​បិទខ្ទប់​ការចេញ-ចូល​ជា​បណ្ដោះអាសន្ន​តាម​កំណាត់​ផ្លូវ ១ ខ្សែ​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ ៦ ទៅមុខ​ភោជនីយដ្ឋាន​រាជិនី ស្ថិតនៅ​ភូមិ​ដកពោធិ៍ ចាប់ពី​ថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២១ តទៅ រហូតដល់​មាន​ការជូនដំណឹង​ថ្មី​ពី​រដ្ឋបាល​ខេត្ដ។

ការបិទខ្ទប់​នេះ​ធ្វើឡើង​ក្រោយពី​រយៈពេល ២ ថ្ងៃ​គឺ​ថ្ងៃ ទី ៤ ដល់​ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២១ មាន​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ១៩ ចំនួន ៩ នាក់​ដែល​រស់​នៅតាម​បណ្ដោយ​ផ្លូវ​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ ៦ ទៅដល់​មុខ​ភោជនីយដ្ឋាន​រាជិនី ក្នុងភូមិ​ដកពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប។

រដ្ឋបាល​ខេត្ដ​បញ្ជាក់ថា អ្នកធ្វើ​ដំណើរ​ចូល​ភូមិសាស្ត្រ​ខេត្តសៀមរាប ត្រូវ​ចូលរួម​ពិនិត្យ​សុខភាព​បឋម និង​ស្រង់​ទិន្នន័យ​ក្នុង​ករណី​សង្ស័យថា មាន​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ១៩ នឹង​ត្រូវយក​សំណាក ឬ​ធ្វើ​ចត្តាឡីស័ក អាស្រ័យ​ទៅតាម​ការណែនាំ​របស់​មន្ត្រី​សុខាភិបាល។

នៅឯ​ខេត្ត​តាកែវ វិញ លោក​ អ៊ូច ភា អភិបាលខេត្ត​នេះ​នៅ​ថ្ងៃទី ៩ ខែឧសភា បានចេញ​សេចក្ដី​សម្រេច​ឱ្យ​ផ្អាក​ការលក់ដូរ​បណ្ដោះអាសន្ន​នៅ​ផ្សារយាយត្រប់ នៅ​ភូមិ​ថ្មី ឃុំ​រវៀង ស្រុក​សំរោង ដែល​ជា​តំបន់​មាន​អ្នក​វិជ្ជមាន​កូវីដ១៩ បាន​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ច្រើន​នាក់។

ផ្សារ​នេះ​ត្រូវបាន​សម្រេច​ឱ្យ​បិទ​ដំណើរការ​ជា​បណ្ដោះអាសន្ន​ចាប់ពី​ថ្ងៃទី ៩ ខែឧសភា​នេះ រហូត​ដល់​មានការ​ជូនដំណឹង​ជាថ្មី។

រដ្ឋបាល​ខេត្ដ​តាកែវ​បញ្ជាក់ថា អាជីវករ​លក់ដូរ​នៅក្នុង​ផ្សារ​នេះ​ទាំងអស់​មាន​កាតព្វកិច្ច​ផ្តល់​វត្ថុ​សំណាក​ទៅ​វិភាគ​រក​មេរោគ​កូវីដ១៩ ដល់​មន្ត្រី​សុខាភិបាល។ ក្រុម​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​នឹង​ចុះ​យក​សំណាក​ពី​អាជីវករ​ទាំងអស់​នៅ​ថ្ងៃទី ៩ ខែឧសភា វេលា​ម៉ោង ១២:០០ នាទី នៅ​សាលា​ដំណាក់​ភូមិ​ថ្មី ឃុំ​រវៀង ស្រុក​សំរោង។

ក្នុងករណី​ពលរដ្ឋ​ខកខាន​មិនបាន​ទៅ​ផ្តល់​វត្ថុ​សំណាក​តាម​កាលកំណត់​ខាងលើ​ត្រូវ​ទៅ​ផ្តល់​សំណាក​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យបង្អែក​ដែល​នៅ​ជិត​លំនៅឋាន​របស់ខ្លួន។

លោក សឿម ប៊ុនរិទ្ធិ អ្នកនាំពាក្យ រដ្ឋបាលខេត្ត​បាត់ដំបង ឯណោះ​វិញ នៅ​ថ្ងៃទី ៩ ខែឧសភា​នេះ​បាន​ឱ្យ​ដឹងថា​បច្ចុប្បន្ន​ខេត្ដ​បាត់ដំបង​មាន​ការបិទខ្ទប់​ទីតាំង​ឱសថស្ថាន​ឯកជន​មួយ​នៅ​ស្រុក​ភ្នំព្រឹក។

លោក​ឱ្យដឹងថា ចាប់តាំងពី​មាន​ការផ្ទុក​ជំងឺ​កូវីដ១៩​ខេត្ត​បាត់ដំបង​មាន​អ្នកជំងឺ​កូវីដ១៩ ចំនួន ៤២ នាក់​ក្នុង​នោះ​ព្យាបាល​ជាសះស្បើយ​ចំនួន ២៩ នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន ១៣ នាក់ និង​ពុំមាន​ករណី​ស្លាប់​ឡើយ។

ក្រោយពី​ការបញ្ចប់​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី ៦ ខែឧសភា ឈាន​ចូលដល់​ថ្ងៃទី ៧ ខែឧសភា មាន​ពលរដ្ឋ​មកពី​រាជធានី​ភ្នំពេញ​ចូល​ខេត្ដ​បាត់ដំបង​ចំនួន ៥ នាក់ បាន​រកឃើញ​វិជ្ជមាន​ជំងឺ​កូវីដ១៩។

លោក​បាន​ថ្លែងថា៖ «បច្ចុប្បន្ន​យើង​បន្ត​អនុវត្ដ​វិធានការ​ធ្វើតេស្ដ​រហ័ស ចំពោះ​ពលរដ្ឋ​ចំណូល​ថ្មី​ក្នុង​ភូមិសាស្ដ្រ​ខេត្ដ​បាត់ដំបង។ ក្រៅពីនេះ​យើង​បាន​សហការ​ជាមួយ​ពលរដ្ឋ​នៅ​មូលដ្ឋាន។ បើសិនជា​ទទួល​បាន​ដំណឹង​អំពី​ពលរដ្ឋ​ចំណូល​ថ្មី​ហើយ​សង្ស័យ​មាន​ពាក់ព័ន្ធ​ជំងឺ​កូវីដ១៩ ត្រូវ​ជូនដំណឹង​មក​អាជ្ញាធរ​ ដើម្បី​ចុះទៅ​យក​សំណាក​ធ្វើតេស្ត​រក​មេរោគ​កូវីដ១៩»។

ចំណែក លោក ឈៀង សុវណ្ណរ៉ា អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ដ​ព្រៃវែង​បានឱ្យដឹងថា បច្ចុប្បន្ន​ក្នុង​ភូមិសាស្ដ្រ​ខេត្ដ​ព្រៃវែង​មិនមាន​ទីតាំង​ដែល​ត្រូវ​បិទ​ខ្ទប់​ទៀត​ទេ។

លោក​បានឱ្យ​ដឹងថា ចាប់តាំងពី​មាន​ករណី​រកឃើញ​វិជ្ជមាន​ជំងឺ​កូវីដ១៩ ដំបូង​ចូល​ខេត្ដ​កាលពី​ខែមេសា​ឆ្នាំ ២០២១ ដល់​ថ្ងៃទី ៨ ខែឧសភា​នេះ ខេត្ដ​ព្រៃវែង មាន​ករណី​វិជ្ជមាន​កូវីដ១៩ ចំនួន ៨៧ នាក់​ក្នុង​នោះបាន​ព្យាបាល​ជាសះស្បើយ​ចំនួន ៧៨ នាក់ និង​មាន​ករណី​ស្លាប់​ចំនួន ៣ នាក់។

លោក​ថ្លែងថា៖ «ចំពោះ​ប្រជាពលរដ្ឋ​ដែល​ឆ្លងកាត់​ខេត្តព្រៃវែង គឺ​ឆ្លងកាត់​បាន​ធម្មតា ចំពោះ​ប្រជាពលរដ្ឋ​ដែល​ចូលមក​កាន់​ទឹកដី​ខេត្ត​ព្រៃវែង ក៏​ចូលមក​ធម្មតា ដោយ​ត្រូវ​អនុវត្តតាម​វិធាន​សុខាភិបាល ៣ការពារ ៣កុំ។ ក្នុងករណី​បងប្អូន​មកពី​តំបន់​ក្រហម តំបន់​ផ្ទុះ ឬ​បងប្អូន​មាន​រោគសញ្ញា​គួរ​ឲ្យ​សង្ស័យ អាជ្ញាធរ​នឹង​យក​បងប្អូន​មក​ធ្វើ​ចត្តាឡីស័ក ១៤ ថ្ងៃ និង​ពិនិត្យ​សំណាក»៕