ពោធិ៍សាត់ៈ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​គ្រោង​យក​ខេត្ត​ពោធិ៍សាត់​ជា​ខេត្ត​ដំបូង​ក្នុង​ការធ្វើ​ពិព័រណ៍​សារមន្ទីរ ដោយ​យក​សារមន្ទីរ​ខេត្តពោធិ៍សាត់ ដាក់តាំង​វត្ថុ​បុរាណ​ផ្សេងៗ​ដែល​អាច​ប្រមូល​មកពី​ទូទាំង​ប្រទេស​ទាក់ទង​ជំនឿ និង​ព្រះពុទ្ធសាសនា​សម័យ​កណ្តាល​សម្រាប់​ធ្វើ​ពិធី​តាំងពិព័រណ៍​នៅ​ចុង​ឆ្នាំ​ ២០២១​។

លោក ឡាច ផេងលី ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ពោធិ៍សាត់ បាន​ឱ្យ​ដឹងថា មន្ត្រី​ជំនាញ​មន្ទីរ​វប្បធម៌ និង​មន្ត្រី​ជំនាញ​បុរាណវិទ្យា​នៅ​សារមន្ទីរ​ជាតិ​ខេត្តពោធិ៍សាត់​កំពុង​ប្រមូល​វត្ថុ​បុរាណ​ចម្រុះ​ដែល​មាន ចម្លាក់​ថ្ម ចម្លាក់​ឈើ ព្រះ​ពុទ្ធរូប និង​វត្ថុ​ដែល​សេសសល់​ពី​បុរាណ​ផ្សេងៗ​ទៀត​ពី​ទីកន្លែង​នានា​ទូទាំង​ខេត្ត ដើម្បី​រៀបចំ​យក​ទៅ​ដាក់​ក្នុង​សារមន្ទីរ​ខេត្តពោធិ៍សាត់​។

លោក​ ផេងលី ថ្លែងថា​៖ «​មក​ដល់​ពេល​នេះ សម្រាប់​ខេត្ត​ពោធិ៍សាត់ យើង​យកបាន​ផ្តែ ថ្មភក់ ព្រះ​ពុទ្ធរូប ថ្ម​សម័យ​កណ្តាល សម័យអង្គ មុន​សម័យអង្គ សរុប​បាន​ ៧០០ ​ដុំ​។ វា​មាន​ការបាក់បែក​ច្រើន ហើយ​យើង​ប្រមូលផ្តុំ​ជ្រើសរើស​តាម​ស្រុក​ផ្សេងៗ ហើយ​ការប្រមូលផ្តុំ​ហ្នឹង​ធ្វើ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ហើយ​»​។

លោក​ មីលីយ៉ា សុវត្ថិធី អនុប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ទទួល​បន្ទុក​សារមន្ទីរជាតិ ខេត្តពោធិ៍សាត់ បាន​ឱ្យ​ដឹង ថា វត្ថុ​បុរាណ និង​រូប​សមុច្ច័យ ដែល​ត្រូវ​ត្រៀម​សម្រាប់​ដាក់​តាំងពិព័រណ៍​នៅ​ចុងឆ្នាំ​ ២០២១ គឺ​ភាគច្រើន​ប្រមូល​មកពី​តាម​បណ្តា​វត្ត​អារាម​នានា​។ ប៉ុន្តែ​មុន​សម្រេចយក​ត្រូវ​រៀបចំ​បញ្ជី​សារពើ​ភណ្ឌ​ដើម្បី​បញ្ជាក់​ឱ្យ​ច្បាស់​ពី​ទ្រព្យសម្បត្តិ​រដ្ឋ ឬ​ទ្រព្យសម្បត្តិ​របស់​វត្ត​ហើយ ទើប​ប្រមូល​យក​មក​ដាក់​សារមន្ទីរ​ដើម្បី​ធ្វើការ​ជួសជុល​មុន​ដាក់តាំង​ពិព័រណ៍​។

លោក​ សុវត្ថិធី បាន​ថ្លែងថា​៖ «​វត្ថុ​បុរាណ​ភាគច្រើន​នៅក្នុង​វត្ត​ដោយសារ​តែ​ប្រជាពលរដ្ឋ និង​លោកគ្រូ​ព្រះចៅអធិការ​វត្ត​ប្រទះឃើញ​ចៃដន្យ លោក​យក​មក​ទុក​នៅក្នុង​កន្លែង​សក្ការៈ​អ៊ីចឹងទៅ​។ យើង​អត់​ទាន់​បាន​ចុះបញ្ជី​ទេ ហេតុនេះ​យើង​ត្រូវ​រៀបចំ​ធ្វើបញ្ជី​សារពើ​ភណ្ឌ និង​កំណត់ត្រា​ថ្មី​ម្តងទៀត​»​។

បើ​តាម​លោក​ សុវត្ថិធី ការដាក់​ឱ្យ​ដំណើរការ​សារមន្ទីរ​ត្រូវការ​បច្ចេកទេស​ច្រើន​។ ទី​១ ​ត្រូវ​មាន​បច្ចេកទេស​សម្រាប់​ការដាក់​តាំង​វត្ថុ​បុរាណ​ដោយ​ត្រូវមាន​ជើង​ទម្រ​ត្រូវ​មាន​ផែនទី​សម្រាប់​ឱ្យ​ទេសចរ​ចូល​មើល​។ ក្រៅពី​នេះ​ក៏​ត្រូវ​មាន​លក្ខណសម្បត្តិ​ផ្សេង​ទៀត​សម្រាប់​ការគាំទ្រ​ដូចជា ការផ្ដល់​សេវាកម្ម​ផងដែរ​។ លោក​ក៏​បាន​ប្រាប់ថា ព្រះពុទ្ធសាសនា​សម័យ​កណ្តាល​គឺ​ចាប់ផ្តើម ក្រោយពី​អាណាចក្រ​អង្គរ​ដួលរលំ​ពោល​គឺ​នៅក្នុង​សម័យ​ព្រះបាទ​ត្រសក់ផ្អែម​ដែល​ចាប់​យក​សាសនាព្រះពុទ្ធ​ជា​សាសនា​របស់​រដ្ឋ​ប្តូរ​ចេញ​ពី​ព្រហ្មញ្ញ​សាសនា​។

លោក​ថ្លែងថា​៖ «​កាលមុន​ប្រទេស​យើង​យក​ព្រហ្មញ្ញសាសនា​ជា​សាសនា​របស់​រដ្ឋ​។ ដល់ពេល​ព្រះពុទ្ធសាសនា​ទៅជា​សាសនា​របស់​រដ្ឋ វា​មាន​ពេលវេលា និង​ប្រវត្តិសាស្ត្រ​ដែល​បាន​កត់ត្រា តាមរយៈ​ការសាងសង់​ជា​បដិមា ព្រះវិហារ ការសាងសង់​គ្រឿង​សក្ការបូជា​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ​ជាមួយ​ព្រះពុទ្ធសាសនា​ហ្នឹង​»​។

ចំណែក​រឿង​ជំនឿ​លោក​ សុវត្ថិធី បញ្ជាក់ថា កម្ពុជា​មាន​ជំនឿ​ច្រើន​មិនមែន​ត្រឹមតែ​ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធ​សាសនា​នោះទេ​។ មុន​ព្រហ្មញ្ញ​សាសនា​ចូលមក​កម្ពុជា​ក៏​បាន​កាន់សាសនា​ផ្សេងៗ​ទៀត ដូចជា ជីវចល​សាសនា ជួរ​សំបួរ ព្រលឹង អារក្ស អ្នកតា មេបា ជាដើម​។

លោក​ ឆាយ វិសុទ្ធ ប្រធាន​នាយកដ្ឋាន​សារមន្ទីរ​ជាតិ​បាន​ឱ្យ​ដឹងថា គម្រោង​ពិព័រណ៍​និយាយ​ពី​ជំនឿ និង​ព្រះពុទ្ធសាសនា​សម័យ​កណ្តាល​នេះ ដើម្បី​ញែក​វត្ថុ​បុរាណ​ដាក់តាំង​ពិព័រណ៍​ឱ្យនៅ​ដោយឡែក​ពីគ្នា ងាយស្រួល​សម្រាប់​ភ្ញៀវទេសចរ​ទៅ​ទស្សនា​បាន​សម្បូរបែប​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត កុំឱ្យ​ស្ទួន​គ្នា​។

លោក​ វិសុទ្ធ ថ្លែងថា​៖ «​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យចូល​ទស្សនា​តាម​គម្រោង​យើង​ [​ចង់​បាន​]​។ បើ​ឆ្លងកាត់​កំពង់ឆ្នាំង​មាន​សារមន្ទីរ​មួយ​ដែល​ប្លែក​និយាយ​តែ​រឿង​ក្អមឆ្នាំង​ឧទាហរណ៍​អ៊ីចឹងទៅ​។ ទៅដល់​ពោធិ៍សាត់ និយាយ​តែ​រឿង​សម័យ​កណ្តាល​អ៊ីចឹង​ទៅ ហើយ​ទៅដល់​បន្ទាយមានជ័យ​បាត់ដំបង​មាន​អី​ប្លែក​ពី​ហ្នឹង​ទៀត​អ៊ីចឹងទៅ​» ។

បើ​តាម​លោក​ ឆាយ វិសុទ្ធ ការចាប់ផ្តើម​ដំបូង​គឺ​សម្រេចយក​ខេត្តពោធិ៍សាត់​មុនគេ​ក្នុង​ការដាក់តាំង​ពិព័រណ៍​និយាយ​ពី​សម័យ​កណ្តាល រីឯ​ខេត្ត​ផ្សេងៗ​ទៀត​នឹង​ត្រូវ​ធ្វើការ​រៀបចំ​ធ្វើតាម​ក្រោយ​។

លោក​ថ្លែងថា​៖ «​យើង​ចង់​ចាប់ផ្តើម​ពី​ខេត្តពោធិ៍សាត់​មុន​ដោយ​យើង​យល់ថា​ជា​ទីតាំង​មួយ​សំខាន់​សម្រាប់​សម័យ​កណ្តាល ហើយ​សម័យ​កណ្តាល​អត់​សូវ​មាន​ព័ត៌មាន​ច្រើន​ទេ​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ​។ ដូច្នេះ​យើង​ចង់​លើកយក​ទី​១ គឺ​ជំនឿ និង​ព្រះពុទ្ធសាសនា​សម័យ​កណ្តាល​មក​និយាយ​សិន ទើប​គិតពី​សក្តានុពល​ខេត្ត​ផ្សេងៗ​ទៀត​»៕