បន្ទាយមានជ័យៈ ក្រសួង​សុខាភិបាល បានកំណត់​យក​ខេត្ត​បន្ទាយមានជ័យ​មួយទៀត​ជា​ទីតាំង​ដែលមាន​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ដោយសារ​ខេត្ត​មួយ​នេះ​មាន​អ្នក​ឆ្លង​ក្នុង​សហគមន៍​ច្រើន​រហូត​ជិត ៧០០ នាក់ បន្ទាប់ពី​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល និង​ខេត្ត​ព្រះសីហនុ។

សេចក្តី​ជូនដំណឹង​របស់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក​ ម៉ម ប៊ុនហេង កាលពី​ថ្ងៃទី ៣ ឧសភា បាន​ជម្រាបជូន​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ និង​សាធារណជន​ទាំងអស់​ឱ្យ​ដឹងថា៖ «ភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ ត្រូវបាន​កំណត់​យក​ជា​ភូមិសាស្ត្រ​ដែលមាន​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ដែល​តម្រូវ​ឱ្យ​មាន​ការអនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស់ និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព»។

ក្រសួង​សុខាភិបាល​បញ្ជាក់ថា ការអនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព​ត្រូវ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ រហូត​ដល់​មាន​ការជូនដំណឹង​ជាថ្មី។

ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​បន្ទាយមានជ័យ​លោក សេក សុខុម បាន​ថ្លែងថា អាជ្ញាធរ​ថ្នាក់​ខេត្ត​ទើបតែ​ទទួលបាន​សេចក្តី​ជូនដំណឹង​ពី​ក្រសួង​សុខាភិបាល នៅ​ព្រឹក​ថ្ងៃទី ៤ ខែ​ឧសភា​នេះ។ អាជ្ញាធរ​ត្រៀម​ផ្សព្វផ្សាយ​ដំណឹង​នេះ​បន្ថែមទៀត​ដល់​ពលរដ្ឋ​ឱ្យមាន​ការយល់ដឹង។

លោក​ថា៖ «ជាទូទៅ​ការដាក់​វិធានការ​សម្រាប់​ខេត្ត​ក្នុង​ការអនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស់​មិនមែន​ជា​រឿង​ថ្មី​ទេ។ ព្រោះ​ខេត្តផ្សេងៗ និង​ខេត្ត​យើង​បាន​អនុវត្ត​ហើយ អ៊ីចឹង​សម្រាប់​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ក្នុង​ការដាក់​វិធានការ​នេះ​ ដោយសារ​មាន​ការរីករាលដាល​មាន​ចំនួន​ច្រើន។ ដូច្នេះ​យើង​ត្រូវតែ​អនុវត្តតាម​វិធាន​នេះ»។

លោក​ឱ្យដឹង​ដែរ​ថា មូលហេតុ​ដែលមាន​ការឆ្លង​រីករាលដាល​ច្រើន​នៃ​ជំងឺ​កាច​សាហាវ​នេះ​ក្នុង​សហគមន៍ ចាប់ផ្តើម​ក្រោយពេល​ចូលឆ្នាំ​ខ្មែរ ដោយសារ​យុវជន និង​ពលរដ្ឋ​មួយចំនួន​ឆ្លៀត​ឱកាស​ជួបជុំ​ផឹកស៊ី ទោះបីជា​ថ្នាក់​ខេត្ត​ខំ​ទប់ស្កាត់​យ៉ាងណា​ក៏ដោយ។

លោក​ថា៖ «ភាគច្រើន​យុវវ័យ​មិន​ចាប់អារម្មណ៍​នឹង​ជំងឺ​នេះ​ទេ​នៅ​រដូវចូលឆ្នាំ យើង​បាន​រឹតបន្តឹង​ការជួបជុំ​ណាស់។ ប៉ុន្តែ​យុវវ័យ​ឆ្លៀត​ជួបជុំ​តាម​វាលស្រែ ដូច​ករណី​យុវជន​ម្នាក់​ដែល​រកឃើញ​វិជ្ជមាន​កូវីដ១៩ ក្នុង​ហ្វេសប៊ុក​គាត់​បង្ហោះ​រូបភាព​អាំង​សាច់​ជាមួយ​ក្រុម​គ្នា​គាត់»។

លោក​ព្រមាន​ថា ប្រសិន​បើ​ពលរដ្ឋ​មិន​ចូលរួម​អនុវត្ត​វិធានការ​របស់​រាជរដ្ឋាភិបាល​នោះទេ ចំនួន​ឆ្លង​នៃ​ជំងឺ​កូវីដ១៩ អាច​នឹង​កើនឡើង​បន្ថែមទៀត។

បើតាម​លោក សេក សុខុម គិត​ត្រឹម​ថ្ងៃទី ៤ ឧសភា នេះ​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ ជិត ៧០០ នាក់​ហើយ។ ប៉ុន្តែ​ពុំមាន​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ ដោយសារ​ជំងឺ​កូវីដ ១៩ ឡើយ។

កន្លងទៅ​ក្រសួង​សុខាភិបាល​បាន​សម្រេច​យក​រាជធានី​ភ្នំពេញ និង​ខេត្ត​ផ្សេងទៀត សម្រាប់​កំណត់​ជា​ភូមិសាស្ត្រ​ដែលមាន​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ។ ខេត្ត​ទាំងនោះ រួមមាន ខេត្ត​ព្រះសីហនុ ខេត្តកណ្តាល ខេត្តព្រៃវែង​ខេត្តសៀមរាប និង​ខេត្តស្វាយរៀង ដែល​មាន​កាតព្វកិច្ច​ពាក់​ម៉ាស់ និង រក្សា​គម្លាត​សុវត្ថិភាព។

រាជរដ្ឋាភិបាល​កាលពី​ថ្ងៃទី ១២ ខែមីនា បានចេញ​អនុក្រឹត្យ​ថ្មី​ស្ដីពី​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​កូវីដ ១៩ និង​ជំងឺឆ្លង​កាចសាហាវ​ផ្សេងទៀត​ដែល​មាន ៩ ជំពូក និង ៣៩ [មាត្រា]។

តាម​មាត្រា ១៩ នៃ​អនុក្រឹត្យ​នេះ​ចែងថា បុគ្គល​ដែល​មិន​ពាក់​ម៉ាស់​នៅ​កន្លែង​ចាំបាច់ ដែល​ក្រសួង​សុខាភិបាល​បាន​ណែនាំ​នឹងត្រូវ​រង​ការផាកពិន័យ​ពី ២ សែន​រៀល​ទៅ ១ លាន​រៀល៕