ព្រះសីហនុៈ រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ប្រកាស​ផ្អាក​ការធ្វើ​ដំណើរ​ចេញ​-​ចូល​ខេត្ត​នេះ​ជា​បណ្តោះអាសន្ន ដោយ​លើកលែង​តែ​រថយន្ត​ដឹកទំនិញ និង​រថយន្ត​សង្គ្រោះបន្ទាន់ ដែល​ការផ្អាក​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​កុំ​ចល័ត​ចេញ​ក្រៅ​ខេត្ត ឬ​ក្រុង បើសិន​មិនមាន​ការចាំបាច់ និង​អ្នក​នៅ​ខេត្ត​ផ្សេង​ក៏​កុំ​ចូល​ទៅក្នុង​ខេត្ត​នេះ​ផងដែរ​។

យោងតាម​រដ្ឋបាលខេត្ត​ព្រះសីហនុ​ឱ្យ​ដឹងពី​ម្សិលមិញ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមក​នេះ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​ មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​ ១៩ ដល់​មនុស្ស​ដែល​កំពុង​រស់នៅ ធ្វើការ និង​ប្រកប​អាជីវកម្ម​នៅ​ខេត្ត​ព្រះសីហនុ​ក្នុង​ចំនួន​មួយ​គួរឱ្យ​ព្រួយបារម្ភ​។

ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ទៅក្នុង​សហគមន៍ រដ្ឋបាលខេត្ត​សូម​ផ្អាក​ការធ្វើដំណើរ​ចេញ-ចូល​ខេត្ត​ព្រះសីហនុ​ជាបណ្តោះអាសន្ន​លើកលែង​តែ​រថយន្ត​ដឹកទំនិញ និង​សង្គ្រោះបន្ទាន់​។ ការផ្អាក​នេះ​គឺ​ដើម្បី​ទុក​លទ្ធភាព​ឱ្យ​រដ្ឋបាលខេត្ត​គ្រប់គ្រង​បាន​នូវ​អ្នកឆ្លង​ជំងឺ​កូវីដ​ ១៩ អ្នកមាន​ការពាក់ព័ន្ធ​ជាមួយ​នឹង​អ្នកជំងឺ​ និង​ទីតាំង ដែលមាន​ការពាក់ព័ន្ធ​ដើម្បី​កំណត់​ជា​មណ្ឌល​ចត្តាឡីស័ក​ឱ្យបាន​ចប់សព្វគ្រប់​សិន​។

លោក​ ហ៊ុន សែន ​បាន​ថ្លែង​តាមរយៈ​សារ​ជា​សំឡេង​កាលពី​យប់​ថ្ងៃទី​ ០៣ ខែមីនា ​ដោយ​លោក​បាន​ស្នើឱ្យ​អាជ្ញាធរខេត្ត​ព្រះសីហនុ​ធ្វើការ​ពិនិត្យ​ទៅលើ​ផែនការ​មួយ​ចំនួន បន្ទាប់ពី​មាន​ការកើនឡើង​នូវ​អ្នក​វិជ្ជមាន​កូវីដ​ ១៩​ នៅក្នុង​ខេត្ត​នេះ​។

លោក​ថ្លែងថា​៖ «​ផែនការ​បន្ទាន់​ដែល​ត្រូវធ្វើ​គឺ​ការបិទ​ចរាចរណ៍​មនុស្ស​ចេញពី​ខេត្ត​ព្រះសីហនុ​ទៅ​កាន់​ខេត្ត​ផ្សេង ដោយ​ខិតខំ​កាត់បន្ថយ​ចំនួន​មនុស្ស​កុំ​ឱ្យ​ចេញ​ក្រៅ​ ដើម្បី​ទប់ស្កាត់​ការរីករាលដាល​ទៅកាន់​ខេត្ត​ផ្សេង​។ ដូចនេះ​សុំឱ្យ​ប្រជាពលរដ្ឋ​ស្នាក់នៅ​ក្នុង​ខេត្ត កុំ​ចេញ​មក​ក្រៅ​»​។

លោក ហ៊ុន សែន បន្តថា ផែនការ​ទី​២ គឺ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ស៊ីណូហ្វាម​សម្រាប់​អ្នក​ដែលមាន​អាយុ​ពី​ ៥៩ ​ឆ្នាំ​ចុះក្រោម និង​អ្នក​ដែលមាន​អាយុ​ពី​ ៦០ ​ឆ្នាំ​ឡើងទៅ​សម្រាប់​វ៉ាក់សាំង AstraZeneca ទាំង​ប្រជាពលរដ្ឋ​ និង​មន្ត្រី​មូលដ្ឋាន​ដែល​ក្រសួង​បាន​បញ្ជូន​វ៉ាក់សាំង​ទាំង​ ២ ​ប្រភេទ​នេះ​ទៅកាន់​ខេត្ត​ព្រះសីហនុ​រួចរាល់​ហើយ​នៅ​ថ្ងៃទី​ ៤ ខែមីនា​។

ជាមួយ​គ្នា​នេះ​ដែរ​លោក ហ៊ុន សែន បាន​ថ្លែង​កាលពី​ថ្ងៃ​ម្សិលមិញ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដោយ​លោក​បាន​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​ព្រះសីហនុ​សុំ​ឱ្យនៅ​ទីនោះ និង​កុំ​ចល័ត​ចេញ​ក្រៅ​ប្រសិនបើ​មិនមាន​ការចាំបាច់​ណាមួយ​។

លោក​បញ្ជាក់ថា​៖ «​យើង​មិនអាច​បិទ​ក្រុងព្រះសីហនុ​បាន​ទេ ដោយសារ​ជា​ទីក្រុង​មួយ​មាន​កំពង់ផែ ដឹកទំនិញ​ចេញ-ចូល ក៏ប៉ុន្តែ​សុំឱ្យ​ប្រយ័ត្នប្រយែង​។ ខ្ញុំ​សុំ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ បើ​គ្មាន​ការចាំបាច់ កុំ​ធ្វើដំណើរ​ទៅ​ខេត្ត​ព្រះសីហនុ ឯ​អ្នក​នៅ​ខេត្ត​ព្រះសីហនុ សុំ​កុំអាល​ចាកចេញ​មកកាន់​កន្លែង​ផ្សេង ព្រោះ​វា​អាច​ធ្វើ​ឱ្យមាន​ការចម្លង​មក​តាម​ផ្លូវជាតិ​លេខ​ ៤ ​អាច​ឆ្លងទៅ​ខេត្ត​កែប និង​ខេត្តកំពត​។ សុំឱ្យ​រក្សា​ភាពស្ងប់ស្ងាត់​នៅ​ទីនោះ​សិន​»​។

លោក​ ហ៊ុន សែន បញ្ជាក់ទៀត​ថា សម្រាប់​នៅ​ទីក្រុង​ភ្នំពេញ ពិតមែន​តែ​អាជ្ញាធរ​មាន​ការត្រួតត្រា​សភាពការណ៍ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​ប្រសិន​បើ​គ្មាន​ការចាំបាច់ គួរតែ​ស្ថិត​នៅ​ក្នុងផ្ទះ​សិន ពីព្រោះ​នៅពេល​ដែល​ផ្ទុះឡើង​ក្នុង​សហគមន៍​ចំនួន​អ្នក​ឆ្លង​ក្នុង​សហគមន៍​បាន​កើនឡើង​រហូត​ជាង ៤០០ ​នាក់​ក្នុង​រយៈពេល​ខ្លី​តែប៉ុណ្ណោះ​។

«​ជំងឺ​នេះ​ឆ្លង​លឿន ឆ្លង​រហ័ស ដែល​សុំឱ្យ​ប្រជាពលរដ្ឋ​យើង​មាន​ការប្រយ័ត្នប្រយែង ដើម្បី​យើង​អាច​ត្រួតត្រា​ និង​បិទ​បញ្ចប់​ព្រឹត្តិការណ៍​នេះ​។ យើង​មិន​បិទ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​ទេ ប៉ុន្តែ​សុំ​អំពាវនាវ​សម្រាប់​អ្នក​នៅក្នុង​ទីក្រុង​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្ត​ព្រះសីហនុ ត្រូវ​ចៀសវាង​ឱ្យបាន​នូវ​ការ​ចល័ត​មនុស្ស​»​។

គិត​ត្រឹម​ថ្ងៃទី​ ៤ ខែ មីនា ឆ្នាំ​ ២០២១ ​កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូវីដ​ ១៩ ​ចំនួន​ ៩០៩ ​នាក់​ក្នុង​នោះ​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន ៤៨៤ ​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ ៤២៥ ​នាក់​៕

វីដេអូ៖