
ប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ ទទួលបានការចាក់វ៉ាក់សាំងកាលពីថ្ងៃទី ១១ មេសា។ រូបថត រដ្ឋបាលខេត្តព្រះសីហនុ
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុបានដាក់លិខិតស្នើសុំវ៉ាក់សាំងកូវីដ ១៩ សម្រាប់ចាក់ជូនកម្មករ និយោជិត ជនជាតិខ្មែរ និងជនជាតិបរទេសសរុបចំនួន ៤០ ៧៧៧ នាក់ ដែលកំពុងបំពេញការងារនៅក្នុងខេត្តនេះ។
លោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងខេត្តព្រះសីហនុបានឲ្យដឹងថា សំណើសុំវ៉ាក់សាំងកូវីដ ១៩ នេះ បានធ្វើឡើងដោយយោងតាមការចាំបាច់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងខេត្តព្រះសីហនុ។
តាមរយៈលិខិតជម្រាបជូនគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសកាលពីថ្ងៃទី ២៩ ខែមេសា លោក គួច ចំរើន លើកឡើងថា ដើម្បីរៀបចំផែនការចាក់វ៉ាក់សាំងជូនបងប្អូនកម្មករ និយោជិត ទាំងជនជាតិខ្មែរ និងជនជាតិបរទេស ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ រដ្ឋបាលខេត្តព្រះសីហនុបានណែនាំដល់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ឲ្យរៀបចំទទួលចុះឈ្មោះបងប្អូនកម្មករ និយោជិតទាំងជនជាតិខ្មែរ និងជនបរទេសដែលកំពុងធ្វើការងារតាមរោងចក្រសហគ្រាស ក្រុមហ៊ុន នានា។ល។
លោកថ្លែងថា៖ «រហូតមកដល់ពេលនេះ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានរៀបចំបញ្ជីឈ្មោះបងប្អូនកម្មករ និយោជិត ទាំងជានជាតិខ្មែរ និងជនជាតិបរទេសសរុបចំនួន ៤០ ៧៧៧ នាក់ មានស្រី ១៨ ៨៦៥ នាក់។ ក្នុងនោះ មានជនបរទេសចំនួន ៨ ៥៤១ នាក់»។
ដោយឡែកកាលពីថ្ងៃទី ២៧ ខែមេសា លោកអភិបាលខេត្តព្រះសីហនុ ក៏បានចេញលិខិតផ្សេងមួយទៀតដោយស្នើសុំវ៉ាក់សាំង ដើម្បីរៀបចំផែនការចាក់ជូនបងប្អូនប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋាននៃក្រុង ស្រុកទាំង ៥ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩។
លោក គួច ចំរើន បញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុបានណែនាំដល់រដ្ឋបាលក្រុង ស្រុក ឲ្យរៀបចំទទួលចុះឈ្មោះ បងប្អូនប្រជាពលរដ្ឋដែលស្នើសុំចាក់វ៉ាក់សាំងកូវីដ ១៩ នៅតាមទីតាំងសមស្របក្នុងមូលដ្ឋានឃុំ/ សង្កាត់ ដោយត្រូវរៀបចំបញ្ជីឈ្មោះរបស់បងប្អូនប្រជាពលរដ្ឋ ទៅតាមភូមិ ឃុំ/សង្កាត់ ដែលបងប្អូនកំពុងរស់នៅ។
លោកថ្លែងថា៖ «រហូតមកដល់ពេលនេះ រដ្ឋបាលក្រុង ស្រុក បានរៀបចំបញ្ជីឈ្មោះ ប្រជាពលរដ្ឋស្នើសុំចាក់វ៉ាក់សាំងកូវីដ ១៩ សរុបចំនួន ២០ ៣៦២ នាក់ ស្រី ៩ ៨៣៧ នាក់។ ដូចនេះ រដ្ឋបាលខេត្តស្នើសុំលោកជំទាវប្រធានគណៈកម្មការផ្តល់វ៉ាក់សាំងកូវីដ ១៩ សម្រាប់ចាក់ជូនបងប្អូនប្រជាពលរដ្ឋខេត្តព្រះសីហនុដោយក្តីអនុគ្រោះ»។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣០ ខែមេសានេះថា បន្ទាប់ពីបានដាក់លិខិតជូនទៅប្រធានគណៈកម្មការចំពោះកិច្ចនេះរួចមក រដ្ឋបាលខេត្តព្រះសីហនុនៅមិនទាន់ទទួលបានការសម្រេចយ៉ាងណាពីការទទួលបានវ៉ាក់សាំងនោះនៅឡើយទេ។
លោកបញ្ជាក់ថា៖ «យើងបានដាក់លិខិតទៅហើយ អត់ទាន់ទទួលបានការសម្រេចពីលោកជំទាវប្រធានគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងនៅឡើយទេ»។
លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ មិនអាចទាក់ទង ដើម្បីសុំការអធិប្បាយសម្រាប់ការស្នើសុំខាងលើបានទេ៕