ព្រះវិហារៈ អាជ្ញាធរខេត្ត​ព្រះវិហារ​បាន​ប្រកាស​ជ្រើសរើស​អ្នក​ស័្ម​គ្រ​ចិត្ត​ចូល​ធ្វើជា​ប្រជា​ការពារ​ភូមិ​បន្ថែម​ទៀត ​ដើម្បី​បង្កើន​ចំនួន​ប្រជា​ការពារ​ភូមិ​ឱ្យបាន​ ៤ ពាន់​នាក់ ​សម្រាប់​ជួយ​ការងារ​របស់​នគរបាល ​ក្នុង​ការការពារ​សុខសុវត្ថិភាព​ជូន​ពលរដ្ឋ។ មន្ត្រី​សង្គមស៊ីវិល​បង្ហាញ​ការគាំទ្រ ​ប៉ុន្តែ​ស្នើឱ្យ​ការ ជ្រើសរើស​ប្រជា​ការពារ​ភូមិ​នោះ​ត្រូវ​ស្វែងរក​អ្នកមាន​ឆន្ទៈ​ពិត និង​មាន​ចរិត​សុភាព​រាបសា។

លោក​ អ៊ុន ចាន់​ដា ​អភិបាល​ខេត្ត​ព្រះវិហារ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា ​បច្ចុប្បន្ន​នៅ​ខេត្ត​ព្រះវិហារ​ មាន​ប្រជាការពារ​ភូមិ​ជិត​ ៣ ពាន់​ហើយ។ ប៉ុន្តែ​ឥឡូវ​ត្រូវការ​ជ្រើសរើស​បន្ថែមទៀត​ឱ្យ​បាន​ ៤ ពាន់​នាក់ ​ដើម្បី​អាចដាក់​ពង្រាយ​ឱ្យបាន​គ្រប់​ភូមិ​ទាំងអស់​ ដែល​ក្នុង​មួយ​ភូមិ​ត្រូវមាន​ប្រជា​ការពារ​ភូមិ​យ៉ាងតិច​ចំនួន​ ១២ នាក់ ​ស្រប​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ។

លោក​បញ្ជាក់ថា ​ការ​ជ្រើស​រើសប្រជា​ការ​ពារ​ភូមិ​បន្ថែម​នេះ​ គឺ​ធ្វើឡើង​ដោយ​ការ​ស្ម័គ្រ​ចិត្ត ​ហើយ​ពុំ​អាច​ទទួលបាន​ប្រាក់ខែ​ដូច​មន្ត្រី​ប៉ូលិស​ឡើយ ​ដែល​ការ​ជ្រើសរើស​នេះ​ មិនមែន​ជា​ការ​ជ្រើសរើស​​ទាហាន​នោះ​ទេ។

លោក​ អ៊ុន ចាន់ដា ​បន្ថែមថា​៖ «ឥឡូវ​ហ្នឹង​កំពុង​ដាក់​ផែន​ការឱ្យ​អភិបាល​ស្រុក​និង​អធិការ​ស្រុក ពិនិត្យមើល​ភូមិ​ណា​ដែល​មិនទាន់មាន ត្រូវបង្កើត​ឱ្យមាន ហើយ​បំពាក់​ឯកសណ្ឋាន​ជូន​គាត់​ ហើយ​និង ​[ឱ្យ​ប្រជា​ការពារ​នោះ]​ ពង្រឹង​ការងារ​សហការ​ជាមួយនឹង​កម្លាំង​សមត្ថកិច្ច​នគរបាល​យុត្តិធម៌»។

បើតាម​អភិបាល​ខេត្ត​រូបនេះ​ គឺប្រជា​ការពារ​ភូមិ ​ដែល​កំពុងមាន​ស្រាប់​នៅ​ក្នុង​ខេត្ត​ព្រះវិហារ បាន​ជួយ​សម្រួល​ការងារ​រប​ស់​សមត្ថកិច្ច​ ដូចជា​ជួយ​រៀបចំ​សណ្ដាប់​ធ្នាប់​តាម​ដងផ្លូវ​ និង​ការ​ទប់​ស្កាត់​កុំឱ្យ​មាន​ក្មេង​ទំនើង​វាយតប់​គ្នា នៅពេល​ក្នុងភូមិ​ត្រូវ​រៀបចំ​ពិធី​បុណ្យ​ទាន​ឬ​មង្គលការ។ កន្លង​មក​ នៅពេល​ភូមិ​ណាមួយ​ត្រូវ​រៀបចំ​កម្មវិធី​បុណ្យ​និង​មង្គលការ​ចាប់ពី​ ២ ទៅ​ ៣ ​កន្លែង​ក្នុង​ពេល​តែមួយ​ គឺ​ភូមិ​នោះ​តែង​ខ្វះខាត​កម្លាំង​ប៉ូលិស​ដើម្បី​ដាក់​ពង្រាយ​ការពារ​សណ្ដាប់​ធ្នាប់​ និង​សុវត្ថិភាព។

លោក​ថ្លែងថា​៖ «គាត់​អត់​អាចមាន​សិទ្ធិ​​ទៅ​ចាប់ចង​អី​គេ​ទេគឺថា​គាត់​ចូល​រួម​សហ​ការ​ជា​កម្លាំង​រៀបចំ​សន្ដិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ហើយនិង​ផ្ដល់ព័ត៌មាន​មក​អាជ្ញា​ធរមាន​សមត្ថ​កិច្ច ​ដើម្បីឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​មាន​វិធានការ​តាមផ្លូវ​ច្បាប់ ​នៅ​ពេល​មាន​បទល្មើស​ឬ​បញ្ហា​អ្វីមួយ​នៅ​មូលដ្ឋាន»។

ក្រសួង​មហាផ្ទៃ​បាន​បង្កើតឱ្យមាន​ក្រុម​ប្រជា​ការពារ​ភូមិ​កាលពី​ឆ្នាំ ២០១០ ​ដើម្បី​ពង្រឹង​សន្ដិសុខ​ និង​សណ្ដាប់​ធ្នាប់​សាធារណៈ​ឱ្យមាន​ភាព​គត់មត់​ល្អ​គ្រប់​ច្រកល្ហក​នៅ​ទូទាំង​ប្រទេស​ ក្នុង​បំណង​ធ្វើឱ្យ​ភូមិ​ឃុំ​មាន សុវត្ថិភាព ​គ្មាន​សកម្ម​ភាព ​លួច ​ឆក់​ ប្លន់​គ្រប់​ប្រភេទ។ គ្មាន​ការផលិត ​ការចែក​ចាយ ​និង​ប្រើប្រាស់​គ្រឿង ញៀន​ខុស​ច្បាប់។ គ្មាន​អំពើ​អនាចារ ​ការជួញដូរ​ស្ដ្រី​ និង​កុមារ ​និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ ​គ្មាន​ក្មេងទំនើង ​និង​គ្មាន​ការលេង​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ​ ការ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់ ​និង​បទល្មើស​ផ្សេងៗ។

ទោះជា​យ៉ាងណា​ កន្លងមក​ធ្លាប់មាន​ការរិះគន់​ជា​បន្តបន្ទាប់​ ស្របពេល​គេ​មើលឃើញថា​ សមត្ថកិច្ច​តែង​ប្រើប្រាស់​កម្លាំង​ប្រជា​ការពារ​ភូមិ​ ចេញ​ធ្វើ​សកម្មភាព​បង្ក្រាប​ដោយ​ហិង្សា ​នៅ​ពេល​មាន​ក្រុម​អ្នកតវ៉ា​ជុំវិញ​រឿង​ដីធ្លី។

លោក​ ឡោ ចាន់ ​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស ​(អាដ​ហុក)​ ប្រចាំខេត្ត​រតនគិរី ​​គាំទ្រ​ចំ​ពោះ​ការបង្កើត​កម្លាំង​ប្រជា​ការពារ​ភូមិ​បន្ថែម​នៅក្នុង​ព្រះវិហារ​នេះ។ ប៉ុន្តែ​លោក​ស្នើ​សុំឱ្យ​ការជ្រើសរើស​យក​ប្រជា​ការពារ​ភូមិ ​គឺ​ត្រូវ​សម្រិត​សម្រាំង​យក​អ្នក​ណា​ដែលមាន​ឆន្ទៈ​ពិតប្រាកដ ​ជាពិសេស​អ្នក​ដែល​ធ្លាប់​ចូលរួម​ធ្វើ​កិច្ច​ការងារ​ក្នុង​សង្គម។

លោក​ថា​៖ «ដូចដែល​ខ្ញុំ​បានបញ្ជាក់​អ៊ីចឹង​ បើ​មានការ​ឆ្លងកាត់​ការប្រកួតប្រជែង ឬ​ត្រូវ​ជ្រើសរើស​រក​អ្នកមាន​ឆន្ទៈ​ឬ​អ្នកមាន​ចំណេះដឹង​គ្រប់គ្រាន់​នោះ​ គឺជា​រឿង​មួយ​ល្អប្រសើរ​ ហើយ​ខ្ញុំ​ក៏​គាំទ្រ​ក្នុងការ​ជ្រើសរើស​នោះ​ដែរ»។

ប៉ុន្តែ​លោក​ព្រួយបារម្ភ​ថា ​ប្រសិនបើ​ការជ្រើសរើស​​ប្រជា​ការពារ​ភូមិ ​ប៉ះចំ​អ្នក​ដែលមាន​ចរិត​ឆេវឆាវ​និង​គ្មាន​ការអប់រំ​គ្រប់​គ្រាន់ ​គឺអាច​នាំឱ្យមាន​អសន្តិសុខ​ក្នុងភូមិ​ទៅវិញ​ទេ ​ព្រោះ​នៅពេល​មាន​រឿង​​រ៉ាវ​កើតឡើង​ហើយ​ប្រើ​ពាក្យសម្ដី​ធ្ងន់​ៗ​ជាមួយ​ប្រជា​ពលរដ្ឋ ​គឺ​ជន​នោះ​អាច​​នឹង​ឈាន​ទៅ​ប្រើប្រាស់​អំពើហិង្សា៕