ភ្នំពេញៈ ថ្នាក់ដឹកនាំ​នៃ​បណ្តា​ខេត្ត​ជាច្រើន​បានចេញ​សេចក្តី​ណែនាំ​ពី​ការអនុវត្ត​នូវ​វិធានការ​រដ្ឋបាល ដើម្បី​ទប់ស្កាត់​ការឆ្លងរាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​ ក្នុង​រយៈពេល​ ២ ​សប្តាហ៍​ដូចគ្នាៗ ហើយ​ក្នុង​នោះ​គ្រប់​ខេត្ត​ទាំងអស់​គឺ​ហាម​ការធ្វើដំណើរ​ចេញ​ក្រៅផ្ទះ និង​ចៀសវាង​ការធ្វើដំណើរ​ឆ្លងកាត់​រាជធានី-ខេត្ត​បើ​មិន​ចាំបាច់​ទេនោះ​។

រដ្ឋបាលខេត្ត​ព្រៃវែង​នឹង​ចាប់ផ្តើម​អនុវត្ត​វិធានការ​រដ្ឋបាល​ចាប់ពី​ថ្ងៃទី​ ៦ ដល់ទី​ ១៨ ខែ​មេសា​ តទៅ​ដែល​ក្នុងនោះ​ថ្នាក់ដឹកនាំ​ខេត្ត​នេះ​បាន​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ធ្វើការ​ជួបជុំ​ក្រុមគ្រួសារ​តាម​គេហដ្ឋាន​រៀងៗ​ខ្លួន​ចៀសវាង​ធ្វើដំណើរ​ចេញ​ក្រៅ​បើ​មិនចាំបាច់ និងការធ្វើ​ដំណើរ​ឆ្លងខេត្ត​ផងដែរ​។

លិខិត​របស់​រដ្ឋបាល​ខេត្ត​ព្រៃវែង​បាន​ឱ្យ​ដឹងថា៖ «​ត្រូវ​ចៀសវាង​នូវ​ការធ្វើដំណើរ​មិនចាំបាច់​ទៅ​កាន់​ ឬ​ចេញ-ចូល​តំបន់ ឬ​ទីកន្លែង​ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ដែល​កំណត់ដោយ​ក្រសួង​សុខាភិបាល និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​»​។

មួយវិញ​ទៀត​ប្រជាពលរដ្ឋ​ណា​ដែល​មាន​សមាជិក​មក​ពី​បណ្តា​រាជធានី​-​ខេត្ត ដែល​កំពុង​មាន​ការរីករាលដាល​ជំងឺ​កូវីដ ​១៩ ​ត្រូវរាយការណ៍ជូន​អាជ្ញាធរ​មូលដ្ឋាន​របស់ខ្លួន ដើម្បី​មាន​វិធានការ​គ្រប់គ្រង បង្ការ និង​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​ នៅក្នុង​មូលដ្ឋាន​។

ចំណែក​អភិបាលខេត្ត​កំពង់ចាម​លោក​ អ៊ុន ចាន់ដា ក៏បាន​ដាក់​កំហិត​នូវ​ការអនុវត្ត​វិធានការ​រដ្ឋបាល​ផងដែរ ដោយ​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​ ៨ ដល់​ថ្ងៃទី​ ២១ ខែមេសា ដែល​ក្នុងនោះ​លោក​បាន​បញ្ជា​ឱ្យ​គណៈបញ្ជាការ ឯកភាព​រដ្ឋបាល​ក្រុង-ស្រុក​ និង​ឃុំ-សង្កាត់​ត្រូវ​ក្តាប់​មុខសញ្ញា​អ្នក​ចំណូលស្រុក​មកពី​តំបន់​មាន​ហានិភ័យ​តម្រូវ​ឱ្យ​អនុវត្ត​វិធានការ​ចត្តាឡីស័ក​រយៈពេល​ ១៤ ​ថ្ងៃ​ជា​កំហិត​។

លោក​បាន​បន្ថែមថា សម្រាប់​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ និង​កែច្នៃ​ទូទាំង​ខេត្ត​ចាប់ពី​ថ្ងៃទី​ ៨ ដល់ទី​ ២១ ​មេសា​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​រួមទាំង​ការជួបជុំ​ប្រមូលផ្តុំ​មនុស្ស​ច្រើន​ក្នុង​ពិធីជប់លៀង​កម្សាន្ត​សប្បាយ​នានា​នៅតាម​គេហដ្ឋាន កន្លែងធ្វើការ និង​ក្រុមហ៊ុន​ឯកជន​ជាដើម​។

ដូចគ្នា​នេះ​ដែរ លោក​ អ៊ំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​មិន​បាន​កំណត់​ពី​រយៈពេល​នៃ​ការអនុវត្ត​វិធាន​រដ្ឋបាល​ទេ ប៉ុន្តែ​លោក​បានចេញ​សេចក្តីណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​អនុវត្តន៍​វិធានការ​ ៣ ​ការពារ និង​ ៣ ​កុំ​ព្រម​ជាមួយ​នឹង​វិធានការ​សុខាភិបាល​ចាំបាច់​ផ្សេងទៀត សំដៅ​បង្ការ​ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​ ឱ្យបាន​ខ្ជាប់ខ្ជួន និង​គ្រប់ៗ​គ្នា​។

នៅ​ខាង​ខេត្ត​ព្រះវិហារ​វិញ​អភិបាល​ខេត្ត​លោក​ ប្រាក់ សុវណ្ណ ក៏បាន​ដាក់​កំហិត​ចំពោះ​ប្រជាពលរដ្ឋ​ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ ឬ​ចេញចូល​តំបន់​ ឬ​ទីកន្លែង​ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​ជំងឺ​នេះ​ដោយ​អាជ្ញាធរ​នឹង​ធ្វើការ​អនុវត្ត​ចត្តាឡីស័ក​ ១៤ ​ថ្ងៃ​ដល់​អ្នក​ទាំងនោះ​។

ចំពោះ​ខេត្តស្វាយរៀង​វិញ លោក​អភិបាលខេត្ត ម៉ែន វិបុល បានកំណត់​ការអនុវត្ត​វិធាន​រដ្ឋបាល​រយៈពេល​ ១២ ​ថ្ងៃ ​គឺ​ចាប់ពី​ថ្ងៃទី​ ៧ ដល់ទី​ ១៨ ខែ​មេសា ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​នេះ​។ លោក​ថា ថិរវេលា​នេះ​អាច​ត្រូវ​សម្រេច​បន្ត​ ឬ​បញ្ចប់​មុន​ថិរវេលា​កំណត់​តាម​ការជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​ស្វាយរៀង​។

ជាមួយ​គ្នា​នេះដែរ លោកស្រី ឱ វណ្ណឌីន អ្នក​នាំ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​នៅ​ទូទាំង​ប្រទេស​បាន​លើកឡើង​ផងដែរ​ថា លោកស្រី​មាន​ការបារម្ភ ពិសេស​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​ដែល​នឹងមាន​ប្រជាពលរដ្ឋ​ខ្លះ​អាច​នឹង​ចល័ត​ពីមួយ​កន្លែង​ទៅមួយ​កន្លែង​ទៀត​។

«​នៅពេល​ឈប់សម្រាក​បងប្អូន​ប្រជាពលរដ្ឋ​តែងតែ​ជួបជុំគ្នា ពិសេស​អ្នក​នៅ​ភ្នំពេញ​នឹង​ត្រឡប់​ទៅកាន់​ស្រុកកំណើត​ដែល​ខ្ញុំ​សុំឱ្យ​មាន​ការពិចារណា​ឱ្យ​បាន​ច្បាស់លាស់​ក្នុង​ការសម្រេចចិត្ត​ទៅ​ជួបជុំ​បងប្អូន​នៅ​ស្រុកកំណើត​»​។ អ្វី​ដែល​ជា​ការព្រួយបារម្ភ​គឺ​លោកស្រី​ខ្លាច​តែ​ក្រោយ​ការឈប់​សម្រាក​ហើយ ខេត្ត​ដែល​មិនទាន់មាន​ការឆ្លង​ជំងឺ​កូវីដ​ ១៩ បែរជា​ផ្ទុះ​នូវ​ការឆ្លង​វីរុស​នេះ​៕

វីដេអូ៖