ភ្នំពេញៈ អាជ្ញាធរ​ខេត្ត​នៃតំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ​បន្តចុះ​ផ្សព្វ​ផ្សាយ​អប់រំ ​និង​បំផុស​ចលនា​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យ​ចូលរួម​ការ​ពារ​ទប់​ស្កាត់​ការទន្ទ្រាន​កាន់​កាប់​ដី​សាធារណៈ ​ដែលរួម​មាន ​ដី​ចំណី​ឆ្នេរ​ ដី​ចំណី​ដៃ​សមុទ្រ ​ស្ទឹង​ ព្រែក​ និង​ផ្លូវទឹក​ដែល​តភ្ជាប់​ទៅនឹង​សមុទ្រ​ដើម្បី​ឈានទៅ​រក​ការលុបបំបាត់​បញ្ហា​វិវាទ​ដីធ្លី ​និង​ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើងនូវ​សោភណភាព​ បរិស្ថាន​ធម្មជាតិ​នៃ​តំបន់​ឆ្នេរ​នៅ​កម្ពុជា។

យុទ្ធនាការ​ដើម្បី​ការពារ​អចលនទ្រព្យ​សាធារណៈ​របស់រដ្ឋ​ខាងលើនេះ ​បានធ្វើ​ឡើង​បន្ទាប់​ពី​លោក ​ជា សុផា​រ៉ា ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម​ និង​សំណង់ ​និងជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​ និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​ ចេញ​លិខិត​មួយ​ច្បាប់​ចុះថ្ងៃ​ទី២៥ ​ខែ​មករា ​ឆ្នាំ ២០១៩ ​ដោយបាន​ជំរុញឲ្យ​គណៈ​អភិបាល​ខេត្ត​នៃ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​ទាំង ៤​ រួម​មាន​ខេត្ត​ព្រះ​សីហនុ ​កោះកុង​ កំពត ​និងខេត្ត​កែប ​ត្រូវបង្កើន​ការងារ​អនុវត្ត​សារាចរ​ណែនាំ​លេខ ០១​ របស់​​រដ្ឋាភិបាល​ស្ដី​ពី​ការ​អភិ​វឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជាឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។

លោក ​អន ភារៈ ​អភិបាល​រង​ខេត្ត​កោះកុង ​និង​ជា​ប្រធាន​ក្រុមការងារ​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​ខេត្ត​កោះកុង ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍កាលពីម្សិលមិញ​ថា ​ដើម្បីលើក​កម្ពស់ ​ប្រសិទ្ធភាព​នៃ​ការគ្រប់​គ្រង​ ការពារ​ និង​អភិរក្ស ​បឹង ​ស្ទឹង ​ព្រែក ​អូរ ​និង​ផ្លូវទឹក​ដែល​តភ្ជាប់​ទៅនឹង​សមុទ្រ​នៃ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​ប្រកប​ដោយ​ចីរភាព​ អាជ្ញាធរ​ខេត្ត​បាន​ផ្សព្វផ្សាយ​ និង​បំផុស​ចលនា​ប្រជា​ពល​រដ្ឋ​នៅតាម​មូលដ្ឋាន​ឲ្យចូលរួម​ការពារ​ និងទប់​ស្កាត់ ​នូវ​រាល់​បទល្មើស​នៃការ​ទន្ទ្រាន​កាន់​កាប់​ដី​សាធា​រ​ណៈ​របស់​រដ្ឋ​ខាង​លើនេះ ​ តាមរយៈ​ការចាក់​ដី ​និងការកាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​ ក្នុង​តំបន់​ទាំង​នោះ។

លោក​ថ្លែងថា​៖ «សម្រាប់​ខេត្ត​កោះកុង​យើង​ គឺ​បាន​និងកំពុង​បំផុស​ចលនា​ប្រជាពលរដ្ឋ​ឲ្យ​ចូល​រួម​ការពារ ​និង​ទប់​ស្កាត់​នូវ​បញ្ហា​ទាំងនេះ ​ខណៈ​មន្ទីរ​និង​អង្គភាព​ពាក់​ព័ន្ធ​រួមទាំង​អាជ្ញាធរ​មូលដ្ឋាន ​បាននិង​កំពុង​បន្ត​ឃ្លាំ​មើល ​និង​បង្ក្រាប​ជា​ប្រចាំ​នូវ​រាល់​សកម្មភាព​នៃ​បទល្មើស ​ពិសេស ​ការរំលោភ​បំពាន​ដី​រដ្ឋ​យក​ធ្វើ​ជាកម្មសិទ្ធិ​ឯកជន​ដោយ​ខុស​ច្បាប់​ តាមរយៈ​ការ​កាប់​រាន​ដី​ព្រៃ​លិច​ទឹក ​[ព្រៃ​កោងកាង] ការចាក់​ដី​លុប​បឹងបួ ​ស្ទឹង ​ព្រែក ​និង​ប្រព័ន្ធ​ផ្លូវ​ទឹក​មួយចំនួន​ជាប់​ដៃ​សមុទ្រ»។

ដោយឡែក​អាជ្ញាធរ​ខេត្ត​កែប​និង​ខេត្ត​កំពត​ក៏កំពុង​មមាញឹក​នៅក្នុង​យុទ្ធនាការ​ចុះ​ផ្សព្វផ្សាយ​អប់​រំ និង​បំផុស​ចលនា​ពល​រដ្ឋ​ឲ្យចូលរួម​នៅ​ក្នុង​កិច្ចការពារ​ និង​អភិរក្ស​នូវ​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​ឆ្នេរ ​ដោយបាន​ធ្វើ​ការដាំដុះ​ឡើងវិញ​នូវ​ព្រៃ​កោង​កាង​រាប់​​ពាន់​ហិកតា​ និងជួយ​ការពារ​ទប់​​​​ស្កាត់​នូវ​ចលនា​ទន្ទ្រាន​កាន់​កាប់​ដី​សាធារណៈ​របស់​រដ្ឋ​ផង​ដែរ ​បើទោះ​ជា​សកម្ម​ភាព​នៃ​ការកាប់​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​ជាប់​មាត់​ឆ្នេរ ​និងការចាក់​ដី​រំលោភ​ដី​ចំណី​ឆ្នេរ​សមុទ្រ​ ឬ​ដី​ចំណី​បឹង​ ព្រែក​ ស្ទឹង​ និង​ប្រព័ន្ធ​ផ្លូវ​ទឹក​នានា​ជាប់​ដៃ​សមុទ្រ​ដើម្បី​យកមក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ដោយ​ខុស ច្បាប់​ នៅ​មិនទាន់​កើតមាន​ឡើង​ជា​ដុំ​កំភួន​ក្ដី។

លោក ​កែន សត្ថា ​អភិបាល​ខេត្តកែប​ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ មិ្សលមិញថា ​បញ្ហា​រំលោភបំពាន​យក​ដី​សាធារណៈមក​ធ្វើ​ជាកម្មសិទ្ធិ​ឯកជន ​ភាគច្រើន​កើតឡើង​តាមរយៈ​ការទិញលក់​អចលន​ទ្រព្យ​ដែល​គ្មាន​ប្រវត្តិច្បាស់​លាស់ ​ពោល​គឺ​អ្នក​ទិញ​ និង​អ្នកលក់​​ត្រូវរ៉ូវ​គ្នា​លក់​ដូរ​ដោយ​ខុស​ច្បាប់។

កត្តានេះ​បានបង្ក​ឲ្យមាន​​វិវាទ​ដីធ្លី​កើត​ឡើង​ និង​ធ្វើឲ្យ​មាន​ការបាត់​បង់​ដី​សាធារណៈ​របស់​រដ្ឋ។ លោក​បញ្ជាក់ថា​៖ «ដើម្បី​លុបបំបាត់​នូវ​បញ្ហា​ប្រឈម​ទាំងនេះ​ អាជ្ញាធរ​ខេត្ត​យើង​បានដាក់​ចេញ​នូវយន្តការ​ជាច្រើន​រួម​មាន ​ហាម​ធ្វើ​ការទិញ​លក់​នូវ​អចលនទ្រព្យ​ដី​ដែលគ្មាន​ប្រវត្តិ​និង​ព្រំប្រទល់​ច្បាស់លាស់​ និង​គ្មានការ​ទទួល​ស្គាល់​ពី​ស្ថាប័ន​ជំនាញ ​ហាម​កាប់​​ទន្ទ្រាន​ដីព្រៃ ​ការចាក់​លុប​ដី​ចំណី​​បឹង ​ស្ទឹង​ ព្រែក​ សាធារណៈ​របស់​រដ្ឋ​ដោយគ្មាន​ការអនុញ្ញាត»។

ជាមួយគ្នានេះ ​លោក​ ប្រាក់ វិសាល ​នាយក​ទីចាត់​ការ​ទំនាក់ទំនង​​សាធារណៈ ​និង​ប្រតិ​បត្តិការ​អន្តរ​ជាតិ​នៃ​សាលា​ខេត្ត​ព្រះសីហនុ ​និងជាប្រធាន​ក្រុម​ការងារ​គ្រប់គ្រង​តំបន់​ឆ្នេរ​ខេត្ត​ព្រះសីហនុ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា​ ជា​ការ​ពិត​ ក្នុងរយៈ​កាល​កន្លង មកនេះ​នៅក្នុង​ខេត្ត​ព្រះសីហនុ ​មានករណី​ទន្ទ្រាន​កាន់កាប់​ដី​សាធា​រណៈ​របស់​រដ្ឋ ​តាមរយៈ​ការចាក់​ដីលុប​យកដី​ចំណី​ឆ្នេរ​សមុទ្រ ​បឹង​ ព្រែក ​និង​ប្រព័ន្ធ​ផ្លូវ​ទឹក​ជាប់​ដៃ​សមុទ្រ ​ធ្វើ​ជាកម្មសិទ្ធិ​ឯកជន​ដោយ​ខុស​ច្បាប់។ ប៉ុន្តែ​​ អាជ្ញាធរ​ខេត្ត​បាន​រួមគ្នា​ការពារ​ទប់​ស្កាត់ ​និង​ដោះស្រាយ​បាន​ជោគជ័យ​។

លោក​ថ្លែងថា​៖ «អាជ្ញាធរ​ខេត្ត​យើង​បានប្រឹងប្រែង​អនុវត្ត​ច្បាប់​ ដោយបាន​ធ្វើ​ការដោះស្រាយ​ទំនាស់​ផង ​ការពារ​និងទប់​ស្កាត់​បទល្មើស​ផង​ ព្រមទាំង​បាន​ធ្វើការ​បង្ក្រាប​បទល្មើស​បានទាន់ពេល​វេលា​ផង​ពោលគឺ​ក្នុង​ពេល​បច្ចុប្បន្ននេះ​ ពុំមាន​បទ​ល្មើស​រំលោភ​បំពាន​ដី​រដ្ឋ​ថ្មី​ទៀត​កើត​មាន​នោះទេ ​ខណៈ​សំណុំ​រឿង​វិវាទ​ដីរដ្ឋ​ចាស់ៗ​ជាច្រើន​ ត្រូវបាន​ដោះស្រាយ​ដោយ​ជោគ​ជ័យ​ជាបន្ត​បន្ទាប់»៕