ព្រះសីហនុៈ រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃនេះបានផ្សាយរបាយការណ៍លទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ១៩សម្រាប់ថ្ងៃទី៨ ខែឧសភា ដោយបានរកឃើញមានករណីវិជ្ជមានថ្មីនៅក្នុងសហគមន៍ចំនួន ១២៦ នាក់ក្នុងនោះ ៣៤ នាក់រកឃើញនៅក្នុងពន្ធនាគារខេត្ត។
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុដែលជម្រាបជូនជាសាធារណៈបានបញ្ជាក់ថា អ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង ១២៦ នាក់នោះគឺជាបុគ្គលិក កម្មកររោងចក្រ អាជីវករ និងក្រុមគ្រួសារ ព្រមទាំងបងប្អូនពលរដ្ឋ និងជនជាប់ឃុំនៅក្នុងពន្ធនាគារខេត្ត។
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារបានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៩ ឧសភានេះថា អគ្គនាយកពន្ធនាគារបានទទួលព័ត៌មានចំពោះករណីវិជ្ជមានថ្មីនៃជំងឺកូវីដ១៩ចំពោះជនជាប់ឃុំក្នុងពន្ធនាគារខេត្ដព្រះសីហនុនេះរួចហើយ ដែលបច្ចុប្បន្នក្រុមការងារកំពុងធ្វើការងារនេះ។
លោកបានថ្លែងថា៖ «យើងកំពុងរកមូលហេតុនៃការឆ្លងនេះ។ បញ្ហាប្រហែលជាឆ្លងមកពីអ្នកខ្លះដែលគាត់កើតជំងឺកូវីដ១៩ ប៉ុន្ដែមិនមានរោគសញ្ញា។ កាលនោះយើងអត់មានឧបករណ៍តេស្តរហ័ស (Rabies Test) កូវីដ១៩នេះ យើងគ្រាន់តែអនុវត្ដតាមនីតិវិធីដោយការធ្វើចត្ដាឡីស័កគាត់រយៈពេល ១៤ ថ្ងៃសម្រាប់អ្នកចាប់ចូលថ្មី។ ប៉ុន្ដែបុគ្គលដែលគាត់មានកូវីដ១៩នោះគឺគាត់មានមេរោគហើយ ប៉ុន្ដែគាត់អត់មានរោគសញ្ញា សូម្បីតែក្ដៅខ្លួនក៏អត់មានដែរ ដល់អីចឹង ពេលដែលផុតការធ្វើចត្ដាឡីស័ក ១៤ ថ្ងៃ គាត់ចូលទៅដល់ក្នុង (ពន្ធនាគារ) ទៅវាអាចចម្លងតពីហ្នឹងទៅ»។
លោក សវនា បានបន្តថា ជាគោលការណ៍ថ្មី គឺបានស្នើទៅខាងអគ្គស្នងការដ្ឋាននគរបាលជាតិ សម្រាប់អ្នកដែលចាប់ឃាត់ខ្លួនឡើងតុលាការគឺត្រូវធ្វើតេស្តរកមេរោគកូវីដ១៩ឱ្យរួចរាល់សិនទើបសម្រេចបញ្ជូនទៅឃុំនៅពន្ធនាគារ។
លោកបានបញ្ជាក់ថា៖ «នៅពេលធ្វើតេស្តហើយ ទើបបញ្ជូនខ្លួនទៅឃុំនៅពន្ធនាគារ វាក៏មានហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ចូលទៅក្នុងពន្ធនាគារតិចតួចដែរ»។
តាមរយៈសេចក្ដីជូនដំណឹង រដ្ឋបាលខេត្តព្រះសីហនុបានអំពាវនាវដល់លោក លោកស្រី អាជីវករ បងប្អូនពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ ជាមួយអ្នកវិជ្ជមានកូវីដ១៩ថ្មីកាលពីម្សិលមិញ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។ ជាមួយនេះត្រូវប្រញាប់រួសរាន់ទៅផ្តល់វត្ថុសំណាក ដើម្បីវិភាគរកវីរុសកូវីដ១៩ នៅវេទិកា ៧ មករា រៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័កនៅលំនៅឋានរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមបទបញ្ជាផ្ទៃក្នុងសម្រាប់អ្នកធ្វើចត្តាឡីស័ករយៈពេលពេល ១៤ ថ្ងៃ។
រដ្ឋបាលខេត្ដនេះបញ្ជាក់ថា អ្នកពាក់ព័ន្ធដទៃទៀតត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំដោយត្រូវពិនិត្យកម្ដៅយ៉ាងតិច ២ ដងក្នុង ១ ថ្ងៃ ត្រូវសម្រាកនៅផ្ទះក្នុងបន្ទប់ដាច់តែឯង និងត្រូវថែរក្សាអនាម័យខ្លួនជានិច្ច។
ជាមួយគ្នានេះរដ្ឋបាលខេត្ដក៏បានអំពាវនាវដល់ពលរដ្ឋផងដែរថា ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជា ឡើងកម្ដៅលើសពី ៣៧ អង្សាសេ ក្អក កណ្តាស់ ហៀរសំបោរ ឈឺបំពង់ក មានកំហាកថប់ដង្ហើមជាដើមគឺត្រូវប្រញាប់ទាក់ទងទៅក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត ឬមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុតាមរយៈទូរស័ព្ទ ០១៦ ៥២៦ ៥២០៕