ព្រះសីហនុៈ ខេត្ត​ព្រះសីហនុ​នឹង​ក្លាយជា​ខេត្ត​ទី​ ២ បន្ទាប់ពី​ខេត្ត​សៀមរាប ដែល​មាន​មន្ទីរពិសោធន៍​សម្រាប់​ធ្វើតេស្ដ​សំណាក​រក​ជំងឺ​កូវីដ​ ១៩ ដោយ​មិនចាំបាច់​បញ្ជូន​សំណាក​មក​ធ្វើតេស្ដ​នៅ​រាជធានី​ភ្នំពេញ​ដូច​មុន​ទៀត​ទេ ខណៈ​គម្រោង​សាងសង់​ត្រូវ​ចាប់ផ្ដើម​នៅពេល​ដែល​មាន​ការឯកភាព​លើ​ប្លង់គោល​រួចរាល់​។

កាលពី​ថ្ងៃ​អាទិត្យ លោក ម៉ម ​ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក សាយ សំអាល់ ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បាន​ចុះ​ពិនិត្យ​នៅ​ទីតាំង​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់​លេខ​ ៤ ក្រុងព្រះសីហនុ ដើម្បី​គ្រោង​សាងសង់​មន្ទីរពិសោធន៍​វេជ្ជសាស្ដ្រ​នៅពេល​ខាងមុខ​នេះ សម្រាប់​ធ្វើ​តេស្ដ​លើ​សំណាក​រក​ជំងឺ​កូវីដ​ ១៩​។

លោក ម៉ម ប៊ុនហេង បាន​បញ្ជាក់​ថា​ការសាងសង់​មន្ទីរ​ពិសោធន៍​នេះ​គឺ​ទទួល​បាន​ការឯកភាព​ពី​រដ្ឋាភិបាល​រួចហើយ ហើយ​ម៉ាស៊ីន​នឹង​អាច​ទទួល​បាន​ពី​ប្រទេស​ចិន ខណៈ​លោក​ គួច ចំរើន បាន​បញ្ជាក់​ដែរ​ថា នៅពេល​មាន​ការឯកភាព​លើ​ប្លង់​​គោល​រួចរាល់​ការសាងសង់​នឹង​ចាប់ផ្ដើម​។ នេះ​បើ​តាម​ការចុះផ្សាយ​ដោយ​ទំព័រ​ហ្វេសប៊ុក​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​។

លោកស្រី លឹម សាមាន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា មន្ទីរពិសោធន៍​នេះ​នឹង​ប្រើប្រាស់​សម្រាប់​ធ្វើតេស្ដ​ជំងឺ​ទូទៅ និង​ជំងឺ​កូវីដ​ ១៩ និង​ដើម្បី​បញ្ឈប់​ការដឹកជញ្ជូន​សំណាក​ដែល​រៀងរាល់​ថ្ងៃ ខេត្ត​​បាន​បញ្ជូន​សំណាក​តាម​រថយន្ត​ជា​មធ្យម​ពី​ ២០០ ទៅ​ ៣០០ ​ទៅ​តេស្ដ​រក​ជំងឺ​កូវីដ​ ១៩ នៅ​រាជធានី​ភ្នំពេញ​។ ​ប៉ុន្តែ​ការសាងសង់​​នៅពេល​ណា ការចំណាយ និង​សមត្ថភាព​អាចធ្វើ​តេស្ដ​លើ​សំណាក​បាន​ចំនួន​ប៉ុន្មាន​ក្នុង​ ១ ​ថ្ងៃ គឺ​លោកស្រី​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​។

លោកស្រី​បាន​ថ្លែងថា​៖ «​រាល់​​ថ្ងៃនេះ ខេត្ត​ព្រះសីហនុ នៅ​តែ​មាន​យន្តហោះ​ចុះ​ជាប្រចាំ​។

វា​អត់​ទៀងទេ​នៅ​ថ្ងៃ​ខ្លះ យើង​អាច​បញ្ជូន​សំណាក​មក​ធ្វើតេស្ដ​នៅ​ភ្នំពេញ​មាន​ដល់​ ៣-៤ ​រយ​សំណាក ហើយ​ថ្ងៃ​ខ្លះទៀត​មាន​ត្រឹម​ ៥០-៦០ ​សំណាក​»​។

លោក ឃាង ភារម្យ មន្ត្រី​នាំពាក្យ​ខេត្ត​ព្រះសីហនុ​បាន​លើកឡើង​ថា ការបញ្ជាក់​ពី​ទំហំ​ថវិកា​ដែល​រដ្ឋាភិបាល​ត្រូវ​ចំណាយ​សម្រាប់​សាងសង់​មន្ទីរពិសោធន៍​នេះ​គឺអាច​ដឹង​ក្រោយពី​ការសិក្សា​ប្លង់គោល​ចប់ ហើយ​ដាក់​ទៅឱ្យ​លោក​នាយក​រដ្ឋមន្ត្រី​ពិនិត្យ​សម្រេច​។ លោក​បន្តថា ខេត្ត​ចង់​សាងសង់​ឱ្យ​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើបាន​ដោយសារ​វា​គឺជា​តម្រូវ​ការចាំបាច់​បំផុត​។

លោក​បាន​បញ្ជាក់ថា​៖ «​បច្ចុប្បន្ន​​នេះ អ្នកដំណើរ​មកពី​ក្រៅ​ប្រទេស​ដែល​ជា​អ្នកវិនិយោគ និង​ទេសចរ ជាពិសេស​គឺ​មកពី​ប្រទេស​ចិន​គឺ​យើង​ត្រូវ​យក​សំណាក​ទៅ​ធ្វើ​តេស្ដ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​​នៅ​រាជធានី​ភ្នំពេញ​ដែល​វា​ត្រូវ​​ការចំណាយពេល​យូរហើយ​យ៉ាងតិច​ក៏មាន​ចំនួន​ ២ ​ថ្ងៃ​ដែរ ទម្រាំ​លទ្ធផល​ចេញ​។ អ៊ីចឹង! វា​​មិន​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការចាំបាច់ និង​ជាក់ស្ដែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​នោះទេ​»​។

លោក​បាន​បន្តថា នៅពេល​បច្ចុប្បន្ន​គឺ​ក្នុង​ ១ ​សប្ដាហ៍ ខេត្ត​ព្រះសីហនុ​ទទួលបាន​ជើងហោះហើរ​ ៣ ​ជើង មកពី​ក្រៅប្រទេស ប៉ុន្តែ​ក្នុង​សប្ដាហ៍​ខ្លះ​តិចជាង និង​សប្ដាហ៍​ខ្លះទៀត​ច្រើនជាង​ ៣ ​ជើង​ក៏​មាន​ដែរ ដែល​ភាគច្រើន​ជា​ជើង​ហោះហើរ​មកពី​ប្រទេស​ចិន​។ លោក​បាន​បញ្ជាក់ថា ដោយសារ​ជំងឺ​កូវីដ​ ១៩ មិន​ទាន់​ធូរស្រាល អ្នកដំណើរ​ជនជាតិ​ចិន​ទាំងនោះ ភាគច្រើន​ជា​វិនិយោគិន និង​មាន​តិចតួច​ជា​អ្នកទេសចរ​។

មន្ត្រីខេត្ត​រូបនេះ​បាន​បន្ថែមថា បើ​ប្រៀបធៀប​ទៅនឹង​អំឡុង​បុណ្យ​ចូលឆ្នាំ​ចិន កាលពី​ខែ​​មករា ដែល​ជា​ពេល​ជំងឺ​កូវីដ​១៩​ចាប់ផ្ដើម​ផ្ទុះ​ខ្លាំង​គឺ​នៅ​ខេត្ត​ព្រះសីហនុ​សឹងតែ​គ្មាន​ជើង​ហោះហើរ​ចូល​ឡើយ​ក្នុង​ ១ ​សប្ដាហ៍​។

ផ្ទុយទៅវិញ​មាន​តែ​អ្នកធ្វើដំណើរ​ចេញពី​ខេត្ត​ព្រះសីហនុ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​។

នៅពេល​ទាក់ទង​សុំ​បញ្ជាក់បន្ថែម​ពី​លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃ​ម្សិលមិញ ភ្នំពេញ​ប៉ុស្ដិ៍​មិនទាន់​បានទទួល​ការឆ្លើយតប​នៅ​​ឡើយ​ទេ​។

ខេត្ត​សៀមរាប​ដែល​ជា​ខេត្ត​តំបន់​ទេសចរណ៍​ដ៏សំខាន់​ដែរនោះ បាន​ក្លាយ​ជា​ខេត្ត​ដំបូង​គេ​នៅ​កម្ពុជា​ដែល​មិនចាំបាច់​បញ្ជូន​សំណាក​រក​ជំងឺ​កូវីដ​មក​ធ្វើតេស្ដ​នៅ​រាជធានី​ភ្នំពេញ​ដូច​មុន​ទៀត បន្ទាប់ពី​បាន​ចាប់ផ្ដើម​​ដំណើរការ​មន្ទីរពិសោធន៍​រកជំងឺ​នេះ​ដោយ​ខ្លួនឯង​នៅក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កាលពី​ ២ ​សប្ដាហ៍​មុន​។

លោក​ ក្រួស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប​បាន​ថ្លែងថា វា​គឺជា​មន្ទីរពិសោធន៍​ចាស់ ហើយ​ត្រូវ​កែ​ឱ្យ​ក្លាយ​ទៅ​ជា​មន្ទីរពិសោធន៍​ស្រប​តាម​លក្ខណៈ​បច្ចេកទេស​ដើម្បី​ធ្វើ​តេស្ដ​សំណាក​ជំងឺ​កូវីដ​ ១៩​។

លោក​បន្តថា មន្ទីរពិសោធន៍​នេះ​គឺអាច​ធ្វើតេស្ដ​បាន​ចាប់ពី​ ៥០ ​ទៅ​ ៦០ ​សំណាក​ក្នុង​ ១ ​ថ្ងៃ​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​នៅក្នុង​ខេត្ត​សៀមរាប​មាន​អ្នក​ត្រូវ​ធ្វើតេស្ដ​ប្រចាំថ្ងៃ​ក្នុង​រង្វង់​ចំនួន​ ២០ ​នាក់​ប៉ុណ្ណោះ ដែល​ភាគច្រើន​គឺជា​ជនជាតិខ្មែរ​ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ​៕