
មជ្ឈមណ្ឌលជនជាតិដើមភាគតិច ភ្នំដោះក្រមុំ ក្នុងខេត្តមណ្ឌលគិរី។ សហការី
មណ្ឌលគិរីៈ រដ្ឋបាលខេត្ដមណ្ឌលគិរីបានសម្រេច និរាករណ៍និងដកហូតដី ដែលរដ្ឋបាលខេត្ដបានចេញដីកាជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ ២០១៥ ដោយសម្រេចរក្សាទីតាំងនេះទុកជាទីតាំងមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចភ្នំដោះក្រមុំ និងត្រៀមស្នើសុំចុះបញ្ជីទីតាំងដែលប្រមូលផ្តុំទៅដោយវប្បធម៌ចម្រុះរបស់ជនជាតិភាគតិចនេះ ជាបេតិកភណ្ឌពិភពលោក។
លិខិតរដ្ឋបាលខេត្ដមណ្ឌលគិរីចុះហត្ថលេខាដោយលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ១៨ ខែ មីនា ដែលភ្នំពេញ ប៉ុស្ដិ៍ទើបទទួលបាន ឲ្យដឹងថា រដ្ឋបាលខេត្តសម្រេចនិរាករណ៍ និងដកហូតដីដែលរដ្ឋបាលខេត្ដ បានចេញដីកាបែងចែកកន្លងមករួមមាន ១-និរាករណ៍ដីកាលេខ ០១៤ ចុះថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៥ ស្ដីពីការផ្ដល់ទីតាំងដីមួយកន្លែងទំហំ ៥,០៧ ហិកតា ក្នុងទីតាំងមជ្ឈមណ្ឌលវប្បធម៌ភ្នំដោះក្រមុំសម្រាប់សាងសង់គ្រឹះស្ថានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវរ៉ែ ថាមពល និងប្រេងកាត នៃក្រសួងរ៉ែ និងថាមពល។
រដ្ឋបាលខេត្ដក៏សម្រេច និរាករណ៍ និងដកហូតដីពីដីកាលេខ ០១៥ ចុះថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៥ ស្ដីពី ការប្រគល់ដី ទំហំ ២៥ ម៉ែត្រ គុណនឹង ៥០ ម៉ែត្រសម្រាប់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម និងដីទំហំ ២៥ ម៉ែត្រគុណនឹង ៥០ ម៉ែត្រ សម្រាប់មន្ទីរមុខងារសាធារណៈ សាងសង់អគាររដ្ឋបាលនោះ ដោយរក្សាទីតាំងនេះជាទីតាំងមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចភ្នំដោះក្រមុំវិញ។
លោក ស្វាយ សំអ៊ាង បានបញ្ជាក់តាមរយៈដីកាស្ដីពីការនិរាករណ៍ និងដកហូតនេះថា៖ «ប្រគល់ភារកិច្ចជូនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ សិក្សាស្រាវជ្រាវ រៀបចំឯកសារ និងនីតិវិធីស្នើសុំគោលការណ៍ឯកភាពពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការកំណត់ ដើម្បីត្រៀមដាក់ភ្នំដោះក្រមុំចូលក្នុងបញ្ជីបេតិភណ្ឌពិភពលោក»។
ក្រសួងរ៉ែ និងថាមពល ក៏ដូចជាមន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរី បានចេញសេចក្ដីប្រកាសព័ត៌មាន មួយកាលពីថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០១៩ ថា ក្រោយទទួលបានដីកាលេខ ០១៤ ចុះថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៥ ស្ដីពីការផ្ដល់ទីតាំងដីមួយកន្លែងទំហំ ៥,០៧ ហិកតា ក្នុងទីតាំងមជ្ឈមណ្ឌលវប្បធម៌ភ្នំដោះក្រមុំសម្រាប់សាងសង់គ្រឹះស្ថានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវរ៉ែ ថាមពល និងប្រេងកាត រួចមក ក្រសួងរ៉ែ និងថាមពល បានធ្វើលិខិតមួយលេខ ១៥៦១ ចុះថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០១៦ ដែលមានកម្មវត្ថុ «សំណើសុំប្រគល់ទីតាំងដីនៅតំបន់ភ្នំដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្ដមណ្ឌលគិរី ជូនរដ្ឋវិញ»។
តាមសេចក្ដីប្រកាសព័ត៌មានដដែលនេះ ក្រសួងរ៉ែ និងថាមពល ក៏បានថ្លែងអំណរគុណអភិបាលខេត្ដមណ្ឌលគិរី ដែលបានសហការ និងបានបញ្ជាក់បន្ថែមថា ក្រសួងបានសម្រេចធ្វើការសាងសង់មជ្ឈមណ្ឌលខាងលើនេះនៅជិតរាជធានីភ្នំពេញវិញ ដូច្នេះក្រសួងសូមប្រគល់ដីនៅទីតាំងដែលរដ្ឋបាលខេត្ដផ្ដល់ជូនខាងលើជូនរដ្ឋវិញ។
លោក សី ទូច ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ក្រុមការងាររបស់លោកបានត្រៀមលក្ខណៈ និងផែនការរួចរាល់ហើយ ដើម្បីរៀបចំឯកសារដាក់បញ្ចូលមជ្ឈមណ្ឌលវប្បធម៌ភ្នំដោះក្រមុំនេះ ចូលជាបេតិកភណ្ឌជាតិ និងពិភពលោក។
លោកបន្ដថា៖ «យើងត្រូវតែធ្វើ ប៉ុន្ដែដំណាក់កាលមាន ២ ជំហាន ទី១ ត្រូវរង់ចាំ ខាងរដ្ឋបាលខេត្ដ និងអាជ្ញាធរជាតិ គាត់ដោះស្រាយទំនាស់ដីធ្លីនៅទីតាំងនេះគាត់ធ្វើការងារចប់សព្វគ្រប់សិនព្រោះពេលចប់ ទើបដឹងថា ផ្ទៃដីនោះ នៅសល់ប៉ុន្មាន ដែលខ្ញុំគិតថា ត្រូវមានការដឹកនាំដោយអាជ្ញាធរជាតិ ក្នុងការកំណត់ទីតាំងដីនេះ»។
លោកបន្ថែមថា៖ «ចុងក្រោយពេលដោះស្រាយរួចរាល់ យើងត្រូវធ្វើសំណើទៅនាយករដ្ឋមន្រ្ដី បញ្ជាក់ថា ផ្ទៃដីនេះ យើងបានដោះស្រាយចប់សព្វគ្រប់ហើយ នឹងនៅសល់ទំហំប៉ុនណា។ ពេលសម្ដេចនាយករដ្ឋមន្រ្ដីលោកឯកភាពនោះ ទើបយើងយកចំនួនដីដែលនៅសល់នោះទៅចុះបញ្ជីបាន»។
លោក ទូច បានឲ្យដឹងថា ក្រោយបញ្ចប់ការដោះស្រាយទំនាស់ហើយ ក្រុមការងារនៃមន្ទីររបស់លោក នឹងសិក្សាស្រាវជ្រាវឡើងវិញ ពីតម្លៃផ្នែកជំនឿ ផ្នែកបេតិកភណ្ឌអរូបិយ រួចប្រមូលព័ត៌មានចុះក្នុងបញ្ជីបេតិកភណ្ឌជាតិសិន ទើបរៀបចំឯកសារចុះបញ្ជីក្នុងបេតិកភណ្ឌពិភពលោកបាន។
លោកបញ្ជាក់ថា៖ «តំបន់នេះមានចំណុចពិសេសច្រើនដូចជាទីតាំងនៅក្នុងក្រុង ប្រមូលផ្ដុំដោយជំនឿ ជនជាតិដើមភាគតិច មានការឲ្យតម្លៃពីជនបរទេស និងព្រះមហាក្សត្រខ្មែរ ពិសេសជាទីតាំងកុលសម្ព័ន្ធប្រវត្ដិសាស្រ្ដរបស់ជនជាតិដើមភាគតិច។ អ៊ីចឹងការងារនេះ យើងកំពុងដំណើរការធ្វើហើយ»។
តំណាងសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី លោកគ្រើង តុលា ថ្លែងថា លោកស្ងប់ស្ញែងចំពោះការប្រើកណ្ដាប់ដៃដែករបស់រាជរដ្ឋាភិបាលដែលបានបញ្ជាឲ្យដកហូតភ្នំដោះក្រមុំនេះទុកជាសម្បតិ្ដរបស់រដ្ឋវិញកាលពីពេលថ្មីៗនេះ ដោយលោកថា អាចបន្សល់ទុកទីតាំងវប្បធម៌នឹងជំនឿរបស់ជនជាតិដើមភាគតិចទូទាំងខេត្ដមណ្ឌលគិរី។
លោកឲ្យដឹងថា កន្លងមកដីនៅទីតាំងភ្នំដោះក្រមុំនេះមានការទន្រ្ទានកាន់កាប់ពីអ្នកមានអំណាច និងប្រជាពលរដ្ឋមួយចំនួន យកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ខណៈទីតាំងមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចភ្នំដោះក្រមុំជាកន្លែងប្រមូលផ្ដុំនូវជំនឿរបស់ជនជាតិដើមភាគតិចគ្រប់អម្បូរទុកគោរពបូជា។
លោកថ្លែងថា៖ «ការដកហូតនេះ អាចឲ្យយើងមានដីសម្រាប់អភិរក្សវប្បធម៌ និងជំនឿសម្រាប់ជនជាតិដើមភាគតិច ក្នុងខេត្ដមណ្ឌលគិរី និងប្រជាពលរដ្ឋទូទៅ ដែលទីតាំងនេះ ជាកន្លែងមានជំនឿមុតមាំ ជាយូរលង់មកហើយ»៕