ព្រះ​សីហនុៈ របាយការណ៍​ជំរឿន​ជនបរទេស​ដំបូង​ក្នុង​ខេត្ត​ព្រះសីហនុ បាន​​រក​ឃើញ​ថា​ មាន​ជន​បរទេស​ចំនួន ១៣ ​៨៥៩​ នាក់ ​មាន​​ ​៣០ សញ្ជាតិ ក្នុង​នោះ​ភាគ​ច្រើន​ ជា​​ជនជាតិ​ចិន​ កំពុង​រស់​នៅ​ធ្វើការ និង​ទេស​ចរណ៍​នៅ​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ ​ហើយ​​​លោក​ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍ បាន​ក្រើនរំឭក​ឲ្យ​សមត្ថកិច្ច​ពាក់​ព័ន្ធមាន​វិធានការ​ តាម​​ច្បា​ប់ ចំពោះ​ជន​បរទេស​ណា​ ដែល​ល្មើ​ស​ច្បាប់ ដើម្បី​រក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់​ក្នុង​ខេត្ត​នេះ។

​របាយការណ៍​នេះ ត្រូវបាន​បង្ហាញ​នៅក្នុង​កិច្ចប្រជុំ​ត្រួត​ពិនិ​ត្យ​លទ្ធផល​ការងារ​ដែល​ដឹក​នាំ​ដោយ​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ និង​លោក យន្ត មីន អភិបា​ល​ខេត្ត​ព្រះសីហនុ ធ្វើ​​ឡើង​នៅ​​សាលប្រជុំ​សាលាខេត្ត​ព្រះ​សីហ​នុ កាលពី​ម្សិលមិញ។

ក្នុងឱកាស​នោះ លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​ណែនាំ​ឱ្យ​ក្រុម​​ការងារ​ថ្នាក់ជាតិសហការ​ជាមួ​យ​​រដ្ឋបាលខេត្ត​ធ្វើ​កិច្ចការ​ដោយ​ផ្អែកលើ​ផ្លូវច្បាប់ ដោយ​មិនត្រូវ​គិត​ជាតិ​សាសន៍​ណា​នោះទេ ឲ្យ​តែ​ជនបរទេស​រូប​ណា​ ដែល​ចូលមក និង​បំពេញ​ការងារ​ស្រ​ប​​ច្បាប់​របស់​ព្រះរា​ជាណា​ចក្រ​កម្ពុជា អាជ្ញាធរ​ ត្រូវ​គាំទ្រ​ និង​ការពារ។

លោក​បន្តថា៖ «ប៉ុន្តែ​ជនបរទេស​រូប​ណា​ដែល​ល្មើស​ច្បាប់​របស់​ព្រះរាជា​ណាចក្រ​កម្ពុជា ត្រូវតែ​ចាត់​វិធានការតាម​នីតិ​វិធី​ច្បាប់ ដោយ​មិន​លើក​លែង​ឡើយ»។

របាយ​ការណ៍​បូកសរុប​លទ្ធ​ផល​កិច្ចប្រតិបត្តិការ​ប្រចាំ​ខែ​មករា គិត​ចាប់ពី​ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៨ ដល់​ថ្ងៃទី ១៥ ខែ​មករា ឆ្នាំ ២០១៩ របស់​ការិយា​ល័យ​គ្រប់គ្រង​​ជនអន្តោប្រវេសន៍នៃ​​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​ស្រាវជ្រាវ​ទៅតាម​ទីតាំង​ចំនួន ៤១៨ កន្លែង ​គឺមាន​ជន​បរទេស​ចំនួន​ ១៣ ៨៥៩ នាក់ ស្រី ២៨៩៦ ​នាក់ និង​មាន ៣០ ​សញ្ជាតិ ក្នុងនោះ​ជនជាតិ​ចិនមាន​ចំនួន​​ច្រើន​ជាង​គេគឺ​ ១២ ៤៥៤ នាក់ កំពុង​រស់នៅ ធ្វើការ និង​ទេស​ចរណ៍​នៅក្នុង​ខេត្ត​ព្រះសីហនុ។

លោក យន្ត មីន ​បាន​ថ្លែងក្នុង​កិច្ច​ប្រជុំ​នេះ​ថា ការកើនឡើង​នេះដោយសារតែ​ខេត្ត​ព្រះ​សី​ហនុ កំពុង​តែមាន​សម្ទុះ​នៃ​ការ​អភិ​វឌ្ឍ ​តាមរយៈ​នៃ​គម្រោង​វិនិយោគ​ជាច្រើន​ ហើយ​តាម​រយៈ​​នៃ​គម្រោង​វិនិយោគ​ទាំងអស់​នេះ មាន​សំណង់​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ជាច្រើន​បានកើត​ឡើង​ដូចជា​សំណង់​អគារ​ពា​​ណិ​ជ្ជកម្ម​កម្ពស់​ខ្ពស់ៗ​ជាដើ​ម ដែល​ពី​មុន​​មិន​ធ្លាប់មាន​ទេ។

លោក​បញ្ជាក់ថា៖ «វត្ត​មាន​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​នៅ​ក្នុង​ខេត្ត​ព្រះសីហនុកើន​ឡើង​ច្រើន​នាពេល​បច្ចុប្បន្ន​នេះ ពិសេស​ជនជាតិ​ចិន»។

តាម​របាយការណ៍​ដដែល ចំពោះ​កំណើន​វត្តមាន​ជន​បរទេ​ស​​ចម្រុះ​ជាតិ​សាសន៍​នៅ​ខេត្ត​ព្រះ​​សីហនុ​នេះ គឺ​បាន​បែង​ចែកជា ៣ ប្រភេទ​គឺជនបរទេស​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​​វិនិយោគ​ជន​បរទេស​ដែលជា​ពលករ​ឬ​កម្ម​ក​រ​​ដែល​ចូលមក​ធ្វើ​ការងារ​តាម​ក្រុមហ៊ុន​ និង​ការដ្ឋាន​សំណង់​មួយ​ចំនួន​ និង​អ្នក​ទេសចរ​ចល័ត។

ស្នងការរង​ខេត្ត​ព្រះសីហនុ​ ទទួល​ផែន​អន្តោប្រវេសន៍ លោ​ក ហ៊ុន សុរិទ្ធី បាន​ប្រាប់​សារ​ព័ត៌​មា​​​ន​​ក្នុងស្រុក​ថា ទិសដៅ​បន្ត​ក្នុង​ការងារ​គ្រប់គ្រង​ជន​អន្តោ​ប្រវេ​ស​ន៍​ ក្នុង​ខេត្ត​ព្រះ​សីហនុ គឺ​បន្ត​សហ​ការ​ជាមួយ​មន្ត្រី​ជំនាញ​ក្រសួ​ង​មហាផ្ទៃ និង​បាន​ចាត់​តាំង​កម្លាំ​ង​ប្រចាំការ ២៤ ម៉ោងលើ ២​៤​ ម៉ោង នៅតាម​ការិយាល័យ។ បន្ត​ការ​គ្រប់គ្រង​ ត្រួត​ពិនិត្យ​ជន​បរទេស​គ្រប់​ប្រភេទ ចូលចេញ ស្នាក់​​នៅ ​ធ្វើ​ការងារ​ប្រក​ប​អាជីវ​កម្ម​ផ្សេងៗ​ក្នុង​ខេត្ត​ព្រះសីហនុ។

លោក​ថា​៖ «​កម្លាំ​ង​​សមត្ថកិច្ច​ពាក់​ព័ន្ធ ក៏​នឹង​បន្ត​បង្កា​រ​​​ទប់ស្កាត់​ជន​បរ​ទេ​​ស​លួ​ច​​​ជ្រៀតចូល​ខុស​ច្បាប់ និង​ស្រាវ​​ជ្រាវ​ស្វែងរក​ជន​បរទេស​ស្នាក់​​នៅ​ខុស​ច្បាប់ និង​បន្ត​សហការ​ជាមួយ​​ស្ថាប័ន​ពាក់​ព័ន្ធ និង​អា​​ជ្ញាធរ​មូលដ្ឋានឲ្យ​បានល្អ​ប្រសើ​រ​​ថែមទៀត ដើម្បី​រក្សា​សន្តិសុខ សុវត្ថិ​ភាព សណ្តាប់​ធ្នាប់ ដល់​ជន​បរទេស​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ»៕