ព្រះសីហនុៈ ក្រោយ​មាន​ការរិះគន់​ជា​បន្ត​បន្ទាប់ពី​តម្លៃ​ស្នាក់នៅ​តាម​សណ្ឋាគារ និង​ផ្ទះ​សំណាក់ រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​បាន​ផ្ដើម​បង្គាប់​ក្រុម​ការងារ​ឱ្យ​ចុះ​ទៅ​ស្រង់​ស្ថិតិ និង​តម្លៃ​បន្ទប់​ដែល​អាច​ឈាន​ទៅ​កំណត់​តម្លៃ​ណា​មួយ​ឡើង​វិញ​។

តាម​លិខិត​បង្គាប់ការ​របស់​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​ចុះ​ទី​ ២៨ ខែ​វិច្ឆិកា ឆ្នាំ​នេះ​ដោយ​បាន​ដាក់​ថា ជា​ការ​ចាំបាច់​បាន​ចាត់តាំង​មន្ត្រី​ឲ្យ​ចុះ​ស្រង់​ស្ថិតិ និង​តម្លៃ​បន្ទប់​សណ្ឋាគារ ផ្ទះសំណាក់ បឹងហ្គាឡូ រីសត នានា ក្នុង​ខេត្ដ​ព្រះសីហនុ​ចាប់ពី​ថ្ងៃទី​ ២៨ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី​ ៣១ ខែ​ធ្នូ ដើម្បី​ប្រមូល​ព័ត៌មាន​សរុប​ដាក់​ទៅ​ថ្នាក់​ខេត្ដ​ដើម្បី​ពិនិត្យ និង​សម្រេច​។

តាម​លិខិត​នេះ​បាន​បង្គាប់​ឲ្យ​លោក ឱ សារឿន អ្នក​នាំពាក្យ​សាលា​ខេត្ដ​ព្រះសីហនុ និង​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ដ​ព្រះសីហនុ​ធ្វើ​ជា​ប្រធាន​ក្រុម រីឯ​លោក ឆោម វិទូ អនុប្រធាន​ការិយាល័យ​ឧស្សាហកម្ម​ទេសចរណ៍ និង​លោក គឹម សម្បត្ដិ មន្ដ្រី​ក្រុម​គេហទំព័រ​ខេត្ដ​ព្រះសីហនុ​ជា​សមាជិក​។

លោក ឱ សារឿន ប្រធាន​ក្រុម​ការងារ​ស្រង់​ស្ថិតិ និង​តម្លៃ​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា លោក​កំពុង​ប្រជុំ​ក្រុម​ការងារ​ថ្មី​របស់​លោក ដើម្បី​ចុះ​ទៅ​អនុវត្ដ​ផែនការ​ដែល​រដ្ឋបាល​ខេត្ដ​បាន​កំណត់​។

លោក​បន្ដ​ថា​៖ «​យើង​មិន​ទាន់​ដឹង​ថា​នឹង​ទទួល​បាន​លទ្ធផល​យ៉ាងណា​ចំពោះ​ការ​អនុវត្ដ​ការងារ​នេះ​ទេ ប៉ុន្ដែ​ពេល​នេះ​យើង​កំពុង​ពិភាក្សា​ចំពោះ​ការដាក់​ផែនការ​ចុះ​ទៅ​អនុវត្ដ​។ បន្ទាប់ពី​ចុះ​អនុវត្ដ​ក្រុមការងារ​យើង​នឹង​បញ្ចូន​លទ្ធផល​ទៅ​ថ្នាក់​ខេត្ដ​ដែល​ជា​អ្នក​សម្រេច​»​។

បើ​តាម​លោក សារឿន ការចុះ​ទៅ​ប្រមូល​ស្ថិតិ និង​តម្លៃ​តាម​សណ្ឋាគារ ផ្ទះសំណាក់​នេះ ក្រុម​ការងារ​លោក​នឹង​ចាប់ផ្ដើម​អនុវត្ដ​ពី​សណ្ឋាគារ និង​ផ្ទះ​សំណាក់​មុន​គេ ព្រោះ​ភាគច្រើន​ជា​​កន្លែង​ទេសចរ​មក​ស្នាក់នៅ​។

ទាក់ទង​នឹង​សំណួរ​ដែល​ថា​តើ​បន្ទាប់ពី​ប្រមូល​ស្ថិតិ​រួច​ខេត្ត​នឹង​មាន​វិធានការ​ចំពោះ​តម្លៃ​ឡើងវិញ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឬ​យ៉ាងណា​នោះ​លោក​ សារឿន ​បាន​ឆ្លើយ​ថា​នេះ​គ្រាន់តែ​ជា​ការ​ចុះ​ស្រង់​ស្ថិតិ​រួច​បញ្ជូន​ទៅ​ខេត្ត ឯ​ជំហាន​បន្ទាប់​មិន​ទាន់​ដឹង​ទេ​។

លោក​បញ្ជាក់​ថា​៖ «​ក្រុម​ការងារ​យើង​គ្រាន់​តែ​ចុះ​ទៅ​យក​ទិន្នន័យ​ដើម្បី​ដាក់​ជូន​គណៈអភិបាល​ជា​អ្នក​សម្រេច​ថា តើ​គួរ​អនុវត្ដ​ជំហាន​អ្វី​ទៅ​មុខ​ទៀត​»​។

លោក​បន្ថែម​ថា​៖ «​ជា​រឿង​ពិតណាស់ ពេល​ខេត្ដ​មាន​មូលដ្ឋាន​ច្បាស់លាស់ មាន​ទិន្នន័យ​ប្រាកដ លោក​ចាំបាច់​ត្រូវ​តែ​កំណត់​តម្លៃ​ណា​មួយ​ចេញ​ជា​គោលការណ៍​ដើម្បី​ចៀសវាង​នូវ​អាជីវករ​ដែល​ពួកគាត់​ចង់​ដំឡើង​ចង់​បញ្ចុះសេរី​ត្រូវ​តែ​មាន​ហើយ​»​។

បើ​តាម​លោក សារឿន ក្រុម​ការងារ​នេះ​នឹង​ចុះ​ទៅ​ប្រមូល​ស្ថិតិ​នៅក្នុង​ទីតាំង​ក្រុង​មួយ និង​ស្រុក​ ៣ រួមមាន ក្រុង​ព្រះសីហនុ ស្រុក​ព្រៃនប់ ស្រុក​កំពង់សិលា និង​ស្រុក​ស្ទឹងហាវ​ដោយ​ផ្ដើម​ប្រមូល​ចាប់ពី​កម្រិត​តូច​ទៅ​មុន​គឺ​ផ្ទះសំណាក់ និង​សណ្ឋាគារ​។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ថ្លែង​ពី​សភាពការណ៍​ទេសចរណ៍ និង​តម្លៃ​បន្ទប់​ស្នាក់នៅ​សណ្ឋាគារ និង​ផ្ទះសំណាក់​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ម្សិលមិញ​ដែរ​ថា​ការដំឡើង​ថ្លៃ​បែប​នេះ​មកពី​​បញ្ហា​កង្វះ​សណ្ឋាគារ និង​ផ្ទះសំណាក់ ប៉ុន្តែ​លោក​ថា​វា​នឹង​កើតឡើង​ថ្មី​នៅ​ឆ្នាំ​ ២០១៩​។

លោក​បាន​ថ្លែង​ថា​៖ «​សណ្ឋាគារ​ថ្មីៗ​នឹង​កើតឡើង​ជាង​ ២ ​ពាន់​បន្ទប់​ទៀត​នៅ​ខេត្ដ​ព្រះសីហនុ​ក្នុង​ឆ្នាំ​ ២០១៩ ខាង​មុខ​នេះ​មាន​សណ្ឋាគារ​ផ្កាយ​បី​ ១ ផ្កាយ​បួន​ ២ និង​ផ្កាយ​ ៥ ​ដល់​ទៅ ៧​។ អ៊ីចឹង​ក្នុង​ឆ្នាំ​ ២០១៩ យើង​មាន​សណ្ឋាគារ ២៥០០ បន្ទប់​ទៀត​ហើយ​នឹង​មាន​សណ្ឋាគារ​ច្រើន​នៅ​ឆ្នាំ​ ២០២០​។ ដូច្នេះ​ចាប់ពី​ឆ្នាំ​ ២០១៩ យើង​មិន​ភ័យខ្លាច​ខ្វះ​សណ្ឋាគារ​ទៀត​ទេ​»​។

ទាក់ទង​នឹង​បញ្ហា​តម្លៃ​ឈ្នួល​សណ្ឋាគារ​នៅ​ខេត្ដ​កើនឡើង​នោះ​លោក ថោង ខុន បាន​ឲ្យ​ដឹង​ថា​ក្រុម​ការងារ​អន្ដរក្រសួង​កំពុង​មាន​វិធានការ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ហើយ​។

ដោយ​បាន​បកស្រាយ​តាម​កិច្ចសម្ភាសន៍​ជា​វីដូអូឃ្លីប​ចំពោះ​ការធ្លាក់​ចុះ​ចំនួន​ភ្ញៀវទេសចរ និង​ការកើនឡើង​ស្នាក់នៅ​នេះ​លោក តាំង សុចិត្រគ្រឹស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ថ្លែង​ថា​ការគ្រប់គ្រង​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ដ​ព្រះសីហនុ​អាច​នឹង​មាន​បញ្ហា​ខ្លះ​ដែរ ប៉ុន្ដែ​មន្ទីរ​មិន​អាច​គ្រប់គ្រង​បាន​ ១០០ ភាគរយ​នៅ​ឡើយ​។

លោក​បន្ត​ថា​៖ «​មិនមែន​យើង​គ្រប់គ្រង​មិន​បាន​ទេ យើង​ធ្វើ​បច្ចុប្បន្នភាព​រាល់​សប្តាហ៍ ជាពិសេស​របាយការណ៍​ប្រចាំ​ខែ និង​ការចុះ​ត្រួតពិនិត្យ​ប្រចាំ​ថ្ងៃ​របស់​យើង​»​។ ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ពី​ការឡើង​ថ្លៃ​នៅ​​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

លោក​ថ្លែង​ថា​៖ «... ២​ឆ្នាំ​ចុងក្រោយ​នេះ​យើង​ទទួល​ស្គាល់​​ថា តម្លៃ​ពិតជា​មាន​ការកើនឡើង​ចន្លោះ​ពី ២៥-៣៥ ​ដុល្លារ សព្វថ្ងៃ​នេះ​តម្លៃ​ផ្ទះសំណាក់​»​។

ដោយឡែក​ចំពោះ​តម្លៃ​ជួល​សណ្ឋាគារ​លោក​ថា គឺ​អាស្រ័យ​ទៅ​តាម​ស្ដង់ដារ​នៃ​សណ្ឋាគារ​នីមួយៗ​ទៅ​តាម​កម្រិត​។

លោក​ថា​៖ «​តម្លៃ​វា​អាស្រ័យ​ទៅ​លើ​ស្ដង់ដារ​ផ្កាយ​ពី​ផ្កាយ​ ១ ​ទៅ​ដល់​ផ្កាយ​​ ៥ អ៊ីចឹង​ដែល​មាន​តម្លៃ​ចន្លោះ​ពី​ ៤០ ​ដុល្លារ​តម្លៃ​​ទាប​បំផុត​ទៅ​ដល់​តម្លៃ​ ៥០០ ​ដុល្លារ​។ ពេល​បុណ្យទាន​...​តម្លៃ​សណ្ឋាគារ​គឺ​មាន​ការកើនឡើង​តម្លៃ​មិន​ខ្ពស់​ទេ ព្រោះ​ថា​តម្លៃ​ស្ដង់ដារ​សណ្ឋាគារ​គឺថា ខ្ពស់​ស្រាប់​ហើយ អ៊ីចឹង​គាត់​មិន​ឡើង​អី​ខ្ពស់​ទៅ​ដល់ ២០-៣០ ភាគរយ​​អី​ទេ តែ​បើ​ផ្ទះសំណាក់​គាត់​អាច​ឡើង​ពី​ ២០ រហូត​ទៅដល់​ ៦០-៧០ ​ភាគរយ ប៉ុន្ដែ​ក៏​មាន​ផ្ទះ​សំណាក់​ខ្លះ​គេ​ឡើង​ថ្លៃ​តិចតួច​ពី​ ១០ ​ទៅ​ ២០ ​ភាគរយ​ដែរ​»៕