
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ថ្លែងក្នុងសន្និសីទកាសែតកាលពីម្សិលមិញ។ ហេង ជីវ័ន
ភ្នំពេញៈ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងឲ្យដឹងថាមានពលករប្រមាណ ១៤ ០០០ នាក់ បានបញ្ចប់ការធ្វើចត្តាឡីស័ក ១៤ ថ្ងៃ ចំណែកពលករប្រមាណ ១ ០០០ នាក់ទៀត កំពុងបន្តធ្វើចត្តាឡីស័ក បន្ទាប់ពីពួកគេបានវិលមកពីធ្វើការនៅប្រទេស ថៃ ខណៈមានពលករខ្មែរមួយចំនួនតូចបានបន្តលួចវិលត្រឡប់ទៅប្រទេស ថៃ វិញដោយខុសច្បាប់ ទោះបីថៃនៅបន្តបិទព្រំដែនក្តី។
នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្ដបាត់ដំបង» កាលពីថ្ងៃអង្គារនាទីស្តីការគណៈរដ្ឋមន្ត្រីលោក ងួន រតនៈថ្លែងថា ការគ្រប់គ្រងពលករដែលឆ្លងពីប្រទេសថៃមកស្រុកកំណើតគឺមិនមែនមានតែអ្នកបាត់ដំបងនោះទេគឺមានពលករមកស្រុកកំណើតទូទាំងប្រទេសដែលបានឆ្លងកាត់តាមខេត្តបាត់ដំបងជាប្រចាំគិតចាប់ពីថ្ងៃទី ២១ ខែមីនា រហូតមកដល់ពេលនេះគឺមានជាង ១៥ ០០០ នាក់។
លោកបន្តថា ក្នុងនោះមានពលករខ្មែរប្រមាណ ១៤ ០០០ នាក់ បានធ្វើចត្តាឡីស័កដោយជោគជ័យដោយនៅតែ ១ ០០០ នាក់ទៀតប៉ុណ្ណោះ កំពុងបន្តធ្វើចត្តាឡីស័កហើយអ្នកទាំងនោះក៏មិនបានពិនិត្យរកឃើញវិជ្ជមានជំងឺកូវីដ ១៩ នោះដែរ ខណៈដែលអ្នកជំងឺឆ្លងកូវីដ ១៩ ក្នុងខេត្តបាត់ដំបងជិត ១០ នាក់ ក៏បានជាសះស្បើយពីជំងឺនេះអស់ហើយដែរ។
លោកថា៖ «វាជាដំណឹងដើម្បីបងប្អូននៅខេត្តបាត់ដំបងយើងកក់ក្តៅថា រដ្ឋបាលខេត្តយើងបានធ្វើអ្វីខ្លះ ជាមួយកូវីដ។ រដ្ឋបាលខេត្តជាមួយមន្ទីរជំនាញក៏ដូចភាគីពាក់ព័ន្ធបានធ្វើតាមបទបញ្ជាសម្តេចបានល្អប្រសើរតាំងពីហាមប្រាមការជួបជុំតាមបែបសាសនាការដើរហើរការបិទសាលារៀនការបិទរង្គសាល។ល។ គឺយើងបានធ្វើ»។
លោក ងួន រតនៈ ឲ្យដឹងទៀតថាបច្ចុប្បន្ននៅតែមានពលករខ្មែរវិលត្រឡប់មកកម្ពុជាតាមរយៈច្រកអន្តរជាតិនានា ជាប់ព្រំដែនថៃរវាងខេត្តបាត់ដំបងនេះ ខណៈក៏មានពលរដ្ឋខ្មែរមួយចំនួនតូចក៏បានសម្រេចចិត្តលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃវិញហើយត្រូវបានទាហានថៃចាប់បញ្ជូនមកកម្ពុជាវិញផងដែរ។
លោកថា៖ «នៅពេលថៃបិទច្រក ប៉ុន្តែថៃនៅតែដឹកប្រជាពលរដ្ឋខ្មែរយើងមកដាក់ក្បែរច្រក។ គាត់អត់ឲ្យឆ្លងតាមច្រកទេ ព្រោះខុសនឹងបទបញ្ជានៃប្រទេសរបស់គាត់ តែគាត់នៅតែដឹកពលរដ្ឋខ្មែរយើងមកដាក់នៅក្បែរព្រំដែនមានន័យថា គាត់បិទម្ខាង បើកម្ខាង។ ក្នុងនោះតាមប្រសាសន៍សម្តេចក្រឡាក្រហោម ពលរដ្ឋយើងគឺត្រូវតែទទួលយកគ្រប់រូបភាពដែលពលរដ្ឋ គាត់ចង់ឆ្លងមកស្រុកកំណើតរបស់ខ្លួន»។
លោក រឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានថ្លែងក្នុងឱកាសនោះដែរថា ការបែងចែកទុកដាក់ពលករខ្មែរដែលវិលមកពីថៃ ក្នុងអំឡុងធ្វើចត្តាឡីស័កគឺត្រូវបានបែងចែកយ៉ាងយកចិត្តទុកដាក់។ លោកក៏ជំរុញឲ្យពលរដ្ឋបន្តរក្សាគម្លាត និងរក្សាអនាម័យជាប់ជានិច្ច បន្ទាប់ពីបានបញ្ចប់ការធ្វើចត្តាឡីស័កហើយក៏ដោយ។
លោក យិន ម៉េងលី អ្នកសម្របសម្រួលសមាគមអាដហុកខេត្តបាត់ដំបងថ្លែងថា អាជ្ញាធរខេត្តបាត់ដំបងពិតជាបានគ្រប់គ្រងពលករខ្មែរដែលឆ្លងពីប្រទេសថៃបានល្អ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយមានការរៀបចំកន្លែងស្នាក់នៅ និងកន្លែងហូបចុកដល់ពលករដែលត្រូវធ្វើចត្តាឡីស័កក្នុងអំឡុងពេលកន្លងមកនេះ។
លោកថា ដោយឡែកពលរដ្ឋខ្មែរដែលឆ្លងដែនដោយខុសច្បាប់ទៅប្រទេស ថៃ ក៏ព្រោះតែពួកគេជួបប្រទះនូវបញ្ហាជីវភាព ហើយអ្វីដែលសំខាន់នោះភាគច្រើនគឺជំពាក់បំណុលធនាគារ ដែលត្រូវបង្ខំចិត្តទៅរកការងារធ្វើនៅប្រទេស ថៃ ព្រោះតែនៅក្នុងស្រុកកំណើតគ្មានការងារធ្វើគ្រប់គ្រាន់។
លោក ម៉េងលី ថា៖ «ពួកគាត់ជួបប្រទះបញ្ហាជីវភាពនេះ មិនមែនពួកគាត់គ្មានបាយហូបទេប្រទេសយើងជាប្រទេសកសិកម្មគឺអាចរស់បាន ប៉ុន្តែគ្រាន់តែភាគច្រើនជំពាក់លុយធនាគារគ្រប់គ្នា បើមិនទៅរកលុយសងគេអាចនឹងត្រូវគេរឹបអូសផ្ទះ។ រដ្ឋាភិបាលគួរតែមានវិធានការជួយដល់ពួកគេ បញ្ចេញកញ្ចប់ថវិកាជួយ ឬអាចជួយពន្យារពេលបង់ ៣ ទៅ ៦ ខែដល់ពលរដ្ឋនោះអាចនឹងជួយពួកគាត់បានដែលនឹងលែងប្រថុយប្រថានឆ្លងដែនទៅថៃ»៕