ព្រះវិហារៈ រដ្ឋបាល​ខេត្ដ​ព្រះវិហារ​កំពុង​រៀបចំ​របាយការណ៍​ដាក់​មក​ក្រសួង​បរិស្ថាន​ដើម្បី​ស្នើ​ដាក់បញ្ចូល​ដែន​ជម្រក​សត្វព្រៃ​ព្រះរកា និង​ដែន​ជម្រក​សត្វព្រៃ​ឆែប​ជា​ដែនជម្រក​សត្វព្រៃ​តែ​ ១ ​ឈ្មោះ​ថា​ «​ដែនជម្រក​សត្វព្រៃ ព្រះ​រកាឆែប​» វិញ ដើម្បី​ងាយស្រួល​ក្នុង​ការគ្រប់គ្រង​ព្រោះ​ដែន​ជម្រក​នេះ​សម្បូរ​ដោយ​ធនធាន​ធម្មជាតិ​សំខាន់ៗ​ដូចជា​ព្រៃឈើ​ និង​សត្វព្រៃ ជាពិសេស​សត្វ​ត្មាត​ជាដើម​។

លោក ស៊ូ សិរី អភិបាលរង​ខេត្តព្រះវិហារ​ថ្លែង​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ១១ សីហា​ ថា ក្រោយពី​កិច្ចប្រជុំ​រួម​នៅ​ថ្នាក់ខេត្ដ​ស្តីពី​ការពិនិត្យ​ការស្នើសុំ​បញ្ចូល​ដែនជម្រក​សត្វព្រៃ​ព្រះរការ​ និង​ដែនជម្រក​សត្វព្រៃ​ឆែប​ទៅជា​ដែនជម្រក​សត្វព្រៃ​តែ​ ១ ជា​ឈ្មោះ «​ដែនជម្រក​សត្វព្រៃ ព្រះរកា​ឆែប​» ​កាលពី​ថ្ងៃទី​ ១០ ខែ​សីហា ក្រុម​ការងារ​បាន​ឯកភាព​ទាំងស្រុង​លើ​ការច្របាច់​បញ្ចូល​គ្នា តំបន់​ការពារ​ទាំង​ ២ នេះ​មក​ជា​តំបន់​ការពារ​ធម្មជាតិ​តែមួយ​។

លោក​ថ្លែងថា​៖ «​កន្លងទៅ​ការគ្រប់គ្រង​តំបន់​ដែនជម្រក​សត្វព្រៃ​ទាំង​ ២ ​នេះ​ហាក់បី​ដូចជា​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា ហើយ​ធនធាន​មនុស្ស​យើង​នៅក្នុង​ខេត្ដ​ក៏មាន​តិច​ដូច្នេះ​ជាគោលការណ៍ ដើម្បី​កាត់បន្ថយ​ការចំណាយ​ទាំង​ធនធាន​មនុស្ស និង​ធនធាន​ថវិកា ការដាក់បញ្ចូល​គ្នា​បែប​នេះ​គឺជា​ការល្អ​ក្នុង​ការគ្រប់គ្រង​»​។

លោក ស៊ូ សិរី បាន​ឱ្យ​ដឹងថា តំបន់​ដែនជម្រក​សត្វព្រៃ​ទាំង​ ២ ​នេះ​មាន​ទំហំ​សរុប​ជាង ២៨ ម៉ឺន​ហិកតា​ និង​មាន​មន្ដ្រី​ឧទ្យានុរក្ស​តែ​ជាង ២០ ​នាក់​ប៉ុណ្ណោះ កំពុង​ការពារ​នៅ​តំបន់​នេះ​។

ដែនជម្រក​សត្វព្រៃ​ទាំងនេះ សម្បូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិ និង​សត្វព្រៃ​។ ពលរដ្ឋ​រស់នៅក្នុង​សហគមន៍​នៃ​តំបន់​នេះ​បាន​ប្រកបរបរ​ចិញ្ចឹមជីវិត​ពី​ការប្រមូល​អនុផល​ព្រៃឈើ​ផ្សេងៗ​ពី​ដែនជម្រក​សត្វព្រៃ​ទាំង​ ២ ​នេះ​។

លោក​បន្ថែមថា តំបន់​ទាំង​ ២ ​នេះ​នៅ​ពេល​មិនទាន់​ដាក់​បញ្ចូល​ជា​តំបន់​តែ​ ១ មន្ដ្រី​ឧទ្យានុរក្ស​ការពារ​តំបន់​នេះ​បាន​កំណត់​តំបន់​ការពារ​ដាច់ដោយឡែក​ពីគ្នា​ដែល​មាន​ការលំបាក​ក្នុង​ការគ្រប់គ្រង​។ ប៉ុន្ដែ​បើ​មាន​ការដាក់​បញ្ចូល​គ្នា​តែ​ ១ មន្ដ្រី​ឧទ្យានុរក្ស​នឹង​អាច​គ្រប់គ្រង​តំបន់​នេះ​រួមគ្នា​បានល្អ​ឡើងវិញ​។

លោក​ សុង ច័ន្ទសុជាតិ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ១១ សីហា ​ថា បច្ចុប្បន្ន​ក្រុម​ការងារ​កំពុង​បន្ដ​ចុះ​វាស់វែង​កំណត់​ទីតាំង​តំបន់​ដែន​ជម្រក​ទាំង​ ២ ​ឱ្យ​បាន​ច្បាស់លាស់​ថែមទៀត ទើប​ធ្វើការ​បូកសរុប​របាយការណ៍​ដាក់​មក​ក្រសួង​បរិស្ថាន ដើម្បី​ស្នើ​រដ្ឋាភិបាល​ដាក់​បញ្ចូល​តំបន់​នេះ​មក​ជា​តំបន់​តែ​ ១​។

លោក​ថ្លែងថា​៖ «​យើង​កំពុង​បន្ត​ប្រមូល​ព័ត៌មាន​បន្ថែម​ទៀត​នៅ​ចំណុច​មួយចំនួន​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​ឆែប ដែល​ក្នុង​តំបន់​នេះ​ចំណុច​មួយ​ចំនួន​មិន​ទាន់​មាន​ព័ត៌មាន​ច្បាស់លាស់​នៅឡើយ​។ ដូច្នេះ​ការងារ​នេះ យើង​ធ្វើឱ្យ​ច្បាស់​ដើម្បី​កុំឱ្យ​មាន​ការបាត់បង់​»​។

បើ​តាម​លោក ច័ន្ទសុជាតិ តំបន់​ដែនជម្រក​សត្វព្រៃ​ទាំង ២ ​នេះ​សម្បូរ​ទៅដោយ​ព្រៃឈើ សត្វព្រៃ និង​ជីវចម្រុះ​ជាច្រើន​ដែល​មាន​សក្ដានុពល​ផ្នែក​វិស័យ​ទេសចរណ៍​ជាពិសេស​មាន​សត្វត្មាត​ដ៏កម្រ និង​ពពួក​សត្វព្រៃ​ផ្សេងៗ​ទៀត​៕