ព្រះសីហនុៈ រដ្ឋបាល​ខេត្ដ​ព្រះសី​ហនុ​បាន​ចាប់ផ្ដើម​បិទ​ប្រឡាយ​ទឹក​កខ្វក់​មួយ​កន្លែង​នៅ​ចំណុច​ឆ្នេរ​សុខាដើម្បី​កុំឲ្យ​​បង្ហូរ​ទឹក​កខ្វក់​ចូល​សមុទ្រ​​ដោយ​​ផ្ទាល់​បន្ដ​ទៀត​ តែ​ត្រូវ​បង្វែរ​ឲ្យធ្លាក់ទៅ​ស្ថានីយ​ចម្រោះ​ជាមុន​សិនទើប​អាច​បង្ហូរ​ចូល​សមុទ្រ​បាន​ ខណៈ​ស្ថានីយ ប្រព្រឹត្ដិកម្ម​ចម្រោះ​ទឹក​កខ្វក់ ចំនួន ៤ ​ក្នុង​ខេត្ដ​នេះ ​បាន​សាង​សង់រួច​​រាល់​និង​កំពុង​ដំណើរ​ការ​សាក​ល្បង។

ការ​សម្រេច​បិទ​ប្រឡាយ​ទឹក​កខ្វក់​នេះ​ធ្វើ​ឡើង​កាល​ពីថ្ងៃ​អង្គារបន្ទាប់​ពី​ស្ថានីយ​បូម​ឆ្នេរ​សុខា​​បាន​​បំពាក់​ម៉ា​ស៊ីន​បូម​ទឹក​កខ្វក់​ដើម្បី​បង្ហូរទៅ​ស្ថានីយ​ប្រព្រឹ​ត្តិ​កម្ម​ទឹក​កខ្វក់​នៅ​អូរ​ឈើ​ទាល​វិញ​ខណៈ​ទើប​សាង​រួច។

លោក ជាវ វិជ្ជាក់ អភិ​បាលរង​ និង​ជា​ប្រធាន​គណៈ​កម្ម​ការ​គ្រប់​គ្រង​ប្រព័ន្ធ​លូ​ប្រ​ឡាយ​ អូរ ខេត្ដ​ព្រះ​សីហនុ ​បាន​ថ្លែង​ថា៖​ «ការសម្រេច​បិទ​ទំនប់​បង្ហូរ​ទឹក​កខ្វក់​នៅ​ចំណុច​ឆ្នេរ​សុខា​នេះ​ដើម្បី​ស្ទាក់​ទឹក​កខ្វក់​តាម​ប្រ​ឡាយ​​ទម្លាក់​ទៅ​ស្ថានីយបូម​ទឹក​កខ្វក់​ទី ៣​​ ដោយ​បូម​បញ្ចូល​ទៅ​ស្ថានីយ​ចម្រោះ​នៅ​អូរ​ឈើទាល​ដើម្បី​ច្រោះ​ទឹក​កខ្វក់​​មុនឲ្យ​បង្ហូរ​ទៅ​សមុទ្រ ព្រោះថា ស្ថានីយ​បូម​ទឹក​កខ្វក់​ទើបសាង​សង់​រួច​ និង​កំពុង​ដំណើរ​ការ​សាក​ល្បង​ផងដែរ»។

លោក​ថា​ ៖ «​គោល​បំណង​សំ​​ខាន់ក្នុង​កិច្ច​ការងារ​នេះ​គឺ​ធ្វើ​យ៉ាងណា​ឈាន​ទៅ​កាត់​បន្ថយ​បរិមាណ​ទឹក​កខ្វក់ ដែល​កន្លង​​មក​បាន​ហូរ​ចូល​សមុទ្រ​ផ្ទាល់​ឲ្យ​បាន​ជា​អតិ​បរមា​ចៀស​វាង​ប៉ះ​ពាល់​ដល់​ឆ្នេរ​ និង​ទឹក​សមុទ្រ»។

លោក ឃាង ភារម្យ ​អ្នក​នាំ​ពាក្យ​រដ្ឋ​បាល​ខេត្ដ​ព្រះ​សីហនុ​បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា ​រដ្ឋបាល​ខេត្ដ​បាន​រំពឹង​ថា ទៅ​អនា​គត​បញ្ហា​ទឹក​កខ្វក់​នៅ​ខេត្តព្រះ​សីហនុ​នឹង​ត្រូវ​ដោះស្រាយ​បាន។

លោកបាន​បញ្ជាក់​ថា ​ការ​រៀប​ចំ​ប្រ​ព័ន្ធគ្រប់​គ្រង​សំណល់​រាវ​នេះ ត្រូវបាន​រាជ​រដ្ឋា​ភិបាល​​យក​ចិត្ត​ទុក​ដាក់​បំផុត ដោយ​​បង្កើត​គណៈ​កម្មាធិការ​គ្រប់​គ្រង​ និង​អភិ​វឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​​ដឹក​នាំ​ដោយ​ឧប​នាយក​រដ្ឋ​មន្ត្រី ​លោក ជា សុផារ៉ា ​រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី នគរូប​នីយកម្ម ​និង​សំ​ណង់​ ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​ទឹក​កខ្វក់​នេះ។

លោក​ថា​៖ «​គណៈ​កម្មា​ធិការ​នេះ​ខិត​ខំ​ប្រឹង​ប្រែង និង​សហការ​គ្នា​ល្អ​ជា​មួយ​រដ្ឋ​បាល​ខេត្ត​ព្រះ​សីហ​នុដោយ​បាន​បង្កើត​ឡើង​ស្ថា​នីយ​បូម​ទឹក​កខ្វក់​ចំនួន​ ៨​ ហើយ​ស្ថា​នីយ​ចំនួន​ ៤​ ត្រូវ​បាន​សាង​សង់​រួច​ និង​មាន​ស្ថានីយ​ចំនួនមួយ​ដែល​ទើប​ភ្ជាប់​ទុយោ​រួច​កំពុង​ដំណើការ​សាក​ល្បង»។

លោក យស់ ឆោម​ណា​រ៉ាឌី ​អនុរដ្ឋ​លេខា​ធិការ​​ក្រសួង​រៀបចំ​ដែនដី​នគរូប​នីយ​កម្ម​និង​សំណង់​ និង​ជា​អ្នក​ដឹកនាំ​ក្រុម​ការងារ​សាង​សង់​ស្ថា​នីយ​បូម​ទឹក​កខ្វក់​ទាំង​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពីពេល​ថ្មីៗ​នេះ​​ថា​ ស្ថានីយ​ទាំង ៤ ដែល​សាងសង់​រួច​ប្រើ​សម្រាប់​បង្ហូរ​ទឹក​កខ្វក់​ទៅ​ទម្លាក់​ក្នុង​អាង​ចម្រោះ​ដែល​មាន​ទំហំ ១៦ ហិកតា។

ប្រឡាយទឹកដែលអាជ្ញាធរបិទបង្វែរទឹកកខ្វក់ទៅស្ថានីយចម្រោះ។ ហ្វេសប៊ុក

លោកបានថ្លែង​ថា៖ «ការ​បូម​ចម្រោះ​ទឹក​កខ្វក់​នេះ គឺ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ទឹក​សមុទ្រ​​នៅ​ខេត្ត​ព្រះ​សីហ​នុ​ប្រែ​ជា​ស្អាត​ឡើង​​វិញ​ដើម្បី​ស្វាគមន៍​ដំណើរ​កម្សាន្ត​​របស់​​ពលរដ្ឋ​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ»។

ស្ថានីយ​ទាំង​ ៤​ ទីតាំង​នេះ​ដែល​ទើប​សង់​រួចនេះ​​គឺ​ស្ថិតនៅ​ឆ្នេរ​ឯករាជ្យ ឆ្នេរ​សុខា អូរស្អាត និង​ឆ្នេរ​អូរ​ឈើ​ទាល​ដោយ​ស្ថានីយ​ទី១ មាន​ទំហំ ១១ ម៉ែត្រ ​​គុណ​ ១៥ ម៉ែត្រ ​និងជម្រៅ ៥ ​ម៉ែត្រ, ស្ថានីយ​ទី២ មាន​ទំហំ ៨ ម៉ែត្រ​គុណ ១៨ ម៉ែត្រ​​និង​ជម្រៅ ៥,៥ ម៉ែត្រ,​ស្ថានីយ​ទី៣ មាន​ទំហំ ១០ ម៉ែត្រ​គុណ ២០ ម៉ែត្រ និង​ជម្រៅ ៥,៥ ម៉ែត្រ និង​ស្ថានីយ​ទី៤ មាន​ទំហំ ១១ ម៉ែត្រ​គុណ ១៥ ម៉ែត្រ​ និង​មាន​ជម្រៅ ៥,២ ម៉ែត្រ។

លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា​ប្រចាំខេត្ត​ព្រះសីហនុ​បាន​សាទរ​​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ក្រុមកាងារ​ចម្រុះដែល​បាន​ខិត​ខំ​កែ​ច្នៃ និង​ពន្លឿន​ ការ​សាង​សង់​ស្ថានីយបូម​ទឹក និង​ចម្រោះ​ទឹក​កខ្វក់​ឲ្យ​បាន​​រួច​រាល់​នេះ។

លោក​បានបញ្ជាក់ថា​៖ «បញ្ហា​ទឹក​កខ្វក់​បង្ហូរ​ចូល​សមុទ្រដែល​ជាប​ញ្ហា​ស្មុគ​ស្មាញ​នាពេល​កន្លង​មកពេល​នេះ​ត្រូវ​បាន​ក្រុម​ការងារ​ខេត្ដ​ព្រះ​សីហនុ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ​ប្រឹង​ប្រែង​កែច្នៃបាន​ល្អ​ស្អាត​ឡើង​វិញ​លែង​មាន​ទឹក​កខ្វក់​ហូរ​ចូល​សមុទ្រ​ដូច​មុន​ទៀត​ហើយនេះ​ជាការ​ខិត​ខំ​ប្រឹង​ប្រែង​ដោះស្រាយ​បាន​ទាន់​ពេល»។

លោក​បន្ដថា​៖ «បច្ចុប្បន្ន​ទឹក​សមុទ្រ​មាន​សភាព​ល្អ​ស្អាត​វិញហើយ ដែល​អាច​ឲ្យ​ភ្ញៀវទេសចរមក​ងូត​លេង​បាន​ដូច​ធម្មតា​ដូច្នេះ​ភ្ញៀវ​អាច​មក​លេង​កម្សាន្ដ​ដោយ​សប្បាយ​រីក​រាយ​នាឱកាស​បុណ្យ​ចូល​ឆ្នាំខ្មែរ​ខាងមុខ​នេះ»៕