ព្រះសីហនុៈ អភិបាលខេ​ត្តទើប​ឡើងថ្មី​ នៃខេត្ដ​ព្រះសីហនុ ​លោក​ គួច ចំរើន ​បាន​ផ្ដើម​បង្កើត​ «​យុទ្ធនាការ​សម្អាត​អនា​ម័យ​ និង​បរិស្ថាន​ទីក្រុង​» ដែលមាន​ទ្រង់ទ្រាយ​ធំ ​ដោយ​យក​ថ្ងៃទី ១៣ ​កក្កដា ​សម្រាប់​ព្រឹត្តិការណ៍នេះ ​ដើម្បី​បំផុស​គំនិត​មន្រ្ដី​រាជ​ការ វិស័យ​ឯកជន ​និង​ពលរដ្ឋ​ រួម​គ្នា​សម្អាត​បរិស្ថាន​តាម​ទីសា​ធារណៈ​នានា និង​ប្រមូល​សំរាម​ចេញ​ពី​ក្រុង​ព្រះសីហនុ។

លោក​ ឃាង ភារម្យ អ្នក​នាំ​​ពាក្យ​រដ្ឋ​បាល​ខេត្ដ​ព្រះសីហនុ ប្រាប់​ ភ្នំពេញ​ប៉ុស្ដិ៍​ ពី​ម្សិល​មិញ​ថា គោល​បំណងរបស់​លោកអភិបាល​ខេត្ដ​នៃ​ការបង្កើត​យុទ្ធ​នាការ​នាថ្ងៃទី​ ១៣ ខែ​ កក្កដា ​ខាង​មុខនេះ ​ជាយុទ្ធនាការ​ទ្រង់​ទ្រាយ​ធំ ក្នុង​គោល​បំណងដើម្បីរំដោះ​សំរាម​ចេញ​ពីក្រុង​ព្រះសីហនុ ​ដោយ​មាន​ការ​ចូលរួម​ពី​មន្រ្ដី​រាជការទាំង​អស់​ក្នុង​ខេត្ដ​ព្រះសីហនុ​ រួម​នឹង​វិស័យ​ឯកជន និង​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​ទីប្រជុំ​ជន​នៃ​ក្រុង​ព្រះសីហនុ។

លោក​ថ្លែង​ថា​៖ «យើង​ដឹង​ស្រាប់​ហើយថា​សំរាម​ជា​បញ្ហា​ប្រឈម​ខ្លាំង ​ដែល​យើង​កំពុង​ជួប​ប្រទះ។ បច្ចុប្ប​ន្ន​មាន​សំរាម​ជាង​ ៧០០ តោន ក្នុង​ ១ ថ្ងៃ​ នៅ​ក្នុង​ក្រុង​ព្រះសីហនុ។ អ៊ីចឹង ​យុទ្ធនាការ​នេះ ​គឺ​យើង​ត្រូវ​យក​សំរាម​ចេញ​ពី​ក្រុង​ និង​ដើម្បី​បំផុស​ជា​ផ្នត់​គំនិត​ដល់​ប្រជា​ពលរដ្ឋ​ ដើម្បី​ឲ្យ​ពួកគាត់​ចេះ​គ្រប់​គ្រង ​និង​ចាត់​ចែងសំរាម​ ហើយ​ចូលរួម​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បរិស្ថាន​ បរិយាកាស​ក្នុង​ទីក្រុង​ព្រះសីហនុ»។

លោក​​​លើក​ឡើង​ថា ​បញ្ហា​សំរាម​បន្ត​កើន​ឡើង​ជា​បន្ដបន្ទាប់​តាំង​ពី​ចំនួន​ប្រមាណ ​៤០០ តោន​ កើន​រហូត​ដល់​ជាង​ ៧០០ តោន ​នាពេល​បច្ចុប្បន្ន។ ទាម​ទារ​ឲ្យ​មាន​ការ​ចូលរួម​ពីគ្រប់​មជ្ឈដ្ឋាន​ទាំង​អស់​ ពិសេស​ប្រជាពលរដ្ឋ ក្នុង​ការ​ទុក​ដាក់ និង​បែងចែក​សំរាម​ទើប​អាច​ឲ្យ​ទីក្រុង​ស្អាត​និង​មាន​បរិយាកាស​ល្អ​បាន។

លោក​ឲ្យដឹង​ថា ​ក្រៅ​ពី​យុទ្ធនាការ​បំផុស​ស្មារតី​ និង​ការ​ចូលរួម​ទទួល​ខុស​ត្រូវ ចំពោះ​ការ​សម្អាត​បរិស្ថាន​ និង​សំរាម រដ្ឋ​បាល​ខេត្ដ​ព្រះសីហនុ​ក៏​បាន​ធ្វើជា​ប្រចាំ នៃ​ការ​សម្អាត​បរិស្ថាន​ រហូត​ដោះ​ស្រាយ​បញ្ហា​កក​ស្ទះ​សំរាម​នេះ​បាន​នៅ​ក្នុង​ខេត្ដ​ព្រះសីហនុ។

លោក ភារម្យ​ បានបញ្ជាក់ថា​៖​ «​សំរាម​​ដែល​យើង​ប្រមូល​ចេញ​ពីក្នុង​ទីក្រុង យើង​នឹង​យក​សំរាម​នោះ​ទៅ​ទុក​ដាក់​នៅ​ទីលានចាក់សំរាម​ស្ថិត​ក្នុង​ស្រុក​ព្រៃ​នប់​។ នា​ថ្ងៃ​យុទ្ធនា​ការ​ខាង​មុខ យើង​មាន​ទាំង​វិស័យ​ឯកជន និង​ក្រុម​ហ៊ុន​ដឹក​សំរាម បាន​ជួយ​ជា​រថ​យន្ដ​ដឹក​សំរាមចេញ​ពី​ក្រុង​តែម្ដង»។

លោក ​គួច ចំរើន ​អភិបាល​ខេត្ដ​ព្រះសីហនុ ​បាន​អំពាវ​នាវ​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​ភាគី​ពាក់​ព័ន្ធ​ជុំវិញ​ការ​សម្អាត​បរិស្ថាន​ និង​សំរាម​ក្នុង​ខេត្ដ​កាល​ពី​ថ្ងៃពុធ​ថា​៖ ​«​ក្រោយ​ការ​ប្រជុំ​ពិភាក្សា​អំ​ពីការ​ប្រមូល​កាកសំណល់​នៅ​សាលា​ក្រុង​ព្រះ​សីហនុ​ យើង​បាន​កំណត់​យក​ថ្ងៃ​ទី​ ១៣​ ខែ ​កក្កដា​ ឆ្នាំ​ ២០១៩​ ខាង​មុខ​បើក​យុទ្ធនាការ​ប្រមូល​កាក​សំណល់​ចេញ​ពីខេត្ត​ព្រះ​សីហនុ​។​ សូម​បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ​ក្នុង​ក្រុង​ព្រះសីហនុ​ទាំង​អស់​ ចូល​រួម​ក្នុង​យុទ្ធនាការ​នេះ​ឲ្យ​បាន​គ្រប់ៗ​គ្នា»។

បើតាម​លោក ​ឃាង ភារម្យ ​គោល​ដៅ​ជួប​ជុំ​នៃ​យុទ្ធនា​ការ​នេះ​ គឺនៅ​ឆ្នេរ​អូរ​ឈើ​ទាល​ (មុខ​ភូមិ​គ្រឹះ​លោក​នាយក​រដ្ឋ​មន្រ្ដី​ ហ៊ុន​ សែន)​ បរិវេណ​សួន​ច្បារ​ឆ្នេរ​ឯក​រាជ្យ​សួន​មហោ​ស្រព​ (មុខ​មន្ទី​រ​ទេស​ចរណ៍​ខេត្ត​) និង​នៅ​សា​លា​បឋម​សិក្សា​ឃ្លាំងលើ។ អ្នក​ចូលរួម​ក្នុង​យុទ្ធនា​ការ​នេះ​ត្រូវ​យកមក​ជា​មួយ​នូវ​សម្ភារ​សម្អាត​សំរាម​ផ្ទាល់​ខ្លួន។

ទាក់​ទង​នឹង​ការ​រៀប​ចំ​សោ​ភណ​ភាព​ក្រុង​ព្រះ​សីហនុ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​វិញ​នេះ​ កាល​ពី​ថ្ងៃ​ទី​ ១០​ កក្កដា​ រដ្ឋមន្ត្រី​ក្រសួង​សាធារ​ណការ​ និង​ដឹក​ជញ្ជូន​ លោក​ ស៊ុន ចាន់ថុល ​បាន​បើក​កិច្ច​ប្រជុំ​មួយ​ស្តី​ពីវឌ្ឍន​ភាព​គម្រោង​ជួសជុល​ផ្លូវ​ចំនួន​ ២២​ ខ្សែ ​ក្នុង​ក្រុង​ព្រះ​សីហ​នុផង​ដែរ​។ លោក ​ស៊ុន ចាន់ថុល​ និងលោក​ គួច​ ចំរើន​ រួម​នឹង​មន្ត្រី​មន្ទីរ ​អង្គ​ភាព​ពាក់​ព័ន្ធ​ និង​ក្រុម​ការ​ងារ​បច្ចេក​ទេស​ បាន​ធ្វើ​បទបង្ហាញ​លើ​វឌ្ឍ​នភាព​គម្រោង​នៃ​ការ​កែ​លម្អ​ផ្លូវ​នេះ។

លោក ចាន់ថុល ​បាន​ជំរុញ​ឲ្យ​ក្រុម​ការ​ងារ​ជំនាញ​ ពិនិត្យ​មើល​លទ្ធ​ភាព​ក្នុង​ការ​កៀរគរ​ ឬ​ខ្ចី​ប្រភព​ថវិ​កា​ផ្សេងៗ​ ដើម្បី​យ​ក​មក​ស្ថាប​នា ​ជួស​ជុល​កំណាត់​ផ្លូវ​ ដែល​ខ្វះប្រ​ភព​ថវិកា​ ដែល​ជា​ឥណ​ទាន​ថវិកា​ថ្នាក់​ក្រោម​ជាតិ​ និង​កែលម្អ​ផ្លូវ​ផ្សេងៗ​ទៀត​ក្នុង​ក្រុង​ព្រះ​សីហ​នុ​ ដើម្បី​ត្រៀម​រៀប​ចំព្រឹត្តិ​ការ​ណ៍​សំខាន់ៗ​នៅ​ពេល​ខាង​មុខដូចជា ​បុណ្យ​សមុទ្រ​នៅ​ឆ្នាំ​ ២០២០ ​និង​រៀប​ចំ​កិច្ច​ប្រជុំ​អាស៊ាន​នៅ​ឆ្នាំ ២០២២ ​ជាដើម។

លោក​ ហេង ប៉េង​ហាក់ ​តំណាង​ក្រុមហ៊ុន​ប្រមូល​សំរាមក្រុង​ព្រះសីហនុ​ (KSWM) ឲ្យដឹង​ថា ថ្ងៃ​យុទ្ធនាការ​សម្អាត​បរិស្ថាន​ ១៣ ​កក្កដា​ ក្រុម​ហ៊ុន​នឹង​ចូលរួម​ប្រមូល​សំរាម ​ដោយ​មាន​កម្មករ​ប្រមាណ​ ១៥០ នាក់​ ចូលរួម ​និង​ឡាន​ដឹក​សំរាម​ ៥០ គ្រឿង រួម​នឹង​រថយន្ត​តាម​ក្រុម​ហ៊ុន​ឯកជន​ផ្សេងៗ​រាប់​រយ​គ្រឿង​ទៀត​នឹង​ចូលរួម​ផងដែរ។

លោកថ្លែង​ថា​៖ «​ខេត្ដ​ព្រះសីហនុ ជា​តំបន់​ដែល​កំពុង​អភិវឌ្ឍន៍​ ដូច្នេះ​មាន​សំរាម​ជាកាក​សំណល់​លាយ​ឡំ​គ្នា​ច្រើន​ប្រភេទ​ដែល​នាំ​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​ប្រមូល ​[សំរាម] ​ពិសេស​កាកសំណល់​គ្រឿង​សំណង់​។ យើង​ដឹង​ហើយ​កម្លាំង​ពល​កម្ម​នៅ​ក្នុង​ខេត្ដ​ព្រះ​សីហនុ​មាន​តម្លៃ​ថ្លៃ ដែល​នាំ​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​ស្វែងរក​កម្មករ​មក​ធ្វើ​ការងារ​ប្រមូល​សំរាម​ផងដែរ​»។

លោកប​ន្ថែមថា ​សំរាមក្នុង​ក្រុង​ព្រះ​សីហនុ បាន​​កើន​ឡើង​ ដែល​ក្នុង ​១ ថ្ងៃ​ត្រូវ​ប្រមូល​យ៉ាងតិច​ពី ៦០០-៨០០ តោន។​

លោកស្រី​ ជៀប សុធារី ​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស ​(អាដហុក) ​ខេត្ត​ព្រះសីហនុ ​គាំ​ទ្រ​យុទ្ធនា​ការ​នេះ។​ លោក​ស្រី​ថ្លែងថា ​បញ្ហា​សំរាម​​នេះ​មិន​អាច​ធ្វើ​ឲ្យ​ចប់​រួច​រាល់​ក្នុង​រយៈពេល​ខ្លី​បាន​ទេ​គឺ​ត្រូវការ​ការ​ចូលរួម​ពី​ពលរដ្ឋ​ផងដែរ។

លោកស្រីថា​៖ «ប៉ុន្ដែ​អ្វី​ដែល​យើង​​ចង់​សំណូមពរ​នោះ ​គឺ​ចង់​ឲ្យ​មាន​ក្រុម​ហ៊ុន​ប្រមូល​សំរាម​បន្ថែម​ទៀត នៅ​ក្រុង​ព្រះសីហនុ ព្រោះ​រយៈពេល​ជាង​ ២ ឆ្នាំ​មកហើយ ​មាន​ក្រុម​ហ៊ុន​ប្រមូល​សំរាម​តែ ​១ ប៉ុណ្ណោះ ​ហើយ​ការ ប្រមូល​សំរាម​ក៏មិន​ទទួល​បាន​ជោគ​ជ័យ​ដែរ។ ​ដូច្នេះ​ខ្ញុំ​សំណូមពរ​ឲ្យ​អភិបាល​ខេត្ដ​ស្វែង​រក​ក្រុម​ហ៊ុន​សំរាម​ដទៃ​ទៀត​មក​វិនិយោគ​លើ​ការ​ប្រមូល​សំរាម​នេះ​ដើម្បី​មាន​ការ​ប្រកួត​ប្រជែង​គ្នា ទើប​ការ​ប្រមូល​សំរាម​នេះ​មាន​ភាព​ប្រសើរ​ឡើង។ ​បើ​ទុកឲ្យ​មាន​ក្រុម​ហ៊ុន​តែ​ ១​ ដូច​សព្វ​ថ្ងៃ​ នោះនឹង​មិន​មាន​ការ​ប្រែប្រួល​ទេ»៕