សីហនុៈ រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​កំពុង​មាន​កិច្ចសហប្រតិបត្ដិការ​គ្រប់​ជ្រុងជ្រោយ (MOU) ជាមួយ​ខេត្ដ-ក្រុង​របស់​ចិន​ចំនួន ១៦ ដើម្បី​ជំរុញ និង​លើក​ទឹកចិត្ដ​លើ​ការវិនិយោគ ទេសចរណ៍ វប្បធម៌ អប់រំ និង​កីឡា​រវាង​ប្រទេស​ទាំង​​ ២ ​បើ​ទោះបី​ជា​ចាប់តាំងពី​មាន​ការផ្ទុះ​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​មក ជនជាតិ​ចិន​ដែល​មក​ស្នាក់នៅ និង​មក​ទេសចរណ៍​ក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​មាន​ការធ្លាក់ចុះ​យ៉ាង​ខ្លាំង​យ៉ាងណា​ក្តី​។

នេះ​បើ​តាម​លោក គួច ចំរើន អភិបាលខេត្ដ​ព្រះសីហនុ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​វឌ្ឍនភាព​ និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​អង្គារ​។ លោក​ថ្លែងថា​៖ «​កិច្ចសហប្រតិបត្ដិការ​របស់​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​ជាមួយ​នឹង​រដ្ឋាភិបាល​ចិន នាពេល​កន្លង​ទៅ​ស្រប​ទៅ​តាម​គោលការណ៍​កិច្ចសហប្រតិបត្ដិការ​របស់​កម្ពុជា និង​កិច្ចសហប្រតិបត្ដិការ​គ្រប់ជ្រុងជ្រោយ​នៃ​ខេត្ដ​របស់​យើង​ក៏បាន​ធ្វើ​កិច្ចព្រមព្រៀង​ (MOU) ខេត្ដ-ក្រុង​បងប្អូន​ ឬ​ក៏​ខេត្ដ​ក្រុង​សម្ព័ន្ធ​មេត្រីភាព​។ យើង​មាន ១៦ ខេត្ដ-ក្រុង​ដែល​បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​នឹង​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​របស់​យើង​រួច​មក​ហើយ​»​។

លោក​ ចំរើន ថ្លែង​ថា​ នេះ​គឺជា​ទំនាក់ទំនង ដើម្បី​ជំរុញ និង​លើក​ទឹកចិត្ដ​សម្រាប់​ការវិនិយោគ ទេសចរណ៍ វប្បធម៌ កីឡា អប់រំ ដែល​ជា​គោលការណ៍​គ្រឹះ​នៃ​កិច្ចសហប្រតិបត្ដិការ​របស់​កម្ពុជា​ក៏ដូចជា​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​ក្នុង​ការភ្ជាប់​លក្ខខណ្ឌ​ចែករំលែក​គ្នា​ទៅវិញ​ទៅមក​។

លោក​ថ្លែងថា​៖ «​គេ​មាន​អ្វី​ទាក់ទង​នឹង​បញ្ហា​ទាំងអស់​នេះ (​ការវិនិយោគ ទេសចរណ៍ វប្បធម៌ កីឡា អប់រំ​) អាច​ចែករំលែក​យើង​បាន​។ យើង​មាន​អ្វី​ទាក់ទង​នឹង​បញ្ហា​ទាំងអស់​នោះ​យើង​ក៏​អាច​ចែករំលែក​ទៅ​គេ​វិញ​បាន នេះ​ជាគោលការណ៍​នៃ​ខេត្ដ-ក្រុង​បងប្អូន ព្រម​ជាមួយ​នឹង​ការអនាម័យ បរិស្ថាន ការអភិវឌ្ឍ​ទីក្រុង​គឺ​យើង​តែងតែ​បាន​ផ្សារភ្ជាប់​គ្នា​យ៉ាង​ដូច្នេះ​»​។

លោក គួច ចំរើន បាន​ឲ្យ​ដឹងថា តាមរយៈ​កិច្ចសហប្រតិបត្ដិការ​បែប​នេះ​ហើយ បាន​ជា​ខេត្ដ​ព្រះសីហនុ​មាន​ឱកាស​ទទួល​បាន​នូវ​សម្ភារ និង​ឧបករណ៍​ប្រើប្រាស់​មួយចំនួន​ដែល​ខេត្ដ​ដៃគូ​របស់​ចិន​បាន​ផ្ដល់​ឲ្យ​។ លោក​បញ្ជាក់ថា សម្ភារ​ឧបករណ៍​ដែល​ខេត្ដ​ព្រះសីហនុ​ទទួល​បាន​មាន​ដូចជា​ថ្នាំពេទ្យ​សម្ភារ​ពេទ្យ​ដើម្បី​ទប់ទល់​ និង​ប្រើប្រាស់​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ និង​ភាគី​ខេត្ដ​ដៃគូ ក៏បាន​ផ្ដល់​គ្រូពេទ្យ​ស្ម័គ្រចិត្ដ​ជា​បន្តបន្ទាប់​មកកាន់​ខេត្ដ​ព្រះសីហនុ​ផងដែរ​។

បើ​តាម​លោក​ ចំរើន ក្រៅពី​នោះ​ខេត្ដ-ក្រុង​ជា​ដៃគូ​ទាំង​ ១៦ និង​ខេត្ដ​ព្រះសីហនុ​ក៏​មាន​ការលើក​ទឹកចិត្ដ និង​ការគាំពារ​ទៅលើ​ការវិនិយោគ​លើ​វិស័យ​ទេសចរណ៍ ដើម្បី​ឲ្យ​អ្នកទេសចរ​ចិន​មកលេង​ខេត្ដ​ព្រះសីហនុ និង​កម្ពុជា​ទៅ​លេង​ខេត្ដ-ក្រុង​នៅ​ប្រទេស​ចិន​វិញ​។

លោក​បញ្ជាក់​ថា​៖ «​ប៉ុន្ដែ​ចំពោះ​មុខ​ប្រជាជន​ក្នុង​ខេត្ដ​ព្រះសីហនុ​ទៅលេង​ប្រទេស​ចិន​មាន​តិច​ទេ​តែ​ប្រជាជន​ចិន​មក​លេង​ខេត្ដ​ព្រះសីហនុ​ច្រើន ហើយ​ការ​មក​នេះ​គឺ​ចិន​បានរួម​ចំណែក​សម្រាប់​សកម្មភាព​សេដ្ឋកិច្ច​របស់​ខេត្ដ​ព្រះសីហនុ​ក៏​ដូចជា​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​បាន​ជាច្រើន​ផងដែរ​»​។

លោក ​ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​បាន​ថ្លែង​ក្នុង​សន្និសីទ​នេះដែរ​ថា ខេត្ដ​ព្រះសីហនុ​គឺជា​ខេត្ដ​ពហុវិស័យ​ដែល​រាជរដ្ឋាភិបាល​បានកំណត់​ជា​ប៉ូល​សេដ្ឋកិច្ច​ពិសេស​ពហុបំណង​ទី​ ៣ ​របស់​ប្រទេស​កម្ពុជា​។ ក្នុង​នោះ​រាជរដ្ឋាភិបាល​ក៏មាន​ចក្ខុវិស័យ​ទៅ​មុខ​ទៀត​ក្នុង​ការអភិវឌ្ឍ​ខេត្ដ​នេះ​ផងដែរ​។

លោក​ថា​៖ «​ម្សិលមិញ​ (​ទី ​៨ ខែ​មិថុនា​) ​លោក​ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ​បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្ទៃក្នុង គណៈកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​កម្ពុជា-ចិន ​ដែល​នេះ​ជា​សារ​មួយ​ដ៏ល្អ​ស្ដីពី​ភាព​ជា​ដៃគូ​យុទ្ធសាស្ដ្រ គ្រប់​ជ្រុងជ្រោយ និង​សហគមន៍​វាសនា​រួម​រវាង​កម្ពុជា និង​ចិន​»​។

បើ​តាម​លោក​ គួច ចំរើន បច្ចុប្បន្ន​ជនជាតិ​ចិន​មក​លេង​ខេត្ដ​ព្រះសីហនុ​មាន​ការថយចុះ​ក្នុង​ដំណាក់កាល​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ដោយ​បច្ចុប្បន្ន​មាន​ជនជាតិ​ចិន​ប្រហែល ១៥ ០០០ ​នាក់​ កំពុង​ស្នាក់នៅ​ក្នុង​ខេត្ដ​ជាប់មាត់​សមុទ្រ​មួយ​នេះ ខណៈ​កាលពី​មុន​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ មាន​ជនជាតិ​ចិន​ទាំង​ស្នាក់នៅ និង​ទេសចរ​ជាង ២ ​លាន​នាក់​។

លោក​បញ្ជាក់ថា​៖ «​អ៊ីចឹង​ក្នុង​ពេល​ (​មាន​ការផ្ទុះ​ជំងឺ​កូវីដ​ ១៩) ​នោះ​ប្រជាជន​ចិន​នៅក្នុង​ខេត្ដ​ព្រះសីហនុ​ភាគច្រើន​បាន​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​របស់​គាត់​ដើម្បី​ចូលរួម​កម្មវិធី​ចូលឆ្នាំ​ចិន​។ ឯ​អ្នក​ដែល​បន្ត​រស់នៅ​គឺជា​អ្នក​ដែលមាន​ការពាក់ព័ន្ធ​ទាក់ទង​ជាមួយ​នឹង​ទ្រព្យសម្បត្ដិ ការគ្រប់គ្រង​ក្រុមហ៊ុន​ផ្សេងៗ​ជាដើម​ដែល​មាន​ចំនួន​តិច​ប៉ុណ្ណោះ​ជា​អ្នកមាន​ភារកិច្ច​។ អ៊ីចឹង​ឥឡូវ​នេះ បើ​និយាយ​ពី​ចំនួន​ប្រជាជន​ចិន​នៅសល់​ដែល​កំពុង​រស់នៅ​ប្រហែល​ជា ១៥ ០០០ ​នាក់​»៕