ព្រះសីហនុៈ គ្រឿងចក្រសម្អាតឆ្នេរសមុទ្រ ១ គ្រឿងត្រូវបានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាផ្តល់ជូនដល់ខេត្តព្រះសីហនុ កាលពីថ្ងៃសុក្រទី ៤ ខែមករា និង ១ គ្រឿងទៀតនឹងត្រូវផ្តល់ឲ្យក្នុងពេលឆាប់ៗខាងមុខនេះជាមួយនឹងគ្រឿងចក្រសម្អាតផ្លូវ ២ គ្រឿងថែមទៀតដែលសរុបទាំងអស់ ៤ គ្រឿងសម្រាប់ខេត្តទេសចរណ៍ដ៏ល្បីមួយនេះ។
លោក យន្ដ មីន អភិបាលខេត្ដព្រះសីហនុបានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា ឧបករណ៍ត្រាក់ទ័រ ១ គ្រឿងដែលជាឧបករណ៍សម្រាប់សម្អាតឆ្នេរខ្សាច់ដំបូងគេនោះ រដ្ឋបាលខេត្ដបានទទួលរួចហើយ ចំណែក ១ គ្រឿងទៀតព្រមទាំងគ្រឿងចក្រសម្រាប់សម្អាតផ្លូវថ្នល់ចំនួន ២ គ្រឿងផងនឹងបញ្ជូនមកដល់ក្នុងពេលឆាប់ៗខាងមុខ។
លោកថ្លែងថា៖ «ខេត្ដយើងនឹងទទួលបានគ្រឿងចក្រ ៤ គ្រឿងគឺគ្រឿងចក្រសម្អាតឆ្នេរ ១ គ្រឿង [បានទទួលហើយនៅ ១ គ្រឿងទៀតនឹងមកដល់ឆាប់ៗ] និងគ្រឿងចក្រសម្អាតផ្លូវ ២ គ្រឿង។ ដោយឡែកគ្រឿងចក្រសម្អាតផ្លូវ ២ គ្រឿងគឺរដ្ឋបាលខេត្ដ យើងជាអ្នកទិញតែម្ដង ដោយមានការគាំទ្រថវិកាពីសប្បុរសជន»។
លោកអភិបាលខេត្ដបន្ថែមថា៖ «ប៉ុន្ដែតាមផែនការឯកឧត្ដម ជា សុផារ៉ា គាត់ទិញគ្រឿងចក្រសម្អាតឆ្នេរឲ្យខេត្ដព្រះសីហនុយើង ២ គ្រឿង និងខេត្ដកែប កំពតនោះ ១ គ្រឿង សម្រាប់សម្អាតឆ្នេរ»។
បើតាមលោក យន្ដ មីន គ្រឿងចក្រសម្អាតឆ្នេរនេះអាចជួយសម្អាតឆ្នេរសមុទ្រ ប្រមូលសំរាម និងឈូសឆាយមាត់ឆ្នេរឲ្យបានរាបស្មើល្អ។
លោក យន្ដ មីន បានឲ្យដឹងថាវត្តមានគ្រឿងចក្រសម្អាតឆ្នេរនេះប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរប្រាកដជាមានសេចក្តីត្រេកអរយ៉ាងខ្លាំងដោយសារលែងខ្វល់ខ្វាយនឹងបញ្ហាអនាម័យមិនល្អស្អាត ដូចជាសំរាម កាកសំណល់ផ្សេងៗ នៅតាមឆ្នេរនានាក្នុងក្រុងព្រះសីហនុទៀតហើយ។
លោកបន្ថែមថាត្រាក់ទ័រ ១ គ្រឿងនេះនឹងធ្វើការហ្វឹកហាត់វិធីប្រើប្រាស់ និងថែទាំជាមុនសិនមុននឹងដាក់ឲ្យប្រើប្រាស់ ដើម្បីសម្អាតអនាម័យតាមឆ្នេរនានាក្នុងក្រុងព្រះសីហនុ។
លោក នេត្រ ភក្ដ្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានឲ្យដឹងថា ក្រសួងបរិស្ថានគាំទ្រចំពោះការទិញគ្រឿងចក្រសម្អាតឆ្នេរសមុទ្រនេះ។
លោកបន្ដថា៖ «គ្រឿងចក្រសម្អាតឆ្នេរនេះនឹងចូលរួមជួយសម្អាតឆ្នេរសមុទ្រក្នុងប្រទេសកម្ពុជាយើងឲ្យបានស្អាតជាងមុននឹងធ្វើឲ្យមានភាពទាក់ទាញភ្ញៀវទេសចរឲ្យទៅលេងនៅតំបន់ឆ្នេរបានច្រើនថែមទៀត»។
លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធាន គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៨ បានប្រកាសផ្តល់រថយន្តសម្រាប់សម្អាតឆ្នេរចំនួន ២ គ្រឿងដល់រដ្ឋបាលខេត្តព្រះសីហនុទុកសម្រាប់សម្អាតឆ្នេរនៅក្នុងខេត្តមួយនេះ។
តាមរយៈការប្រកាសផ្ដល់គ្រឿងចក្រសម្អាតឆ្នេរនេះលោក ម៉ុង ឫទ្ធី ដែលជាអ្នកបានផ្តល់ប្រឹក្សាយោបល់លើការទិញម៉ាស៊ីនសម្អាតឆ្នេរបានគូសបញ្ជាក់ថា ម៉ាស៊ីនសម្អាតឆ្នេរនេះបានបញ្ជាទិញពីប្រទេសអាល្លឺម៉ង់ ហើយមិនមែនទិញតែ ២ គ្រឿងទេគឺទិញចំនួន ៣ គ្រឿងដោយ ២ គ្រឿងទុកប្រើក្នុងខេត្តព្រះសីហនុ និង ១ គ្រឿងទៀតទុកប្រើនៅក្នុងខេត្តកំពត និងខេត្តកែប។
ទាក់ទងនឹងការសម្រេចផ្តល់គ្រឿងចក្រសម្រាប់សម្អាតឆ្នេរនេះបានធ្វើឡើង ក្រោយពេលដែលឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា ពិសេសនៅខេត្តព្រះសីហនុតែងតែមានសំណល់សំរាម និងសំណល់ផ្សេងៗបោកបក់ពីកណ្តាលសមុទ្រមកទើរនៅលើឆ្នេរដ៏ស្អាតនេះ៕