ព្រះសីហនុៈ រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​ក្រោម​ការដឹកនាំ​ពី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​កំពុង​ឈូសឆាយ​រៀបចំ​តំបន់​ឆ្នេរសមុទ្រ​ថ្មី​មួយទៀត​ស្ថិត​នៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់​ឲ្យ​ទៅ​ជា​ឆ្នេរ​លម្ហែ​សាធារណៈ​របស់​រដ្ឋ​សម្រាប់​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​ទស្សនា​កម្សាន្ត​ដោយ​សេរី​ដោយ​ដាក់ឈ្មោះ​ឆ្នេរ​នេះ​ថា​ជា​ «​ឆ្នេរ​ជំទាវ​ម៉ៅ​» ។

លោក តាំង សុចិត្តគ្រឹស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដ​ព្រះសីហនុ​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា រាជរដ្ឋាភិបាល និង​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ តាមរយៈ​គម្រោង​អភិវឌ្ឍ​ខេត្ដ​ព្រះសីហនុ​ឲ្យ​ទៅជា​ខេត្ដ​ពហុប៉ូល​សេដ្ឋកិច្ច​ទេសចរណ៍ ហើយ​ពេលនេះ​កំពុង​អភិវឌ្ឍ​តំបន់​ទេសចរណ៍​នានា​ក្នុង​ខេត្ដ​ព្រះសីហនុ​ក្នុង​នោះ​មាន​ការអភិវឌ្ឍ​ឆ្នេរសមុទ្រ​ថ្មីៗ​ជាច្រើន​កន្លែង​ដើម្បី​រក្សា​ទុកជា​សម្បត្ដិ​សាធារណៈ​របស់​រដ្ឋ សម្រាប់​ឲ្យ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​លម្ហែ​កម្សាន្ត​។

លោក​ថ្លែងថា ឆ្នេរ​ដែល​កំពុង​រៀបចំ​អភិវឌ្ឍ​នេះ​ជា​ជំហាន​ដំបូង​ក្រុម​ការងារ​របស់​រដ្ឋបាល​ខេត្ដ​កំពុង​ឈូសឆាយ​សិន​។ ឆ្នេរ​នេះ​មាន​ប្រវែង​ប្រហែល ១ គីឡូម៉ែត្រ​ការ៉េ និង​ទំហំ​ចំណី​ឆ្នេរ​ប្រហែល​ ១០០ ​ម៉ែត្រ​។ លោក​ថា​៖ «​នៅក្បែរ​តំបន់ឆ្នេរ​នេះ​មាន​ក្រុមហ៊ុន​ចំនួន​ ២ ដែល​កំពុង​អភិវឌ្ឍ​នៅ​តំបន់​នេះ ឥឡូវ​ក្រុមហ៊ុន​ទាំងនោះ​មាន​ក្រុមហ៊ុន​ ១ បាន​ចូលរួម​បរិច្ចាគ​ដី​មួយចំនួន​ឲ្យ​មក​រដ្ឋបាល​ខេត្ដ​ដើម្បី​ពង្រីក​ឆ្នេរ​នេះ សម្រាប់​ទុក​ប្រើប្រាស់​ជា​សម្បត្ដិ​សាធារណៈ​របស់​រដ្ឋ និង​រៀបចំ​សម្រាប់​ទេសចរ​មក​លម្ហែ​កម្សាន្ត​។ ចំណែក​ក្រុមហ៊ុន​ ១ ​ទៀត ក៏​គ្រោង​បរិច្ចាគ​ដី​ដែរ ឥឡូវ​ខាង​ក្រុមហ៊ុន​កំពុង​ពិចារណា​»​។

បើតាម​លោក សុចិត្តគ្រឹស្នា លោក​អភិបាលខេត្ដ​ព្រះសីហនុ​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការអភិវឌ្ឍ​ឆ្នេរ​តំបន់​នេះ​ឲ្យ​ទៅជា​តំបន់​ទេសចរណ៍​សាធារណៈ​របស់​រដ្ឋ​គឺ​មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ណា​ផ្សេង មក​វិនិយោគ​លើ​តំបន់​នេះឡើយ​។

ទិដ្ឋភាព​ «​ឆ្នេរ​ជំទាវម៉ៅ​» ​កំពុង​ត្រូវ​បានរៀបចំ​។ រូបថត សាលាខេត្ត​ព្រះសីហនុ

ទាក់ទង​នឹង​មូលហេតុ​ដែល​រដ្ឋបាល​ខេត្ដ​សម្រេច​ដាក់ឈ្មោះ​តំបន់​នេះ​ថា «​ឆ្នេរ​ជំទាវ​ម៉ៅ​» លោក សុចិត្តគ្រឹស្នា ឲ្យ​ដឹងថា ជាទូទៅ​នៅ​តំបន់​ឆ្នេរសមុទ្រ​ប្រជាពលរដ្ឋ​ភាគច្រើន​គឺ​មាន​ជំនឿ គោរព​ឲ្យ​តម្លៃ​ទៅលើ​លោក​យាយ ម៉ៅ ដែលមាន​ប្រវត្ដិ​ជាច្រើន​កន្លងមក​ទើប​មានការ​រៀបចំ​ដាក់​ឲ្យ​មានឈ្មោះ​គាត់​បែបនេះ​។

លោក​បន្ថែមថា ក្រៅពី​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នានា និង​ «​ឆ្នេរ​ជំទាវ​ម៉ៅ​» ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​ក៏បាន​រៀបចំ​អភិវឌ្ឍ​ឆ្នេរសមុទ្រ​ជា​បន្តបន្ទាប់​ក្នុង​ពេល​ថ្មីៗ​នេះ​មាន​ដូចជា​ឆ្នេរ​អារីស្តុន ឆ្នេរ​អូរត្រេះ និង​ឆ្នេរ​អូរឈើទាល​ ២ ​ជាដើម គឺ​បាន​រៀបចំ​ដាក់​បន្ទប់ទឹក និង​សួនច្បារ​បាន​ស្អាត​រួចរាល់​ហើយ​សម្រាប់​ទេសចរ​ទៅ​កម្សាន្ត​។

លោក​ សុចិត្តគ្រឹស្នា បញ្ជាក់ថា​៖ «​តាម​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​របស់​ជាតិ​ខេត្ដ​ព្រះសីហនុ គឺជា​ប៉ូល​អាទិភាព​មួយ​ដោយ​អភិវឌ្ឍ​ទៅជា​តំបន់​ទេសចរណ៍​ចម្រុះ​។ គោលដៅ​សំខាន់​នោះ​ក៏មាន​ការអភិវឌ្ឍ​លើ​ផ្នែក​សេដ្ឋកិច្ច និង​ឧស្សាហកម្ម​ផងដែរ​។ ក្នុង​ផែនការ​របស់​ក្រសួង​ទេសចរណ៍​ក៏បាន​កំណត់​ការអភិវឌ្ឍ​ខេត្ដ​ព្រះសីហនុ​ទៅ​ជា​គោលដៅ​ទេសចរណ៍​បែប​ធុរកិច្ច​ស្ដង់ដា​អន្តរជាតិ​ផងដែរ​»​។

បច្ចុប្បន្ន​ក្នុង​ក្រុងព្រះសីហនុ បើ​រាប់ទាំង​ឆ្នេរ​ថ្មី​ដែល​កំពុង​អភិវឌ្ឍ​នេះ​គឺមាន​ឆ្នេរ​សរុប​ចំនួន​ ៩ ​អាច​ឲ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត​បាន​។ ក្រៅពី​នេះ​ក៏​មាន​ឆ្នេរ​ស្អាតៗ​ជាង​ ១០ ទៀត​នៅតាម​បណ្ដា​កោះ​នានា​។

រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​កាលពី​ម្សិលមិញ​បាន​ផ្សព្វផ្សាយ​លើ​ហ្វេសប៊ុក​របស់ខ្លួន​ថា ក្រោម​ការដឹកនាំ​ពី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​បានសម្រេច​ឲ្យ​រដ្ឋបាលខេត្ត​ធ្វើការ​ឈូសឆាយ ដើម​កាស្យា និង​កែលម្អ​សោភណភាព​ឆ្នេរខ្សាច់​នៅ​តំបន់​ពយ​ជំទាវម៉ៅ ដោយ​រក្សា​ទុកជា​លម្ហ​សាធារណៈ​របស់​រដ្ឋ ព្រម​ទាំង​អនុញ្ញាត​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ចូល​ទស្សនា​កម្សាន្ត​ដោយ​សេរី​៕

វីដេអូ៖